ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52
  53. 53
  54. 54
  55. 55
  56. 56
  57. 57
  58. 58
  59. 59
  60. 60
  61. 61
  62. 62
  63. 63
  64. 64
  65. 65
  66. 66

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 29 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ព្រះ‌បន្ទូល​ស្តី​អំពី​ក្រុង​យេរូ‌សាឡិម

1. វេទនា​ដល់​អើរាល គឺ​អើរាល ជា​ទី​ក្រុង​ដែល​ដាវីឌ​បាន​គង់​នៅ ចូរ​ឲ្យ​គេ​ធ្វើ​បុណ្យ​ទាំង​ខួបៗ រាល់​តែ​ឆ្នាំ​ត​ទៅ​ចុះ

2. នោះ​អញ​នឹង​ធ្វើ​ទុក្ខ​ដល់​អើរាល ហើយ​គេ​នឹង​កើត​មាន​សេចក្ដី​សោយ‌សោក និង​ការ​យំ​ទួញ ឯ​ទី​ក្រុង​នឹង​បាន​ដូច​ជា​ជើង‌ក្រាន​នៃ​អាស‌នា​ដល់​អញ

3. អញ​នឹង​បោះ​ទ័ព​ឡោម‌ព័ទ្ធ​ឯង ព្រម​ទាំង​ដាក់​ទាហាន​បង្ខាំង​នៅ​ជុំវិញ ហើយ​ចាត់‌ចែង​គ្រឿង​ចំបាំង​ច្បាំង​នឹង​ឯង

4. នោះ​ឯង​នឹង​ត្រូវ​បន្ទាប​ចុះ ហើយ​និយាយ​ចេញ​ពី​ដី​មក សំដី​ឯង​នឹង​ឮ​ខ្សាវៗ​មក​ពី​ធូលី​ដី សំឡេង​ឯង​នឹង​ចេញ​ពី​ដី​មក​ដូច​ជា​សំឡេង​របស់​គ្រូ​ខាប គឺ​សំដី​ឯង​នឹង​ឮ​ខ្សឹប​ចេញ​ពី​ធូលី​ដី​មក​យ៉ាង​នោះ​ឯង។

5. ប៉ុន្តែ​ពួក​ខ្មាំង​សត្រូវ​ដ៏​មាន​ច្រើន​ក្រៃលែង​របស់​ឯង នឹង​ដូច​ជា​ផង់​ធូលី​ដី ហើយ​ពួក​គួរ​ស្ញែង‌ខ្លាច​ដ៏​មាន​ច្រើន​ក្រៃលែង គេ​នឹង​ដូច​ជា​អង្កាម​ដែល​កន្លង​បាត់​ទៅ អើ ការ​នោះ​នឹង​កើត​មក​ភ្លាម​១​រំពេច​ផង

6. ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​នឹង​ធ្វើ​ទោស​ដល់​ទី​ក្រុង​ដោយ​ផ្គរ កក្រើក​ដី សូរ​គ្រាំ‌គ្រេង ខ្យល់​កួច ព្យុះ​សង្ឃរា និង​អណ្តាត​ភ្លើង​ដែល​ឆេះ​បំផ្លាញ

7. នោះ​ពួក​ដ៏​មាន​ច្រើន​ក្រៃលែង ពី​គ្រប់​ទាំង​សាសន៍​ដែល​ច្បាំង​នឹង​អើរាល គឺ​អស់​អ្នក​ដែល​ច្បាំង​នឹង​ទី​ក្រុង ហើយ​នឹង​បន្ទាយ​ផង ជា​ពួក​អ្នក​ដែល​ធ្វើ​ទុក្ខ​ដល់​ទី​ក្រុង គេ​នឹង​ប្រៀប​ដូច​ជា​សប្តិ គឺ​ជា​ការ​ជាក់‌ស្តែង​នៅ​ពេល​យប់​ទេ

8. នោះ​នឹង​បាន​ដូច​ជា​កាល​មនុស្ស​ឃ្លាន គេ​យល់​សប្តិ​ឃើញ​ថា ខ្លួន​បាន​បរិភោគ តែ​លុះ​ភ្ញាក់​ឡើង នោះ​ចិត្ត​នឹក​ឃ្លាន​វិញ ឬ​ដូច​ជា​កាល​ណា​មនុស្ស​ដែល​ស្រេក បាន​យល់​សប្តិ​ឃើញ​ថា ខ្លួន​កំពុង​តែ​ផឹក តែ​គេ​ភ្ញាក់​ឡើង ហើយ​មើល គេ​ល្វើយ ហើយ​ចិត្ត​នឹក​ស្រេក​ណាស់ ឯ​ពួក​ដ៏​មាន​ច្រើន​ក្រៃលែង​ពី​គ្រប់​ទាំង​សាសន៍​ដែល​ច្បាំង​នឹង​ភ្នំ​ស៊ីយ៉ូន គេ​នឹង​ដូច្នោះ​ដែរ។

9. ចូរ​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ជា​ស្ទាក់‌ស្ទើរ ហើយ​ភាំង​ឆ្ងល់​ចុះ ចូរ​ឲ្យ​បិទ​ភ្នែក ហើយ​ធ្វើ​ជា​មនុស្ស​ខ្វាក់​ទៅ គេ​ស្រវឹង តែ​មិន​មែន​ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ​ទេ គេ​ទ្រេត‌ទ្រោត​ទៅ តែ​មិន​មែន​ដោយ​គ្រឿង​ស្រវឹង​ឡើយ

10. ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ចាក់​វិញ្ញាណ ដែល​បណ្តាល​ឲ្យ​លក់​ស៊ប់​មក​លើ​អ្នក​រាល់​គ្នា ក៏​បាន​បិទ​ភ្នែក​អ្នក​រាល់​គ្នា ជា​ពួក​ហោរា ហើយ​បាន​គ្រប​ភ្ជិត​ក្បាល​អ្នក​រាល់​គ្នា ជា​ពួក​មើល‌ឆុត

11. ការ​ជាក់‌ស្តែង​ទាំង​អស់​បាន​ត្រឡប់​ដូច​ជា​ពាក្យ​ក្នុង​សៀវភៅ ដែល​បិទ​ត្រា​ហើយ ដល់​អ្នក​រាល់​គ្នា ជា​សៀវភៅ​ដែល​គេ​ជូន​ដល់​ម្នាក់​មាន​ចំណេះ ដោយ​ពាក្យ​ថា សូម​អ្នក​មើល​សៀវភៅ​នេះ​ទៅ តែ​អ្នក​នោះ​ឆ្លើយ​តប​ថា ខ្ញុំ​មើល​មិន​បាន​ទេ ពី​ព្រោះ​បិទ​ត្រា​ហើយ

12. រួច​គេ​បញ្ជូន​ឲ្យ​ដល់​ម្នាក់​ដែល​គ្មាន​ចំណេះ ដោយ​ពាក្យ​ថា សូម​អ្នក​មើល​សៀវភៅ​នេះ តែ​អ្នក​នោះ​ឆ្លើយ​តប​មក​វិញ​ថា ខ្ញុំ​មិន​ចេះ​អក្សរ​ទេ។

13. ព្រះ‌អម្ចាស់​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ថា ហេតុ​ដោយ​ព្រោះ​សាសន៍​នេះ​គេ​ចូល​មក​ជិត​អញ ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​អញ ដោយ​សំដី នឹង​បបូរ​មាត់​របស់​គេ តែ​បាន​ដក​ចិត្ត​ចេញ​ទៅ​ឆ្ងាយ​ពី​អញ ហើយ​ការ​ដែល​គេ​កោត‌ខ្លាច​ដល់​អញ​គ្រាន់​តែ​ជា​បង្គាប់​របស់​មនុស្ស ដែល​បង្រៀន​គេ​ប៉ុណ្ណោះ

14. ហេតុ​នោះ មើល អញ​នឹង​ធ្វើ​ការ​១​យ៉ាង​អស្ចារ្យ នៅ​កណ្តាល​សាសន៍​នេះ​ទៀត ជា​ការ​អស្ចារ្យ ហើយ​ចំឡែក នោះ​ប្រាជ្ញា​នៃ​ពួក​អ្នក​ប្រាជ្ញ​របស់​គេ​នឹង​ត្រូវ​សាប‌សូន្យ​ទៅ ហើយ​យោបល់​នៃ​ពួក​វាង‌វៃ​របស់​គេ​នឹង​ត្រូវ​បិទ​បាំង​ដែរ។

15. វេទនា​ដល់​ពួក​អ្នក​ដែល​លាក់​គំនិត​របស់​ខ្លួន​ពី​ព្រះ‌យេហូវ៉ា ហើយ​ដែល​ធ្វើ​ការ​នៅ​ក្នុង​ទី​កំបាំង ដោយ​ថា តើ​មាន​អ្នក​ណា​បាន​ឃើញ តើ​មាន​អ្នក​ណា​បាន​ស្គាល់​យើង

16. យី​អើ អ្នក​រាល់​គ្នា​យល់​ផ្ទុយ​អី​ម៉្លេះ តើ​នឹង​រាប់​ជាង​ស្មូន​ទុក​ដូច​ជា​ដី​ឥដ្ឋ​ដែរ​ឬ បាន​ជា​របស់​ដែល​គេ​បាន​បង្កើត​មក​ហើយ នឹង​ពោល​ពី​អ្នក​ដែល​បាន​បង្កើត​ខ្លួន​ថា គេ​មិន​បាន​បង្កើត​អញ​ទេ ឬ​របស់​ដែល​គេ​សូន​ធ្វើ​ឡើង នឹង​ពោល​ពី​អ្នក​ដែល​បាន​សូន​ធ្វើ​នោះ​ថា គេ​ឥត​មាន​ដំរិះ​យោបល់​អ្វី​ឡើយ​ដូច្នេះ។

ពិភព​លោក​ថ្មី​ដ៏​ប្រសើរ​រុងរឿង

17. នៅ​តែ​បន្តិច​ទៀត​ប៉ុណ្ណោះ​ទេ នោះ​ព្រៃ​ល្បាណូន នឹង​ត្រឡប់​ទៅ​ជា​ចំការ​ដុះ‌ដាល ហើយ​ចំការ​ដុះ‌ដាល​នឹង​បាន​រាប់​ទុក​ដូច​ជា​ព្រៃ​វិញ

18. នៅ​គ្រា​នោះ មនុស្ស​ត្រចៀក​ថ្លង់​នឹង​ឮ​ព្រះ‌បន្ទូល​ក្នុង​គម្ពីរ ហើយ​ភ្នែក​របស់​មនុស្ស​ខ្វាក់​នឹង​មើល​ឃើញ ពី​ក្នុង​សភាព​ជា​ងងឹត ហើយ​សូន្យ‌សុង

19. មនុស្ស​រាបសា នឹង​មាន​សេចក្ដី​អំណរ​ចំរើន​ឡើង​ក្នុង​ព្រះ‌យេហូវ៉ា ហើយ​ពួក​អ្នក​ក្រីក្រ​ក្នុង​បណ្តា​មនុស្ស គេ​នឹង​រីក‌រាយ​ដោយ‌សារ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល

20. ពី​ព្រោះ​មនុស្ស​ដែល​គួរ​ស្ញែង‌ខ្លាច​បាន​សូន្យ​បាត់​ទៅ ហើយ​ក៏​លែង​មាន​មនុស្ស​ចំអក​មើល‌ងាយ ឯ​ពួក​មនុស្ស​ដែល​រក​តែ​ឱកាស​នឹង​ធ្វើ​ការ​ទុច្ចរិត គេ​នឹង​ត្រូវ​កាត់​ចេញ​អស់​រលីង

21. គឺ​ជា​ពួក​អ្នក​ដែល​ចាប់​ពាក្យ​មនុស្ស ឲ្យ​គេ​មាន​ទោស ហើយ​ដាក់​អន្ទាក់ សំរាប់​ចាប់​ពួក​មនុស្ស​ដែល​ក្រើន​រំឭក​នៅ​ត្រង់​ទ្វារ​ក្រុង ព្រម​ទាំង​បង្វែរ​មនុស្ស​សុចរិត​ចេញ ដោយ​រឿង​ដែល​មិន​ជា​ហេតុ​ផង។

22. ហេតុ​នោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​ប្រោស​លោះ​អ័ប្រា‌ហាំ ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​ពួក​វង្ស​យ៉ាកុប​ថា ឥឡូវ​នេះ ពួក​យ៉ាកុប​មិន​ត្រូវ​ខ្មាស​ទៀត​ឡើយ ក៏​មិន​ត្រូវ​ស្លុត‌ស្លាំង​ទៀត​ដែរ

23. តែ​កាល​ណា​កូន​ចៅ​គេ​បាន​ឃើញ​ការ​ដែល​ដៃ​អញ​នឹង​ធ្វើ​នៅ​កណ្តាល​ពួក​គេ នោះ​គេ​នឹង​រាប់​ឈ្មោះ​អញ​ជា​បរិសុទ្ធ អើ ក៏​នឹង​រាប់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​យ៉ាកុប​ទុក​ជា​បរិសុទ្ធ​ដែរ ព្រម​ទាំង​កោត‌ខ្លាច​ដល់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ផង

24. ឯ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ខុស​ខាង​វិញ្ញាណ គេ​នឹង​មាន​យោបល់​វិញ ហើយ​មនុស្ស​ដែល​រទូ‌រទាំ​នឹង​ទទួល​សេចក្ដី​ប្រៀន‌ប្រដៅ។