ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52
  53. 53
  54. 54
  55. 55
  56. 56
  57. 57
  58. 58
  59. 59
  60. 60
  61. 61
  62. 62
  63. 63
  64. 64
  65. 65
  66. 66

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 44 ព្រះគម្ពីរបរិសុទ្ធ (KHOV)

មាន​តែ​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ​ដែល​ពិត​ជា​ព្រះ‌ជា‌ម្ចាស់

1. ប៉ុន្តែ ឱ​ពួក​យ៉ាកុប ជា​អ្នក​បំរើ​អញ ហើយ​ពួក​អ៊ីស្រា‌អែល ដែល​អញ​បាន​ជ្រើស‌រើស​អើយ ចូរ​ស្តាប់​ឥឡូវ​ចុះ

2. ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​បាន​បង្កើត​ឯង​មក ហើយ​បាន​ជប‌សូន​ឯង​ចាប់​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្តាយ គឺ​ជា​អ្នក​ដែល​នឹង​ជួយ​ឯង ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ឱ​ពួក​យ៉ាកុប ជា​អ្នក​បំរើ​អញ ហើយ​ឯង​ដែរ យេស៊ូរុន​ដែល​អញ​បាន​រើស​អើយ​កុំ​ឲ្យ​ខ្លាច​ឡើយ

3. ដ្បិត​អញ​នឹង​ចាក់​ទឹក​ទៅ​លើ​អ្នក​ណា​ដែល​កំពុង​ស្រេក ព្រម​ទាំង​បង្ហូរ​ទឹក​ទៅ​លើ​ដី​ហួត‌ហែង​ផង អញ​នឹង​ចាក់​វិញ្ញាណ​អញ​ទៅ​លើ​ពូជ‌ពង្ស​របស់​ឯង ហើយ​ពរ​របស់​អញ ទៅ​លើ​កូន​ចៅ​របស់​ឯង

4. នោះ​គេ​នឹង​ពន្លក​ឡើង​នៅ​ក្នុង​ស្មៅ ដូច​ជា​ដើម​ចាក​តាម​មាត់​ទឹក

5. អ្នក​១​នឹង​ថា ខ្ញុំ​នេះ​ជា​របស់​ផង​ព្រះ‌យេហូវ៉ា ម្នាក់​ទៀត​នឹង​ហៅ​ខ្លួន​តាម​ឈ្មោះ​យ៉ាកុប ឯ​ម្នាក់​១​ទៀត​នឹង​ចុះ​ឈ្មោះ​ដោយ​ដៃ​ខ្លួន​ថា ខ្ញុំ​ជា​របស់​ផង​ព្រះ‌យេហូវ៉ា ហើយ​នឹង​យក​ឈ្មោះ​អ៊ីស្រា‌អែល​ជា​នាម​ត្រកូល​របស់​ខ្លួន។

6. ព្រះ‌យេហូវ៉ា​ដ៏ ជា​មហា‌ក្សត្រ​នៃ​សាសន៍​អ៊ីស្រា‌អែល​ហើយ​ជា​អ្នក​ដែល​ប្រោស​លោះ​គេ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អញ​ជា​ដើម ហើយ​ជា​ចុង ក្រៅ​ពី​អញ​គ្មាន​ព្រះ​ណា​ទៀត​ឡើយ

7. តើ​មាន​អ្នក​ណា​ដូច​អញ ចូរ​ឲ្យ​គេ​ប្រកាស​ខ្លួន​មក ហើយ​សំដែង​ភស្តុ‌តាង​ឲ្យ​ច្បាស់​ចុះ រួច​រាប់‌រៀប​ប្រាប់​ឲ្យ​អញ​ស្តាប់​ពី​អ្វីៗ​ដែល​បាន​កើត​ឡើង តាំង​តែ​ពី​អញ​បាន​តាំង​មនុស្ស​ឡើង ពី​កាល​ដើម​ព្រម​ទាំង​អ្វីៗ​ដែល​កំពុង​តែ​កើត និង​អ្វីៗ​ដែល​ត្រូវ​កើត​មក​ទៅ​មុខ​ទៀត ចូរ​ឲ្យ​គេ​ប្រាប់​មក​ចុះ

8. កុំ​ឲ្យ​ភ័យ​ឡើយ ក៏​កុំ​ឲ្យ​ខ្លាច​ដែរ តើ​អញ​មិន​បាន​ប្រាប់ ហើយ​បង្ហាញ​ដល់​ឯង​តាំង​តែ​ពី​ដើម​មក​ទេ​ឬ គឺ​ឯ​រាល់​គ្នា​ជា​ស្មរ​បន្ទាល់​របស់​អញ តើ​មាន​ព្រះ​ណា​ក្រៅ​ពី​អញ​ឬ​ទេ អើ គ្មាន​ថ្មដា​ណា​ទៀត​ឡើយ អញ​មិន​ស្គាល់​ណា​មួយ​សោះ។

អ្នក​បង្កើត​រូប​បដិមាករ

9. ពួក​អ្នក​ដែល​ឆ្លាក់​ធ្វើ​រូប​ព្រះ គេ​សុទ្ធ​តែ​អសារ​ឥត​ការ​ទាំង​អស់ ហើយ​របស់​ទាំង​ប៉ុន្មាន​ដែល​គេ​ចូល​ចិត្ត​នោះ ក៏​គ្មាន​ប្រយោជន៍​ដូច​គ្នា ស្មរ​បន្ទាល់​របស់​គេ​មើល​មិន​ឃើញ ក៏​មិន​ដឹង​អ្វី​ផង ជា​ការ​ដែល​នាំ​ឲ្យ​គេ​ត្រូវ​មាន​សេចក្ដី​ខ្មាស

10. តើ​អ្នក​ណា​នឹង​សូន​ធ្វើ​ព្រះ ឬ​សិត​ធ្វើ​រូប​ដែល​ឥត​មាន​ប្រយោជន៍​ដូច្នេះ

11. មើល ពួក​អ្នក​ដែល​គោរព​តាម នឹង​ត្រូវ​ខ្មាស​ទាំង​អស់​ដែរ ហើយ​ពួក​ជាង នោះ​គ្រាន់​តែ​ជា​មនុស្ស​ប៉ុណ្ណោះ ឲ្យ​គេ​ប្រជុំ​គ្នា រួច​ឈរ​ឡើង​ចុះ គេ​នឹង​ត្រូវ​ភ័យ ហើយ​មាន​សេចក្ដី​ខ្មាស​ទាំង​អស់​គ្នា។

12. ឯ​ជាង​ដែក គាត់​ធ្វើ​ពូថៅ​១ គាត់​ធ្វើ​ការ​ដោយ​ធ្យូង គាត់​យក​ញញួរ​ដំឡើង​ជា​រាង ទាំង​ធ្វើ​ការ​ដោយ​ដើម​ដៃ​ដ៏​មាន​កំឡាំង​របស់​ខ្លួន អើ គាត់​ក៏​ឃ្លាន ហើយ​អស់​កំឡាំង គាត់​មិន​បាន​ផឹក​ទឹក ហើយ​ក៏​ហេវ​ទៅ

13. ឯ​ជាង​ឈើ​គាត់​វាយ​បន្ទាត់ ក៏​គូរ​រាង​ដោយ​ខ្មៅ​ដៃ គាត់​ឈូស​យក​រាង ហើយ​គូស​ដោយ​ប្រពាយ រួច​ឆ្លាក់​ឲ្យ​ដូច​ជា​រូប​មនុស្ស តាម​លំអ​របស់​មនុស្ស ដើម្បី​នឹង​តាំង​នៅ​ក្នុង​ផ្ទះ

14. គាត់​កាប់​ដើម​តាត្រៅ​១ ក៏​យក​ដើម​ចន្ទន៍ ក្រឹស្នា និង​ដើម​ម៉ៃសាក់ គឺ​គាត់​រើស​យក​តែ​ឈើ​ណា​ដែល​ជាប់ៗ​នៅ​ក្នុង​ព្រៃ ឬ​គាត់​ដាំ​ដើម​ខ្វាវ​ដែល​ដុះ​លាស់​ឡើង​ដោយ‌សារ​ទឹក​ភ្លៀង

15. ទាំង​អស់​នេះ​មាន​ប្រយោជន៍​ដល់​មនុស្ស​សំរាប់​ធ្វើ​ឧស​ដុត គេ​ក៏​យក​ខ្លះ​មក​ដុត​អាំង អើ ក៏​យក​ខ្លះ​បង្កាត់​ភ្លើង​ដុត​នំបុ័ង អើ ក៏​ធ្វើ​ព្រះ​១​ឡើង រួច​ក្រាប​ថ្វាយ‌បង្គំ គឺ​គាត់​ឆ្លាក់​ធ្វើ​ជា​រូប ហើយ​ក្រាប​ចុះ​គោរព​ដល់​រូប​នោះ

16. ដូច្នេះ គាត់​យក​ខ្លះ​ធ្វើ​ឧស​ដុត ខ្លះ​ទៀត​ដុត​ធ្វើ​ម្ហូប គឺ​គាត់​អាំង​សាច់ ហើយ​ស៊ី​ឆ្អែត អើ គាត់​កំដៅ​ខ្លួន​ដែរ ដោយ​ពោល​ថា អៃយ៉ា ក្តៅ​ស្រួល​ហ្ន៎ ខ្ញុំ​អាំង​ភ្លើង​ហើយ

17. ឯ​ឈើ​ដែល​សល់ នោះ​គាត់​យក​ទៅ​ធ្វើ​ជា​រូប​ឆ្លាក់​សំរាប់​ខ្លួន ក៏​ក្រាប​ចុះ​ថ្វាយ‌បង្គំ ហើយ​អធិ‌ស្ឋាន​ដល់​រូប​នោះ​ដោយ​ពាក្យ​ថា សូម​ជួយ​សង្គ្រោះ​ខ្ញុំ​ផង ពី​ព្រោះ​លោក​ជា​ព្រះ​នៃ​ខ្ញុំ។

18. ពួក​នោះ​មិន​ដឹង​ទេ ក៏​មិន​យល់​សោះ ដ្បិត​ភ្នែក​គេ​ត្រូវ​បាំង​មិន​ឲ្យ​មើល​ឃើញ ហើយ​ចិត្ត​គេ​ផង ដើម្បី​មិន​ឲ្យ​យល់​បាន

19. គ្មាន​អ្នក​ណា​មួយ​នឹក​ឃើញ គេ​ឥត​មាន​ដំរិះ ឬ​យោបល់​នឹង​នឹក​ថា ខ្លះ​បាន​យក​ទៅ​ដុត​ហើយ ខ្លះ​ប្រើ​យក​រងើក​ដុត​ធ្វើ​នំបុ័ង អើ អញ​បាន​អាំង​សាច់​ស៊ី​ផង​ដូច្នេះ ឈើ​ដែល​សល់​នៅ តើ​នឹង​យក​ទៅ​ធ្វើ​ជា​របស់​គួរ​ស្អប់​ខ្ពើម​ឬ តើ​គួរ​ឲ្យ​អញ​ក្រាប​ចុះ​ចំពោះ​ដុំ​ឈើ​ឬ​អី

20. អ្នក​នោះ​ស៊ី​តែ​ផេះ​ទទេ ចិត្ត​ដែល​ត្រូវ​បញ្ឆោត​បាន​នាំ​គេ​ឲ្យ​វង្វេង អ្នក​នោះ​នឹង​ដោះ​ព្រលឹង​ខ្លួន​ឲ្យ​រួច​មិន​បាន ក៏​មិន​ចេះ​ថា ខ្ញុំ​កាន់​របស់​ភូត‌ភរ​នៅ​ដៃ​ស្តាំ​ទេ​តើ នោះ​ឡើយ។

ព្រះ‌អម្ចាស់​តែ​មួយ​គត់ ជា​ព្រះ‌ជា‌ម្ចាស់ និង​ជា​ព្រះ‌សង្គ្រោះ​មនុស្ស​លោក

21. ឱ​ពួក​យ៉ាកុប និង​ពួក​អ៊ីស្រា‌អែល​អើយ ចូរ​នឹក​ចាំ​ពី​សេចក្ដី​ទាំង​នេះ​ចុះ ដ្បិត​ឯង​ជា​អ្នក​បំរើ​របស់​អញ អញ​បាន​សូន​បង្កើត​ឯង ដូច្នេះ ឯង​ជា​អ្នក​បំរើ​របស់​អញ ឱ​ពួក​អ៊ីស្រា‌អែល​អើយ អញ​នឹង​មិន​ភ្លេច​ឯង​ឡើយ

22. អញ​បាន​លុប​អំពើ​រំលង​របស់​ឯង​ចេញ ដូច​ជា​ពពក​យ៉ាង​ក្រាស់ និង​អំពើ​បាប​ឯង​ដូច​ជា​ពពក​ផង ចូរ​វិល​មក​ឯ​អញ​វិញ ពី​ព្រោះ​អញ​បាន​លោះ​ឯង​ហើយ

23. ឱ​ផ្ទៃ​មេឃ​អើយ ចូរ​ច្រៀង​ឡើង ដ្បិត​ព្រះ‌យេហូវ៉ា​បាន​សំរេច​ការ​ហើយ ឱ​ផែនដី​ដ៏​ទាប​អើយ ចូរ​ស្រែក​ឡើង ឱ​ភ្នំ​ទាំង‌ឡាយ ឱ​ព្រៃ និង​អស់​ទាំង​ដើម​ឈើ​ក្នុង​ព្រៃ​អើយ ចូរ​ធ្លាយ​ចេញ​ជា​បទ​ចំរៀង​ចុះ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រោស​លោះ​ពួក​យ៉ាកុប​ទាំង​អស់​ហើយ ទ្រង់​នឹង​ដំកើង​អង្គ​ទ្រង់​ឡើង​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល​ផង។

ព្រះ‌អម្ចាស់​បាន​តែង‌តាំង​ស្តេច​ស៊ីរូស

24. ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​ប្រោស​លោះ​ឯង គឺ​ជា​ព្រះ​ដែល​ជប​សូន​ឯង តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្តាយ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អញ​ជា​យេហូវ៉ា ជា​ព្រះ​ដែល​បង្កើត​របស់​សព្វ​សារពើ អញ​លាត​សន្ធឹង​ផ្ទៃ​មេឃ​តែ​ម្នាក់​ឯង ហើយ​បាន​ក្រាល​ផែនដី​ដោយ​ខ្លួន​អញ

25. អញ​លើក​ទី​សំគាល់​របស់​ពួក​មនុស្ស​ភូត‌ភរ​ចោល​ចេញ ហើយ​ក៏​ធ្វើ​ឲ្យ​គ្រូ​ទាយ​ទៅ​ជា​ឆ្កួត ជា​ពួក​អ្នក​ដែល​បំបែរ​មនុស្ស​មាន​ប្រាជ្ញា​ឲ្យ​វិល​ទៅ​ក្រោយ ឲ្យ​ចំណេះ​របស់​គេ​ទៅ​ជា​ល្ងី‌ល្ងើ​វិញ

26. អញ​បញ្ជាក់​ពាក្យ​សំដី​ដែល​និយាយ​នឹង​អ្នក​បំរើ​អញ ហើយ​សំរេច​តាម​សេចក្ដី​ប្រឹក្សា​របស់​ពួក​អ្នក ដែល​អញ​ចាត់​ប្រើ​អញ​និយាយ​ពី​ក្រុង​យេរូ‌សាឡិម​ថា ទី​ក្រុង​នោះ​នឹង​មាន​មនុស្ស​អាស្រ័យ​នៅ ហើយ​និយាយ​ពី​អស់​ទាំង​ទី​ក្រុង​នៃ​ស្រុក​យូដា​ថា ទី​ក្រុង​ទាំង​នោះ​នឹង​បាន​សង់​ឡើង​វិញ អញ​នឹង​លើក​អស់​ទាំង​ទី​បាក់​បែក​នោះ​ឡើង

27. អញ​ក៏​បង្គាប់​ដល់​ទី​ជំរៅ​ថា ចូរ​ឲ្យ​រីង​ស្ងួត​ទៅ ហើយ​អញ​នឹង​ធ្វើ​ឲ្យ​ទន្លេ​ទាំង​ប៉ុន្មាន​ហួត‌ហៀវ​ទៅ​ដែរ

28. អញ​និយាយ​ពី​ស៊ីរូស​ថា​ជា​អ្នក​គង្វាល​របស់​អញ ជា​អ្នក​ដែល​នឹង​សំរេច​តាម​បំណង​ចិត្ត​អញ​ទាំង​ប៉ុន្មាន ហើយ​បង្គាប់​ឲ្យ​ក្រុង​យេរូ‌សាឡិម​បាន​សង់​ឡើង​វិញ និង​ឲ្យ​ជើង​ជញ្ជាំង​នៃ​ព្រះ‌វិហារ​បាន​ដាក់​ចុះ។