ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 37 Khmer Standard Version (KHSV)

លោក​យេរេមា​ជាប់​ឃុំ‌ឃាំង

1. ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន បាន​លើក​ព្រះ‌បាទ​សេដេ‌គា បុត្រ​របស់​ព្រះ‌បាទ​យ៉ូសៀស ឲ្យ​ឡើង​គ្រង​រាជ្យ​លើ​ស្រុក​យូដា ជំនួស​ស្ដេច​យេកូ‌នា ជា​បុត្រ​របស់​ព្រះ‌បាទ​យេហូ‌យ៉ាគីម។

2. នៅ​គ្រា​នោះ ទាំង​ស្ដេច ទាំង​នាម៉ឺន ទាំង​ប្រជា‌ជន​នៅ​ក្នុង​ស្រុក គ្មាន​នរណា​ម្នាក់​ស្ដាប់​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​តាម​រយៈ​ព្យាការី​យេរេមា​ឡើយ។

3. ព្រះ‌បាទ​សេដេ‌គា​ចាត់​លោក​យេហ៊ូ‌កាល ជា​កូន​របស់​លោក​សេលេ‌មា និង​លោក​បូជា‌ចារ្យ​សេផា‌នា ជា​កូន​របស់​លោក​ម៉ាសេ‌យ៉ា ឲ្យ​ទៅ​ជួប​ព្យាការី​យេរេមា​ហើយ​ប្រាប់​ថា៖ «ចូរ​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង សូម​ព្រះ‌អង្គ​ប្រណី​សន្ដោស​យើង​ផង»។

4. គ្រា​នោះ លោក​យេរេមា​មាន​សេរី‌ភាព​រស់​នៅ​ជា​មួយ​ប្រជា‌ជន​នៅ​ឡើយ គឺ​គេ​ពុំ​ទាន់​ឃុំ‌ឃាំង​លោក​ទេ។

5. កង‌ទ័ព​ខាល់ដេ​ដែល​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡឹម​ឮ​ដំណឹង​ថា កង‌ទ័ព​របស់​ព្រះចៅ​ផារ៉ោន​លើក​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប​មក ពួក​គេ​ក៏​ដក​ថយ​ពី​ក្រុង​យេរូ‌សាឡឹម។

6. ពេល​នោះ ព្រះ‌អម្ចាស់ មាន​ព្រះ‌បន្ទូល​មក​កាន់​ព្យាការី​យេរេមា ដូច​ត​ទៅ៖

7. «ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា: ចូរ​ទៅ​ប្រាប់​ស្ដេច​ដែល​បាន​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​មក​សួរ​យើង​ថា “កង‌ទ័ព​ស្ដេច​ផារ៉ោន​ដែល​ចេញ​មក​ជួយ​អ្នក​រាល់​គ្នា​នោះ នឹង​វិល​ត្រឡប់​ទៅ​ស្រុក​របស់​គេ​វិញ គឺ​ស្រុក​អេស៊ីប

8. ហើយ​ជន‌ជាតិ​ខាល់ដេ​នឹង​វិល​មក​វាយ​លុក​ក្រុង​នេះ​សា​ជា​ថ្មី គេ​នឹង​ដណ្ដើម​យក​ក្រុង​នេះ ហើយ​ដុត​កម្ទេច​ចោល​ទៀត​ផង”។

9. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា “កុំ​បញ្ឆោត​ចិត្ត​ខ្លួន​ឯង ដោយ​នឹក​ស្មាន​ថា ពួក​ខាល់ដេ​ដក​ទ័ព​ចេញ​ពី​អ្នក​រាល់​គ្នា​រហូត​នោះ​ឡើយ ដ្បិត​គេ​មិន​ចាក​ចេញ​ទៅ​ទេ។

10. ទោះ​បី​អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​កង‌ទ័ព​ខាល់ដេ​ទាំង​មូល ដែល​មក​ច្បាំង​នឹង​អ្នក​រាល់​គ្នា ត្រូវ​បរា‌ជ័យ​នៅ​សល់​តែ​អ្នក​របួស​ក្ដី ក៏​ពួក​គេ​អាច​ក្រោក​ឡើង ចាក​ចេញ​ពី​ជំរំ​របស់​ខ្លួន មក​ដុត​កម្ទេច​ក្រុង​នេះ​បាន​ដែរ”»។

11. កាល​កង‌ទ័ព​ខាល់ដេ​ដក​ថយ​ពី​ក្រុង​យេរូ‌សាឡឹម ដើម្បី​ចៀស‌វាង​ការ​ប៉ះ​ទង្គិច​នឹង​កង‌ទ័ព​របស់​ព្រះ‌ចៅ​ផារ៉ោន

12. លោក​យេរេមា មាន​បំណង​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម ធ្វើ​ដំណើរ​ទៅ​ស្រុក​បេន‌យ៉ាមីន ដើម្បី​ទទួល​ដី​ជា​ចំណែក​មត៌ក​ក្នុង​ចំណោម​បង‌ប្អូន​របស់​លោក។

13. ពេល​លោក​មក​ដល់​មាត់​ទ្វារ​ក្រុង ឈ្មោះ​ទ្វារ​បេន‌យ៉ាមីន មេ​បញ្ជា​ការ​កង​រក្សា​ក្រុង ឈ្មោះ​យារី‌យ៉ា ជា​កូន​របស់​លោក​សេលេ‌មា និង​ជា​ចៅ​របស់​លោក​ហាណា‌នា ស្ថិត​នៅ​ទី​នោះ។ គាត់​ចាប់​ព្យាការី​យេរេមា ទាំង​ពោល​ថា៖ «អ្នក​ឯង​ទៅ​ចូល​ដៃ​ជា​មួយ​ពួក​ខាល់ដេ!»។

14. លោក​យេរេមា​តប​ថា៖ «មិន​ពិត​ទេ! ខ្ញុំ​មិន​ចូល​ដៃ​ជា​មួយ​ពួក​ខាល់ដេ​ឡើយ»។ ប៉ុន្តែ លោក​យារី‌យ៉ា​មិន​ព្រម​ស្ដាប់​ពាក្យ​លោក​ទេ គាត់​ចាប់​លោក​យេរេមា​នាំ​ទៅ​ជួប​ពួក​មន្ត្រី។

15. ពួក​មន្ត្រី​ខឹង​នឹង​លោក​យេរេមា​ជា​ខ្លាំង ពួក​គេ​វាយ​លោក ហើយ​ឃុំ​លោក​ក្នុង​ទី​ឃុំ‌ឃាំង​នៅ​ផ្ទះ​លោក​យ៉ូណា‌ថាន ជា​ស្មៀន​ហ្លួង ដ្បិត​គេ​បាន​ប្រើ​ផ្ទះ​នេះ​ជា​ទី​ឃុំ‌ឃាំង។

16. នៅ​ទី​បញ្ចប់ គេ​ឃុំ​លោក​យេរេមា​នៅ​ក្នុង​អណ្ដូង​ក្រោម​ដី ដែល​គេ​ប្រើ​ជា​គុក​ងងឹត ហើយ​លោក​ជាប់​នៅ​ទី​នោះ​យ៉ាង​យូរ។

17. ព្រះ‌បាទ​សេដេ‌គា​ចាត់​គេ​ឲ្យ​ទៅ​ហៅ​លោក​មក ហើយ​សាក​សួរ​លោក​ជា​សម្ងាត់​នៅ​ក្នុង​វាំង​ថា៖ «តើ​លោក​បាន​ទទួល​ព្រះ‌បន្ទូល​ណា​មួយ​ពី​ព្រះ‌អម្ចាស់​ឬ​ទេ?»។ លោក​យេរេមា​តប​ថា៖ «ក្រាប​ទូល! ព្រះ‌ករុណា​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន»។

18. លោក​យេរេមា​ទូល​ព្រះ‌បាទ​សេដេ‌គា​ទៀត​ថា៖ «តើ​ទូលបង្គំ​បាន​ប្រព្រឹត្ត​អ្វី​ខុស​ចំពោះ​ព្រះ‌ករុណា ឬ​ខុស​ចំពោះ​ពួក​នាម៉ឺន និង​ប្រជា‌ជន​នេះ បាន​ជា​គេ​យក​ទូលបង្គំ​មក​ឃុំ‌ឃាំង​ដូច្នេះ?

19. តើ​ពួក​ព្យាការី​ដែល​បាន​ប្រកាស​ប្រាប់​ព្រះ‌ករុណា និង​ប្រជា‌ជន​ថា “ស្ដេច​ស្រុក​បាប៊ី‌ឡូន​នឹង​មិន​មក​ប្រហារ​អ្នក​រាល់​គ្នា ឬ​ឈ្លាន‌ពាន​ស្រុក​នេះ” ទៅ​ណា​បាត់​អស់​ហើយ?

20. បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់ សូម​ទ្រង់​មេត្តា​សណ្ដាប់​ពាក្យ​អង្វរ​ករ​របស់​ទូលបង្គំ​សិន សូម​កុំ​ឲ្យ​ទូលបង្គំ​វិល​ទៅ​ផ្ទះ​លោក​ស្មៀន​យ៉ូណា‌ថាន​ទៀត​ឡើយ បើ​មិន​ដូច្នោះ​ទេ ទូលបង្គំ​ពិត​ជា​ត្រូវ​ស្លាប់​មិន​ខាន!»។

21. ព្រះ‌បាទ​សេដេ‌គា​ក៏​បញ្ជា​ឲ្យ​គេ​ឃុំ​លោក​យេរេមា​ទុក​នៅ​ក្នុង​បន្ទាយ​កង​រក្សា​ស្ដេច ហើយ​ឲ្យ​គេ​យក​នំបុ័ង​ពី​ហាង​នៅ​តាម​ផ្លូវ​មក​ជូន​លោក​ពិសា រហូត​ទាល់​តែ​ក្នុង​ក្រុង​ទាំង​មូល លែង​មាន​នៅ​សល់​នំបុ័ង​ទៀត។ ដូច្នេះ លោក​យេរេមា​ក៏​ស្នាក់​នៅ​ក្នុង​បន្ទាយ​កង​រក្សា​ស្ដេច។