ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52
  53. 53
  54. 54
  55. 55
  56. 56
  57. 57
  58. 58
  59. 59
  60. 60
  61. 61
  62. 62
  63. 63
  64. 64
  65. 65
  66. 66

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 34 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ព្រះ‌អម្ចាស់​វិនិច្ឆ័យ​ទោស​ស្រុក​អេដំម មាតុ‌ភូមិ​និវត្តន៍​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល

1. ឱ​អស់​ទាំង​សាសន៍​អើយ ចូរ​ឲ្យ​ចូល​មក​ជិត​នឹង​ស្តាប់​ចុះ អស់​ទាំង​ប្រជា‌ជាតិ​អើយ ចូរ​ផ្ទៀង​ត្រចៀក​ចុះ ត្រូវ​ឲ្យ​ផែនដី និង​របស់​សព្វ​សារពើ​នៅ​លើ​ផែនដី​ស្តាប់​ដែរ ព្រម​ទាំង​លោកីយ៍ និង​របស់​ទាំង​ប៉ុន្មាន​ដែល​កើត​ចេញ​ពី​នោះ​ផង

2. ពី​ព្រោះ​យេហូវ៉ា​ទ្រង់​មាន​សេចក្ដី​គ្នាន់‌ក្នាញ់​នឹង​គ្រប់​ទាំង​សាសន៍ ហើយ​ទ្រង់​ក្រោធ​ចំពោះ​ពល‌ទ័ព​ទាំង​ប៉ុន្មាន​របស់​គេ​ដែរ ទ្រង់​បាន​បំផ្លាញ​គេ​អស់​រលីង ក៏​បាន​ប្រគល់​គេ​ទៅ​ឲ្យ​ត្រូវ​ស្លាប់

3. ខ្មោច​របស់​គេ​ដែល​ត្រូវ​សំឡាប់​នោះ នឹង​បាន​បោះ​ចោល​ទៅ ក្លិន​ស្អុយ​ពី​សាក‌សព​ទាំង​នោះ​នឹង​សាយ​ឡើង ហើយ​ភ្នំ​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​រលាយ​ទៅ​ដោយ​ឈាម​គេ

4. ឯ​បណ្តា​ពល‌បរិវារ​នៅ​លើ​មេឃ​នឹង​ត្រូវ​រៀវ‌សូន្យ​ទៅ ផ្ទៃ​មេឃ​នឹង​ត្រូវ​មូរ​ឡើង​ដូច​ជា​រមូរ​សៀវភៅ ហើយ​គ្រប់​ទាំង​ពួក​ពល‌បរិវារ នោះ​នឹង​រោយ​រុះ​ទៅ ដូច​ជា​ស្លឹក​ទំពាំង‌បាយ‌ជូរ​ក្រៀម​ជ្រុះ​ចាក​ដើម ក៏​ដូច​ជា​ស្លឹក​ស្រពោន​ជ្រុះ​ចាក​ដើម​ល្វា​ដែរ

5. ដ្បិត​ដាវ​របស់​អញ​បាន​ឆ្អែត​ហើយ នៅ​លើ​មេឃ មើល នឹង​ចុះ​មក​លើ​ស្រុក​អេដំម គឺ​លើ​សាសន៍​ដែល​អញ​បាន​ដាក់​បណ្តាសា ដើម្បី​នឹង​ធ្វើ​ទោស​ដល់​គេ​ទៀត

6. ដាវ​របស់​ព្រះ‌យេហូវ៉ា បាន​ប្រឡាក់​ឈាម​ដាប ក៏​ជោក​ដោយ​ខ្លាញ់ គឺ​ដោយ​ឈាម​កូន​ចៀម និង​ពពែ ព្រម​ទាំង​ខ្លាញ់​ដែល​ជាប់​នៅ​អង្គញ់​នៃ​ចៀម​ឈ្មោល ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ការ​ថ្វាយ​យញ្ញ‌បូជា​នៅ​ក្រុង​បុសរ៉ា ក៏​មាន​ការ​សង្ហារ​យ៉ាង​សំបើម​នៅ​ក្នុង​ស្រុក​អេដំម

7. ឯ​ពួក​ទន្សោង​នឹង​ដួល​ចុះ​ជា​មួយ​នឹង​គេ ព្រម​ទាំង​គោ​ស្ទាវ និង​គោ​ចាស់​ផង ស្រុក​គេ​នឹង​បាន​ដាប​ដោយ​ឈាម ហើយ​ធូលី​ដី នឹង​បាន​ជោក​ដោយ​ខ្លាញ់។

8. ដ្បិត​ព្រះ‌យេហូវ៉ា ទ្រង់​មាន​ថ្ងៃ​សំរាប់​សង‌សឹក មាន​ឆ្នាំ​សំរាប់​ស្នង​ដល់​គេ​ជំនួស​ក្រុង​ស៊ីយ៉ូន

9. ជ្រោះ​ទឹក​នៅ​ស្រុក​អេដំម​នឹង​ត្រឡប់​ជា​ជ័រ ធូលី​ដី​នឹង​ត្រឡប់​ជា​ស្ពាន់‌ធ័រ ហើយ​ស្រុក​គេ​នឹង​មាន​ពេញ​ជា​ជ័រ​ឆេះ

10. ភ្លើង​នោះ​នឹង​មិន​រលត់​ទាំង​យប់​ទាំង​ថ្ងៃ ហើយ​ផ្សែង​នឹង​ហុយ​ឡើង​ជា​ដរាប​ទៅ ស្រុក​នោះ​នឹង​នៅ​ជា​កំឡោច​គ្រប់​ទាំង​ដំណ​នៃ​មនុស្ស​ត​ទៅ ឥត​ដែល​មាន​អ្នក​ណា​ដើរ​កាត់​តាម​នោះ​ទៀត​ឡើយ

11. តែ​ទុង និង​ប្រមា នឹង​បាន​ស្រុក​នោះ​ជា​លំនៅ​វិញ ហើយ​គូក និង​ក្អែក នឹង​អាស្រ័យ​នៅ​ទី​នោះ​ដែរ ទ្រង់​នឹង​សន្ធឹង​ខ្សែ​វាស់​នៅ​លើ​ស្រុក​នោះ ឲ្យ​ត្រូវ​ខូច​បង់ ហើយ​ស្ទង់​កូន​តឹង ឲ្យ​ត្រូវ​សូន្យ​ទទេ

12. គេ​នឹង​ហៅ​ពួក​ត្រកូល​ខ្ពស់​មក​ឲ្យ​តាំង​រាជ្យ​ឡើង តែ​នឹង​គ្មាន​អ្នក​ណា​មក​ឡើយ ឯ​ពួក​ចៅ‌ហ្វាយ​ទាំង​ប៉ុន្មាន នឹង​ផុត​អស់​ទៅ

13. បន្លា​នឹង​ដុះ​ឡើង​នៅ​ក្នុង​ព្រះ‌រាជ‌ដំណាក់ ហើយ​អញ្ចាញ និង​ដំបង‌យក្ខ នឹង​ដុះ​នៅ​ក្នុង​បន្ទាយ​របស់​គេ​ដែរ ស្រុក​នោះ​នឹង​បាន​ជា​ទី​លំនៅ​នៃ​ឆ្កែ​ព្រៃ ហើយ​ជា​ព្រះ‌រាជ​រោង សំរាប់​សត្វ​អូសទ្រីច

14. អស់​ទាំង​សត្វ​ដែល​នៅ​ទី​រហោ‌ស្ថាន នឹង​ជួប‌ជុំ​ជា​មួយ​នឹង​ហ្វូង​ចចក ហើយ​ពពែ​ព្រៃ​នឹង​ស្រែក​ឆ្លើយ​គ្នា ឯ​ឪឡ នឹង​ចុះ​មក​ទំ​នៅ​ទី​នោះ ហើយ​នឹង​ធ្វើ​សំបុក​នៅ​ដែរ

15. ពស់‌វែក​នឹង​ធ្វើ​សំបុក​នៅ​ទី​នោះ ព្រម​ទាំង​ពង ហើយ​ញាស់​កូន​ផង រួច​ប្រមូល​កូន​មក​ការ‌ពារ អើ ពួក​រអាត​នឹង​មក​ទាំង​គូៗ ប្រជុំ​នៅ​ទី​នោះ​ដែរ។

16. ចូរ​ស្វែង​រក​ក្នុង​គម្ពីរ​របស់​ព្រះ‌យេហូវ៉ា ហើយ​មើល​ចុះ នឹង​គ្មាន​សត្វ​ណា​មួយ​នេះ​ខាន​មក ហើយ​នឹង​គ្មាន​ណា​មួយ​ឥត​គូ​ឡើយ ពី​ព្រោះ​ព្រះ‌ឱស្ឋ​ទ្រង់​បាន​បង្គាប់​ហើយ ព្រះ‌វិញ្ញាណ​ទ្រង់​ក៏​បាន​ប្រមូល​មក​ដែរ

17. ទ្រង់​បាន​បោះ​ឆ្នោត​ឲ្យ​ពួក​សត្វ​ទាំង​នោះ ហើយ​ព្រះ‌ហស្ត​ទ្រង់​បាន​វាស់​ចែក​ស្រុក​ឲ្យ វា​រាល់​គ្នា​នឹង​បាន​ស្រុក​នោះ ជា​រៀង‌រាប​ដរាប ហើយ​នឹង​អាស្រ័យ​នៅ ដរាប​ដល់​អស់​ទាំង​ដំណ​មនុស្ស​ត​រៀង​ទៅ។