ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ស្តេច​អ័ម៉ា‌ស៊ីយ៉ា​សោយ‌រាជ្យ​លើ​ស្រុក​យូដា

1. ឯ​អ័ម៉ា‌ស៊ីយ៉ា កាល​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​២៥​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​បាន​២៩​ឆ្នាំ ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម​ជា​យ៉ូអា‌ដាន ជា​អ្នក​ក្រុង​យេរូ‌សាឡិម

2. ទ្រង់​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា តែ​មិន​មែន​ដោយ​ព្រះ‌ទ័យ​ស្មោះ​ចំពោះ​ទេ

3. កាល​រាជ្យ​បាន​តាំង​នៅ​ជាប់ ក្នុង​អំណាច​ទ្រង់​ហើយ នោះ​ទ្រង់​ក៏​សំឡាប់​ពួក​បំរើ​ដែល​បាន​ធ្វើ​គុត​ស្តេច ជា​ព្រះ‌បិតា​ទ្រង់​ទៅ

4. តែ​មិន​បាន​សំឡាប់​កូន​ចៅ​គេ​ទេ គឺ​បាន​ធ្វើ​តាម​សេចក្ដី​ដែល​ចែង​ទុក​មក ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ​វិញ ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បញ្ញត្ត​ថា ឪពុក​មិន​ត្រូវ​ស្លាប់​ដោយ​ព្រោះ​កូន ឬ​កូន​ដោយ​ព្រោះ​ឪពុក​ឡើយ គឺ​គ្រប់​គ្នា​ត្រូវ​ស្លាប់ ដោយ​ព្រោះ​អំពើ​បាប​របស់​ខ្លួន​រៀង​ខ្លួន​វិញ។

5. មួយ​ទៀត អ័ម៉ា‌ស៊ីយ៉ា​ទ្រង់​ប្រមូល​ពួក​យូដា ឲ្យ​មូល​គ្នា រួម​ផ្គុំ​គេ​តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ នៅ​ក្រោម​អំណាច​នៃ​មេ​លើ​១​ពាន់​នាក់ និង​មេ​លើ​១​រយ​នាក់ គឺ​ទាំង​ពួក​យូដា និង​ពួក​បេន‌យ៉ា‌មីន​ទាំង​អស់​ផង ក៏​រាប់​គេ​ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ឃើញ​មាន​មនុស្ស​ជ្រើស‌រើស​៣​សែន​នាក់ ដែល​សុទ្ធ​តែ​អាច​នឹង​ទៅ​ច្បាំង​បាន ហើយ​ចេះ​កាន់​លំពែង និង​ខែល​ផង

6. ទ្រង់​ក៏​ជួល​មនុស្ស​ខ្លាំង​ពូកែ​មាន​ចិត្ត​ក្លាហាន ពី​ស្រុក​អ៊ីស្រា‌អែល បាន​ចំនួន​១​សែន​នាក់ អស់​ដំឡៃ​ជា​ប្រាក់​១០០​ហាប

7. តែ​មាន​អ្នក​សំណប់​របស់​ព្រះ​ម្នាក់​មក​គាល់​ទ្រង់​ទូល​ថា បពិត្រ​ព្រះ‌ករុណា​អើយ កុំ​បើក​ឲ្យ​ពល‌ទ័ព​របស់​ពួក​អ៊ីស្រា‌អែល ទៅ​ជា​មួយ​នឹង​ទ្រង់​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មិន​គង់​នៅ ជា​មួយ​នឹង​ពួក​អ៊ីស្រា‌អែល គឺ​នឹង​ពួក​កូន​ចៅ​អេប្រា‌អិម​ទាំង​អម្បាលម៉ាន​ទេ

8. តែ​បើ​ទ្រង់​នាំ​គេ​ទៅ នោះ​ស្រេច​នឹង​ព្រះ‌ទ័យ​ចុះ ត្រូវ​ខំ​ប្រឹង​ឲ្យ​មាន​កំឡាំង​ឡើង សំរាប់​នឹង​ច្បាំង​ទៅ ព្រះ​នឹង​ធ្វើ​ឲ្យ​ទ្រង់​ដួល​នៅ​មុខ​ពួក​ខ្មាំង​សត្រូវ ដ្បិត​ព្រះ​ទ្រង់​អាច​នឹង​ជួយ ឬ​ធ្វើ​ឲ្យ​ដួល​ក៏​បាន

9. រួច​អ័ម៉ា‌ស៊ីយ៉ា​ទ្រង់​សួរ​តប​ទៅ​អ្នក​សំណប់​របស់​ព្រះ​ថា ចុះ​ចំណែក​ប្រាក់​១០០​ហាប ដែល​យើង​បាន​ប្រគល់​ទៅ​ឲ្យ​ពួក​ទ័ព​អ៊ីស្រា‌អែល នោះ​ដូច​ម្តេច​ទៅ អ្នក​សំណប់​របស់​ព្រះ​ទូល​ឆ្លើយ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​អាច​នឹង​ប្រទាន ឲ្យ​ទ្រង់​បាន​ជា​ច្រើន​លើស​ជាង​នេះ​ទៅ​ទៀត

10. ដូច្នេះ អ័ម៉ា‌ស៊ីយ៉ា​ក៏​ញែក​គេ​ចេញ​ពី​គ្នា គឺ​ញែក​ពួក​ទ័ព​ដែល​មក​ពី​ស្រុក​អេប្រា‌អិម ឲ្យ​គេ​ត្រឡប់​ទៅ​ឯ​ផ្ទះ​វិញ គេ​ក៏​កើត​មាន​សេចក្ដី​កំហឹង​ឆួល​ក្តៅ​ឡើង​នឹង​ពួក​យូដា ហើយ​គេ​ត្រឡប់​ទៅ​វិញ ដោយ​សេចក្ដី​ឃោរ‌ឃៅ​ជា​ខ្លាំង

11. ឯ​អ័ម៉ា‌ស៊ីយ៉ា​ទ្រង់​មាន​ព្រះ‌ទ័យ​ក្លា​ឡើង ក៏​លើក​ទ័ព​ចេញ​ទៅ​ឯ​ច្រក​ភ្នំ​អំបិល ប្រហារ​សំឡាប់​ពួក​កូន​ចៅ​សៀរអស់​១​ម៉ឺន​នាក់

12. ហើយ​១​ម៉ឺន​ទៀត ពួក​កូន​ចៅ​យូដា ក៏​ចាប់​ទាំង​រស់​ដឹក‌នាំ​ទៅ​ឯ​កំពូល​ថ្ម​ភ្នំ បោះ​ទំលាក់​ទៅ​ក្រោម​ឲ្យ​បាក់​បែក​ខ្ទេច‌ខ្ទី​អស់​ទៅ

13. តែ​ឯ​ពួក​ទ័ព​ដែល​អ័ម៉ា‌ស៊ីយ៉ា​បាន​ឲ្យ​ទៅ​វិញ មិន​ឲ្យ​ទៅ​ច្បាំង​ជា​មួយ​នោះ គេ​ក៏​ចូល​ទៅ​វាយ​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ស្រុក​សា‌ម៉ា‌រី​រហូត​ដល់​ក្រុង​បេត-ហូរ៉ុន ប្រហារ​សំឡាប់​មនុស្ស​អស់​៣​ពាន់​នាក់ ហើយ​ចាប់​យក​របឹប​បាន​ជា​ច្រើន​ដែរ។

ស្តេច​អ័ម៉ា‌ស៊ីយ៉ា​ច្បាំង​ចាញ់​ស្តេច​ស្រុក​អ៊ីស្រា‌អែល

14. រីឯ​អ័ម៉ា‌ស៊ីយ៉ា កាល​ទ្រង់​ត្រឡប់​មក ពី​ការ​ប្រហារ​សំឡាប់​ពួក​អេដំម​វិញ នោះ​ទ្រង់​នាំ​យក​អស់​ទាំង​ព្រះ​របស់​ពួក​កូន​ចៅ​សៀរ​មក តាំង​ឡើង​ជា​ព្រះ​របស់​ទ្រង់ ក៏​ក្រាប​ថ្វាយ‌បង្គំ ហើយ​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ​ទាំង​អស់​នោះ

15. ហេតុ​នោះ​សេចក្ដី​ក្រេវ‌ក្រោធ​របស់​ព្រះ‌យេហូវ៉ា​បាន​ឆួល​ឡើង ទាស់​នឹង​អ័ម៉ា‌ស៊ីយ៉ា ក៏​ចាត់​ហោរា​ម្នាក់​ឲ្យ​ទៅ​ឯ​ទ្រង់​ទូល​ថា ម្តេច​ក៏​ទ្រង់​រក​តាម​ព្រះ​របស់​សាសន៍​នោះ ដែល​មិន​អាច​នឹង​ជួយ​ពួក​គេ ឲ្យ​រួច​ពី​កណ្តាប់​ព្រះ‌ហស្ត​ទ្រង់​ផង​ដូច្នេះ

16. គ្រា​កាល​លោក​កំពុង​តែ​ទូល​នឹង​ស្តេច​នៅ​ឡើយ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​កាត់​ថា តើ​យើង​បាន​តាំង​ឯង ឲ្យ​ធ្វើ​ជា​អ្នក​ជួយ​គំនិត​ស្តេច​ឬ ចូរ​នៅ​ស្ងៀម​ទៅ ឯង​ចង់​ឲ្យ​គេ​ប្រហារ​ឯង​បង់​ធ្វើ​អី ដូច្នេះ លោក​ក៏​លែង​ពោល ដោយ​ពាក្យ​នេះ​ថា ទូល‌បង្គំ​ដឹង​ពិត​ថា ព្រះ​ទ្រង់​បាន​សំរេច​នឹង​បំផ្លាញ​ព្រះ‌ករុណា​ទៅ ដោយ​ព្រោះ​បាន​ធ្វើ​អំពើ​យ៉ាង​នេះ ហើយ​មិន​ស្តាប់​តាម​សេចក្ដី​ដាស់‌តឿន​របស់​ទូល‌បង្គំ។

17. នៅ​គ្រា​នោះ អ័ម៉ា‌ស៊ីយ៉ា ជា​ស្តេច​យូដា ទ្រង់​ទទួល​ព្រម​តាម​សេចក្ដី​ប្រឹក្សា​របស់​គេ ក៏​ចាត់​សារ​ឲ្យ​ទៅ​ឯ​យ៉ូអា‌ហាស ដែល​ជា​បុត្រា​យេហ៊ូវ ស្តេច​ពួក​អ៊ីស្រា‌អែល​ថា ចូរ​ចេញ​មក យើង​មើល​មុខ​គ្នា

18. តែ​យ៉ូអាស ជា​ស្តេច​អ៊ីស្រា‌អែល ទ្រង់​ចាត់​សារ​ទៅ​ឯ​អ័ម៉ា‌ស៊ីយ៉ា ជា​ស្តេច​យូដា​វិញ​ថា ដើម​បន្លា​ដែល​ដុះ​នៅ​លើ​ភ្នំ​ល្បាណូន បាន​ចាត់​សារ​ទៅ​ឯ​ដើម​តាត្រៅ​នៅ​ភ្នំ​ល្បាណូន​ថា ចូរ​លើក​កូន​ស្រី​ឯង​មក ឲ្យ​ធ្វើ​ជា​ប្រពន្ធ​របស់​កូន​ប្រុស​អញ ក៏​មាន​សត្វ​ព្រៃ​ដែល​នៅ​ភ្នំ​ល្បាណូន​មក​តាម​នោះ ជាន់​ឈ្លី​ដើម​បន្លា​នោះ​ទៅ

19. ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល យើង​បាន​វាយ​ឈ្នះ​ពួក​សាសន៍​អេដំម ហើយ​ព្រះ‌ទ័យ​ទ្រង់​បាន​ដំកើង​ទ្រង់​ឡើង​ឲ្យ​បាន​អួត​ខ្លួន ចូរ​នៅ​ឯ​ដំណាក់​ទ្រង់​ទៅ តើ​ចង់​រក​រឿង ដែល​នឹង​នាំ​ឲ្យ​មាន​អន្តរាយ ឲ្យ​ទ្រង់​ត្រូវ​ដួល ព្រម​ទាំង​ពួក​យូដា​ផង​ធ្វើ​អី។

20. តែ​អ័ម៉ា‌ស៊ីយ៉ា​ទ្រង់​មិន​ព្រម​ស្តាប់​តាម​ទេ ដ្បិត​ការ​នោះ​កើត​មក​ពី​ព្រះ ដើម្បី​ឲ្យ​ទ្រង់​បាន​ប្រគល់​សាសន៍​យូដា ទៅ​ក្នុង​កណ្តាប់​ដៃ​គេ ដោយ​ព្រោះ​បាន​ស្វែង​រក​តាម​អស់​ទាំង​ព្រះ​របស់​សាសន៍​អេដំម

21. ដូច្នេះ យ៉ូអាស ជា​ស្តេច​អ៊ីស្រា‌អែល ទ្រង់​ក៏​យាង​ឡើង​ទៅ រួច​ទ្រង់ និង​អ័ម៉ា‌ស៊ីយ៉ា​ជា​ស្តេច​យូដា ក៏​មើល​មុខ​គ្នា នៅ​ត្រង់​ក្រុង​បេត-សេមែស​ជា​ក្រុង​របស់​ពួក​យូដា

22. ពួក​យូដា​ក៏​ចាញ់​ពួក​អ៊ីស្រា‌អែល​ហើយ​រត់​ទៅ​ឯ​ទី​លំនៅ​គេ​រៀង​ខ្លួន​វិញ

23. ឯ​យ៉ូអាស ជា​ស្តេច​អ៊ីស្រា‌អែល ទ្រង់​ចាប់​អ័ម៉ា‌ស៊ីយ៉ា ស្តេច​យូដា ជា​បុត្រ​យ៉ូអាស ដែល​ជា​បុត្រ​អ័ហា‌ស៊ីយ៉ា នៅ​ត្រង់​បេត-សេមែស​បាន ក៏​នាំ​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ហើយ​រំលំ​កំផែង​ក្រុង​យេរូ‌សាឡិម ចាប់​តាំង​ពី​ទ្វារ​អេប្រា‌អិម រហូត​ដល់​ទ្វារ​ជ្រុង​កំផែង​អស់​៤០០​ហត្ថ

24. ទ្រង់​ក៏​យក​អស់​ទាំង​មាស ប្រាក់ និង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ដែល​ឃើញ​មាន នៅ​ក្រោម​អំណាច​អូបិឌ-អេដំម ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ ហើយ​នៅ​ក្នុង​ព្រះ‌រាជ‌ទ្រព្យ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ចាប់​មនុស្ស​បញ្ចាំ​ទុក រួច​នាំ​ទាំង​អស់​ត្រឡប់​ទៅ​ឯ​ក្រុង​សា‌ម៉ា‌រី​វិញ។

ចុង​បញ្ចប់​នៃ​រជ្ជ‌កាល​ស្តេច​អ័ម៉ា‌ស៊ីយ៉ា

25. ក្រោយ​ដែល​យ៉ូអាស ជា​បុត្រា​យ៉ូអា‌ហាស ស្តេច​អ៊ីស្រា‌អែល​បាន​សុគត​ហើយ នោះ​អ័ម៉ា‌ស៊ីយ៉ា ជា​បុត្រា​យ៉ូអាស ស្តេច​យូដា ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ​បាន​១៥​ឆ្នាំ​ទៀត

26. រីឯ​ដំណើរ​ទៀត ពី​អ័ម៉ា‌ស៊ីយ៉ា ទាំង​មុន​ទាំង​ក្រោយ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ពី​ពួក​ស្តេច​យូដា និង​អ៊ីស្រា‌អែល​ហើយ

27. រីឯ​អ័ម៉ា‌ស៊ីយ៉ា ចាប់​តាំង​ពី​វេលា​ដែល​ទ្រង់​បាន​បែរ​ចេញ លែង​តាម​ព្រះ‌យេហូវ៉ា​ទៅ នោះ​មាន​គេ​កើត​មាន​គំនិត​គិត​ក្បត់​នឹង​ទ្រង់ នៅ​ក្រុង​យេរូ‌សាឡិម ទ្រង់​ក៏​រត់​ទៅ​ឯ​ក្រុង​ឡាគីស តែ​គេ​ចាត់​មនុស្ស​ឲ្យ​ទៅ​តាម ហើយ​ធ្វើ​គុត​ទ្រង់ នៅ​ទី​នោះ

28. រួច​គេ​នាំ​យក​សព​ទ្រង់​ដាក់​លើ​សេះ​មក​វិញ បញ្ចុះ​នៅ​ក្រុង​ដាវីឌ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់​ទៅ។