ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 27 Khmer Standard Version (KHSV)

លោក​យេរេមា​យក​នឹម​មក​ដាក់​លើ​ស្មា

1. នៅ​ដើម​រជ្ជកាល​ព្រះ‌បាទ​សេដេ‌គា បុត្រ​ព្រះ‌បាទ​យ៉ូសៀស ជា​ស្ដេច​ស្រុក​យូដា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យេរេមា ដូច​ត​ទៅ:

2. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ធ្វើ​នឹម និង​វេញ​ខ្សែ យក​មក​ពាក់​នៅ​លើ​ស្មា​របស់​អ្នក។

3. បន្ទាប់​មក ចូរ​ផ្ញើ​ខ្សែ និង​នឹម​ទាំង​នោះ ទៅ​ឲ្យ​ស្ដេច​ស្រុក​អេដុម ស្ដេច​ស្រុក​ម៉ូអាប់ ស្ដេច​ស្រុក​អាំម៉ូន ស្ដេច​ក្រុង​ទីរ៉ុស និង​ស្ដេច​ក្រុង​ស៊ីដូន តាម​រយៈ​ពួក​រាជ‌ទូត ដែល​មក​គាល់​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា នៅ​ក្រុង​យេរូ‌សាឡឹម។

4. ចូរ​ផ្ដាំ​អ្នក​ទាំង​នោះ​ឲ្យ​ទៅ​ប្រាប់​ស្ដេច​របស់​ខ្លួន​ថា: ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ចូរ​ទៅ​ប្រាប់​ស្ដេច​របស់​អ្នក​រាល់​គ្នា​ថា

5. យើង​បាន​បង្កើត​ផែនដី ព្រម​ទាំង​មនុស្ស និង​សត្វ​ដែល​រស់​នៅ​លើ​ផែនដី ដោយ​មហិទ្ធិ‌ឫទ្ធិ និង​បារមី​របស់​យើង។ យើង​ប្រគល់​ផែនដី​នេះ​ទៅ​ឲ្យ​នរណា​ក៏​បាន ស្រេច​តែ​ចិត្ត​យើង។

6. ឥឡូវ​នេះ យើង​ប្រគល់​ស្រុក​ទាំង​នេះ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​នេប៊ូ‌ក្នេសា ស្ដេច​ស្រុក​បាប៊ី‌ឡូន ជា​អ្នក​បម្រើ​របស់​យើង។ សូម្បី​តែ​សត្វ​ព្រៃ​ទាំង‌ឡាយ ក៏​យើង​ដាក់​ឲ្យ​នៅ​ក្រោម​អំណាច​នេប៊ូ‌ក្នេសា​ដែរ។

7. ប្រជា‌ជាតិ​ទាំង​អស់​នឹង​នាំ​គ្នា​បម្រើ​នេប៊ូ‌ក្នេសា ព្រម​ទាំង​កូន និង​ចៅ​របស់​គេ រហូត​ដល់​ពេល​កំណត់ ដែល​ស្រុក​របស់​នេប៊ូ‌ក្នេសា​ត្រូវ​ប្រជា‌ជាតិ​ជា​ច្រើន និង​ស្ដេច​ដ៏​ខ្លាំង​ពូកែ​យក​ធ្វើ​ជា​ចំណុះ។

8. ប្រសិន​បើ​មាន​ប្រជា‌ជាតិ​ណា​មួយ​មិន​ព្រម​បម្រើ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន គឺ​ប្រសិន​បើ​គេ​មិន​ព្រម​ស្ថិត​នៅ​ក្រោម​នឹម​ស្ដេច​ស្រុក​បាប៊ី‌ឡូន​ទេ​នោះ យើង​នឹង​ដាក់​ទោស​ប្រជា‌ជាតិ​នោះ ឲ្យ​ស្លាប់​ដោយ​មុខ​ដាវ ដោយ​ទុរ្ភិក្ស និង​ដោយ​ជំងឺ​អាសន្ន‌រោគ រហូត​ទាល់​តែ​យើង​ប្រហារ​ពួក​គេ​ឲ្យ​វិនាស‌សូន្យ ក្នុង​កណ្ដាប់​ដៃ​របស់​នេប៊ូ‌ក្នេសា - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

9. រីឯ​អ្នក​រាល់​គ្នា​វិញ ពេល​ព្យាការី គ្រូ​ទាយ គ្រូ​កាត់​សប្ដិ គ្រូ​ហោរ និង​គ្រូ​ធ្មប់​របស់​អ្នក​រាល់​គ្នា​ប្រាប់​ថា “កុំ​ចុះ​ចូល​នឹង​ស្ដេច​នេប៊ូ‌ក្នេសា!” នោះ​មិន​ត្រូវ​ស្ដាប់​ពាក្យ​របស់​គេ​ឡើយ

10. ដ្បិត​ពួក​គេ​ទាយ​កុហក ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ចាក​ចេញ​ឆ្ងាយ​ពី​ទឹក​ដី​របស់​ខ្លួន គឺ​ឲ្យ​យើង​កំចាត់‌កំចាយ​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​ត្រូវ​វិនាស។

11. ផ្ទុយ​ទៅ​វិញ បើ​ប្រជា‌ជាតិ​ណា​សុខ​ចិត្ត​នៅ​ក្រោម​នឹម និង​បម្រើ​ស្ដេច​ស្រុក​បាប៊ី‌ឡូន យើង​នឹង​ឲ្យ​ប្រជា‌ជាតិ​នោះ​បាន​សេចក្ដី​សុខ​នៅ​ក្នុង​ស្រុក ព្រម​ទាំង​ធ្វើ​ស្រែ​ចម្ការ និង​រស់​នៅ​លើ​ទឹក​ដី​របស់​ខ្លួន» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

12. ខ្ញុំ​ក៏​បាន​នាំ​ពាក្យ​ទាំង​នេះ​ទៅ​ទូល​ព្រះ‌បាទ​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា ដូច​ត​ទៅ: សូម​ព្រះ‌ករុណា និង​ប្រជា‌ជន​ដាក់​ខ្លួន​នៅ​ក្រោម​នឹម​ស្ដេច​ស្រុក​បាប៊ី‌ឡូន សូម​បម្រើ​ស្ដេច និង​ប្រជា‌រាស្ត្រ​នោះ​ទៅ ទើប​ព្រះ‌ករុណា និង​ប្រជា‌ជន​យូដា​បាន​រួច​ជីវិត។

13. មិន​គួរ​ឲ្យ​ព្រះ‌ករុណា និង​ប្រជា‌ជន​ត្រូវ​បាត់​បង់​ជីវិត ដោយ​មុខ​ដាវ ដោយ​ទុរ្ភិក្ស និង​ដោយ​ជំងឺ​អាសន្ន‌រោគ ដូច​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទុក​អំពី​ប្រជា‌ជាតិ ដែល​ពុំ​ព្រម​បម្រើ​ស្ដេច​ស្រុក​បាប៊ី‌ឡូន​នោះ​ឡើយ។

14. សូម​កុំ​ស្ដាប់​ពាក្យ​របស់​ពួក​ព្យាការី​ដែល​ពោល​ថា “អ្នក​រាល់​គ្នា​នឹង​មិន​បម្រើ​ស្ដេច​ស្រុក​បាប៊ី‌ឡូន​ទេ” ដ្បិត​ពាក្យ​ដែល​គេ​ថ្លែង​នោះ​មិន​ពិត​ឡើយ។

15. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: យើង​ពុំ​បាន​ចាត់​អ្នក​ទាំង​នោះ​ឲ្យ​មក​ទេ ពួក​គេ​បាន​យក​ឈ្មោះ​យើង​មក​ប្រើ ដើម្បី​ថ្លែង​ពាក្យ​កុហក ធ្វើ​ឲ្យ​យើង​កំចាត់‌កំចាយ​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា ព្រម​ទាំង​ពួក​ព្យាការី ដែល​ថ្លែង​ពាក្យ​ក្លែង‌ក្លាយ​ប្រាប់​អ្នក​រាល់​គ្នា​មុខ​ជា​ត្រូវ​វិនាស​ពុំ‌ខាន។

16. ខ្ញុំ​បាន​ប្រាប់​ក្រុម​បូជា‌ចារ្យ និង​ប្រជា‌ជន​ទាំង​មូល​ដូច​ត​ទៅ: ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា ព្យាការី​របស់​អ្នក​រាល់​គ្នា​បាន​ប្រកាស​ថា “សម្ភារៈ​សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​នឹង​ត្រូវ​គេ​នាំ​យក​ពី​ស្រុក​បាប៊ី‌ឡូន​មក​វិញ ក្នុង​ពេល​ឆាប់ៗ!” កុំ​ស្ដាប់​ពាក្យ​គេ​ឲ្យ​សោះ ដ្បិត​សេចក្ដី​ដែល​គេ​ថ្លែង​នោះ​មិន​ពិត​ទេ។

17. កុំ​ស្ដាប់​ព្យាការី​ទាំង​នោះ​ឡើយ ចូរ​នាំ​គ្នា​បម្រើ​ស្ដេច​ស្រុក​បាប៊ី‌ឡូន​វិញ ទើប​អ្នក​រាល់​គ្នា​បាន​រួច​ជីវិត។ កុំ​បណ្ដោយ​ឲ្យ​ក្រុង​នេះ​វិនាស​ឡើយ។

18. ប្រសិន​បើ​អ្នក​ទាំង​នោះ​ពិត​ជា​ព្យាការី ហើយ​ប្រសិន​បើ​ព្រះ‌អម្ចាស់​ពិត​ជា​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ពួក​គេ​មែន ចូរ​ឲ្យ​ពួក​គេ​ទូល‌អង្វរ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល សូម​ឲ្យ​សម្ភារៈ​ដែល​នៅ​សេស‌សល់​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ក្នុង​ដំណាក់​របស់​ស្ដេច​ស្រុក​យូដា និង​ក្នុង​ក្រុង​យេរូ‌សាឡឹម បាន​គង់‌វង្ស គឺ​កុំ​ឲ្យ​គេ​ដឹក​យក​ទៅ​ក្រុង​បាប៊ី‌ឡូន​ឡើយ។

19. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​អំពី​សសរ អាង​ធំ និង​ដែក​កំណល់ ព្រម​ទាំង​របស់​ឯ​ទៀតៗ​ដែល​នៅ​សេស‌សល់​ក្នុង​ក្រុង​នេះ

20. គឺ​របស់​ដែល​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន ពុំ​បាន​យក​ទៅ​ជា​មួយ នៅ​ពេល​ស្ដេច​ចាប់​ព្រះ‌បាទ​យេកូ‌នាស បុត្រ​របស់​ព្រះ‌បាទ​យេហូ‌យ៉ាគីម ជា​ស្ដេច​ស្រុក​យូដា ព្រម​ទាំង​អ្នក​ធំ​នៅ​ក្រុង​យេរូ‌សាឡឹម និង​នៅ​ស្រុក​យូដា យក​ពី​ក្រុង​យេរូ‌សាឡឹម ទៅ​ជា​ឈ្លើយ​សឹក​នៅ​ស្រុក​បាប៊ី‌ឡូន។

21. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ស្ដី​អំពី​សម្ភារៈ​ដែល​នៅ​សល់​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​របស់​នៅ​ក្នុង​ដំណាក់​ស្ដេច ព្រម​ទាំង​របស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម​ថា:

22. គេ​នឹង​ដឹក​ជញ្ជូន​របស់​ទាំង​នោះ​ទៅ​ស្រុក​បាប៊ី‌ឡូន រួច​ទុក​នៅ​ទី​នោះ រហូត​ដល់​ថ្ងៃ​ដែល​យើង​នឹង​មក ហើយ​នាំ​យក​ទៅ​ទុក​នៅ​កន្លែង​ដើម​វិញ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។