ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 36 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ស្តេច​យ៉ូអា‌ហាស​សោយ‌រាជ្យ​នៅ​ស្រុក​យូដា

1. រួច​ពួក​អ្នក​ស្រុក ក៏​លើក​យ៉ូអា‌ហាស ជា​ព្រះ‌រាជ‌បុត្រា​យ៉ូសៀស តាំង​ឡើង​ជា​ស្តេច​ជំនួស​ព្រះ‌បិតា នៅ​ក្រុង​យេរូ‌សាឡិម

2. កាល​យ៉ូអា‌ហាស​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​២៣​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​៣​ខែ

3. រួច​នេកោ ជា​ស្តេច​អេស៊ីព្ទ ក៏​ទំលាក់​ទ្រង់​ចុះ​ពី​រាជ្យ នៅ​ក្រុង​យេរូ‌សាឡិម ហើយ​ពិន័យ​លក់​ស្រុក​នោះ ឲ្យ​បង់​ប្រាក់​១០០​ហាប និង​មាស​១​ហាប

4. ហើយ​ស្តេច​អេស៊ីព្ទ​ទ្រង់​លើក​អេលា‌គីម ជា​ជេដ្ឋា​យ៉ូអា‌ហាស​ឡើង ជា​ស្តេច​លើ​ពួក​យូដា និង​ពួក​ក្រុង​យេរូ‌សាឡិម ក៏​ផ្លាស់​ព្រះ‌នាម​ទ្រង់​ទៅ​ជា យេហូ‌យ៉ា‌គីម​វិញ រួច​នេកោ​ទ្រង់​នាំ​យក​យ៉ូអា‌ហាស ជា​កនិដ្ឋា ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ទៅ។

ស្តេច​យេហូ‌យ៉ា‌គីម​សោយ‌រាជ្យ​នៅ​ស្រុក​យូដា

5. លុះ​កាល​យេហូ‌យ៉ា‌គីម ចាប់​តាំង​សោយ‌រាជ្យ ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​២៥​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​១១​ឆ្នាំ ទ្រង់​បាន​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់

6. ហើយ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ី‌ឡូន បាន​ឡើង​មក​ទាស់​នឹង​ទ្រង់ ចាប់​ដាក់​ច្រវាក់ នាំ​ទៅ​ឯ​ស្រុក​បាប៊ី‌ឡូន

7. នេប៊ូ‌ក្នេសា​ក៏​យក​គ្រឿង​ប្រដាប់​ខ្លះ​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា ទៅ​ឯ​ក្រុង​បាប៊ី‌ឡូន ដាក់​ក្នុង​ព្រះ‌រាជ‌ដំណាក់​របស់​ទ្រង់

8. រីឯ​ដំណើរ​ឯ​ទៀត ពី​យេហូ‌យ៉ា‌គីម និង​ការ​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ប្រព្រឹត្ត ហើយ​ទោស​ទាំង​ប៉ុន្មាន ដែល​ឃើញ​មាន នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ពី​ពួក​ស្តេច​អ៊ីស្រា‌អែល និង​យូដា​ហើយ រួច​យ៉ូយ៉ា‌គីន ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​ព្រះ‌បិតា។

ស្តេច​យ៉ូយ៉ា‌គីន​សោយ‌រាជ្យ​លើ​ស្រុក​យូដា

9. កាល​យ៉ូយ៉ា‌គីន​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​១៨​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​៣​ខែ​១០​ថ្ងៃ ទ្រង់​បាន​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា

10. ដល់​ចូល​ឆ្នាំ​ថ្មី នោះ​ស្តេច​នេប៊ូ‌ក្នេសា​ចាត់​គេ ឲ្យ​ទៅ​នាំ​ទ្រង់​មក​ឯ​ក្រុង​បាប៊ី‌ឡូន ហើយ​ក៏​យក​គ្រឿង​ប្រដាប់​យ៉ាង​ល្អ​ទាំង​ប៉ុន្មាន​នៃ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​មក​ផង រួច​លើក​សេដេគា ជា​បិតុលា​ទ្រង់​ឡើង​ជា​ស្តេច​លើ​ពួក​យូដា និង​ពួក​ក្រុង​យេរូ‌សាឡិម​វិញ។

ស្តេច​យ៉ូយ៉ា‌គីន​សោយ‌រាជ្យ​លើ​ស្រុក​យូដា

11. កាល​សេដេគា​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​២១​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​១១​ឆ្នាំ

12. ទ្រង់​បាន​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ ឥត​បន្ទាប​ព្រះ‌ទ័យ​នៅ​មុខ​ហោរា​យេរេមា ដែល​លោក​ពោល​សេចក្ដី​ដែល​មក​ពី​ព្រះ‌ឱស្ឋ​ព្រះ‌យេហូវ៉ា​ឡើយ

13. ទ្រង់​ក៏​បះ‌បោរ​ចំពោះ​ស្តេច​នេប៊ូ‌ក្នេសា ដែល​ស្តេច​នោះ​បាន​ចាប់​ឲ្យ​ទ្រង់​ស្បថ​ដោយ​នូវ​ព្រះ តែ​សេដេគា​បាន​ធ្វើ​ក​រឹង ហើយ​តាំង​ព្រះ‌ទ័យ​រឹង​របឹង មិន​ព្រម​បែរ​មក​ឯ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទេ

14. មួយ​ទៀត អស់​ទាំង​មេ​នៃ​ពួក​សង្ឃ និង​ពួក​បណ្តា‌ជន ក៏​ប្រព្រឹត្ត​រំលង​យ៉ាង​ខ្លាំង តាម​អស់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ពួក​សាសន៍​ដទៃ គេ​ធ្វើ​បង្អាប់​ដល់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​បាន​ញែក​ជា​បរិសុទ្ធ នៅ​ក្រុង​យេរូ‌សាឡិម

15. ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អយ្យកោ​គេ ទ្រង់​បាន​ចាត់​ទូត​ទ្រង់​ឲ្យ​ទៅ​ឯ​គេ ទាំង​ក្រោក​ពី​ព្រលឹម​នឹង​ចាត់​គេ​ផង ដ្បិត​ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត​មេត្តា​ដល់​រាស្ត្រ​ទ្រង់ ហើយ​ដល់​ទី​លំនៅ​ទ្រង់

16. តែ​គេ​ចំអក​ឲ្យ​ពួក​ទូត​នៃ​ព្រះ ក៏​មើល‌ងាយ​ដល់​ព្រះ‌បន្ទូល​ទ្រង់ ព្រម​ទាំង​ឡក‌ឡឺយ​ឲ្យ​ពួក​ហោរា​ទ្រង់​វិញ ដរាប​ដល់​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា បាន​ឆួល​ឡើង​ទាស់​នឹង​គេ​ទាល់​តែ​រក​កែ‌ខៃ​មិន​បាន​ឡើយ។

17. ហេតុ​នោះ ព្រះ​ទ្រង់​នាំ​ស្តេច​ពួក​ខាល់ដេ​មក​លើ​គេ ស្តេច​នោះ​បាន​សំឡាប់​ពួក​កំឡោះៗ​របស់​គេ​ដោយ​ដាវ​នៅ​ក្នុង​ព្រះ‌វិហារ ជា​ទី​បរិសុទ្ធ​របស់​គេ ឥត​មាន​មេត្តា‌ករុណា​ដល់ ទោះ​ទាំង​កំឡោះ ក្រមុំ ចាស់‌ទុំ ឬ​សក់​ស្កូវ​ណា​ឡើយ ទ្រង់​បាន​ប្រគល់​គេ​ទាំង​អស់ ទៅ​ក្នុង​កណ្តាប់​ព្រះ‌ហស្ត​នៃ​ស្តេច​នោះ

18. ឯ​អស់​ទាំង​គ្រឿង​ប្រដាប់​របស់​ព្រះ‌វិហារ​នៃ​ព្រះ ទាំង​ធំ​ទាំង​តូច និង​របស់​ថ្លៃ​វិសេស​ទាំង​ប៉ុន្មាន ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ព្រះ‌រាជ‌ទ្រព្យ​នៃ​ស្តេច និង​ទ្រព្យ​របស់​ពួក​អ្នក​ជា​ប្រធាន​របស់​ទ្រង់ នោះ​ក៏​នាំ​យក​ទៅ​ឯ​ក្រុង​បាប៊ី‌ឡូន​ទាំង​អស់

19. គេ​ដុត​ព្រះ‌វិហារ​នៃ​ព្រះ​បង់ ហើយ​រំលំ​កំផែង​ក្រុង​យេរូ‌សាឡិម ក៏​ដុត​អស់​ទាំង​ព្រះ‌រាជ‌ដំណាក់ ហើយ​បំផ្លាញ​គ្រឿង​ប្រដាប់​មាន​ដំឡៃ នៅ​ក្នុង​ដំណាក់​ទាំង​នោះ​ដែរ

20. ឯ​អស់​អ្នក​ដែល​បាន​រួច​ពី​ដាវ នោះ​ទ្រង់​ដឹក‌នាំ​ទៅ​ឯ​ស្រុក​បាប៊ី‌ឡូន ហើយ​គេ​ក៏​ធ្វើ​ជា​អ្នក​បំរើ​ទ្រង់ និង​វង្សា‌នុវង្ស​របស់​ទ្រង់​ត​ទៅ ដរាប​ដល់​នគរ​ពើស៊ី​បាន​គ្រប់‌គ្រង​រាជ្យ​ឡើង

21. ដើម្បី​ឲ្យ​បាន​សំរេច​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​មក​ដោយ‌សារ​មាត់​ហោរា​យេរេមា ទាល់​តែ​ស្រុក​នោះ​បាន​គំរប់​ពេល​ដែល​ត្រូវ​ឈប់​សំរាក​ឲ្យ​បាន​គ្រប់​៧០​ឆ្នាំ ដ្បិត​ក្នុង​រវាង​ដែល​ចោល​ទទេ នោះ​ស្រុក​បាន​ឈប់​សំរាក​ទៅ។

ព្រះ‌ចៅ​ស៊ីរូស​អនុញ្ញាត​ឲ្យ​សង់​ព្រះ‌វិហារ​ឡើង​វិញ

22. រីឯ​នៅ​ឆ្នាំ​ដំបូង​ក្នុង​រាជ្យ​ស៊ីរូស ជា​ស្តេច​ស្រុក​ពើស៊ី នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បណ្តាល​ព្រះ‌ទ័យ​ទ្រង់​ឡើង ដើម្បី​ឲ្យ​ស្តេច​បាន​ធ្វើ​សំរេច​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​មក​ដោយ‌សារ​មាត់​ហោរា​យេរេមា គឺ​ឲ្យ​ទ្រង់​បាន​ចេញ​ប្រកាស​ដល់​អាណា​ខែត្រ​របស់​ទ្រង់ ហើយ​ឲ្យ​សេចក្ដី​នោះ​បាន​កត់​ទុក​ផង​ថា

23. ស៊ីរូស ជា​ស្តេច​ពើស៊ី ទ្រង់​មាន​ព្រះ‌រាជ‌ឱង្ការ​ដូច្នេះ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ស្ថាន​សួគ៌ ទ្រង់​បាន​ប្រទាន​អស់​ទាំង​នគរ​នៅ​ផែនដី មក​យើង​ហើយ ទ្រង់​បាន​បង្គាប់​ឲ្យ​យើង​ស្អាង​ព្រះ‌វិហារ​ថ្វាយ​ទ្រង់ នៅ​ក្រុង​យេរូ‌សាឡិម ក្នុង​ស្រុក​យូដា ដូច្នេះ នៅ​ក្នុង​ពួក​ប្រជា‌ជន​ទាំង‌ឡាយ បើ​មាន​អ្នក​ណា​ជា​របស់​ផង​ព្រះ‌យេហូវ៉ា នោះ​សូម​ឲ្យ​ព្រះ​នៃ​អ្នក​នោះ​បាន​គង់​ជា​មួយ ហើយ​ឲ្យ​អ្នក​នោះ​ឡើង​ទៅ​ចុះ។:៚