ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 40 Khmer Standard Version (KHSV)

លោក​យេរេមា​មាន​សេរី‌ភាព

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យេរេមា ក្រោយ​ពេល​ដែល​លោក​នេប៊ូ‌សារ៉ា‌ដាន ជា​រាជ​ប្រតិភូ ឲ្យ​លោក​ចាក​ចេញ​ពី​ភូមិ​រ៉ាម៉ា។ កាល​លោក​នេប៊ូ‌សារ៉ា‌ដាន​ឲ្យ​គេ​ទៅ​នាំ​លោក​យេរេមា​មក​នោះ លោក​ជាប់​ច្រវាក់​ជា​មួយ​អ្នក​ក្រុង​យេរូ‌សាឡឹម និង​អ្នក​ស្រុក​យូដា​ទាំង​អស់ ដែល​ត្រូវ​គេ​នាំ​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ី‌ឡូន។

2. លោក​រាជ​ប្រតិភូ​បាន​ឲ្យ​គេ​ទៅ​នាំ​លោក​យេរេមា​មក ហើយ​គាត់​ពោល​ទៅ​លោក​ថា៖ «ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក បាន​សម្រេច​នាំ​មហន្ត‌រាយ​មក​លើ​ទឹក​ដី​នេះ។

3. ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​មហន្ត‌រាយ​កើត​មាន ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​ប្រកាស​មែន ព្រោះ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អម្ចាស់ អ្នក​រាល់​គ្នា​ពុំ​បាន​ស្ដាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ទេ។ អ្វីៗ​ដែល​ព្រះ‌អង្គ​បាន​ប្រកាស​ទុក សុទ្ធ​តែ​សម្រេច​ទាំង​អស់។

4. ប៉ុន្តែ ឥឡូវ​នេះ ខ្ញុំ​ដោះ​លែង​លោក​ឲ្យ​រួច​ពី​ច្រវាក់ ដែល​ជាប់​នៅ​ដៃ​លោក។ ប្រសិន​បើ​លោក​ចង់​ទៅ​ស្រុក​បាប៊ី‌ឡូន​ជា​មួយ​ខ្ញុំ សុំ​អញ្ជើញ​មក ខ្ញុំ​នឹង​ជួយ​ទំនុក​បម្រុង​លោក តែ​បើ​លោក​មិន​ចង់​ទៅ​ស្រុក​បាប៊ី‌ឡូន​ជា​មួយ ខ្ញុំ​ទេ ក៏​មិន​អី​ដែរ។ មើល៍! ស្រុក​ទាំង​មូល​ស្ថិត​នៅ​ចំពោះ​មុខ​លោក​ហើយ សុំ​អញ្ជើញ​ទៅ​កន្លែង​ណា​ក៏​បាន តាម​តែ​លោក​ពេញ​ចិត្ត»។

5. ពេល​ឃើញ​លោក​យេរេមា​នៅ​ស្ងៀម​មិន​ទាន់​ឆ្លើយ លោក​នេប៊ូ‌សារ៉ា‌ដាន​ក៏​ពោល​ទៀត​ថា៖ «សុំ​លោក​វិល​ទៅ​ជួប​នឹង​លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម និង​ជា​ចៅ​របស់​លោក​សាផាន ដែល​ព្រះចៅ​ក្រុង​បាប៊ី‌ឡូន​បាន​តែង‌តាំង​ឲ្យ​គ្រប់‌គ្រង​ស្រុក​យូដា​នោះ ហើយ​ស្នាក់​នៅ​ជា​មួយ​គាត់ ក្នុង​ចំណោម​ប្រជា‌ជន​ទៅ ឬ​មួយ​លោក​ចង់​ទៅ​កន្លែង​ណា​ផ្សេង​ទៀត តាម​ចិត្ត​លោក​ប្រាថ្នា»។ លោក​រាជ​ប្រតិភូ​បាន​ប្រគល់​ស្បៀង និង​ជំនូន​ខ្លះ​ទៀត ជូន​លោក ហើយ​ប្រាប់​ឲ្យ​លោក​ចេញ​ទៅ។

6. លោក​យេរេមា​ក៏​ទៅ​ជួប​លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម នៅ​ក្រុង​មីសប៉ា រួច​ស្នាក់​នៅ​ជា​មួយ​គាត់ ក្នុង​ចំណោម​ប្រជា‌ជន​ដែល​រស់​នៅ​ក្នុង​ស្រុក​នៅ​ឡើយ។

លោក​កេដា‌លា​គ្រប់‌គ្រង​ស្រុក​យូដា

7. កាល​មេ​ទាហាន​ទាំង​អស់​ដែល​នៅ​តាម​ព្រៃ និង​ពល​ទាហាន​របស់​ពួក​គេ​ឮ​ដំណឹង​ថា ស្ដេច​ស្រុក​បាប៊ី‌ឡូន​បាន​តែង‌តាំង​លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម​ឲ្យ​គ្រប់‌គ្រង​ស្រុក ហើយ​ផ្ទុក‌ផ្ដាក់​លោក​ឲ្យ​មើល​ខុស​ត្រូវ​លើ​ប្រជា‌ជន​ប្រុស​ស្រី ក្មេង និង​ជន​ក្រីក្រ នៅ​ក្នុង​ស្រុក ដែល​គេ​មិន​បាន​កៀរ​យក​ទៅ​ជា​ឈ្លើយ​នៅ​បាប៊ី‌ឡូន។

8. ពួក​គេ​ក៏​នាំ​គ្នា​មក​ជួប​នឹង​លោក​កេដា‌លា​នៅ​មីសប៉ា។ អ្នក​ទាំង​នោះ គឺ​លោក​អ៊ីស្មា‌អែល​ជា​កូន​របស់​លោក​នេថា‌នា លោក​យ៉ូហាណាន និង​លោក​យ៉ូណា‌ថាន​ជា​កូន​របស់​លោក​ការ៉ា លោក​សេរ៉ាយ៉ា​ជា​កូន​របស់​លោក​ថានហ៊ូ‌មែត កូនៗ​របស់​លោក​អេផាយ អ្នក​ស្រុក​នថូ‌ផា និង​លោក​យេសា‌នា​ជា​កូន​របស់​ពួក​ម៉ាកា‌ទី ព្រម​ទាំង​ទាហាន​របស់​ពួក​គេ។

9. លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម និង​ជា​ចៅ​របស់​លោក​សាផាន ប្រកាស​យ៉ាង​ឱឡា‌រិក​ចំពោះ​មេ​ទាហាន និង​ពល​ទាហាន​ទាំង​នោះ​ថា៖ «កុំ​ខ្លាច​ក្រែង​នឹង​បម្រើ​ជន‌ជាតិ​ខាល់ដេ​ឡើយ ចូរ​រស់​នៅ​ក្នុង​ស្រុក ហើយ​បម្រើ​ព្រះចៅ​ក្រុង​បាប៊ី‌ឡូន​ទៅ នោះ​អស់​លោក​នឹង​បាន​សុខ​ជា​មិន​ខាន។

10. ចំណែក​ឯ​ខ្ញុំ ខ្ញុំ​នៅ​មីសប៉ា​នេះ ដើម្បី​ជា​តំណាង​របស់​អស់​លោក​នៅ​ចំពោះ​មុខ​ពួក​ខាល់ដេ ដែល​មក​ស្រុក​យើង។ អស់​លោក​ត្រូវ​បេះ​ផ្លែ​ទំពាំង‌បាយជូរ និង​ផ្លែ​ឈើ​ឯ​ទៀតៗ ព្រម​ទាំង​ផលិត​ប្រេង​ទុក​ក្នុង​ដប ហើយ​នាំ​គ្នា​ស្នាក់​នៅ​ក្នុង​ក្រុង ដែល​អស់​លោក​កាន់​កាប់​ពី​មុន​នោះ​ទៅ»។

11. រីឯ​ជន‌ជាតិ​យូដា​ទាំង​អស់​ដែល​រស់​នៅ​ក្នុង​ស្រុក​ម៉ូអាប់ ស្រុក​អាំម៉ូន ស្រុក​អេដុម និង​ស្រុក​ឯ​ទៀតៗ ក៏​ឮ​ដំណឹង​ថា ស្ដេច​ស្រុក​បាប៊ី‌ឡូន​ទុក​ប្រជា‌ជន​មួយ​ចំនួន​ដែល​នៅ​សេស‌សល់ ឲ្យ​រស់​ក្នុង​ស្រុក​យូដា ហើយ​តែង‌តាំង​លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម និង​ជា​ចៅ​របស់​លោក​សាផាន ឲ្យ​គ្រប់‌គ្រង​លើ​អ្នក​ទាំង​នោះ​ដែរ។

12. ដូច្នេះ ជន‌ជាតិ​យូដា​ទាំង​អស់​នាំ​គ្នា​វិល​ពី​គ្រប់​ទី​កន្លែង ដែល​ពួក​គេ​ខ្ចាត់‌ខ្ចាយ​ទៅ ហើយ​ត្រឡប់​មក​រក​លោក​កេដា‌លា នៅ​មីសប៉ា ក្នុង​ស្រុក​យូដា​វិញ។ ពួក​គេ​បេះ​ផ្លែ​ទំពាំង‌បាយជូរ និង​ផ្លែ​ឈើ​ឯ​ទៀតៗ​បាន​យ៉ាង​ច្រើន។

លោក​កេដា‌លា​ត្រូវ​គេ​ធ្វើ​ឃាត

13. លោក​យ៉ូហាណាន ជា​កូន​របស់​លោក​ការ៉ា និង​មេ​ទាហាន​ទាំង​អស់​នៅ​តាម​ព្រៃ នាំ​គ្នា​មក​ជួប​លោក​កេដា‌លា​នៅ​មីសប៉ា

14. ជម្រាប​ថា៖ «តើ​លោក​ជ្រាប​ឬ​ទេ បាលីស ជា​ស្ដេច​របស់​ជន‌ជាតិ​អាំម៉ូន ចាត់​លោក​អ៊ីស្មា‌អែល​ជា​កូន​របស់​លោក​នេថា‌នា ឲ្យ​មក​សម្លាប់​លោក?»។ ប៉ុន្តែ លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម មិន​ជឿ​ពាក្យ​អ្នក​ទាំង​នោះ​ទេ។

15. លោក​យ៉ូហាណាន ជា​កូន​របស់​លោក​ការ៉ា ជម្រាប​លោក​កេដា‌លា​ជា​សម្ងាត់ នៅ​មីសប៉ា​ថា៖ «សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​សម្លាប់​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​នេថា‌នា​ចុះ គ្មាន​នរណា​ដឹង​ទេ។ មិន​ត្រូវ​ទុក​ឲ្យ​គាត់​ប្រហារ​ជីវិត​លោក ហើយ​ឲ្យ​ជន‌ជាតិ​យូដា​ដែល​ប្រមូល​គ្នា​នៅ​ជុំ‌វិញ​លោក ត្រូវ​ខ្ចាត់‌ខ្ចាយ និង​ឲ្យ​ជន‌ជាតិ​យូដា​ដែល​នៅ​សេស‌សល់ ត្រូវ​វិនាស​អន្តរាយ​នោះ​ឡើយ»។

16. លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម តប​ទៅ​លោក​យ៉ូហាណាន​ជា​កូន​របស់​លោក​ការ៉ា​វិញ​ថា៖ «កុំ​ធ្វើ​ដូច្នោះ​ឲ្យ​សោះ ដ្បិត​សេចក្ដី​ដែល​លោក​ពោល​អំពី​លោក​អ៊ីស្មា‌អែល​នោះ មិន​ពិត​ទេ!»។