ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 32 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ព្រះ‌ចៅ​សាន‌ហេ‌រីប​ឈ្លាន‌ពាន​អាណា‌ចក្រ​យូដា

1. ក្រោយ​គ្រប់​ទាំង​ការ ជា​អំពើ​ស្មោះ‌ត្រង់​ទាំង​នោះ​មក នោះ​សាន‌ហេ‌រីប ជា​ស្តេច​ស្រុក​អាស‌ស៊ើរ ទ្រង់​ទន្ទ្រាន​ចូល​មក​ក្នុង​ស្រុក​យូដា បោះ​ទ័ព​ច្បាំង និង​អស់​ទាំង​ទី​ក្រុង​មាន​បន្ទាយ ដោយ​ប្រាថ្នា​ចង់​ចាប់​យក​ទី​ក្រុង​ទាំង​នោះ

2. កាល​ហេសេគា​ទ្រង់​ឃើញ​ថា សាន‌ហេ‌រីប​បាន​មក​ដូច្នោះ ហើយ​មុខ​ជា​គិត​មក​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម​ដែរ

3. នោះ​ទ្រង់​ក៏​ប្រឹក្សា​នឹង​ពួក​អ្នក​ជា​ប្រធាន ហើយ​នឹង​ពួក​មនុស្ស​ខ្លាំង​ពូកែ​របស់​ទ្រង់ សំរេច​នឹង​ទប់​ប្រឡាយ​ទឹក​ទាំង​ប៉ុន្មាន ដែល​នៅ​ខាង​ក្រៅ​ទី​ក្រុង ហើយ​ពួក​អ្នក​ទាំង​នោះ​ក៏​ជួយ

4. គេ​ប្រមូល​មនុស្ស​ជា​ច្រើន​មក​ទប់​អស់​ទាំង​ប្រឡាយ​ទឹក និង​ជ្រោះ​ទឹក​ដែល​ហូរ​កាត់​ស្រុក​នោះ ដោយ​និយាយ​គ្នា​ថា នឹង​ទុក​ឲ្យ​ពួក​ស្តេច​អាស‌ស៊ើរ​មក​ដល់​ទី​នេះ​ឃើញ​មាន​ទឹក​ជា​ច្រើន​ធ្វើ​អី

5. ទ្រង់​មាន​ព្រះ‌ទ័យ​ក្លា​ឡើង​ក៏​សង់​កំផែង​ដែល​បាក់​បែក​ឡើង​វិញ ហើយ​ឲ្យ​ស្មើ​នឹង​ប៉ម​ទាំង​ប៉ុន្មាន ព្រម​ទាំង​សង់​កំផែង​មួយ​ទៀត នៅ​ខាង​ក្រៅ ហើយ​ធ្វើ​ឲ្យ​ប៉ម​មីឡូរ ដែល​នៅ​ក្នុង​ក្រុង​ដាវីឌ បាន​មាំ‌មួន​ឡើង​ផង ក៏​ធ្វើ​គ្រឿង​សស្ត្រា‌វុធ និង​ខែល​ជា​បរិបូរ

6. ទ្រង់​តាំង​ឲ្យ​មាន​មេ​ក្រសួង​សឹក​ត្រួត​លើ​បណ្តា‌ជន ក៏​ប្រមូល​ជន​ទាំង‌ឡាយ​មក​ឯ​ទ្រង់ នៅ​ទីធ្លា​ត្រង់​មាត់​ទ្វារ​ទី​ក្រុង មាន​ព្រះ‌បន្ទូល​កំសាន្ត​ចិត្ត​គេ​ថា

7. ចូរ​មាន​កំឡាំង​ឡើង ហើយ​ចិត្ត​ក្លាហាន​ចុះ កុំ​ឲ្យ​ភ័យ​ខ្លាច ឬ​ស្រយុត​ចិត្ត ដោយ​ព្រោះ​ស្តេច​អាស‌ស៊ើរ និង​ពួក​ពល​ទាំង​ហ្វូង ដែល​មក​ជា​មួយ​នោះ​ឡើយ ដ្បិត​នៅ​ខាង​យើង មាន​១​អង្គ​ដែល​ពូកែ​ជាង​ពួក​គេ​ទៅ​ទៀត

8. ចំណែក​គេ មាន​តែ​ដៃ​ខាង​សាច់​ឈាម​ប៉ុណ្ណោះ តែ​ខាង​យើង​វិញ មាន​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា សំរាប់​នឹង​ជួយ ហើយ​ធ្វើ​ចំបាំង​ជំនួស​យើង ពួក​បណ្តា‌ជន​ក៏​ផ្អែក​ចិត្ត​ទៅ​លើ​ព្រះ‌បន្ទូល​នៃ​ហេសេគា ជា​ស្តេច​យូដា។

ការ​គំរាម‌កំហែង​របស់​ស្តេច​ស្រុក​អាស្ស៊ីរី​មក​លើ​ក្រុង​យេរូ‌សាឡិម

9. ក្រោយ​នោះ​មក​សាន‌ហេ‌រីប ជា​ស្តេច​អាស‌ស៊ើរ​ទ្រង់​ចាត់​រាជ‌ទូត ទៅ​ឯ​ក្រុង​យេរូ‌សាឡិម (ចំណែក​ឯ​ទ្រង់ និង​ពល‌ទ័ព​ទាំង​អស់​របស់​ទ្រង់ ក៏​នៅ​មុខ​ក្រុង​ឡាគីស) រាជ‌ទូត​នោះ​ក៏​មក​ឯ​ហេសេគា ជា​ស្តេច​យូដា និង​ពួក​យូដា​ទាំង​ប៉ុន្មាន ជា​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម និយាយ​ថា

10. សាន‌ហេ‌រីប ជា​ស្តេច​អាស‌ស៊ើរ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា តើ​ឯង​រាល់​គ្នា​ទុក​ចិត្ត​អាង​ដល់​អ្វី បាន​ជា​ចេះ​តែ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​នេះ ចង់​ឲ្យ​យើង​មក​ឡោម‌ព័ទ្ធ​ឯង​ដូច្នេះ

11. តើ​ហេសេគា​មិន​បញ្ចុះ‌បញ្ចូល​ឯង​រាល់​គ្នា ដើម្បី​តែ​នឹង​ប្រគល់​ឯង​ឲ្យ​ត្រូវ​ស្លាប់ ដោយ​អត់​បាយ អត់​ទឹក​ទេ​ឬ​អី ដោយ​ពាក្យ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​នឹង​ប្រោស​ឲ្យ​យើង​រួច​ពី​កណ្តាប់​ដៃ​នៃ​ស្តេច​អាស‌ស៊ើរ

12. តើ​មិន​មែន​ហេសេគា​នេះ​ឯង ដែល​បាន​បំបាត់​អស់​ទាំង​ទី​ខ្ពស់ និង​អាស‌នា​របស់​ព្រះ​នោះ​ទេ​ឬ​អី ហើយ​ក៏​បាន​បង្គាប់​ពួក​យូដា និង​ពួក​ក្រុង​យេរូ‌សាឡិម​ថា ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ថ្វាយ‌បង្គំ​នៅ​មុខ​អាស‌នា​១​នេះ​តែ​ប៉ុណ្ណោះ ព្រម​ទាំង​ដុត​កំញាន​នៅ​លើ​នោះ​ផង

13. ឯង​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​អី ពី​ការ​ដែល​អញ និង​បិតា​អញ​បាន​ធ្វើ ដល់​អស់​ទាំង​សាសន៍ ដែល​នៅ​ស្រុក​ឯ​ទៀត​ទាំង​ប៉ុន្មាន ឯ​ព្រះ​ទាំង​ប៉ុន្មាន​របស់​សាសន៍​ដទៃ ដែល​នៅ​គ្រប់​ស្រុក​ទាំង​នោះ តើ​អាច​នឹង​ជួយ​ស្រុក​គេ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​អញ​បាន​ឬ​ទេ

14. តើ​មាន​ព្រះ​ណា​មួយ​ក្នុង​ពួក​ព្រះ​របស់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ដែល​បិតា​អញ​បាន​បំផ្លាញ​អស់​រលីង​នោះ បាន​អាច​នឹង​ជួយ​សាសន៍​គេ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​អញ​បាន​ឬ បាន​ជា​ព្រះ​របស់​ឯង​រាល់​គ្នា​នឹង​ជួយ​ឯង​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​អញ​ទៅ​បាន

15. ដូច្នេះ កុំ​ឲ្យ​ហេសេគា​ល្បួង​បញ្ឆោត​ឯង​រាល់​គ្នា ឬ​បញ្ចុះ​បញ្ចូល​ឯង​បែប​យ៉ាង​នេះ​ទៀត​ឡើយ កុំ​ឲ្យ​ជឿ​ឲ្យ​សោះ ដ្បិត​គ្មាន​ព្រះ​ណា​មួយ​របស់​សាសន៍ ឬ​នគរ​ឯ​ណា ដែល​បាន​អាច​នឹង​ជួយ​រាស្ត្រ​គេ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​អញ ឬ​ពី​កណ្តាប់​ដៃ​នៃ​បិតា​អញ​បាន​ឡើយ ចំណង់​បើ​ព្រះ​របស់​ឯង​រាល់​គ្នា តើ​នឹង​ជួយ​ឲ្យ​ឯង​រាល់​គ្នា​រួច​ពី​កណ្តាប់​ដៃ​អញ​ឯ​ណា​បាន។

16. ពួក​រាជ‌ទូត​របស់​ស្តេច​នោះ ក៏​ប្រមាថ​មើល‌ងាយ​ដល់​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ និង​ហេសេគា ជា​អ្នក​បំរើ​ទ្រង់​ជា​ច្រើន​ត​ទៅ​ទៀត។

ព្រះ‌ចៅ​សាន‌ហេ‌រីប​ប្រមាថ​ព្រះ‌អម្ចាស់

17. ក៏​ធ្វើ​សំបុត្រ​មួល‌បង្កាច់​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ព្រម​ទាំង​ពោល​ទាស់​នឹង​ព្រះ ដោយ​ថា ឯ​ព្រះ​របស់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន នៅ​ស្រុក​ផ្សេងៗ មិន​បាន​ជួយ​រាស្ត្រ​គេ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​អញ​យ៉ាង​ណា នោះ​ព្រះ​របស់​ហេសេគា ក៏​មិន​អាច​នឹង​ជួយ​រាស្ត្រ​ខ្លួន ឲ្យ​រួច​ពី​កណ្តាប់​ដៃ​អញ​បាន​ដូច្នោះ​ដែរ

18. ពួក​ទូត​នោះ​ក៏​ស្រែក​យ៉ាង​ខ្លាំង ជា​ភាសា​របស់​ពួក​យូដា ដល់​ពួក​ក្រុង​យេរូ‌សាឡិម ដែល​នៅ​លើ​កំផែង ដើម្បី​នឹង​គំរាម​បំភ័យ​ឲ្យ​គេ​វល់​គំនិត ប្រយោជន៍​ឲ្យ​អាច​នឹង​យក​ទី​ក្រុង​បាន

19. គេ​បាន​និយាយ​ពី​ព្រះ​នៃ​ក្រុង​យេរូ‌សាឡិម ទុក​ដូច​ជា​អស់​ទាំង​ព្រះ​របស់​សាសន៍​ដទៃ ទាំង​ប៉ុន្មាន​នៅ​ផែនដី ជា​ព្រះ​ដែល​ជា​ស្នាដៃ​របស់​មនុស្ស​លោក​ទេ។

ជន‌ជាតិ​អាស្ស៊ីរី​បាក់​ទ័ព​ព្រះ‌ចៅ​សាន‌ហេ‌រីប​សោយ​ទិវង្គត

20. ដូច្នេះ ស្តេច​ហេសេគា និង​ហោរា​អេសាយ ជា​កូន​អ័ម៉ូស ក៏​អធិស្ឋាន​ពី​ដំណើរ​នោះ ហើយ​អំពាវ‌នាវ​ដល់​ស្ថាន​សួគ៌

21. រួច​ព្រះ‌យេហូវ៉ា​ទ្រង់​ចាត់​ទេវតា​ឲ្យ​មក​បំផ្លាញ​មនុស្ស​ខ្លាំង​ពូកែ ដែល​មាន​ចិត្ត​ក្លាហាន​ក្នុង​ទី​បោះ​ទ័ព​របស់​ស្តេច​អាស‌ស៊ើរ ព្រម​ទាំង​ពួក​អ្នក​នាំ​មុខ និង​ពួក​មេ‌ទ័ព​ទាំង​អស់​ទៅ នោះ​ស្តេច​ទ្រង់​ក៏​វិល​ទៅ​ឯ​នគរ​របស់​ទ្រង់​វិញ ដោយ​សេចក្ដី​អៀន‌ខ្មាស ហើយ​កាល​ទ្រង់​បាន​ចូល​ទៅ​ក្នុង​វិហារ​នៃ​ព្រះ​របស់​ទ្រង់ នោះ​បុត្រ​បង្កើត​របស់​ទ្រង់​ក៏​ធ្វើ​គុត​ទ្រង់ ដោយ​ដាវ​នៅ​ទី​នោះ

22. គឺ​យ៉ាង​នោះ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ជួយ​សង្គ្រោះ​ហេសេគា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​សាន‌ហេ‌រីប ជា​ស្តេច​ស្រុក​អាស‌ស៊ើរ ហើយ​ពី​កណ្តាប់​ដៃ​នៃ​សត្រូវ​ឯ​ទៀត ព្រម​ទាំង​ការ‌ពារ​គេ​នៅ​គ្រប់​ទិស​ផង

23. ក៏​មាន​មនុស្ស​ជា​ច្រើន​នាំ​យក​ដង្វាយ​មក ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា នៅ​ក្រុង​យេរូ‌សាឡិម និង​របស់​មាន​ដំឡៃ​ផ្សេងៗ ថ្វាយ​ដល់​ហេសេគា​ជា​ស្តេច​យូដា​ដែរ ដល់​ម៉្លេះ​បាន​ជា​ទ្រង់​បាន​ថ្កុំ‌ថ្កើង​ឡើង​នៅ​ភ្នែក​នៃ​អស់​ទាំង​សាសន៍​ដទៃ​ត​រៀង​ទៅ។

ចុង​រជ្ជ‌កាល​ស្តេច​ហេសេគា

24. នៅ​គ្រា​នោះ ហេសេគា​ទ្រង់​ចាប់​ប្រឈួន​ជា​ធ្ងន់​ហៀប​នឹង​សុគត តែ​ទ្រង់​អធិ‌ស្ឋាន​ដល់​ព្រះ‌យេហូវ៉ា ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក ព្រម​ទាំង​ប្រាប់​ទី​សំគាល់​ដល់​ស្តេច

25. ប៉ុន្តែ​ហេសេគា​ទ្រង់​មិន​បាន​សង​ព្រះ‌គុណ​តាម​ដែល​ព្រះ​បាន​ប្រោស​ដល់​ទ្រង់​នោះ​ទេ ដ្បិត​ទ្រង់​មាន​ព្រះ‌ទ័យ​កំរើក​ធំ​ឡើង បាន​ជា​មាន​សេចក្ដី​ក្រោធ​មក​គ្រប​លើ​ទ្រង់ និង​ពួក​យូដា ហើយ​ពួក​ក្រុង​យេរូ‌សាឡិម​វិញ

26. ប៉ុន្តែ​ហេសេគា​ទ្រង់​បាន​បន្ទាប​ព្រះ‌ទ័យ​ចុះ ពី​ការ​ដែល​មាន​ចិត្ត​ធំ​នោះ​ទៅ ព្រម​ទាំង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ផង បាន​ជា​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​មិន​បាន​ធ្លាក់​មក​លើ​គេ នៅ​ក្នុង​គ្រា​ហេសេគា​ឡើយ។

27. ឯ​ហេសេគា ទ្រង់​មាន​ព្រះ‌រាជ‌ទ្រព្យ និង​កិត្តិ‌នាម​យ៉ាង​ក្រៃលែង ទ្រង់​បាន​ធ្វើ​ឃ្លាំង​សំរាប់​ដាក់​ប្រាក់ មាស ត្បូង​មាន​ដំឡៃ គ្រឿង​ក្រអូប និង​ខែល ហើយ​នឹង​គ្រឿង​ប្រដាប់​ល្អ​គ្រប់​មុខ

28. ក៏​ធ្វើ​ឃ្លាំង​ដាក់​ស្រូវ ទឹក​ទំពាំង‌បាយ‌ជូរ និង​ប្រេង ព្រម​ទាំង​រោង​សំរាប់​ដាក់​សត្វ​គ្រប់​មុខ និង​ក្រោល​សំរាប់​ហ្វូង​ចៀម

29. ក៏​សង់​ទី​ក្រុង​ផ្សេងៗ​សំរាប់​ទ្រង់ ហើយ​មាន​ហ្វូង​គោ ហ្វូង​ចៀម​ជា​បរិបូរ ដ្បិត​ព្រះ​បាន​ប្រោស​ប្រទាន ឲ្យ​ទ្រង់​មាន​ទ្រព្យ‌សម្បត្តិ​ជា​ច្រើន​ណាស់

30. គឺ​ហេសេគា​នេះ​ឯង ដែល​បាន​ទប់​រន្ធ​ទឹក​ខាង​លើ នៃ​ជ្រោះ​គីហុន បង្ហូរ​ដំរង់​ចុះ​មក ដល់​ខាង​លិច​ទី​ក្រុង​ដាវីឌ ទ្រង់​ចេះ​តែ​បាន​ចំរើន​ឡើង ក្នុង​គ្រប់​ការ​ទាំង​អស់

31. ប៉ុន្តែ​ក្នុង​ការ​ដែល​រាជ‌ទូត​នៃ​ស្តេច​បាប៊ី‌ឡូន បាន​មក​ស៊ើប‌សួរ​ទ្រង់ ពី​ការ​អស្ចារ្យ​ដែល​កើត​ឡើង​ក្នុង​ស្រុក នោះ​ព្រះ​បាន​ទុក​ទ្រង់​ចោល ដើម្បី​នឹង​ល្បង‌ល​ទ្រង់ ឲ្យ​បាន​ជ្រាប​គ្រប់​ទាំង​គំនិត ដែល​មាន​នៅ​ក្នុង​ព្រះ‌ទ័យ​ទ្រង់។

32. រីឯ​ដំណើរ​ឯ​ទៀត​ពី​ហេសេគា និង​ការ​ល្អ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ពី​ពួក​ស្តេច​យូដា និង​អ៊ីស្រា‌អែល ជា​មួយ​នឹង​ការ​ជាក់‌ស្តែង​របស់​ហោរា​អេសាយ ជា​កូន​អ័ម៉ូស​ហើយ

33. ហេសេគា​ក៏​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់ ហើយ​គេ​បញ្ចុះ​សព​ទ្រង់​នៅ​ទី​ខ្ពស់ តាម​ផ្លូវ​ឡើង​ទៅ​ឯ​ផ្នូរ​របស់​ពួក​វង្ស​នៃ​ដាវីឌ ឯ​ពួក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់​គ្នា ក៏​ដំកើង​ទ្រង់​ឡើង ក្នុង​ខណៈ​ដែល​សុគត​នោះ រួច​ម៉ាន៉ាសេ ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​ព្រះ‌បិតា។