ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. រីឯ​កាល​រេហូ‌បោម ទ្រង់​មក​ដល់​យេរូ‌សាឡិម​ហើយ នោះ​ទ្រង់​ក៏​ប្រមូល​ពូជ‌ពង្ស​យូដា​ទាំង​អស់ និង​ពូជ​អំបូរ​បេន‌យ៉ា‌មីន​ផង រួម​ទាំង​អស់​បាន​១​សែន​៨​ម៉ឺន​នាក់ សុទ្ធ​តែ​ជា​អ្នក​ជ្រើស‌រើស ហើយ​ថ្នឹក​ចំបាំង ដើម្បី​លើក​ទៅ​ច្បាំង​និង​ពួក​អ៊ីស្រា‌អែល ដោយ​ប្រាថ្នា​ចង់​បង្វិល​រាជ្យ​មក​វិញ

2. ប៉ុន្តែ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា បាន​មក​ដល់​សេម៉ាយ៉ា ជា​អ្នក​សំណប់​របស់​ព្រះ​ថា

3. ចូរ​ទៅ​ប្រាប់​ដល់​រេហូ‌បោម ជា​កូន​សាឡូ‌ម៉ូន ស្តេច​ស្រុក​យូដា ហើយ​ដល់​សាសន៍​អ៊ីស្រា‌អែល នៅ​ខែត្រ​យូដា និង​បេន‌យ៉ា‌មីន​ទាំង​អស់​ថា

4. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ កុំ​ឲ្យ​ឯង​រាល់​គ្នា​ឡើង​ទៅ​ច្បាំង​នឹង​ពួក​បង​ប្អូន​ឯង​ឡើយ ចូរ​វិល​ទៅ​ឯ​ទី​លំនៅ​ឯង​រៀង​ខ្លួន​ទៅ ដ្បិត​ការ​នេះ គឺ​អញ​បាន​បង្កើត​ឡើង​ទេ គេ​ក៏​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា គឺ​គេ​វិល​ត្រឡប់​ពី​ផ្លូវ ដែល​គេ​ឡើង​ទៅ​ទាស់​នឹង​យេរ៉ូ‌បោម​នោះ​ទៅ​វិញ។

ស្តេច​រេហូ‌បោម​សង់​ក្រុង​នានា

5. ដូច្នេះ ស្តេច​រេហូ‌បោម​ទ្រង់​គង់​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​ក៏​សង់​ទី​ក្រុង​ខ្លះ​នៅ​ស្រុក​យូដា សំរាប់​ការ‌ពារ​ស្រុក

6. ទ្រង់​សង់​ក្រុង​បេថ្លេ‌ហិម អេថាម ត្កូអា

7. បេត-ស៊ើរ សូគរ អាឌូឡាម

8. កាថ ម៉ារីសា ស៊ីភ

9. អាដូរែម ឡាគីស អាសេកា

10. សូរ៉ាស់ អាយ៉ា‌ឡូន និង​ហេប្រុន ដែល​នៅ​ស្រុក​យូដា និង​ស្រុក​បេន‌យ៉ា‌មីន សុទ្ធ​តែ​ជា​ទី​ក្រុង​មាន​បន្ទាយ​ទាំង​អស់

11. ទ្រង់​ក៏​ធ្វើ​បន្ទាយ​ទាំង​ប៉ុន្មាន​ឲ្យ​មាំ‌មួន​ឡើង ហើយ​ដាក់​ឲ្យ​មាន​មេ‌ទ័ព លើ​គ្រប់​បន្ទាយ​ទាំង​នោះ ព្រម​ទាំង​ឲ្យ​មាន​ស្បៀង​អាហារ ប្រេង និង​ស្រា​ទំពាំង‌បាយ‌ជូរ​ផង

12. ហើយ​នៅ​គ្រប់​ទាំង​ទី​ក្រុង ទ្រង់​បាន​បំរុង​ទុក​ខែល និង​លំពែង ឲ្យ​ទី​ក្រុង​ទាំង​នោះ​បាន​មាន​កំឡាំង​ក្រៃលែង ឯ​ស្រុក​យូដា និង​ស្រុក​បេន‌យ៉ា‌មីន នោះ​ជា​របស់​ផង​ទ្រង់។

ពួក​បូជា‌ចារ្យ និង​ពួក​លេវី រួប‌រួម​ជា​មួយ​ស្តេច​រេហូ‌បោម

13. ឯ​ពួក​សង្ឃ និង​ពួក​លេវី ដែល​នៅ​គ្រប់​ក្នុង​ស្រុក​អ៊ីស្រា‌អែល គេ​ក៏​ចេញ​ពី​ស្រុក​របស់​ខ្លួន​មូល​មក​ឯ​ទ្រង់​ទាំង​អស់

14. ពួក​លេវី​គេ​លះ​ចោល​ទី​លំនៅ និង​កេរ‌អាករ​របស់​គេ មូល​មក​នៅ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម​ទាំង​អស់ ពី​ព្រោះ​យេរ៉ូ‌បោម និង​កូន​ចៅ​ទ្រង់ បាន​បោះ‌បង់​ចោល​គេ​ចេញ មិន​ឲ្យ​គេ​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ថ្វាយ​ព្រះ‌យេហូវ៉ា​ទេ

15. ហើយ​ក៏​តាំង​ពួក​អ្នក​ដទៃ​ឡើង​ជា​សង្ឃ​វិញ​សំរាប់​អស់​ទាំង​ទី​ខ្ពស់ រូប​ពពែ​ឈ្មោល និង​កូន​គោ ដែល​ទ្រង់​បាន​ធ្វើ

16. ឯ​ពួក​អ្នក​នៅ​អស់​ទាំង​ពូជ​អំបូរ​នៃ​សាសន៍​អ៊ីស្រា‌អែល គឺ​ជា​អ្នក​ដែល​តាំង​ចិត្ត​រក​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល នោះ​ក៏​តាម​ពួក​លេវី​នោះ មក​ឯ​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អយ្យកោ​គេ

17. យ៉ាង​នោះ​គេ​បាន​ចំរើន​កំឡាំង​ដល់​រាជ្យ​យូដា ក៏​បាន​ធ្វើ​ឲ្យ​រេហូ‌បោម ជា​បុត្រ​សាឡូ‌ម៉ូន​មាន​កំឡាំង​នៅ​អស់​៣​ឆ្នាំ ដ្បិត​ក្នុង​រវាង​៣​ឆ្នាំ​នោះ គេ​បាន​ប្រព្រឹត្ត​តាម​ផ្លូវ​របស់​ដាវីឌ និង​សាឡូ‌ម៉ូន។

រាជ​វង្ស​របស់​ស្តេច​រេហូ‌បោម

18. ឯ​រេហូ‌បោម​ទ្រង់​យក​ភរិយា គឺ​នាង​ម៉ាហា‌ឡាត់​ជា​បុត្រី​នៃ​យេរី‌ម៉ូត​ពូជ‌ពង្ស​ដាវីឌ និង​នៃ​អ័ប៊ី‌ហែល ជា​បុត្រី​អេលាប ដែល​ជា​បុត្រ​អ៊ីសាយ

19. ព្រះ‌នាង​នោះ​បង្កើត​បាន​បុត្រា​ថ្វាយ​ទ្រង់ គឺ​យេអ៊ូស សេម៉ា‌រីយ៉ា និង​សាហាំ

20. បន្ទាប់​នឹង​នាង​នោះ ទ្រង់​ក៏​យក​នាង​ម្អាកា ជា​បុត្រី​អាប់‌សា‌ឡំម នាង​នោះ​បង្កើត​អ័ប៊ីយ៉ា អ័ថាយ ស៊ីសា និង​សឡូមិត​ថ្វាយ​ទ្រង់

21. រេហូ‌បោម​ទ្រង់​ស្រឡាញ់​នាង​ម្អាកា ជា​បុត្រី​អាប់‌សា‌ឡំម លើស​ជាង​អស់​ទាំង​ភរិយា និង​ពួក​អ្នក‌ម្នាង​របស់​ទ្រង់ (ដ្បិត​ទ្រង់​បាន​យក​ភរិយា​១៨ និង​អ្នក‌ម្នាង​៦០ ក៏​បង្កើត​បាន​បុត្រា​២៨​អង្គ និង​បុត្រី​៦០​អង្គ)

22. រេហូ‌បោម​ទ្រង់​តាំង​អ័ប៊ីយ៉ា ជា​បុត្រា​នៃ​នាង​ម្អាកា​ទុក​ជា​បុត្រ​ធំ គឺ​ជា​ប្រធាន​ក្នុង​ពួក​បង​ប្អូន​ទាំង​ប៉ុន្មាន ដើម្បី​តាំង​ឡើង​ជា​ស្តេច

23. ទ្រង់​ក៏​ធ្វើ​ដោយ​ឆ្លាត គឺ​បាន​ចាត់​អស់​ទាំង​បុត្រា​នៃ​ទ្រង់ ឲ្យ​ទៅ​នៅ​គ្រប់​ក្នុង​ស្រុក​យូដា និង​ស្រុក​បេន‌យ៉ា‌មីន ក្នុង​អស់​ទាំង​ទី​ក្រុង​មាន​បន្ទាយ ក៏​ប្រទាន​ឲ្យ​មាន​ស្បៀង​អាហារ​ជា​បរិបូរ ហើយ​រក​ប្រពន្ធ​ជា​ច្រើន ឲ្យ​ដល់​បុត្រ​ទាំង​នោះ​ដែរ។