ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52
  53. 53
  54. 54
  55. 55
  56. 56
  57. 57
  58. 58
  59. 59
  60. 60
  61. 61
  62. 62
  63. 63
  64. 64
  65. 65
  66. 66

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ព្រះ‌បន្ទូល​ព្រមាន​ក្រុង​យេរូ‌សាឡិម

1. នេះ​ជា​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់ ពី​ដំណើរ​ច្រក​ភ្នំ​នៃ​ការ​ជាក់‌ស្តែង។តើ​មាន​ការ​អ្វី​ហ្នឹង បាន​ជា​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ​គ្រប់​គ្នា​ដូច្នេះ

2. ឱ​ឯង​ដែល​ពេញ​ដោយ​សំរែក ជា​ទី​ក្រុង​អ៊ឹក‌ធឹក​គ្រឹក‌គ្រេង ជា​តំបន់​អរ​សប្បាយ​អើយ ពួក​ឯង​ដែល​ត្រូវ​គេ​សំឡាប់ នោះ​មិន​បាន​ស្លាប់​ដោយ​ដាវ​ទេ ក៏​មិន​បាន​ស្លាប់​ក្នុង​ចំបាំង​ដែរ

3. ពួក​អ្នក​ដែល​គ្រប់‌គ្រង​លើ​ឯង គេ​បាន​រត់​ទៅ​ជា​មួយ​គ្នា តែ​ពួក​ពល​ធ្នូ​ចាប់​ចង​គេ​បាន​ហើយ ពួក​ឯង​ដែល​គេ​រក​ឃើញ ជា​ពួក​អ្នក​ដែល​បាន​រត់​ទៅ​ឆ្ងាយ​ហើយ នោះ​ក៏​ត្រូវ​គេ​ចាប់​ចង​ជា​មួយ​គ្នា

4. ដូច្នេះ ខ្ញុំ​បាន​និយាយ​ថា ចូរ​បែរ​មុខ​ពី​ខ្ញុំ​ចេញ ខ្ញុំ​នឹង​យំ​យ៉ាង​ក្រំ​ចិត្ត កុំ​ឲ្យ​ខំ​ជួយ​កំសាន្ត​ទុក្ខ​ខ្ញុំ ពី​ដំណើរ​ពួក​កូន​ស្រី​របស់​សាសន៍​ខ្ញុំ ដែល​ត្រូវ​បំផ្លាញ​ឡើយ

5. ដ្បិត​នេះ​ជា​ថ្ងៃ​ចលាចល ថ្ងៃ​ជាន់​ឈ្លី ហើយ​វល់​គំនិត ដែល​មក​ពី​ព្រះ‌អម្ចាស់​យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ នៅ​ត្រង់​ច្រក​ភ្នំ​នៃ​ការ​ជាក់‌ស្តែង គឺ​ជា​ការ​រំលំ‌រំលាយ​កំផែង ហើយ​ជា​ការ​ស្រែក​ឮ​ខ្ទរ​នៅ​ក្នុង​ភ្នំ។

6. ពួក​អេឡាំ ជា​អ្នក​ស្ពាយ​បំពង់​ព្រួញ គេ​ក៏​មាន​រទេះ​ចំបាំង​ពេញ​ដោយ​មនុស្ស ហើយ​មាន​ពល​សេះ​ផង ឯ​ពួក​គារ គេ​បាន​ដោះ​ស្រោម​ខែល​ចេញ

7. យ៉ាង​នោះ ច្រក​ភ្នំ​យ៉ាង​ល្អ​បំផុត​របស់​ឯង បាន​ពេញ​ដោយ​រទេះ​ចំបាំង ហើយ​ពួក​ពល​សេះ​ក៏​ដំរៀប​គ្នា​នៅ​មាត់​ទ្វារ​ក្រុង

8. គេ​ក៏​បើក​ស្បៃ​របាំង​ចេញ​ពី​ស្រុក​យូដា ហើយ​នៅ​ថ្ងៃ​នោះ ឯង​បាន​ទី​ពឹង​ដល់​គ្រឿង​សស្ត្រា‌វុធ​នៅ​ក្នុង​ឃ្លាំង​ដំណាក់​ព្រៃ

9. ឯង​រាល់​គ្នា​បាន​ឃើញ​កន្លែង​រំលំ‌រំលាយ​នៅ​ក្រុង​ដាវីឌ ថា​មាន​ច្រើន​ណាស់ ឯង​រាល់​គ្នា​បាន​ប្រមូល​ទឹក​នៃ​ស្រះ​ខាង​ក្រោម​ទុក

10. ក៏​បាន​រាប់​ចំនួន​ផ្ទះ​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​បាន​រុះ​ផ្ទះ​យក​ថ្ម​ទៅ​ប៉ះ​កំផែង​ក្រុង​ឲ្យ​មាំ‌មួន​ឡើង

11. ឯង​រាល់​គ្នា​បាន​ជីក​ស្រះ​ទឹក នៅ​កណ្តាល​កំផែង​ទាំង​២ សំរាប់​ទឹក​របស់​ស្រះ​ចាស់ ប៉ុន្តែ​ឯង​មិន​បាន​ពឹង‌ពាក់​ដល់​ព្រះ​ដែល​ទ្រង់​ធ្វើ​ការ​ទាំង​នេះ ឬ​ផ្អែក​ដល់​ទ្រង់​ដែល​បាន​សំរេច​ការ​នេះ​ជា​យូរ​មក​ហើយ នោះ​ទេ។

12. នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​បាន​ហៅ​ឯង​រាល់​គ្នា ឲ្យ​មក​យំ ឲ្យ​មក​សោយ‌សោក កោរ​សក់ ហើយ​ស្លៀក​សំពត់​ធ្មៃ

13. តែ​មើល មាន​សុទ្ធ​តែ​អំណរ ហើយ​រីក‌រាយ​វិញ ជា​ការ​សំឡាប់​គោ និង​ចៀម ស៊ី​សាច់ ហើយ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ដោយ​ពោល​ថា ចូរ​យើង​ស៊ី​ហើយ​ផឹក​ទៅ ដ្បិត​នៅ​ថ្ងៃ​ស្អែក​នេះ​យើង​ត្រូវ​ស្លាប់​ហើយ

14. នោះ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​បាន​បើក​សំដែង​អង្គ​ទ្រង់​នៅ​ត្រចៀក​ខ្ញុំ​ថា ពិត​ប្រាកដ​ជា​សេចក្ដី​ទុច្ចរិត​នេះ នឹង​មិន​បាន​អត់​ទោស​ឲ្យ​ឯង​រាល់​គ្នា​ឡើយ ដរាប​ដល់​ឯង​រាល់​គ្នា​ស្លាប់​បង់ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។

15. ព្រះ‌អម្ចាស់ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ទៅ​រក​អ្នក​ឧកញ៉ា​នោះ​ចុះ គឺ​សេបណា ដែល​ត្រួត‌ត្រា​លើ​ព្រះ‌រាជ‌ដំណាក់ ហើយ​សួរ​ថា

16. ឯង​មាន​ការ​អ្វី​នៅ​ទី​នេះ តើ​មាន​ញាតិ‌សន្តាន​ណា​នៅ​ទី​នេះ បាន​ជា​ឯង​ធ្វើ​ម៉ុង​សំរាប់​ខ្លួន​ដូច្នេះ ដូច​ជា​អ្នក​ណា​ដែល​ធ្វើ​ម៉ុង​សំរាប់​ខ្លួន​នៅ​លើ​ទី​ខ្ពស់ គឺ​ដាប់​ទី​លំនៅ​សំរាប់​ខ្លួន​នៅ​ក្នុង​ថ្ម

17. មើល ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​បោះ​ឯង​ចោល​ទៅ​ដោយ​កំឡាំង អើ ទ្រង់​នឹង​រុំ​ឯង​យ៉ាង​ជិត

18. ទ្រង់​នឹង​រុំ​ឆ្វាក់​ឯង​ជា​ពិត ហើយ​បោះ​ឯង​ទៅ​ក្នុង​ស្រុក​១​ធំ​ទូលាយ ដូច​ជា​គេ​បោះ​របុំ​អំបោះ ឯង​នឹង​ស្លាប់​នៅ​ទី​នោះ​វិញ គឺ​នៅ​ទី​នោះ ដែល​នឹង​មាន​រទេះ​ដ៏​រុងរឿង​របស់​ឯង ឱ​អ្នក​ដែល​នាំ​ឲ្យ​ព្រះ‌រាជ‌វង្ស​នៃ​ចៅ‌ហ្វាយ​ខ្លួន​មាន​សេចក្ដី​ខ្មាស​អើយ

19. អញ​នឹង​បណ្តេញ​ឯង​ពី​ដំណែង​ចេញ ហើយ​ឯង​នឹង​ត្រូវ​ទំលាក់​ចុះ​ពី​ការ‌ងារ​ទៅ

20. នៅ​គ្រា​នោះ អញ​នឹង​ហៅ​អេលា‌គីម​ជា​កូន​ហ៊ីល‌គីយ៉ា ជា​អ្នក​បំរើ​របស់​អញ​មក

21. ហើយ​នឹង​យក​អាវ​យស​របស់​ឯង​មក​បំពាក់​ឲ្យ​គាត់​វិញ ព្រម​ទាំង​ឲ្យ​មាន​កំឡាំង​ឡើង ដោយ​ខ្សែ​ក្រវាត់​របស់​ឯង​ផង អញ​នឹង​ប្រគល់​អំណាច​ត្រួត‌ត្រា​របស់​ឯង ទៅ​ក្នុង​កណ្តាប់​ដៃ​គាត់ នោះ​គាត់​នឹង​ធ្វើ​ជា​ឪពុក ដល់​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម និង​ពូជ‌ពង្ស​យូដា​ដែរ

22. អញ​នឹង​យក​កូន​សោ​នៃ​វង្ស​ដាវីឌ ដាក់​លើ​ស្មា​គាត់ នោះ​គាត់​នឹង​បើក​ឥត​មាន​អ្នក​ណា​បិទ​បាន​ឡើយ ក៏​នឹង​បិទ​ទៅ ឥត​មាន​អ្នក​ណា​បើក​បាន​ដែរ

23. អញ​នឹង​បោះ​គាត់​ភ្ជាប់​ទៅ ដូច​ជា​បោះ​ដែក​គោល​ជាប់​នៅ​កន្លែង​១​ដែល​ស្ថិត‌ស្ថេរ ហើយ​គាត់​នឹង​បាន​សំរាប់​ជា​បល្ល័ង្ក​ដ៏​រុងរឿង ដល់​វង្សា​របស់​បិតា​គាត់

24. គេ​នឹង​នាំ​យក​អស់​ទាំង​សិរី‌ល្អ​នៃ​វង្សា​របស់​បិតា​គាត់ មក​បំពាក់​នៅ​លើ​គាត់​វិញ គឺ​ទាំង​ពូជ‌ពង្ស​ជិត​ឆ្ងាយ និង​គ្រឿង​ប្រដាប់​តូចៗ​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ពែង រហូត​ដល់​ថូ​ទាំង​អស់​ផង

25. ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​គ្រា​នោះ ដែក​គោល​ដែល​បាន​បោះ​ភ្ជាប់​នៅ​ទី​ដែល​ស្ថិត‌ស្ថេរ នោះ​នឹង​ត្រូវ​រដក​ចេញ រួច​ត្រូវ​កាប់​ផ្តួល​ចុះ ហើយ​ដួល​ជា​ពិត ឯ​បន្ទុក​ដែល​គេ​បាន​ពាក់​នៅ​លើ​ដែក​គោល​នោះ នឹង​ត្រូវ​កាត់​ផ្តាច់​ចេញ ដ្បិត​ព្រះ‌យេហូវ៉ា ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ហើយ។