ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52
  53. 53
  54. 54
  55. 55
  56. 56
  57. 57
  58. 58
  59. 59
  60. 60
  61. 61
  62. 62
  63. 63
  64. 64
  65. 65
  66. 66

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 41 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ព្រះ‌អម្ចាស់​ជា​ទី​ពឹង​ផ្អែក​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល

1. ឱ​កោះ​ទាំង​ប៉ុន្មាន​អើយ ចូរ​នៅ​ស្ងៀម​នៅ​មុខ​អញ​ចុះ ហើយ​ឲ្យ​ប្រជា‌ជាតិ​ទាំង‌ឡាយ​បាន​ចំរើន​កំឡាំង​ឡើង ត្រូវ​ឲ្យ​គេ​ចូល​មក​ជិត រួច​សឹម​ឲ្យ​គេ​និយាយ​ចុះ ចូរ​ឲ្យ​យើង​មូល​គ្នា​មក​វិនិច្ឆ័យ​សំរេច​ក្តី​យើង

2. តើ​អ្នក​ណា​បាន​លើក​ម្នាក់​ឡើង​ពី​ទិស​ខាង​កើត ទាំង​ហៅ​មក​ដល់​ជើង​ខ្លួន​ក្នុង​សេចក្ដី​សុចរិត ព្រម​ទាំង​ប្រគល់​អស់​ទាំង​សាសន៍​ដល់​អ្នក​នោះ ហើយ​លើក​ឲ្យ​គ្រប់‌គ្រង​លើ​អស់​ទាំង​ស្តេច​ផង ក៏​យក​គេ​ដូច​ជា​ធូលី ប្រគល់​ដល់​ដាវ​របស់​អ្នក​នោះ ហើយ​ដូច​ជា​ជញ្ជ្រាំង ដែល​ត្រូវ​ផាត់​ដោយ​ខ្យល់ ដល់​ធ្នូ​ដែរ

3. អ្នក​នោះ​ដេញ​តាម​គេ ក៏​ដើរ​ដោយ​សុខ‌សាន្ត ទៅ​តាម​ផ្លូវ​ដែល​ជើង​ខ្លួន​មិន​ដែល​ជាន់​ឡើយ

4. តើ​អ្នក​ណា​បាន​ធ្វើ ហើយ​សំរេច​ការ​នេះ ដោយ​ហៅ​អស់​ទាំង​ដំណ​មនុស្ស​តាំង​ពី​ដើម​មក គឺ​អញ យេហូវ៉ា​នេះ ដែល​ជា​ដើម ហើយ​ជា​អ្នក​នៅ​ជា​មួយ​នឹង​មនុស្ស​ជាន់​ក្រោយ​បង្អស់​ដែរ គឺ​អញ​នេះ​ហើយ

5. កោះ​ទាំង​ប៉ុន្មាន​បាន​ឃើញ ហើយ​ក៏​ភ័យ​ខ្លាច អស់​ទាំង​ចុង​ផែនដី​ក៏​ញាប់‌ញ័រ គេ​នាំ​គ្នា​ចូល​មក​ជិត

6. គេ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​គ្រប់​គ្នា​និយាយ​ដល់​បង​ប្អូន​ខ្លួន​ថា ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង

7. ដូច្នេះ ជាង​ឈើ​គេ​កំឡា​ចិត្ត​ជាង​ទង ហើយ​អ្នក​ដែល​ផែ​ដោយ​ញញួរ ក៏​កំឡា​ចិត្ត​ដល់​អ្នក​ដែល​ដំ​ដែក ដោយ​និយាយ​ពី​ការ​ផ្សា​ថា នេះ​ល្អ​ហើយ រួច​ក៏​វាយ​ភ្ជាប់​ដោយ​ដែក​គោល ដើម្បី​មិន​ឲ្យ​រើ​ទៅ​ឯ​ណា​ឡើយ។

8. តែ​ឯង ឱ​អ៊ីស្រា‌អែល ជា​អ្នក​បំរើ​អញ​អើយ ព្រម​ទាំង​យ៉ាកុប ដែល​អញ​បាន​រើស ជា​ពូជ​អ័ប្រា‌ហាំ ដ៏​ជា​សំឡាញ់​របស់​អញ​ផង

9. គឺ​ឯង​ដែល​អញ​បាន​ចាប់​នាំ​មក​ពី​ចុង​ផែនដី ហើយ​បាន​ហៅ​មក​ពី​ទី​ឆ្ងាយ​បំផុត ដោយ​និយាយ​នឹង​ឯង​ថា ឯង​ជា​អ្នក​បំរើ​របស់​អញ អញ​បាន​រើស​ឯង មិន​មែន​បោះ‌បង់​ចោល​ឯង​ទេ

10. កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ ដ្បិត​អញ​នៅ​ជា​មួយ​នឹង​ឯង កុំ​ឲ្យ​ស្រយុត​ចិត្ត​ឲ្យ​សោះ ពី​ព្រោះ​អញ​ជា​ព្រះ​នៃ​ឯង អញ​នឹង​ចំរើន​កំឡាំង​ដល់​ឯង អើ អញ​នឹង​ជួយ​ឯង អើ អញ​នឹង​ទ្រ​ឯង ដោយ​ដៃ​ស្តាំ​ដ៏​សុចរិត​របស់​អញ

11. មើល អស់​អ្នក​ដែល​ខឹង​ក្តៅ​ក្រហាយ​នឹង​ឯង គេ​នឹង​ត្រូវ​ខ្មាស ហើយ​ជ្រប់​មុខ​នៅ ពួក​អ្នក​ដែល​ត​តាំង​នឹង​ឯង គេ​នឹង​បាន​ដូច​ជា​ទទេ​សោះ ហើយ​នឹង​ត្រូវ​វិនាស​សូន្យ​ទៅ

12. ឯង​នឹង​រក​គេ គឺ​ពួក​អ្នក​ដែល​ត​តាំង​នឹង​ឯង​នោះ តែ​មិន​ប្រទះ​ឃើញ​ឡើយ ឯ​ពួក​អ្នក​ដែល​ច្បាំង​នឹង​ឯង គេ​នឹង​បាន​ដូច​ជា​ទទេ​សោះ ហើយ​ដូច​ជា​របស់​ដែល​គ្មាន​ផង

13. ដ្បិត​អញ​នេះ គឺ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង អញ​នឹង​កាន់​ដៃ​ស្តាំ​ឯង ដោយ​ពោល​នឹង​ឯង​ថា កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ អញ​នឹង​ជួយ​ឯង

14. ឱ​យ៉ាកុប​ជា​ដង្កូវ​អើយ កុំ​ឲ្យ​ខ្លាច​ឡើយ ហើយ​ឯង​រាល់​គ្នា ជា​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ដែរ ដ្បិត​ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​ជួយ​ឯង ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​ជា​អ្នក​ប្រោស​លោះ​ឯង

15. មើល អញ​បាន​យក​ឯង​ធ្វើ​ជា​គ្រឿង​បញ្ជាន់​យ៉ាង​ថ្មី ហើយ​មុត ដែល​មាន​ធ្មេញ ឯង​នឹង​បញ្ជាន់​អស់​ទាំង​ភ្នំ​ធំ ព្រម​ទាំង​វាយ​កំទេច ហើយ​នឹង​ធ្វើ​ឲ្យ​ភ្នំ​តូច​ទាំង​ប៉ុន្មាន​ដូច​ជា​អង្កាម​ផង

16. ឯង​នឹង​រោយ​គេ ហើយ​ខ្យល់​នឹង​ផាត់​បាត់​ទៅ ឯ​ខ្យល់​កួច នឹង​កំចាត់‌កំចាយ​គេ​អស់​ទៅ​ដែរ នោះ​ឯង​នឹង​មាន​សេចក្ដី​រីក‌រាយ​ក្នុង​ព្រះ‌យេហូវ៉ា ឯង​នឹង​យក​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល​ជា​ទី​អួត​របស់​ឯង។

17. ពួក​ក្រីក្រ និង​ពួក​កំសត់​ទុគ៌ត គេ​រក​ទឹក តែ​គ្មាន​សោះ គេ​ខះ​ក​ដោយ​ស្រេក​ទឹក ឯ​អញ គឺ​យេ‌ហូវ៉ា អញ​នឹង​តប​ឆ្លើយ​នឹង​គេ អញ​នេះ គឺ​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល អញ​នឹង​មិន​បោះ‌បង់​ចោល​គេ​ឡើយ

18. អញ​នឹង​បើក​ផ្លូវ​ទឹក​ឲ្យ​ហូរ​នៅ​លើ​ទី​ខ្ពស់​ត្រងិល ហើយ​នឹង​ទឹក​ផុស​នៅ​កណ្តាល​ច្រក​ភ្នំ អញ​នឹង​ធ្វើ​ឲ្យ​ទី​រហោ‌ស្ថាន​ត្រឡប់​ទៅ​ជា​ត្រពាំង​ទឹក ហើយ​ឲ្យ​ដី​ហួត‌ហែង​មាន​រន្ធ​ទឹក​ហូរ

19. អញ​នឹង​ធ្វើ​ឲ្យ​ដើម​តាត្រៅ ដើម​នាង‌នួន ដើម​ពពាល​ខែ និង​ដើម​សំរោង ដុះ​នៅ​ទី​រហោ‌ស្ថាន អញ​នឹង​ដាំ​ដើម​កកោះ ដើម​ស្រល់ ហើយ​នឹង​ដើម​ស្រឡៅ ជា​មួយ​គ្នា​នៅ​ទី​សមុទ្រ​ខ្សាច់

20. ដើម្បី​ឲ្យ​គេ​បាន​ឃើញ ហើយ​ដឹង ព្រម​ទាំង​ពិចារណា​យល់​ជា​មួយ​គ្នា​ថា គឺ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​ដែល​បាន​សំរេច​ការ​នោះ គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល​ដែល​បង្កើត​ឡើង។

ព្រះ‌អម្ចាស់​ជំទាស់​នឹង​ព្រះ​ក្លែង‌ក្លាយ

21. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​សំដែង​ដើម​ហេតុ​នៃ​រឿង​ឯង​មក មហា‌ក្សត្រ​នៃ​ពួក​យ៉ាកុប ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​រ៉ាយ‌រ៉ាប់​តាម​លំអាន​របស់​ឯង​ទាំង​ប៉ុន្មាន​ចុះ

22. ត្រូវ​ឲ្យ​គេ​បញ្ចេញ​សេចក្ដី​ទាំង​នោះ​មក ហើយ​ប្រាប់​យើង​រាល់​គ្នា​ពី​ការ​ដែល​កើត​ឡើង ឲ្យ​បាន​ដឹង ចូរ​ស​ប្រាប់​ពី​កាល​ដែល​កើត​មាន កាល​ពី​ដើម ជា​យ៉ាង​ណា​ផង ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​ពិចារណា ឲ្យ​ដឹង​ចុង​បំផុត​នៃ​ការ​ទាំង​នោះ ឬ​បង្ហាញ​ឲ្យ​យើង​ឃើញ​ពី​ការ​នៅ​ខាង​មុខ​ចុះ

23. ចូរ​សំដែង​ប្រាប់​ពី​ការ​ដែល​ត្រូវ​កើត​មក​នៅ​ខាង​មុខ​នោះ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​ដឹង​ថា ឯង​រាល់​គ្នា​ជា​ព្រះ​មែន អើ ចូរ​ធ្វើ​ការ​អ្វី​មួយ ទោះ​ល្អ​ឬ​អាក្រក់​ក្តី ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​ស្ងើច ហើយ​ឃើញ​ជា​មួយ​គ្នា

24. មើល ឯង​រាល់​គ្នា​មិន​មែន​ជា​អ្វី​ទេ ហើយ​ការ​របស់​ឯង​រាល់​គ្នា​ក៏​ជា​ទទេ​សោះ អ្នក​ណា​ដែល​រើស​យក​ឯង​រាល់​គ្នា នោះ​គួរ​ខ្ពើម​ឆ្អើម​ហើយ។

25. អញ​បាន​តាំង​ម្នាក់​ពី​ទិស​ខាង​ជើង​ឡើង អ្នក​នោះ​បាន​មក​ដល់​ហើយ អ្នក​នោះ​នឹង​អំពាវ‌នាវ​ដល់​ឈ្មោះ​អញ​ពី​ទិស​ខាង​កើត ក៏​នឹង​ញាំ‌ញី​ពួក​គ្រប់‌គ្រង ដូច​ជា​គេ​ជាន់​បាយអ ហើយ​ដូច​ជា​ជាង​ស្មូន​ជាន់​ដី​ឥដ្ឋ

26. តើ​អ្នក​ណា​បាន​សំដែង​សេចក្ដី​តាំង​ពី​ដើម​មក ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​ដឹង ហើយ​មុន​កំណត់ ដើម្បី​ឲ្យ​យើង​បាន​ពោល​ថា អ្នក​នោះ​និយាយ​ត្រូវ​មែន អើ គ្មាន​អ្នក​ណា​សំដែង​ទេ អើ គ្មាន​អ្នក​ណា​បង្ហាញ​សោះ អើ គ្មាន​អ្នក​ណា​ឮ​ពាក្យ​សំដី​របស់​ឯង​រាល់​គ្នា​ឡើយ

27. គឺ​អញ​ដើម​ដំបូង ដែល​ប្រាប់​ដល់​ក្រុង​ស៊ីយ៉ូន​ថា មើល​ន៍ គេ​មក​ហើយ អញ​នឹង​ឲ្យ​ម្នាក់​ដល់​ក្រុង​យេរូ‌សាឡិម ជា​អ្នក​ដែល​នឹង​នាំ​ដំណឹង​ល្អ​មក

28. អញ​បាន​សង្កេត​មើល តែ​មិន​ឃើញ​មនុស្ស​ណា​មួយ​សោះ ទោះ​ទាំង​នៅ​ក្នុង​ពួក​ទាំង​នោះ ក៏​ឥត​មាន​ណា​មួយ ជា​អ្នក​ប្រឹក្សា ដែល​កាល​ណា​អញ​នឹង​សួរ នោះ​នឹង​អាច​ឆ្លើយ​១​ម៉ាត់​បាន​ឡើយ

29. មើល គេ​សុទ្ធ​តែ​ឥត ប្រយោជន៍​ទទេ ហើយ​ការ​របស់​គេ​ក៏​អសារ​ឥត​ការ​ដែរ រូប​សិត​របស់​គេ​សុទ្ធ​តែ​ជា​ខ្យល់ ហើយ​សូន្យ​ទទេ។