ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 18 Khmer Standard Version (KHSV)

ដី​ឥដ្ឋ​នៅ​ក្នុង​ដៃ​របស់​ជាង​ស្មូន

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យេរេមា ដូច​ត​ទៅ៖

2. «ចូរ​ក្រោក​ឡើង ទៅ​ផ្ទះ​របស់​ជាង​ស្មូន។ នៅ​ទី​នោះ អ្នក​នឹង​ឮ​សេចក្ដី​ដែល​យើង​ប្រាប់​អ្នក​ឲ្យ​ដឹង»។

3. ខ្ញុំ​ក៏​ទៅ​ផ្ទះ​របស់​ជាង​ស្មូន ឃើញ​គាត់​កំពុង​សិត​ថូ​មួយ​នៅ​លើ​ឈើ​ក្រឡឹង។

4. ពេល​ណា​ជាង​ស្មូន​ឃើញ​ថូ​ដែល​គាត់​កំពុង​សូន​នៅ​ក្នុង​ដៃ​មិន​ល្អ គាត់​ក៏​យក​ដី​ឥដ្ឋ​មក​ធ្វើ​ថូ​មួយ​ផ្សេង​ទៀត ដែល​គាប់​ចិត្ត​គាត់។

5. ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖

6. «កូន​ចៅ​អ៊ីស្រា‌អែល​អើយ! យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា​ដូច​ជាង​ស្មូន​នេះ​ដែរ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ - អ្នក​រាល់​គ្នា​នៅ​ក្នុង​ដៃ​យើង ដូច​ដី​ឥដ្ឋ​នៅ​ក្នុង​ដៃ​របស់​ជាង​ស្មូន។

7. ជួន​កាល យើង​សម្រេច​ថា រំលើង និង​រំលំ​ប្រជា‌ជាតិ​ណា​មួយ ឬ​នគរ​ណា​មួយ​ឲ្យ​វិនាស។

8. ប្រសិន​បើ​ប្រជា‌ជាតិ​ណា​មួយ​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​នាំ​ឲ្យ​យើង​សម្រេច​ចិត្ត​ដាក់​ទោស​គេ ហើយ​គេ​បែរ​ជា​លះ‌បង់​អំពើ​អាក្រក់​នោះ យើង​នឹង​មិន​ធ្វើ​ទោស​ពួក​គេ តាម​ការ​សម្រេច​របស់​យើង​ទេ។

9. ជួន​កាល​យើង​សម្រេច​ថា កសាង និង​បណ្ដុះ‌បណ្ដាល​ប្រជា‌ជាតិ​ណា​មួយ ឬ​នគរ​ណា​មួយ​ឡើង។

10. ប៉ុន្តែ ប្រសិន​បើ​ពួក​គេ​មិន​ព្រម​ស្ដាប់​ពាក្យ​ប្រៀន‌ប្រដៅ​របស់​យើង ហើយ​បែរ​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែល​ទាស់​ចិត្ត​យើង នោះ​យើង​នឹង​លែង​ប្រព្រឹត្ត​ល្អ​ចំពោះ​ពួក​គេ តាម​ការ​សម្រេច​របស់​យើង។

11. ឥឡូវ​នេះ យេរេមា​អើយ ចូរ​ប្រាប់​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “យើង​កំពុង​រៀបចំ​គម្រោង‌ការ​ដាក់​ទោស​អ្នក​រាល់​គ្នា គឺ​យើង​នឹង​នាំ​គ្រោះ​កាច​មួយ​មក​លើ​អ្នក​រាល់​គ្នា។ ដូច្នេះ ម្នាក់ៗ​ត្រូវ​ងាក​ចេញ​ពី​ផ្លូវ​អាក្រក់​របស់​ខ្លួន ហើយ​កែ​ប្រែ​កិរិយា‌មារយាទ​ឈប់​ប្រព្រឹត្ត​បែប​នេះ​ត​ទៅ​មុខ​ទៀត!”។

12. ប៉ុន្តែ ពួក​គេ​ពោល​ថា: “មិន​បាច់​និយាយ​ទៀត​ទេ! យើង​នឹង​ធ្វើ​តាម​គម្រោង‌ការ​របស់​យើង ហើយ​យើង​នឹង​ប្រព្រឹត្ត​តាម​ទំនើង​ចិត្ត​របស់​យើង​ត​ទៅ​មុខ​ទៀត!”»។

អ៊ីស្រា‌អែល​បំភ្លេច​ព្រះ‌អម្ចាស់​របស់​ខ្លួន

13. ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖«ចូរ​សាក​សួរ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា​មើលតើ​មាន​នរណា​ដែល​ឮ​រឿង​ដូច្នេះ​ទេ?គឺ​អ៊ីស្រា‌អែល ដែល​ប្រៀប​ដូច​ជា​ស្រី​ព្រហ្មចារីបាន​ប្រព្រឹត្ត​អំពើ​ដ៏​ថោក​ទាប​បំផុត!

14. គ្មាន​នរណា​បោះ​បង់​ចោល​ទឹក​ដែល​ហូរ​ចេញមក​ពី​ថ្ម‌ដា និង​ពី​ទឹក​កក​នៅ​ស្រុក​លីបង់​ទេគ្មាន​នរណា​លែង​រវី‌រវល់​នឹង​ទឹក​ដ៏​ត្រជាក់ដែល​ហូរ​មក​ពី​ឆ្ងាយ​នោះ​ដែរ។

15. ក៏​ប៉ុន្តែ ប្រជា‌រាស្ត្រ​របស់​យើង​បាន​បំភ្លេច​យើងគេ​នាំ​គ្នា​ថ្វាយ​គ្រឿង​សក្ការ‌បូជាដល់​ព្រះ​ក្លែង‌ក្លាយដែល​បណ្ដាល​ឲ្យ​ពួក​គេ​ជំពប់​ដួលនៅ​តាម​ផ្លូវ​ដែល​ពួក​គេ​ធ្លាប់​ដើរហើយ​ធ្វើ​ឲ្យ​ពួក​គេ​ងាក​ចេញ​ពី​ផ្លូវ​របស់​ខ្លួនទៅ​ដើរ​តាម​ផ្លូវ​ដែល​មិន​ទាន់​ត្រួស‌ត្រាយ។

16. ពួក​គេ​បាន​បំផ្លាញ​ស្រុក​របស់​ខ្លួនឲ្យ​ក្លាយ​ទៅ​ជា​ទី​ស្មសានដែល​ធ្វើ​ឲ្យ​មនុស្ស‌ម្នា​ស្រឡាំង‌កាំង។អស់​អ្នក​ដើរ​កាត់​តាម​នោះ នាំ​គ្នា​ព្រឺ​សម្បុរហើយ​គ្រវី​ក្បាល។

17. ពេល​សត្រូវ​មក​ដល់ យើង​នឹង​ធ្វើ​ឲ្យប្រជា‌រាស្ត្រ​របស់​យើង​ខ្ចាត់‌ខ្ចាយដូច​ខ្យល់​បក់​ពី​ទិស​ខាង​កើត​ផាត់​ធូលី​ដី​ដែរ។នៅ​ថ្ងៃ​មហន្ត‌រាយ យើង​នឹង​បែរ​ខ្នង​ដាក់​ពួក​គេគឺ​យើង​មិន​បែរ​មុខ​ទៅ​រក​ពួក​គេ​ឡើយ»។

ការ​ឃុប‌ឃិត​ប្រឆាំង​នឹង​លោក​យេរេមា

18. ពួក​គេ​និយាយ​គ្នា​ថា៖ «មក! យើង​រៀបចំ​ផែន​ការ​ប្រឆាំង​នឹង​យេរេមា! ដ្បិត​យើង​មិន​ខ្វះ​បូជា‌ចារ្យ*​សម្រាប់​បង្រៀន​វិន័យ* យើង​មិន​ខ្វះ​អ្នក​ប្រាជ្ញ​សម្រាប់​ផ្ដល់​យោបល់ ហើយ​យើង​ក៏​មិន​ខ្វះ​ព្យាការី*​សម្រាប់​ថ្លែង​ព្រះ‌បន្ទូល​ដែរ។ មក! យើង​នាំ​គ្នា​ប្រហារ​គាត់​ដោយ​ពាក្យ​មួល​បង្កាច់ មិន​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​ដែល​គាត់​និយាយ​នោះ​ទេ»។

19. ឱ​ព្រះ‌អម្ចាស់​អើយ សូម​កុំ​ព្រងើយ​កន្តើយនឹង​ទូលបង្គំ​ឡើយសូម​ស្ដាប់​ពាក្យ​អ្នក​ដែល​ចោទ​ប្រកាន់​ទូលបង្គំ!

20. ពុំ​ដែល​មាន​នរណា​ប្រព្រឹត្ត​អំពើ​អាក្រក់តប​នឹង​អំពើ​ល្អ​ទេ។រីឯ​ពួក​គេ​វិញ ពួក​គេ​ដាក់​អន្ទាក់ចាំ​ដក​ជីវិត​របស់​ទូលបង្គំសូម​ព្រះ‌អង្គ​នឹក​ចាំ​ថា ទូលបង្គំ​បាន​ឈរនៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គដើម្បី​ទូល‌អង្វរ​សម្រាប់​ពួក​គេសូម​ព្រះ‌អង្គ​បង្វែរ​ព្រះ‌ពិរោធ​ចេញ​ពី​ពួក​គេ។

21. ហេតុ​នេះ សូម​ព្រះ‌អង្គ​បណ្ដាល​ឲ្យ​កូន​ចៅរបស់​គេ​ជួប​នឹង​ទុរ្ភិក្សសូម​ឲ្យ​ពួក​គេ​វិនាស​ដោយ​មុខ​ដាវសូម​ឲ្យ​ប្រពន្ធ​របស់​ពួក​គេ​បាត់​បង់​កូន​ចៅនិង​ក្លាយ​ទៅ​ជា​ស្ត្រី​មេម៉ាយព្រោះ​ប្ដី​របស់​គេ​ស្លាប់។សូម​ឲ្យ​ពួក​យុវជន​របស់​ពួក​គេស្លាប់​ដោយ​មុខ​ដាវ ក្នុង​ពេល​ធ្វើ​សឹក​សង្គ្រាម។

22. សូម​នាំ​ពួក​ចោរ​ប្លន់​មក​បំផ្លាញ​ពួក​គេសូម​ឲ្យ​មាន​ឮ​សម្រែក​ឈឺ​ចាប់ចេញ​ពី​ផ្ទះ​របស់​គេដ្បិត​អ្នក​ទាំង​នោះ​បាន​ជីក​រណ្ដៅនិង​រៀបចំ​អន្ទាក់ ចាំ​ចាប់​ទូលបង្គំ។

23. ឱ​ព្រះ‌អម្ចាស់​អើយព្រះ‌អង្គ​ជ្រាប​នូវ​ការ​ឃុប‌ឃិត​ទាំង​ប៉ុន្មានដែល​គេ​ចង់​ប្រហារ​ជីវិត​ទូលបង្គំ។សូម​កុំ​អត់‌ទោស​ឲ្យ​ពួក​គេសូម​កុំ​លុប​អំពើ​បាប​របស់​ពួក​គេ​ចេញ​ពីព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ​ឡើយ!សូម​ឲ្យ​ពួក​គេ​ជំពប់​ដួល​នៅ​មុខ​ព្រះ‌អង្គសូម​ដាក់​ទោស​ពួក​គេតាម​ព្រះ‌ពិរោធ​របស់​ព្រះ‌អង្គ។