ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 30 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ស្តេច​ហេសេគា​កោះ​ហៅ​ប្រជា‌ជន​មក​ធ្វើ​ពិធី​បុណ្យ​ចម្លង​នៅ​ក្រុង​យេរូ‌សាឡិម

1. ហេសេគា​ក៏​ចាត់​គេ ឲ្យ​ទៅ​ឯ​ពួក​អ៊ីស្រា‌អែល ហើយ​នឹង​ពួក​យូដា​ទាំង​អស់ ក៏​ផ្ញើ​ព្រះ‌រាជ‌សាសន៍​ដល់​ពួក​អេប្រា‌អិម និង​ពួក​ម៉ាន៉ាសេ ឲ្យ​មក​ឯ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​ធ្វើ​បុណ្យ​រំលង​ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល

2. ដ្បិត​ស្តេច​នឹង​ពួក​អ្នក​ជា​ប្រធាន ហើយ​នឹង​ពួក​ជំនុំ​ទាំង​អស់​គ្នា ដែល​នៅ​ក្រុង​យេរូ‌សាឡិម បាន​ប្រឹក្សា​សំរេច​នឹង​ធ្វើ​បុណ្យ​រំលង​នៅ​ខែ​ទី​២

3. ពី​ព្រោះ​គេ​ធ្វើ​នៅ​វេលា​នោះ​ឯង​ពុំ​បាន ដោយ​ព្រោះ​ពួក​សង្ឃ​មិន​ទាន់​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ ឲ្យ​បាន​គ្នា​ល្មម​នៅ​ឡើយ ហើយ​ពួក​បណ្តា‌ជន​ក៏​មិន​ទាន់​បាន​មូល​គ្នា​នៅ​ក្រុង​យេរូ‌សាឡិម​ផង

4. តែ​ដំណើរ​នោះ ស្តេច​ព្រម​ទាំង​ពួក​ជំនុំ​ទាំង​អស់​គ្នា ក៏​យល់​ឃើញ​ថា​ត្រឹម‌ត្រូវ​ដែរ

5. ដូច្នេះ ក៏​ចេញ​ច្បាប់ ឲ្យ​ប្រកាស​ប្រាប់ នៅ​ពេញ​ក្នុង​ស្រុក​អ៊ីស្រា‌អែល ចាប់​តាំង​ពី​ក្រុង​បៀរ-សេបា រហូត​ដល់​ក្រុង​ដាន់​ឲ្យ​មក​ធ្វើ​បុណ្យ​រំលង​ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល នៅ​ក្រុង​យេរូ‌សាឡិម ដ្បិត​ជា​យូរ‌យារ​មក​ហើយ គេ​មិន​បាន​ធ្វើ​បុណ្យ​នោះ ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​មក​នោះ​ទេ

6. ដូច្នេះ ពួក​រត់​សំបុត្រ​ក៏​ទទួល​យក​សំបុត្រ​ពី​ព្រះ‌ហស្ត​ស្តេច និង​ពី​ពួក​អ្នក​ជា​ប្រធាន ចេញ​ទៅ​ពេញ​ក្នុង​ស្រុក​អ៊ីស្រា‌អែល និង​ស្រុក​យូដា តាម​បង្គាប់​ស្តេច​ដោយ​ពាក្យ​ថា ពួក​កូន​ចៅ​អ៊ីស្រា‌អែល​អើយ ចូរ​ត្រឡប់​មក​ឯ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ័ប្រា‌ហាំ នៃ​អ៊ីសាក និង​អ៊ីស្រា‌អែល​វិញ ដើម្បី​ឲ្យ​ទ្រង់​បាន​វិល​មក​ឯ​សំណល់​ពួក​អ្នក​រាល់​គ្នា ដែល​បាន​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ស្តេច​ស្រុក​អាស‌ស៊ើរ

7. កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ដូច​ជា​ពួក​ឪពុក និង​ពួក​បង​ប្អូន​អ្នក​រាល់​គ្នា ដែល​រំលង​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អយ្យកោ​គេ ដល់​ម៉្លេះ​បាន​ជា​ទ្រង់​បោះ‌បង់​ចោល​គេ​ឲ្យ​ត្រូវ​វិង‌ស៊ុង ដូច​ជា​ឯង​រាល់​គ្នា​បាន​ឃើញ​ស្រាប់​នោះ​ឡើយ

8. ឥឡូវ​នេះ កុំ​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចិត្ត​រឹង‌រូស ដូច​ជា​ឪពុក​អ្នក​រាល់​គ្នា​ឡើយ គឺ​ត្រូវ​ឲ្យ​ប្រគល់​ខ្លួន​ដល់​ព្រះ‌យេហូវ៉ា​វិញ ហើយ​ចូល​មក​ក្នុង​ទី​បរិសុទ្ធ​របស់​ទ្រង់ ដែល​ទ្រង់​បាន​ញែក​ជា​បរិសុទ្ធ​ទុក​ជា​ដរាប​ទៅ ហើយ​ត្រូវ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​សេចក្ដី​ក្រោធ​របស់​ទ្រង់​បាន​បែរ​ពី​អ្នក​រាល់​គ្នា​ទៅ

9. ដ្បិត​បើ​អ្នក​រាល់​គ្នា​វិល​មក​ឯ​ព្រះ‌យេហូវ៉ា​វិញ នោះ​ទាំង​បង​ប្អូន និង​កូន​ចៅ​អ្នក​រាល់​គ្នា​ផង នឹង​បាន​សេចក្ដី​មេត្តា‌ករុណា នៅ​ចំពោះ​ពួក​អ្នក​ដែល​បាន​នាំ​ឯង​ទៅ​ជា​ឈ្លើយ ហើយ​នឹង​ត្រឡប់​វិល​មក​ឯ​ស្រុក​នេះ​វិញ ពី​ព្រោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​ទន់​សន្តោស ហើយ​មេត្តា‌ករុណា បើ‌សិន​ជា​អ្នក​រាល់​គ្នា​វិល​មក​ឯ​ទ្រង់​វិញ នោះ​ទ្រង់​នឹង​មិន​បែរ​ព្រះ‌ភក្ត្រ​ចេញ​ពី​អ្នក​រាល់​គ្នា​ឡើយ។

10. ដូច្នេះ ពួក​រត់​សំបុត្រ ក៏​ទៅ​ពី​ក្រុង​១​ដល់​ក្រុង​១​កាត់​ទាំង​ស្រុក​អេប្រា‌អិម និង​ស្រុក​ម៉ាន៉ាសេ​ផង រហូត​ដល់​ស្រុក​សាប់‌យូ‌ល៉ូន តែ​អ្នក​ស្រុក​ទាំង​នោះ គេ​សើច​ឡក​ឲ្យ ហើយ​មើល‌ងាយ​ផង

11. ប៉ុន្តែ​មាន​មនុស្ស​ខ្លះ​ក្នុង​ពួក​អេស៊ើរ ពួក​ម៉ាន៉ាសេ និង​ពួក​សាប់‌យូ‌ល៉ូន ដែល​បន្ទាប​ខ្លួន​ក៏​មក​ឯ​ក្រុង​យេរូ‌សាឡិម​ដែរ

12. ហើយ​ព្រះ‌ហស្ត​នៃ​ព្រះ​ក៏​មក បណ្តាល​ឲ្យ​ពួក​យូដា​មាន​ចិត្ត​ព្រម‌ព្រៀង​គ្នា នឹង​ធ្វើ​តាម​បង្គាប់​នៃ​ស្តេច និង​ពួក​អ្នក​ជា​ប្រធាន តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

ស្តេច​ហេសេគា​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល

13. ដូច្នេះ មាន​មនុស្ស​ជា​ច្រើន​មក​ប្រជុំ​គ្នា នៅ​ក្រុង​យេរូ‌សាឡិម ជា​ជំនុំ​យ៉ាង​ធំ ដើម្បី​នឹង​ធ្វើ​បុណ្យ​នំបុ័ង​ឥត​ដំបែរ​នៅ​ខែ​ទី​២​នោះ

14. គេ​ក៏​ប្រុង‌ប្រៀប​នាំ​គ្នា​ទៅ​យក​អស់​ទាំង​អាស‌នា ដែល​នៅ​ក្រុង​យេរូ‌សាឡិម និង​ទាំង​អាស‌នា ទាំង​ប៉ុន្មាន ដែល​សំរាប់​ដុត​កំញាន បោះ​ចោល​ទៅ​ក្នុង​ជ្រោះ​កេដ្រុន

15. រួច​សំឡាប់​ចៀម​ធ្វើ​បុណ្យ​រំលង នៅ​ថ្ងៃ​១៤​ក្នុង​ខែ​ពិសាខ ឯ​ពួក​សង្ឃ និង​ពួក​លេវី គេ​មាន​សេចក្ដី​ខ្មាស ក៏​មក​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ រួច​យក​ដង្វាយ​ដុត​មក ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

16. គេ​ក៏​ឈរ​នៅ​កន្លែង​របស់​គេ តាម​របៀប តាម​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ជា​អ្នក​សំណប់​របស់​ព្រះ គឺ​ពួក​សង្ឃ​គេ​ទទួល​ឈាម ពី​ដៃ​ពួក​លេវី​យក​ទៅ​ប្រោះ

17. ដ្បិត​មាន​គ្នា​ច្រើន​ក្នុង​ជំនុំ​នោះ​ដែល​មិន​ទាន់​ញែក​ខ្លួន​ជា​បរិសុទ្ធ​នៅ​ឡើយ ដូច្នេះ ពួក​លេវី​ត្រូវ​ត្រួត​លើ​ការ​សំឡាប់​ចៀម​ធ្វើ​បុណ្យ​រំលង ឲ្យ​អស់​អ្នក​ណា​ដែល​មិន​ស្អាត ដើម្បី​នឹង​ញែក​គេ​ចេញ​ជា​បរិសុទ្ធ​ថ្វាយ​ព្រះ‌យេហូវ៉ា

18. មាន​បណ្តា‌ជន​យ៉ាង​សន្ធឹក​ក្នុង​ពួក​អេប្រា‌អិម ពួក​ម៉ាន៉ាសេ ពួក​អ៊ីសាខារ និង​ពួក​សាប់‌យូ‌ល៉ូន ដែល​មិន​បាន​សំអាត​ខ្លួន​ទេ ប៉ុន្តែ​គេ​បាន​បរិភោគ​បុណ្យ​រំលង​នោះ​ដែរ ខុស​នឹង​របៀប​ដែល​ចែង​ទុក​មក ប៉ុន្តែ​ហេសេគា​ទ្រង់​អធិ‌ស្ឋាន​ឲ្យ​គេ​ថា

19. សូម​ព្រះ‌យេហូវ៉ា​ដ៏​ប្រកប​ដោយ​ករុណា​គុណ ទ្រង់​អត់​ទោស​ដល់​អស់​អ្នក​ណា​ដែល​តាំង​ចិត្ត​ស្វែង​រក​ព្រះ គឺ​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អយ្យកោ​គេ ទោះ​បើ​មិន​បាន​សំអាត​ខ្លួន តាម​របៀប​នៃ​ទី​បរិសុទ្ធ​ក៏​ដោយ

20. ព្រះ‌យេហូវ៉ា​ក៏​ស្តាប់​តាម​ហេសេគា​ទ្រង់​ប្រោស​ឲ្យ​គេ​បាន​ជា

21. ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​បាន​មក​ឯ​ក្រុង​យេរូ‌សាឡិម គេ​ធ្វើ​បុណ្យ​នំបុ័ង​ឥត​ដំបែ​នោះ​អស់​៧​ថ្ងៃ ដោយ​សេចក្ដី​រីក‌រាយ​ជា​ខ្លាំង ហើយ​ពួក​លេវី និង​ពួក​សង្ឃ ក៏​ច្រៀង​សរសើរ​ថ្វាយ​ព្រះ‌យេហូវ៉ា រាល់ៗ​ថ្ងៃ ផ្សំ​ដោយ​ភ្លេង​មាន​សូរ​យ៉ាង​ខ្លាំង ថ្វាយ​ព្រះ‌យេហូវ៉ា

22. ឯ​ហេសេគា​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ព្រលួង‌ព្រលោម​ចិត្ត​នៃ​ពួក​លេវី​ទាំង​ប៉ុន្មាន ដែល​មាន​ចំណេះ​ចេះ​ស្ទាត់​ក្នុង​ការ‌ងារ​នៃ​ព្រះ‌យេហូវ៉ា យ៉ាង​នោះ​គេ​បាន​បរិភោគ​គ្រប់​ទាំង​៧​ថ្ងៃ​នៃ​បុណ្យ​នោះ ហើយ​បាន​ថ្វាយ​យញ្ញ‌បូជា​ទុក​ជា​ដង្វាយ​មេត្រី ព្រម​ទាំង​លន់‌តួ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អយ្យកោ​គេ។

23. ពួក​ជំនុំ​ទាំង​អស់​គ្នា​ក៏​ប្រឹក្សា សំរេច​នឹង​ធ្វើ​បុណ្យ​នោះ​៧​ថ្ងៃ​ទៀត ដូច្នេះ គេ​ក៏​ធ្វើ​៧​ថ្ងៃ​ទៀត ដោយ​រីក‌រាយ​សប្បាយ

24. ដ្បិត​ហេសេគា ជា​ស្តេច​យូដា ទ្រង់​បាន​ប្រទាន​គោ​១​ពាន់ និង​ចៀម​៧​ពាន់ ដល់​ពួក​ជំនុំ​សំរាប់​ជា​ដង្វាយ ហើយ​ពួក​អ្នក​ជា​ប្រធាន​ក៏​ឲ្យ​គោ​១​ពាន់ និង​ចៀម​១​ម៉ឺន​ដល់​គេ​ដែរ ក៏​មាន​ពួក​សង្ឃ​ជា​ច្រើន​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ

25. នោះ​ជំនុំ​ទាំង​មូល​នៃ​ពួក​យូដា ព្រម​ទាំង​ពួក​សង្ឃ និង​ពួក​លេវី ហើយ​ពួក​ជំនុំ​ទាំង​ប៉ុន្មាន ដែល​មក​ពី​ស្រុក​អ៊ីស្រា‌អែល និង​ពួក​អ្នក​ដែល​បាន​ចេញ​ពី​ស្រុក​អ៊ីស្រា‌អែល មក​តាំង​ទី​លំនៅ ក្នុង​ស្រុក​យូដា គេ​ក៏​នាំ​គ្នា​អរ​សប្បាយ​ឡើង

26. ដូច្នេះ មាន​សេចក្ដី​អំណរ​ជា​ខ្លាំង នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម ដ្បិត​ចាប់​តាំង​ពី​គ្រា​សាឡូ‌ម៉ូន បុត្រ​ដាវីឌ ជា​ស្តេច​អ៊ីស្រា‌អែល​មក នោះ​មិន​ដែល​មាន​ការ​យ៉ាង​នោះ នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​ឡើយ

27. រួច​មក​ពួក​សង្ឃ និង​ពួក​លេវី ក៏​ក្រោក​ឡើង​ឲ្យ​ពរ​ដល់​ជន​ទាំង‌ឡាយ ឯ​សេចក្ដី​អធិ‌ស្ឋាន​របស់​គេ ក៏​ឡើង​ទៅ​ដល់​ទី​លំនៅ​បរិសុទ្ធ​របស់​ព្រះ គឺ​ដល់​ស្ថាន​សួគ៌​តែ​ម្តង ហើយ​ទ្រង់​ក៏​ទទួល​ស្តាប់​តាម។