ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52
  53. 53
  54. 54
  55. 55
  56. 56
  57. 57
  58. 58
  59. 59
  60. 60
  61. 61
  62. 62
  63. 63
  64. 64
  65. 65
  66. 66

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ព្រះ‌ជា‌ម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​ផែនដី

1. មើល ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ផែនដី​នៅ​ទទេ​សោះ ហើយ​ឲ្យ​ស្ងាត់​សូន្យ ក៏​ធ្វើ​ឲ្យ​ត្រឡប់‌ត្រឡិន ព្រម​ទាំង​កំចាត់‌កំចាយ​អស់​ពួក​អ្នក​ដែល​នៅ​ផែនដី​ផង

2. នៅ​គ្រា​នោះ ពួក​សង្ឃ​នឹង​រង​ទុក្ខ​ដូច​ជា​មនុស្ស​ធម្មតា ចៅ‌ហ្វាយ​ប្រុស​នឹង​រង​ទុក្ខ​ដូច​ជា​បាវ​ប្រុស ចៅ‌ហ្វាយ​ស្រី​នឹង​រង​ទុក្ខ​ដូច​ជា​បាវ​ស្រី អ្នក​លក់​ដូរ​នឹង​រង​ទុក្ខ​ដូច​ជា​អ្នក​ទិញ ម្ចាស់​បំណុល​នឹង​រង​ទុក្ខ​ដូច​ជា​កូន​បំណុល ហើយ​អ្នក​ដែល​ឲ្យ​ខ្ចី​យក​ការ នឹង​រង​ទុក្ខ ដូច​ជា​អ្នក​ដែល​ឲ្យ​ការ​ស្មើ​គ្នា​ទាំង​អស់

3. ផែនដី​នឹង​ត្រូវ​ផ្ទីង​ឲ្យ​នៅ​ទទេ​ធេង ហើយ​ស្ងាត់​សូន្យ​ឈឹង ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ហើយ

4. ផែនដី​កំពុង​តែ​សោយ‌សោក ហើយ​ស្វិត​ក្រៀម​ទៅ ឯ​លោកីយ៍​ក៏​កំពុង​តែ​រោយ‌រៀវ ហើយ​ស្វិត​ក្រៀម​ដែរ ពួក​អ្នក​ជាន់​ខ្ពស់​នៅ​ផែនដី​គេ​រោយ‌រៀវ​ទៅ

5. ផែនដី​ត្រូវ​ស្មោក‌គ្រោក​ដោយ‌សារ​ពួក​អ្នក​ដែល​អាស្រ័យ​នៅ ពី​ព្រោះ​គេ​បាន​រំលង​អស់​ទាំង​ក្រឹត្យ‌ក្រម គេ​បាន​ធ្វើ​ខុស​នឹង​ច្បាប់​ទាំង​ប៉ុន្មាន ហើយ​ផ្តាច់​សេចក្ដី​សញ្ញា​ដ៏​នៅ​អស់​កល្ប‌ជានិច្ច​ចេញ

6. ហេតុ​ដូច្នោះ​បាន​ជា​សេចក្ដី​បណ្តាសា​បាន​លេប​ស៊ី​ផែនដី ហើយ​ពួក​អ្នក​ដែល​អាស្រ័យ​នៅ ក៏​មាន​ទោស​ទាំង​អស់​គ្នា បាន​ជា​ពួក​អ្នក​អាស្រ័យ​នៅ​នោះ គេ​ត្រូវ​ឆេះ​អស់​រលីង​ទៅ មាន​មនុស្ស​សល់​នៅ​តែ​បន្តិច‌បន្តួច​ទេ

7. ទឹក​ទំពាំង‌បាយ‌ជូរ​កំពុង​តែ​សោយ‌សោក ហើយ​ដើម​ទំពាំង‌បាយ‌ជូរ​ក៏​ស្វិត​ក្រៀម​ដែរ ឯ​អស់​អ្នក​ដែល​មាន​ចិត្ត​រីក‌រាយ គេ​ដក​ដង្ហើម​ធំ​វិញ

8. ការ​សប្បាយ​ដោយ​វាយ​ក្រាប់​បាន​បាត់‌ឈឹង សំឡេង​របស់​ពួក​អ្នក​ដែល​កំពុង​តែ​រីក‌រាយ​ក៏​ផុត ហើយ​សេចក្ដី​អំណរ​ដោយ​ដេញ​ស៊ុង​ក៏​អស់​ទៅ

9. គេ​នឹង​មិន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​ទាំង​ច្រៀង​ទៀត​ឡើយ ឯ​គ្រឿង​ស្រវឹង នឹង​ទៅ​ជា​ល្វីង ដល់​អស់​អ្នក​ដែល​ធ្លាប់​ផឹក

10. ទី​ក្រុង​ដែល​ចោល​ស្ងាត់​នឹង​ត្រូវ​រំលំ‌រំលាង គ្រប់​ទាំង​ផ្ទះ​បាន​បិទ​ទ្វារ មិន​ឲ្យ​មាន​អ្នក​ណា​ចូល​ឡើយ

11. នៅ​តាម​ផ្លូវ​មាន​ឮ​សំឡេង​គេ​ស្រែក​រក​ស្រា​ទំពាំង‌បាយ‌ជូរ សេចក្ដី​អំណរ​ទាំង​អស់​បាន​ងងឹត​ទៅ ហើយ​សេចក្ដី​រីក‌រាយ​នៅ​ក្នុង​ស្រុក​ក៏​បាត់​អស់​ដែរ

12. នៅ​ក្នុង​ទី​ក្រុង​សុទ្ធ​តែ​ស្ងាត់​ឈឹង​ទទេ ហើយ​ទ្វារ​ក្រុង​ក៏​ត្រូវ​វាយ​បំបាក់​ចុះ

13. ដ្បិត​នៅ​ក្នុង​បណ្តា‌ជន‌ជាតិ​ដែល​នៅ​កណ្តាល​ផែនដី នឹង​ត្រូវ​បាន​ដូច្នោះ ដូច​ជា​ការ​អង្រួន​ដើម​អូលីវ ហើយ​ដូច​ការ​បេះ​សន្សំ​ផ្លែ​ទំពាំង‌បាយ‌ជូរ ក្រោយ​ដែល​បេះ​រួច​ពី​ជាន់​ដើម​ជា​ស្រេច​ហើយ។

14. ពួក​អ្នក​ទាំង​នេះ​នឹង​បន្លឺ​ឡើង ហើយ​ស្រែក​ដោយ​អំណរ គេ​នឹង​ស្រែក​ឡើង​ជា​ខ្លាំង​ពី​ខាង​សមុទ្រ ដោយ​ព្រោះ​ឫទ្ធា‌នុភាព​នៃ​ព្រះ‌យេហូវ៉ា

15. ដូច្នេះ​ចូរ​លើក​ដំកើង​ព្រះ‌យេហូវ៉ា​នៅ​ទិស​ខាង​កើត​ដែរ គឺ​លើក​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល នៅ​ស្រុក​ក្បែរ​សមុទ្រ

16. យើង​បាន​ឮ​បទ​ចំរៀង​មក​ពី​ចុង​ផែនដី​បំផុត​ថា សិរី​សួស្តី​ចូរ​មាន​ដល់​ព្រះ​ដ៏​សុចរិត តែ​ខ្ញុំ​បាន​និយាយ​ថា ខ្ញុំ​កំពុង​តែ​រីងរៃ​ទៅ វរ‌ហើយ​ខ្ញុំៗ​កំពុង​តែ​រីងរៃ​ទៅ ពួក​មនុស្ស​ឧបាយ គេ​បាន​ប្រព្រឹត្ត​ដោយ​កិច្ច‌កល​របស់​គេ អើ ពួក​មនុស្ស​ឧបាយ គេ​បាន​ប្រព្រឹត្ត​ដោយ​កិច្ច‌កល​ជា​ខ្លាំង

17. ឱ​មនុស្ស​នៅ​ផែនដី​អើយ សេចក្ដី​តក់‌ស្លុត រណ្តៅ និង​អន្ទាក់​គ្រប​លើ​ឯង​ហើយ

18. ដូច្នេះ​អ្នក​ណា​ដែល​រត់​ពី​សូរ​ដែល​នាំ​ឲ្យ​តក់‌ស្លុត នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​រណ្តៅ ហើយ​អ្នក​ណា​ដែល​ឡើង​រួច​ពី​រណ្តៅ នោះ​នឹង​ជាប់​អន្ទាក់​វិញ ពី​ព្រោះ​បង្អួច​នៅ​ស្ថាន​លើ​បាន​បើក​ចំហ​ហើយ ឯ​ឫស​ផែនដី​ក៏​ញាប់‌ញ័រ​ដែរ

19. ឯ​ផែនដី​ត្រូវ​បែក​បាក់​អស់​រលីង ផែនដី​ត្រូវ​អង្រួន​ជា​ខ្លាំង

20. ផែនដី​នឹង​ទ្រេត‌ទ្រោត ដូច​ជា​មនុស្ស​ស្រវឹង ហើយ​នឹង​ត្រូវ​យោល​ទៅ​ដូច​ជា​អង្រឹង ឯ​អំពើ​រំលង​របស់​មនុស្ស​លោក នឹង​សង្កត់​លើ​ជា​យ៉ាង​ធ្ងន់ គេ​នឹង​ត្រូវ​ដួល​ឥត​ងើប​ឡើង​វិញ​ឡើយ។

ចុង​បញ្ចប់​របស់​អាណា‌ចក្រ​នានា

21. នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ផ្ចាញ់‌ផ្ចាល​នៅ​លើ​មេឃ ចំពោះ​ពួក​ពល‌បរិវារ​នៃ​ស្ថាន​ខ្ពស់ ព្រម​ទាំង​ពួក​ស្តេច​នៃ​លោកីយ៍​នៅ​ផែនដី​ដែរ

22. គេ​នឹង​ត្រូវ​ប្រមូល​គ្នា​ដូច​ជា​ឈ្លើយ​ដែល​ប្រមូល​ទុក​ក្នុង​រំលុង ហើយ​នឹង​ត្រូវ​ឃុំ​នៅ​ក្នុង​គុក ក្រោយ​មក​ជា​យូរ​ថ្ងៃ គេ​ត្រូវ​រង​ទោស

23. គ្រា​នោះ ព្រះ‌ចន្ទ​នឹង​ត្រូវ​ជ្រប់​មុខ ហើយ​ព្រះ‌អាទិត្យ​នឹង​ត្រូវ​អៀន‌ខ្មាស ដោយ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​សោយ‌រាជ្យ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន​នា​ក្រុង​យេរូ‌សាឡិម នោះ​នឹង​មាន​សិរី‌ល្អ​នៅ​ចំពោះ​មុខ​ពួក​ចាស់‌ទុំ​របស់​ទ្រង់។