ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 29 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ស្តេច​ហេសេគា​សោយ‌រាជ្យ​នៅ​ស្រុក​យូដា

1. រីឯ​កាល​ហេសេគា​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​២៥​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​២៩​ឆ្នាំ ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម​ជា អ័ប៊ីយ៉ា​ជា​បុត្រី​សាការី

2. ទ្រង់​បាន​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ដាវីឌ​ជា​អយ្យកោ​ទ្រង់​បាន​ធ្វើ​ដែរ

3. នៅ​ខែ​ចេត្រ ក្នុង​ឆ្នាំ​ទី​១​នៃ​រាជ្យ​ទ្រង់ នោះ​ទ្រង់​ក៏​បើក​ទ្វារ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ជួស‌ជុល​ទ្វារ​ទាំង​នោះ​ឡើង​វិញ​ផង

4. រួច​ទ្រង់​នាំ​ពួក​សង្ឃ និង​ពួក​លេវី​មក​ឲ្យ​មូល​គ្នា នៅ​ទី‌ធ្លា​ខាង​កើត

5. មាន​ព្រះ‌បន្ទូល​ថា ឱ​ពួក​លេវី​អើយ ចូរ​ស្តាប់​តាម​យើង​ចុះ ឥឡូវ​នេះ ចូរ​អ្នក​រាល់​គ្នា​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ ព្រម​ទាំង​នាំ​យក​របស់​ស្មោក‌គ្រោក​ចេញ​ពី​ទី​បរិសុទ្ធ ហើយ​ញែក​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អយ្យកោ​អ្នក​រាល់​គ្នា​ចេញ​ជា​បរិសុទ្ធ​ដែរ

6. ដ្បិត​បិតា​ទាំង‌ឡាយ​របស់​យើង​រាល់​គ្នា​បាន​រំលង ដោយ​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង ព្រម​ទាំង​បោះ‌បង់​ចោល​ទ្រង់ ហើយ​ងាក​មុខ​ចេញ​ពី​ទី​លំនៅ​នៃ​ព្រះ‌យេហូវ៉ា បែរ​ខ្នង​ទៅ​ឲ្យ​វិញ

7. គេ​បាន​ទាំង​បិទ​ទ្វារ​ទី​បាំង‌សាច ហើយ​ពន្លត់​ចង្កៀង ក៏​មិន​បាន​ដុត​កំញាន ឬ​ថ្វាយ​ដង្វាយ​ដុត​ក្នុង​ទី​បរិសុទ្ធ ដល់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ឡើយ

8. ហេតុ​នោះ​បាន​ជា​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​មក​គ្រប​លើ​ពួក​យូដា និង​ពួក​ក្រុង​យេរូ‌សាឡិម ហើយ​ទ្រង់​ប្រគល់​គេ​ឲ្យ​ត្រូវ​មាន​ចលាចល ឲ្យ​ត្រូវ​សេចក្ដី​អស្ចារ្យ និង​សេចក្ដី​ចំអក​ឡក‌ឡឺយ​របស់​គេ ដូច​ជា​អ្នក​រាល់​គ្នា​ឃើញ​ស្រាប់

9. ដ្បិត​មើល ដោយ​ហេតុ​នោះ បាន​ជា​ពួក​ឪពុក​យើង​រាល់​គ្នា​បាន​ដួល​ដោយ​ដាវ កូន​ប្រុស កូន​ស្រី និង​ប្រពន្ធ​យើង​រាល់​គ្នា​បាន​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ

10. ឥឡូវ​នេះ យើង​មាន​ចិត្ត​ចង់​តាំង​សញ្ញា​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដើម្បី​ឲ្យ​សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ទ្រង់​បាន​បែរ​ចេញ​ពី​យើង​រាល់​គ្នា​ទៅ

11. ដូច្នេះ ឱ​កូន​ទាំង‌ឡាយ​អើយ កុំ​ឲ្យ​ធ្វេស​ប្រហែស​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​រើស​អ្នក​រាល់​គ្នា ឲ្យ​ឈរ​ធ្វើ​ការ‌ងារ​នៅ​ចំពោះ​ទ្រង់ ហើយ​ឲ្យ​បាន​ទទួល​ភ្នាក់‌ងារ ជា​អ្នក​ដុត​កំញាន​របស់​ទ្រង់។

12. នោះ​ពួក​លេវី​ក៏​ប្រុង‌ប្រៀប​ខ្លួន គឺ​ក្នុង​ពួក​កូន​ចៅ​កេហាត់ មាន​ម៉ាហាត ជា​កូន​អ័ម៉ា‌សាយ និង​យ៉ូអែល ជា​កូន​អ័សារា ក្នុង​ពួក​កូន​ចៅ​ម្រ៉ារី មាន​គីស ជា​កូន​អាប់ឌី និង​អ័សារា ជា​កូន​យេហា‌លែល ហើយ​ក្នុង​ពួក​គើសុន​មាន​យ៉ូអា ជា​កូន​ស៊ីម៉្មា និង​អេដែន ជា​កូន​យ៉ូអា

13. ក្នុង​ពួក​កូន​ចៅ​អេលី‌សាផាន មាន​ស៊ីមរី និង​យីអែល ក្នុង​ពួក​កូន​ចៅ​អេសាភ មាន​សាការី និង​ម៉ាថានា

14. ក្នុង​ពួក​កូន​ចៅ​ហេម៉ាន មាន​យីអែល និង​ស៊ីម៉ាយ ក្នុង​ពួក​កូន​ចៅ​យេឌូថិន មាន​សេម៉ាយ៉ា និង​អ៊ូស៊ាល

15. អ្នក​ទាំង​នោះ​ក៏​ប្រមូល​ពួក​បង​ប្អូន​គេ ហើយ​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ រួច​ចូល​ទៅ​សំអាត​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ដោយ‌សារ​ស្តេច

16. ពួក​សង្ឃ​គេ​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ប៉ែក​ខាង​ក្នុង ដើម្បី​នឹង​សំអាត​ទី​នោះ ក៏​នាំ​យក​របស់​ស្មោក‌គ្រោក​ទាំង​អស់ ដែល​ឃើញ​មាន​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ចេញ​មក​ឯ​ទីលាន​ព្រះ‌វិហារ រួច​ពួក​លេវី​នាំ​គ្នា​ជញ្ជូន​ពី​ទី​នោះ យក​ទៅ​ចោល​នៅ​ត្រង់​ជ្រោះ​កេដ្រុន

17. គេ​ចាប់​តាំង​ញែក​ជា​បរិសុទ្ធ នៅ​ថ្ងៃ​ដំបូង​ខែ​ចេត្រ ហើយ​ដល់​ថ្ងៃ​ទី​៨​ក្នុង​ខែ​នោះ គេ​បាន​សំអាត​មក​ដល់​ទី​បាំង‌សាច​ផង​ព្រះ‌យេហូវ៉ា ដូច្នេះ គេ​បាន​ញែក​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ចេញ​ជា​បរិសុទ្ធ ក្នុង​រវាង​៨​ថ្ងៃ លុះ​ដល់​ថ្ងៃ​១៦​ខែ​នោះ​ឯង គេ​បាន​ធ្វើ​ការ​ទាំង​អស់​រួច​ជា​ស្រេច

18. រួច​គេ​ចូល​ទៅ​ក្នុង​ព្រះ‌រាជ‌ដំណាក់ គាល់​ស្តេច​ហេសេគា ទូល​ថា យើង​ខ្ញុំ​រាល់​គ្នា​បាន​សំអាត​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ស្រេច​ហើយ ព្រម​ទាំង​អាស‌នា​ដង្វាយ​ដុត និង​គ្រឿង​ប្រដាប់​នៃ​អាស‌នា​ទាំង​អស់ តុ​សំរាប់​នំបុ័ង​តាំង​ទុក និង​គ្រឿង​ប្រដាប់​នៃ​តុ​នោះ​ទាំង​អស់​ផង

19. មួយ​ទៀត អស់​ទាំង​គ្រឿង​ប្រដាប់ ដែល​ស្តេច​អ័ហាស​បាន​ចោល​ចេញ​ក្នុង​រាជ្យ​ទ្រង់ នៅ​វេលា​ដែល​ទ្រង់​បាន​ប្រព្រឹត្ត​ល្មើស នោះ​យើង​ខ្ញុំ​បាន​ចាត់‌ចែង ហើយ​ញែក​ជា​បរិសុទ្ធ​រួច​ជា​ស្រេច មើល របស់​ទាំង​នោះ​នៅ​មុខ​អាស‌នា​នៃ​ព្រះ‌យេហូវ៉ា​ស្រាប់។

ស្តេច​ហេសេគា​រៀប‌ចំ​ឲ្យ​មាន​ពិធី​គោរព​បំរើ​ព្រះ‌អម្ចាស់ និង​ការ​ថ្វាយ​យញ្ញ‌បូជា​ឡើង​វិញ

20. ឯ​ស្តេច​ហេសេគា ទ្រង់​ក្រោក​ឡើង​ពី​ព្រលឹម ទៅ​ប្រមូល​ពួក​អ្នក​ជា​ប្រធាន​ក្នុង​ទី​ក្រុង នាំ​គ្នា​ឡើង​ទៅ​ឯ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា

21. គេ​ក៏​នាំ​យក​គោ​៧ ចៀម​ឈ្មោល​៧ កូន​ចៀម​៧ និង​ពពែ​ឈ្មោល​៧​ទៅ​ផង សំរាប់​ជា​ដង្វាយ​លោះ​បាប​នៃ​នគរ ទី​បរិសុទ្ធ និង​ពួក​យូដា​ទាំង​ប៉ុន្មាន ទ្រង់​ក៏​បង្គាប់​ដល់​ពួក​សង្ឃ ជា​កូន​ចៅ​អើរ៉ុន ឲ្យ​ថ្វាយ​សត្វ​ទាំង​នោះ​នៅ​លើ​អាស‌នា​នៃ​ព្រះ‌យេហូវ៉ា

22. ដូច្នេះ គេ​ក៏​បាន​សំឡាប់​គោ​ទាំង​នោះ ហើយ​ពួក​សង្ឃ​ទទួល​យក​ឈាម​ទៅ​ប្រោះ​លើ​អាស‌នា រួច​គេ​សំឡាប់​ចៀម​ឈ្មោល យក​ឈាម​ទៅ​ប្រោះ​លើ​អាស‌នា ក៏​សំឡាប់​កូន​ចៀម យក​ឈាម​ទៅ​ប្រោះ​លើ​អាស‌នា​ដែរ

23. បន្ទាប់​មក គេ​នាំ​ពពែ​ឈ្មោល ដែល​សំរាប់​ដង្វាយ​លោះ​បាប​ទាំង​នោះ មក​នៅ​ចំពោះ​ស្តេច និង​ពួក​ជំនុំ ហើយ​អ្នក​ទាំង​នោះ​ក៏​ដាក់​ដៃ​លើ

24. ពួក​សង្ឃ​សំឡាប់​វា​ថ្វាយ​ជា​ដង្វាយ​លោះ​បាប មាន​ជាប់​ទាំង​ឈាម នៅ​លើ​អាស‌នា ដើម្បី​ឲ្យ​ធួន​នឹង​បាប​នៃ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ដ្បិត​ស្តេច​ទ្រង់​បាន​បង្គាប់ ឲ្យ​ថ្វាយ​ដង្វាយ​ដុត និង​ដង្វាយ​លោះ​បាប​ទាំង​នោះ សំរាប់​ពួក​អ៊ីស្រា‌អែល​ទាំង​អស់។

25. ទ្រង់​ក៏​តាំង​ពួក​លេវី​ឲ្យ​កាន់​ឈឹង ពិណ និង​ស៊ុង​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា តាម​បង្គាប់​ដាវីឌ និង​កាឌ់​ជា​អ្នក​មើល‌ឆុត​របស់​ទ្រង់ ហើយ​នឹង​ហោរា​ណាថាន់ ដ្បិត​សេចក្ដី​បង្គាប់​នោះ​បាន​កើត​មក​ពី​ព្រះ‌យេហូវ៉ា ដោយ‌សារ​ពួក​ហោរា​ទ្រង់

26. ដូច្នេះ ពួក​លេវី​ក៏​ឈរ​នៅ មាន​ទាំង​ប្រដាប់​ភ្លេង​របស់​ដាវីឌ ហើយ​ពួក​សង្ឃ​ក៏​មាន​ត្រែ

27. រួច​ហេសេគា​ទ្រង់​បង្គាប់ ឲ្យ​ថ្វាយ​ដង្វាយ​ដុត​នៅ​លើ​អាស‌នា រីឯ​កាល​ចាប់​តាំង​ដុត​ដង្វាយ នោះ​ចំរៀង​នៃ​ព្រះ‌យេហូវ៉ា ក៏​ផ្តើម​ឮ​ឡើង ព្រម​ទាំង​ត្រែ និង​គ្រឿង​ភ្លេង​របស់​ដាវីឌ ជា​ស្តេច​សាសន៍​អ៊ីស្រា‌អែល​ផង

28. ពួក​ជំនុំ​ទាំង​អស់​គ្នា គេ​ក្រាប​ថ្វាយ‌បង្គំ ពួក​ចំរៀង​ក៏​ច្រៀង ពួក​ផ្លុំ​ត្រែ​ក៏​ផ្លុំ​ឡើង​ព្រម​គ្នា ដរាប​ដល់​ដង្វាយ​ដុត​បាន​សុស​ហើយ។

29. កាល​បាន​ថ្វាយ​ដង្វាយ​ដុត​រួច​ជា​ស្រេច នោះ​ស្តេច និង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ទាំង​ប៉ុន្មាន ក៏​ឱន​ខ្លួន​ក្រាប​ចុះ​ថ្វាយ‌បង្គំ

30. មួយ​ទៀត ស្តេច​ហេសេគា និង​ពួក​អ្នក​ជា​ប្រធាន ក៏​បង្គាប់​ពួក​លេវី ឲ្យ​ច្រៀង​សរសើរ​ថ្វាយ​ព្រះ‌យេហូវ៉ា ដោយ​ទំនុក​របស់​ដាវីឌ និង​របស់​អេសាភ ជា​អ្នក​មើល‌ឆុត គេ​ក៏​ច្រៀង​សរសើរ​ដោយ​ចិត្ត​រីក‌រាយ​សប្បាយ រួច​ឱន​ក្បាល​ថ្វាយ‌បង្គំ។

31. នៅ​ខណៈ​នោះ ហេសេគា​ទ្រង់​មាន​ព្រះ‌បន្ទូល​ឡើង​ថា ឥឡូវ​នេះ អ្នក​រាល់​គ្នា​បាន​ថ្វាយ​ខ្លួន ដល់​ព្រះ‌យេហូវ៉ា​ហើយ ដូច្នេះ ចូរ​មក​ជិត​នាំ​ទាំង​យញ្ញ‌បូជា និង​ដង្វាយ​អរ​ព្រះ‌គុណ ចូល​មក​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ពួក​ជំនុំ​ក៏​នាំ​យក​យញ្ញ‌បូជា និង​ដង្វាយ​អរ​ព្រះ‌គុណ​មក ហើយ​អស់​អ្នក​ណា​ដែល​ស្ម័គ្រ​ពី​ចិត្ត ក៏​នាំ​យក​ដង្វាយ​ដុត​មក​ដែរ

32. ឯ​ដង្វាយ​ដុត​ដែល​ពួក​ជំនុំ​បាន​យក​មក នោះ​មាន​ចំនួន​ជា​គោ​៧០ ចៀម​ឈ្មោល​១០០ និង​កូន​ចៀម​២០០ នោះ​ឯង​សុទ្ធ​តែ​សំរាប់​ជា​ដង្វាយ​ដុត​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ទាំង​អស់

33. ហើយ​ដង្វាយ​ដែល​ថ្វាយ​ដាច់​ទៅ​ព្រះ នោះ​គឺ​គោ​៦០០ និង​ចៀម​៣​ពាន់

34. ប៉ុន្តែ​មាន​ពួក​សង្ឃ​តិច មិន​ល្មម​នឹង​ពន្លាត់​ស្បែក​ដង្វាយ​ដុត​ទាំង​អស់​បាន បាន​ជា​ពួក​លេវី ជា​បង​ប្អូន​គេ ក៏​ជួយ រហូត​ដល់​ការ​នោះ​បាន​សំរេច និង​ដល់​វេលា​ដែល​ពួក​សង្ឃ​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ​ហើយ ដ្បិត​ពួក​លេវី​មាន​ចិត្ត​ស្មោះ‌ត្រង់​ជាង​ពួក​សង្ឃ ដើម្បី​នឹង​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ

35. មួយ​ទៀត មាន​ដង្វាយ​ដុត​ជា​ច្រើន ព្រម​ទាំង​ខ្លាញ់​ដង្វាយ​មេត្រី និង​ដង្វាយ​ច្រួច សំរាប់​គ្រប់​ទាំង​ដង្វាយ​ដុត​ផង ដូច្នេះ ការ‌ងារ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​បាន​តាំង​ឡើង​វិញ​ដូច​ដើម

36. ហើយ​ហេសេគា និង​ពួក​ជន​ទាំង‌ឡាយ ក៏​មាន​សេចក្ដី​រីក‌រាយ​សប្បាយ ដោយ​ព្រោះ​ព្រះ​បាន​បណ្តាល​ឲ្យ​គេ​មាន​ចិត្ត​ព្រម‌ព្រៀង​គ្នា​ធ្វើ​ឡើង ដ្បិត​ការ​នោះ​ស្រាប់​តែ​ធ្វើ​ភ្លាម។