ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 34 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ស្តេច​យ៉ូសៀស​សោយ‌រាជ្យ​លើ​ស្រុក​យូដា

1. ឯ​យ៉ូសៀស កាល​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​៨​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​៣១​ឆ្នាំ

2. ទ្រង់​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ដើរ​តាម​អស់​ទាំង​ផ្លូវ​របស់​ដាវីឌ ជា​អយ្យកោ​ទ្រង់​ផង ឥត​ងាក​បែរ​ទៅ​ខាង​ស្តាំ​ឬ​ខាង​ឆ្វេង​ឡើយ

3. ដ្បិត​នៅ​ឆ្នាំ​ទី​៨​ក្នុង​រាជ្យ​ទ្រង់ កាល​ទ្រង់​នៅ​ក្មេង​នៅ​ឡើយ នោះ​ទ្រង់​ក៏​ចាប់​តាំង​ស្វែង​រក​តាម​ព្រះ​នៃ​ដាវីឌ ជា​អយ្យកោ​ទ្រង់ លុះ​ដល់​ឆ្នាំ​ទី​១២ នោះ​ទ្រង់​ផ្តើម​ជំរះ​សំអាត​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម ឲ្យ​រួច​ពី​អស់​ទាំង​ទី​ខ្ពស់ រូប​ព្រះ រូប​ឆ្លាក់ និង​រូប​សិត​ទាំង​ប៉ុន្មាន​ចេញ

4. គេ​ក៏​បំបាក់​បំបែក​អាស‌នា​ព្រះ‌បាល នៅ​ចំពោះ​ទ្រង់ ក៏​កាប់​រំលំ​រូប​ព្រះ‌អាទិត្យ​ដែល​នៅ​ខ្ពស់​ពី​លើ​គេ ព្រម​ទាំង​រូប​ព្រះ រូប​ឆ្លាក់ និង​រូប​សិត​ទាំង​ប៉ុន្មាន​ផង ហើយ​កិន​កំទេច​ជា​ផង់​ធូលី រួច​រោយ​រុះ​លើ​ផ្នូរ​ខ្មោច​របស់​ពួក​អ្នក​ដែល​បាន​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​ទាំង​នោះ

5. ទ្រង់​យក​ឆ្អឹង​ពួក​សង្ឃ​ទាំង​នោះ ទៅ​ដុត​លើ​អាស‌នា​របស់​គេ ដូច្នេះ​ទ្រង់​បាន​ជំរះ​សំអាត​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម​រួច​ហើយ

6. ទ្រង់​ក៏​ធ្វើ​យ៉ាង​នោះ​នៅ​អស់​ទាំង​ទី​ក្រុង​របស់​ពួក​ម៉ាន៉ាសេ ពួក​អេប្រា‌អិម និង​ពួក​ស៊ីម្មាន រហូត​ដល់​ស្រុក​របស់​ពួក​ណែប‌ថាលី និង​កន្លែង​បាក់​បែក​នៅ​ជុំវិញ​ទាំង​ប៉ុន្មាន​ដែរ

7. ក៏​រំលំ​អាស‌នា បំបាក់​បំបែក​រូប​ព្រះ និង​រូប​ឆ្លាក់​ឲ្យ​ទៅ​ជា​ផង់​ធូលី កាប់​រំលំ​អស់​ទាំង​រូប​ព្រះ‌អាទិត្យ​នៅ​គ្រប់​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ចេញ រួច​ទ្រង់​វិល​ត្រឡប់​មក​ឯ​ក្រុង​យេរូ‌សាឡិម​វិញ។

លោក​មហា​បូជា‌ចារ្យ​រក​ឃើញ​គម្ពីរ​វិន័យ

8. លុះ​ដល់​ឆ្នាំ​ទី​១៨ ក្នុង​រាជ្យ​ទ្រង់ កាល​គេ​បាន​ជំរះ​សំអាត​ស្រុក និង​ព្រះ‌វិហារ​រួច​ជា​ស្រេច​ហើយ នោះ​ទ្រង់​ចាត់​សាផាន ជា​កូន​អ័សា‌លា ម្អាសេយ៉ា ជា​ចៅ‌ហ្វាយ​ទី​ក្រុង និង​យ៉ូអា កូន​យ៉ូអា‌ហាស ជា​អ្នក​តែង​ពង្សាវតារ ឲ្យ​ទៅ​ជួស‌ជុល​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់

9. គេ​ក៏​ទៅ​ឯ​ហ៊ីល‌គីយ៉ា ជា​សំដេច​សង្ឃ ប្រគល់​ប្រាក់​ដែល​គេ​បាន​នាំ​យក​មក​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ ជា​ប្រាក់​ដែល​ពួក​លេវី​ជា​អ្នក​ឆ្មាំ​ទ្វារ បាន​ប្រមូល​ពី​ពួក​ម៉ាន៉ាសេ ពួក​អេប្រា‌អិម និង​សំណល់​ពួក​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ហើយ​ពី​ពួក​យូដា ពួក​បេន‌យ៉ា‌មីន និង​ពួក​អ្នក​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​ផង

10. គេ​ប្រគល់​ប្រាក់​នោះ ទៅ​ក្នុង​អំណាច​នៃ​ពួក​មេ​ជាង ជា​អ្នក​ដែល​ត្រួត​លើ​ការ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​ពួក​អ្នក​ទាំង​នោះ​ក៏​ប្រគល់​ដល់​ពួក​ជាង​ដែល​ធ្វើ​ការ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា សំរាប់​នឹង​ជួស‌ជុល ហើយ​រៀប‌ចំ​ព្រះ‌វិហារ​ជា​ថ្មី​ឡើង​វិញ

11. គឺ​ប្រគល់​ដល់​ពួក​ជាង​ឈើ និង​ពួក​ជាង​រៀប​ថ្ម ឲ្យ​គេ​ទិញ​ថ្ម​ដាប់​ស្រាប់ និង​ឈើ​សំរាប់​ជា​ធ្នឹម និង​ផ្លាន ធ្វើ​មន្ទីរ​ទាំង​ប៉ុន្មាន ដែល​ពួក​ស្តេច​យូដា​បាន​បំផ្លាញ​ទៅ

12. ពួក​ជាង​ទាំង​នោះ​គេ​ធ្វើ​ការ​ដោយ​ស្មោះ‌ត្រង់ ឯ​អ្នក​ដែល​ត្រួត​លើ​គេ គឺ​យ៉ាហាត និង​អូបាឌា ជា​ពួក​លេវី​ខាង​ពួក​កូន​ចៅ​ម្រ៉ារី ហើយ​សាការី និង​មស៊ូឡាម​ខាង​ពួក​កូន​ចៅ​កេហាត់ ដើម្បី​នឹង​បញ្ជឿន​ការ​នោះ ហើយ​មាន​ពួក​លេវី ដែល​ប៉ិន‌ប្រសប់​នឹង​លេង​ភ្លេង​ដែរ

13. គេ​ក៏​ត្រួត​លើ​ពួក​អ្នក​ដែល​លី‌សែង ហើយ​លើ​អស់​អ្នក​ដែល​ធ្វើ​ការ​គ្រប់​មុខ​ផង ឯ​ក្នុង​ពួក​លេវី​ទាំង​នោះ​មាន​ស្មៀន និង​នាយ ហើយ​នឹង​អ្នក​ឆ្មាំ​ទ្វារ​ដែរ។

14. កាល​កំពុង​តែ​យក​ប្រាក់ ដែល​គេ​បាន​យក​មក​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ចេញ​ទៅ នោះ​ហ៊ីល‌គីយ៉ា​ដ៏​ជា​សង្ឃ លោក​ប្រទះ​ឃើញ​គម្ពីរ​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា​ដែល​បាន​ប្រទាន​មក​ដោយ‌សារ​លោក​ម៉ូសេ

15. លោក​ក៏​ប្រាប់​ដល់​ស្មៀន​សាផាន​ថា ខ្ញុំ​បាន​ប្រទះ​ឃើញ​គម្ពីរ​ក្រឹត្យ‌វិន័យ នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា រួច​លោក​ប្រគល់​គម្ពីរ​នោះ​ទៅ​សាផាន

16. ហើយ​សាផាន​នាំ​យក​ទៅ​ថ្វាយ​ដល់​ស្តេច ទូល​ថា ឯ​ការ​ទាំង​អស់​ដែល​ទ្រង់​បាន​ប្រគល់​ដល់​ពួក​អ្នក​បំរើ​ទ្រង់ នោះ​គេ​កំពុង​តែ​ធ្វើ​ហើយ

17. គេ​បាន​ចាក់​ប្រាក់ ដែល​ឃើញ​មាន​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ចេញ ប្រគល់​ទៅ​ក្នុង​អំណាច​នៃ​ពួក​មេ​ជាង និង​ពួក​ជាង​ធ្វើ​ការ

18. រួច​ស្មៀន​សាផាន​ទូល​ទៀត​ថា ហ៊ីល‌គីយ៉ា​ដ៏​ជា​សង្ឃ​បាន​ប្រគល់​គម្ពីរ​នេះ​មក​ទូល‌បង្គំ ហើយ​សាផាន​ក៏​អាន​មើល​ក្នុង​គម្ពីរ​នោះ​ថ្វាយ​ស្តេច។

ស្តេច​យ៉ូសៀស​សុំ​ឲ្យ​ព្យាការិនី​ហ៊ុលដា​ទូល​សួរ​ព្រះ‌អម្ចាស់

19. កាល​ស្តេច​ទ្រង់​ឮ​ពាក្យ​របស់​ក្រឹត្យ‌វិន័យ​ហើយ នោះ​ទ្រង់​ក៏​ហែក​ព្រះ‌ពស្ត្រ

20. ហើយ​បង្គាប់​ដល់​ហ៊ីល‌គីយ៉ា អ័ហ៊ី‌កាម ជា​កូន​សាផាន អាបដូន ជា​កូន​មីកាយ៉ា ស្មៀន​សាផាន និង​អ័សាយ៉ា ជា​អ្នក​ជំនិត​ទ្រង់​ថា

21. ចូរ​ទៅ​សួរ​ដល់​ព្រះ‌យេហូវ៉ា​ឲ្យ​យើង និង​ពួក​អ្នក​ដែល​សល់​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល ហើយ​នឹង​ពួក​យូដា ឲ្យ​យើង​បាន​ដឹង​ពី​ដំណើរ​ពាក្យ​នៃ​គម្ពីរ ដែល​ប្រទះ​ឃើញ​នេះ ដ្បិត​សេចក្ដី​ក្រេវ‌ក្រោធ​របស់​ព្រះ‌យេហូវ៉ា​ដែល​បាន​ចាក់​មក​លើ​យើង​រាល់​គ្នា នោះ​សំបើម​ណាស់ ពី​ព្រោះ​ពួក​អយ្យកោ​យើង​រាល់​គ្នា មិន​បាន​កាន់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​កត់​ទុក​ក្នុង​គម្ពីរ​នេះ​ទេ។

22. ដូច្នេះ ហ៊ីល‌គីយ៉ា និង​ពួក​អ្នក​ដែល​ស្តេច​បាន​ចាត់​ប្រើ​នោះ ក៏​ទៅ​ឯ​នាង​ហ៊ុលដា ជា​ហោរា ប្រពន្ធ​សាលូម កូន​ធីកវ៉ា ដែល​ជា​កូន​ហារហាស អ្នក​រក្សា​ព្រះ‌ពស្ត្រ‌រាជ្យ (នាង​នោះ​អាស្រ័យ​នៅ​ឃុំ​លេខ​២ ក្នុង​ក្រុង​យេរូ‌សាឡិម) និយាយ​នឹង​នាង​តាម​ដំណើរ​រឿង​នោះ

23. រួច​នាង​តប​ដល់​គេ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ទៅ​ប្រាប់​ដល់​អ្នក ដែល​ចាត់​ឯង​រាល់​គ្នា​ឲ្យ​មក​ឯ​អញ​ថា

24. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល អញ​នឹង​ធ្វើ​ឲ្យ​មាន​សេចក្ដី​អាក្រក់​មក​លើ​ទី​នេះ ហើយ​លើ​ពួក​អ្នក​ដែល​នៅ​ទី​នេះ​ផង គឺ​គ្រប់​ទាំង​សេចក្ដី​បណ្តាសា​កត់​ទុក​ក្នុង​គម្ពីរ ដែល​គេ​បាន​អាន​មើល​ថ្វាយ​ស្តេច​ពួក​យូដា

25. ដោយ​ព្រោះ​គេ​បាន​បោះ‌បង់​ចោល​អញ ហើយ​បាន​ដុត​កំញាន​ថ្វាយ​ព្រះ​ដទៃ ដើម្បី​នឹង​បណ្តាល​ឲ្យ​អញ​ខឹង ដោយ​អស់​ទាំង​ការ​ដែល​ដៃ​គេ​ធ្វើ​ទាំង​ប៉ុន្មាន ហេតុ​នោះ​បាន​ជា​សេចក្ដី​កំហឹង​របស់​អញ​បាន​ចាក់​មក​លើ​ទី​នេះ ហើយ​នឹង​ពន្លត់​មិន​បាន​ផង

26. តែ​ឯ​ស្តេច​យូដា​ដែល​ចាត់​ឲ្យ​ឯង​រាល់​គ្នា​មក​សួរ​ដល់​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​ទូល​ទ្រង់​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​ពាក្យ​ដែល​ទ្រង់​បាន​ឮ​នោះ​ថា

27. ដោយ​ព្រោះ​ឯង​មាន​ចិត្ត​ទន់ ហើយ​បាន​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ ដោយ​ឮ​ព្រះ‌បន្ទូល​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ទាស់​នឹង​ទី​នេះ ហើយ​នឹង​ពួក​អ្នក​នៅ​ទី​នេះ​ផង ព្រម​ទាំង​បន្ទ្រោម​ខ្លួន​ចុះ​នៅ​មុខ​អញ​ក៏​ហែក​អាវ ហើយ​យំ​នៅ​មុខ​អញ​ដូច្នេះ នោះ​អញ​បាន​ទទួល​ស្តាប់​តាម​ឯង​ហើយ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

28. មើល អញ​នឹង​ប្រមូល​ឯង​ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ឯង ឯង​នឹង​ទៅ​មូល​គ្នា នៅ​ក្នុង​ផ្នូរ​ដោយ​សុខ‌សាន្ត ភ្នែក​ឯង​នឹង​មិន​ឃើញ​អស់​ទាំង​សេចក្ដី​អាក្រក់​ដែល​អញ​នឹង​នាំ​មក​លើ​ទី​នេះ និង​លើ​ពួក​អ្នក​នៅ​ទី​នេះ​ឡើយ ដូច្នេះ គេ​ក៏​នាំ​យក​ពាក្យ​នោះ​ទៅ​ទូល​ដល់​ស្តេច​វិញ។

ស្តេច​យ៉ូសៀស​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ព្រះ‌ជា‌ម្ចាស់

29. នោះ​ស្តេច​ទ្រង់​ចាត់​គេ ឲ្យ​ទៅ​ប្រមូល​ពួក​ចាស់‌ទុំ​នៃ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម​មក​ប្រជុំ​គ្នា

30. រួច​ស្តេច​ទ្រង់​យាង​ឡើង​ទៅ​ឯ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា មាន​ទាំង​ពួក​ស្រុក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់​គ្នា ហើយ​ពួក​សង្ឃ ពួក​លេវី និង​បណ្តា‌ជន​ទាំង‌ឡាយ ទាំង​ធំ ទាំង​តូច​ផង នោះ​ទ្រង់​ក៏​អាន​មើល ឲ្យ​គេ​ស្តាប់​អស់​ទាំង​ពាក្យ នៅ​ក្នុង​គម្ពីរ​នៃ​សេចក្ដី​សញ្ញា ដែល​បាន​ប្រទះ​ឃើញ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

31. ឯ​ស្តេច​ទ្រង់​ឈរ​នៅ​កន្លែង​ទ្រង់ ក៏​ចុះ​សញ្ញា​នឹង​ព្រះ‌យេហូវ៉ា ឲ្យ​បាន​ដើរ​តាម​ព្រះ‌យេហូវ៉ា ព្រម​ទាំង​កាន់​តាម​ក្រឹត្យ‌ក្រម​សេចក្ដី​បន្ទាល់ និង​បញ្ញត្ត​របស់​ទ្រង់​ទាំង​ប៉ុន្មាន អស់​ពី​ចិត្ត អស់​ពី​ព្រលឹង ដើម្បី​នឹង​សំរេច​តាម​អស់​ទាំង​ពាក្យ​នៃ​សញ្ញា​ដែល​បាន​កត់​ទុក​ក្នុង​គម្ពីរ​នោះ

32. ទ្រង់​ក៏​បង្គាប់​ដល់​អស់​អ្នក ដែល​មាន​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម ហើយ​ស្រុក​បេន‌យ៉ា‌មីន ឲ្យ​កាន់​តាម​សេចក្ដី​សញ្ញា​នោះ ដូច្នេះ ពួក​ក្រុង​យេរូ‌សាឡិម​ក៏​ធ្វើ​តាម​សេចក្ដី​សញ្ញា​ផង​ព្រះ ជា​ព្រះ​នៃ​ពួក​អយ្យកោ​គេ

33. រួច​យ៉ូសៀស ទ្រង់​ដក​យក​អស់​ទាំង​របស់​គួរ​ស្អប់​ខ្ពើម​ចេញ​ពី​ស្រុក​ទាំង​ប៉ុន្មាន ដែល​ជា​របស់​ផង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ក៏​បង្គាប់​ឲ្យ​អស់​អ្នក​ដែល​នៅ​ស្រុក​អ៊ីស្រា‌អែល គោរព​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​គេ ដូច្នេះ នៅ​អស់​រវាង​ព្រះ‌ជន្ម​ទ្រង់ នោះ​គេ​មិន​បាន​បែរ​ចេញ​ពី​ការ​គោរព​តាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អយ្យកោ​គេ​ឡើយ។