1. ក្រោយនោះមក ពួកកូនចៅម៉ូអាប់ និងពួកកូនចៅអាំម៉ូន ព្រមទាំងពួកម៉ាអូនខ្លះ ក៏លើកគ្នាមកច្បាំងនឹងយ៉ូសាផាត
2. មានគេមកទូលដល់យ៉ូសាផាតថា មានកងទ័ពយ៉ាងសន្ធឹកមកទាស់នឹងទ្រង់ គេមកពីស្រុកស៊ីរី មើល គេមកដល់ហាសាលូន-តាម៉ារហើយ (នោះគឺជាស្រុកអេន-កេឌី)
3. យ៉ូសាផាតទ្រង់ក៏ភ័យខ្លាច ហើយតាំងព្រះទ័យស្វែងរកព្រះយេហូវ៉ា ទ្រង់ប្រកាសប្រាប់ឲ្យមានការតមអត់ នៅពេញក្នុងស្រុកយូដា
4. ហើយពួកយូដាក៏មូលគ្នាមករកទីពឹងដល់ព្រះយេហូវ៉ា គឺគេចេញពីអស់ទាំងទីក្រុងរបស់ស្រុកយូដាមក ដើម្បីស្វះស្វែងរកព្រះ។
5. រីឯយ៉ូសាផាត ទ្រង់ឈរនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ចំមុខទីលានថ្មី នៅកណ្តាលជំនុំពួកយូដា និងពួកក្រុងយេរូសាឡិម ទូលថា
6. ឱព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោយើងខ្ញុំរាល់គ្នាអើយ តើទ្រង់មិនមែនជាព្រះនៅស្ថានសួគ៌ទេឬអី តើទ្រង់មិនគ្រប់គ្រងលើអស់ទាំងនគររបស់សាសន៍ដទៃទេឬអី ហើយនៅព្រះហស្តទ្រង់ នោះក៏មានព្រះចេស្តា និងឥទ្ធិឫទ្ធិដែរ ដល់ម៉្លេះបានជាគ្មានអ្នកណាអាចនឹងទប់ទល់នឹងទ្រង់បានឡើយ
7. ឱព្រះនៃយើងខ្ញុំរាល់គ្នាអើយ តើទ្រង់មិនបានបណ្តេញពួកអ្នកស្រុកនេះពីមុខពួកអ៊ីស្រាអែល ជារាស្ត្រទ្រង់ចេញ ហើយប្រទានដល់ពូជពង្សរបស់លោកអ័ប្រាហាំ ជាមិត្រសំឡាញ់ទ្រង់ ជាដរាបតទៅទេឬអី
8. គេបានអាស្រ័យនៅ ហើយក៏បានស្អាងទីបរិសុទ្ធនៅស្រុកនេះ សំរាប់ព្រះនាមទ្រង់ ដោយពាក្យថា
9. បើសិនជាមានសេចក្ដីអាក្រក់ណា មកសង្កត់លើយើងរាល់គ្នា ទោះបើជាដាវ ឬទុក្ខទោស អាសន្នរោគ ឬអំណត់ក្តី បើយើងរាល់គ្នានឹងឈរនៅមុខព្រះវិហារនេះ ហើយនៅចំពោះទ្រង់ (ដ្បិតព្រះនាមទ្រង់នៅក្នុងព្រះវិហារនេះ) ហើយយើងរាល់គ្នាអំពាវនាវដល់ទ្រង់ ក្នុងសេចក្ដីវេទនារបស់យើង នោះទ្រង់នឹងព្រមទទួល ហើយនឹងជួយសង្គ្រោះយើង
10. ឥឡូវនេះ មើល មានពួកកូនចៅអាំម៉ូន ម៉ូអាប់ និងពួកភ្នំសៀរ ដែលទ្រង់មិនបើកឲ្យអ៊ីស្រាអែលទន្ទ្រានចូលស្រុកគេ ក្នុងកាលដែលចេញពីស្រុកអេស៊ីព្ទមក គឺបានឲ្យដើរវាងពីគេ ឥតបំផ្លាញគេឡើយ
11. សូមមើលបែបយ៉ាងណាដែលគេសងគុណ ដល់យើងខ្ញុំរាល់គ្នា គឺគេមកចង់បណ្តេញយើងខ្ញុំរាល់គ្នា ចេញពីកេរអាកររបស់ទ្រង់ ដែលទ្រង់បានប្រទានមក ទុកជាមរដកដល់យើងខ្ញុំ
12. ឱព្រះនៃយើងខ្ញុំរាល់គ្នាអើយ សូមទ្រង់កាត់ទោសដល់គេ ពីព្រោះខ្ញុំរាល់គ្នាគ្មានកំឡាំង នឹងទប់ទល់ចំពោះពួកយ៉ាងធំ ដែលមកទាស់នឹងយើងរាល់គ្នានេះបានទេ យើងខ្ញុំក៏មិនដឹងធ្វើដូចម្តេចដែរ ប៉ុន្តែភ្នែកយើងខ្ញុំទន្ទឹងមើលតែទ្រង់ទេ
13. ពួកយូដាទាំងអស់គ្នាក៏ឈរនៅចំពោះព្រះយេហូវ៉ា មានទាំងកូនតូចៗ និងប្រពន្ធហើយក្មេងៗនៅជាមួយផង។
14. គ្រានោះ យ៉ាហាសៀល ជាកូនសាការី ដែលជាកូនបេនណាយ៉ាៗជាកូនយីអែលៗជាកូនម៉ាថានា ដែលជាពួកលេវី ខាងពួកកូនចៅអេសាភ លោកនៅកណ្តាលពួកជំនុំ ហើយព្រះវិញ្ញាណនៃព្រះយេហូវ៉ា ក៏មកសណ្ឋិតលើលោក
15. រួចលោកពោលថា ឱពួកយូដាទាំងអស់គ្នា និងពួកអ្នកនៅក្រុងយេរូសាឡិម ព្រមទាំងព្រះករុណាយ៉ូសាផាតអើយ ចូរស្តាប់ចុះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកអ្នករាល់គ្នាដូច្នេះថា កុំឲ្យភ័យខ្លាចអ្វីឡើយ ក៏កុំឲ្យស្រយុតចិត្ត ដោយព្រោះពួកធំទាំងម៉្លេះនេះដែរ ដ្បិតចំបាំងនេះមិនមែនស្រេចនៅអ្នករាល់គ្នាទេ គឺស្រេចនៅព្រះវិញ
16. ស្អែកឡើង ចូរអ្នករាល់គ្នាចុះទៅទាស់នឹងគេចុះ មើល គេកំពុងតែឡើងមកតាមផ្លូវភ្នំស៊ីស អ្នករាល់គ្នានឹងជួបគេនៅចុងច្រកភ្នំ ទល់មុខនឹងទីរហោស្ថានយេរួល
17. អ្នករាល់គ្នាមិនបាច់នឹងតស៊ូក្នុងចំបាំងនេះទេ ឲ្យគ្រាន់តែដំរៀបគ្នាឈរស្ងៀម ហើយចាំមើលសេចក្ដីសង្គ្រោះ ដែលព្រះយេហូវ៉ានឹងប្រោសដល់អ្នករាល់គ្នាប៉ុណ្ណោះឱពួកយូដា និងពួកអ្នកនៅក្រុងយេរូសាឡិមអើយ កុំឲ្យភ័យខ្លាចអ្វីឡើយ ក៏កុំឲ្យស្រយុតចិត្តដែរ ស្អែកនេះ ចូរចេញទៅទាស់នឹងគេចុះ ពីព្រោះព្រះយេហូវ៉ាទ្រង់គង់នៅជាមួយនឹងអ្នករាល់គ្នាហើយ
18. នោះយ៉ូសាផាតទ្រង់ក្រាបព្រះភក្ត្រចុះដល់ដី ហើយពួកយូដា និងពួកអ្នកនៅក្រុងយេរូសាឡិមទាំងអស់គ្នា ក៏ក្រាបថ្វាយបង្គំនៅចំពោះព្រះយេហូវ៉ាដែរ
19. ឯពួកលេវី ខាងពួកកូនចៅកេហាត់ និងពួកកូនចៅកូរេ គេឈរឡើង សរសើរដល់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដោយសំឡេងយ៉ាងខ្លាំងក្រៃលែង។
20. ស្អែកឡើងគេក្រោកពីព្រលឹមស្រាង ចេញទៅឯទីរហោស្ថានត្កូអា កំពុងដែលគេចេញទៅ នោះយ៉ូសាផាតទ្រង់ឈរមានព្រះបន្ទូលថា ពួកយូដា និងពួកអ្នកនៅក្រុងយេរូសាឡិមអើយ ចូរស្តាប់យើងចុះ ចូរឲ្យមានសេចក្ដីជំនឿជឿដល់ព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា ទើបអ្នករាល់គ្នានឹងបានខ្ជាប់ខ្ជួន ចូរជឿតាមពួកហោរារបស់ទ្រង់ ទើបអ្នករាល់គ្នានឹងប្រកប ដោយសេចក្ដីចំរើន
21. រួចកាលទ្រង់បានពិគ្រោះនឹងបណ្តាជនហើយ នោះទ្រង់ក៏ដំរូវឲ្យមានពួកអ្នក ដែលត្រូវច្រៀងថ្វាយព្រះយេហូវ៉ា ហើយពោលសរសើរ ដោយស្លៀកពាក់ជាប្រដាប់បរិសុទ្ធ ក្នុងកាលដែលគេនាំមុខពួកទ័ពចេញទៅ ដោយពោលថា ចូរអរព្រះគុណដល់ព្រះយេហូវ៉ាចុះ ដ្បិតសេចក្ដីសប្បុរសទ្រង់នៅជាប់អស់កល្បជានិច្ច
22. ដូច្នេះ កាលគេចាប់តាំងច្រៀង ហើយសរសើរឡើង នោះព្រះយេហូវ៉ាទ្រង់បង្កប់ទ័ពទាស់នឹងពួកកូនចៅអាំម៉ូន ម៉ូអាប់ និងពួកភ្នំសៀរ ដែលមកចង់ច្បាំងនឹងពួកយូដា ឲ្យគេត្រូវចាញ់
23. ដ្បិតពួកកូនចៅអាំម៉ូន និងម៉ូអាប់ គេលើកគ្នាបំផ្លាញពួកអ្នកនៅស្រុកភ្នំសៀរអស់រលីងទៅ រួចកាលគេបានបំផ្លាញពួកនោះអស់ហើយ នោះក៏ព្រួតគ្នាបំផ្លាញដល់គ្នាទៅវិញទៅមកទៀត។
24. ដូច្នេះ កាលពួកយូដាមកដល់ប៉មចាំយាម នៅត្រង់ទីរហោស្ថាន នោះគេក្រឡេកមើលទៅពួកធំនោះ ក៏ឃើញគេសុទ្ធតែជាខ្មោចដេករដូកនៅដី គ្មានអ្នកណាមួយបានរួចជីវិតឡើយ
25. រួចកាលយ៉ូសាផាត និងពលទ័ពរបស់ទ្រង់បានទៅដល់ ដើម្បីយករបឹប នោះក៏ឃើញមានទាំងរបស់ទ្រព្យ សំលៀកបំពាក់ និងប្រដាប់មានដំឡៃយ៉ាងសន្ធឹក ហើយនាំគ្នាដោះចេញទុកសំរាប់ខ្លួន លើសពីកំឡាំងនឹងយកទៅបាន មានរបឹបជាច្រើន ដល់ម៉្លេះបានជាគេប្រមូលយកអស់រវាង៣ថ្ងៃទើបហើយ
26. នៅថ្ងៃទី៤គេប្រជុំគ្នា នៅច្រកភ្នំបេរ៉ាកា គឺដោយព្រោះនៅទីនោះគេបានសូមឲ្យព្រះយេហូវ៉ាបានព្រះពរ បានជាគេហៅទីនោះថា ច្រកភ្នំបេរ៉ាកា ដរាបដល់សព្វថ្ងៃនេះ
27. រួចមកពួកយូដា និងអស់ពួកអ្នកនៅក្រុងយេរូសាឡិមទាំងអស់គ្នាមានទាំងយ៉ូសាផាតយាងនាំមុខគេ ក៏វិលត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ ដោយអំណរ ពីព្រោះព្រះយេហូវ៉ាទ្រង់បានបណ្តាលឲ្យគេមានសេចក្ដីរីករាយសប្បាយ ពីដំណើរពួកខ្មាំងសត្រូវរបស់គេ
28. គេក៏ចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា នៅក្រុងយេរូសាឡិម ដោយលេងពិណ ស៊ុង ហើយផ្លុំត្រែផង
29. កាលពួកនគរដែលនៅអស់ទាំងស្រុកបានឮថា ព្រះយេហូវ៉ាទ្រង់ច្បាំងនឹងពួកខ្មាំងសត្រូវរបស់អ៊ីស្រាអែលដូច្នោះ នោះគេក៏កើតមានសេចក្ដីស្ញែងខ្លាចដល់ព្រះទាំងអស់គ្នា
30. ដូច្នេះ នគររបស់យ៉ូសាផាតបានសុខសាន្ត ពីព្រោះព្រះនៃទ្រង់បានប្រោសប្រទាន ឲ្យទ្រង់មានសេចក្ដីស្រាកស្រាន្ត នៅព័ទ្ធជុំវិញ។
31. ឯយ៉ូសាផាតទ្រង់បានសោយរាជ្យ នៅស្រុកយូដាកាលទ្រង់ចាប់តាំងសោយរាជ្យ នោះមានព្រះជន្ម៣៥ឆ្នាំហើយ ក៏សោយរាជ្យ នៅក្រុងយេរូសាឡិមបាន២៥ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមជា អ័ស៊ូបា ជាបុត្រីស៊ីលហ៊ី
32. ទ្រង់ដើរតាមផ្លូវរបស់អេសា ជាព្រះបិតាទ្រង់ ឥតងាកបែរចេញឡើយ ក៏ប្រព្រឹត្តអំពើដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា
33. ប៉ុន្តែមិនបានបំបាត់អស់ទាំងទីខ្ពស់ចេញឡើយ ហើយពួកបណ្តាជន ក៏មិនទាន់បានតាំងចិត្តដល់ព្រះនៃពួកអយ្យកោគេនៅឡើយដែរ
34. រីឯដំណើរទាំងប៉ុន្មានឯទៀតពីយ៉ូសាផាត ទាំងមុនទាំងក្រោយ នោះសុទ្ធតែបានកត់ទុកក្នុងសេចក្ដីបរិយាយ ដែលយេហ៊ូវ ជាកូនហាណានី បានតែង ដែលគេបានកត់បញ្ចូល ក្នុងពង្សាវតារនៃពួកស្តេចអ៊ីស្រាអែលហើយ។
35. ក្រោយនោះមក យ៉ូសាផាត ជាស្តេចយូដា ទ្រង់ក៏ចូលហ៊ុនជាមួយនឹងអ័ហាស៊ីយ៉ា ស្តេចអ៊ីស្រាអែល ដែលជាអ្នកប្រព្រឹត្តលាមកអាក្រក់
36. ទ្រង់ចូលហ៊ុនគ្នា ដើម្បីនឹងធ្វើនាវាទៅឯស្រុកតើស៊ីស គេក៏ធ្វើនាវាទាំងនោះនៅត្រង់ក្រុងអេស៊ាន-គេប៊ើរ
37. គ្រានោះ អេលាស៊ើរ ជាកូនដូដាវ៉ា អ្នកស្រុកម៉ារីសា លោកទាយទាស់នឹងយ៉ូសាផាតថា ដោយព្រោះព្រះករុណាបានចូលហ៊ុននឹងអ័ហាស៊ីយ៉ា នោះព្រះយេហូវ៉ាទ្រង់បានបំផ្លាញការ ដែលព្រះករុណាបានធ្វើនេះទាំងអស់ចេញ ឯនាវានោះក៏ត្រូវបាក់បែកទៅ នឹងទៅស្រុកតើស៊ីសមិនបានឡើយ។