ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ទោស​របស់​ក្រុង​យេរូ‌សាឡិម

1. ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​ខ្ញុំ​ទៀត​ថា

2. ឯ​ឯង កូន​មនុស្ស​អើយ តើ​ឯង​ចង់​ជំនុំ‌ជំរះ​ឬ តើ​ចង់​ជំនុំ‌ជំរះ​ទី​ក្រុង ដែល​តែង‌តែ​កំចាយ​ឈាម​ឬ​អី ដូច្នេះ ចូរ​ធ្វើ​ឲ្យ​វា​ស្គាល់​អស់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​វា​ចុះ

3. ត្រូវ​ឲ្យ​ឯង​ប្រាប់​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ យីះ ទី​ក្រុង​ណា​ដែល​កំចាយ​ឈាម​នៅ​កណ្តាល​ខ្លួន ដើម្បី​ឲ្យ​កំណត់​ខ្លួន​បាន​មក​ដល់ ហើយ​ក៏​ធ្វើ​រូប​ព្រះ​សំរាប់​ទាស់​នឹង​ខ្លួន ដើម្បី​ឲ្យ​ខ្លួន​ស្មោក‌គ្រោក​ទៅ​ដូច្នេះ

4. ឯង​មាន​ទោស​ដោយ​ឈាម​ដែល​ឯង​បាន​កំចាយ​នោះ ហើយ​ក៏​ស្មោក‌គ្រោក​ដោយ​រូប​ព្រះ​ដែល​ឯង​បាន​ធ្វើ​ដែរ ឯង​បាន​ធ្វើ​ឲ្យ​ថ្ងៃ​កំណត់​ឯង​ជិត​មក​ដល់ ឯង​ដល់​កំណត់​ឆ្នាំ​របស់​ឯង​ហើយ ហេតុ​នោះ​បាន​ជា​អញ​ធ្វើ​ឲ្យ​ឯង​ត្រឡប់​ទៅ​ជា​ទី​ត្មះ‌តិះដៀល​ដល់​អស់​ទាំង​សាសន៍ ហើយ​ជា​ទី​ចំអក​ឡក‌ឡឺយ​ដល់​ស្រុក​ទាំង​ប៉ុន្មាន​ផង

5. ឱ​ឯង​ដែល​ស្អុយ​ឈ្មោះ ហើយ​ពេញ​ដោយ​ការ​វឹកវរ​អើយ ពួក​អ្នក​ដែល​នៅ​ជិត ហើយ​ពួក​អ្នក​ដែល​នៅ​ឆ្ងាយ​ផង គេ​នឹង​ចំអក​ឡក‌ឡឺយ​ឲ្យ​ឯង។

6. មើល ពួក​ចៅ‌ហ្វាយ​នៃ​សាសន៍​អ៊ីស្រា‌អែល​គ្រប់​គ្នា​បាន​នៅ​ក្នុង​ឯង តាម​អំណាច​ដែល​អាច​នឹង​កំចាយ​ឈាម

7. នៅ​ក្នុង​ឯង​គេ​បាន​មើល‌ងាយ​ទាំង​ឪពុក​ម្តាយ​ផង នៅ​កណ្តាល​ឯង គេ​បាន​សង្កត់‌សង្កិន​ពួក​អ្នក​ដែល​ស្នាក់​នៅ ហើយ​នៅ​ក្នុង​ឯង​គេ​បាន​រឹប‌ជាន់​ពួក​កំព្រា និង​ស្រី​មេម៉ាយ

8. ឯង​បាន​ខ្ពើម​គ្រឿង​បរិសុទ្ធ​របស់​អញ ហើយ​បាន​បង្អាប់​ថ្ងៃ​ឈប់​សំរាក​របស់​អញ​ដែរ

9. នៅ​ក្នុង​ឯង​មាន​មនុស្ស​ដែល​និយាយ​បង្កាច់​គេ ដើម្បី​នឹង​កំចាយ​ឈាម នៅ​ក្នុង​ឯង​គេ​បាន​ស៊ី​នៅ​លើ​ភ្នំ នៅ​កណ្តាល​ឯង​គេ​បាន​ប្រព្រឹត្ត​ការ​អាស្រូវ​បារាយណ៍

10. នៅ​ក្នុង​ឯង​គេ​បាន​បើក​កេរ‌ខ្មាស​របស់​ឪពុក នៅ​ក្នុង​ឯង​គេ​បាន​បង្ខំ​ស្រី​ដែល​ត្រូវ​ញែក​ចេញ​ដោយ​មាន​រដូវ

11. ម្នាក់​បាន​ប្រព្រឹត្ត​ការ​គួរ​ស្អប់​ខ្ពើម ជា​មួយ​នឹង​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ខ្លួន ១​ទៀត​បាន​ធ្វើ​ឲ្យ​កូន​ប្រសា​ស្រី​ខ្លួន​មាន​សៅ‌ហ្មង ដោយ​ការ​អាស្រូវ​បារាយណ៍ ហើយ​ម្នាក់​ទៀត​ក្នុង​ឯង​បាន​បង្ខូច​ប្អូន​ស្រី ដែល​ជា​កូន​របស់​ឪពុក​ខ្លួន

12. នៅ​ក្នុង​ឯង​គេ​បាន​ស៊ី​សំណូក ដើម្បី​នឹង​កំចាយ​ឈាម ឯង​បាន​យក​ទាំង​ការ និង​កំរៃ​ផង ហើយ​បាន​សង្កត់‌សង្កិន​អ្នក​ជិត​ខាង​ឯង ឲ្យ​បាន​ចំណេញ​ដោយ​ចិត្ត​លោភ ក៏​បាន​ភ្លេច​អញ​ទៅ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។

13. ដូច្នេះ មើល អញ​បាន​ទះ​ដៃ ដោយ​ព្រោះ​កំរៃ​ទុច្ចរិត​ដែល​ឯង​បាន​នោះ ហើយ​ដោយ​ព្រោះ​ឈាម​ដែល​បាន​ខ្ចាយ​នៅ​កណ្តាល​ឯង​ផង

14. តើ​ចិត្ត​ឯង​នឹង​ធន់​នៅ​បាន ហើយ​ដៃ​ឯង​នឹង​មាន​កំឡាំង នៅ​ថ្ងៃ​ដែល​អញ​ធ្វើ​ទោស​ដល់​ឯង​បាន​ឬ អញ គឺ​ព្រះ‌យេហូវ៉ា​នេះ អញ​បាន​ចេញ​វាចា​ហើយ ក៏​នឹង​សំរេច​តាម​ផង

15. អញ​នឹង​កំចាត់‌កំចាយ​ឯង​ទៅ​នៅ​អស់​ទាំង​សាសន៍ ហើយ​បែង​ចែក​ឯង​ទៅ​នៅ​អស់​ទាំង​ស្រុក អញ​នឹង​រំលីង​សេចក្ដី​ស្មោក‌គ្រោក​ចេញ​ពី​ឯង​ទៅ

16. ឯង​នឹង​ត្រូវ​បន្ទាប‌បន្ថោក នៅ​ចំពោះ​ភ្នែក​នៃ​អស់​ទាំង​សាសន៍ នោះ​ឯង​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។

17. ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ថា

18. កូន​មនុស្ស​អើយ ពួក​វង្ស​អ៊ីស្រា‌អែល បាន​ត្រឡប់​ជា​អាចម៍​សំណល់​ដល់​អញ គេ​សុទ្ធ​តែ​ជា​លង្ហិន ស៊ីវិឡាត ដែក និង​សំណ​នៅ​ក្នុង​បាវ​ឡ គេ​ជា​អាចម៍​ប្រាក់​ទទេ

19. ហេតុ​នោះ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​ឯង​រាល់​គ្នា​បាន​ត្រឡប់​ជា​អាចម៍​ប្រាក់​ទាំង​អស់​គ្នា​ទៅ​ហើយ នោះ​មើល អញ​នឹង​ប្រមូល​ឯង​រាល់​គ្នា​ទៅ​កណ្តាល​ក្រុង​យេរូ‌សាឡិម

20. ដូច​ជា​គេ​ប្រមូល​ប្រាក់ លង្ហិន ដែក សំណ ហើយ​នឹង​ស៊ីវិឡាត ដាក់​ក្នុង​បាវ​ឡ ដើម្បី​សប់​ភ្លើង​រំលាយ​ទៅ​ដែរ គឺ​យ៉ាង​នោះ​ដែល​អញ​នឹង​ប្រមូល​ឯង​រាល់​គ្នា ដោយ​សេចក្ដី​កំហឹង និង​សេចក្ដី​ឃោរ‌ឃៅ​របស់​អញ គឺ​អញ​នឹង​ដាក់​ឯង​រាល់​គ្នា​នៅ​ទី​នោះ ហើយ​រំលាយ​ទៅ

21. អើ អញ​នឹង​ប្រមូល​ឯង ហើយ​ផ្លុំ​លើ​ឯង ដោយ​ភ្លើង​នៃ​សេចក្ដី​ក្រោធ​របស់​អញ នោះ​ឯង​រាល់​គ្នា​នឹង​ត្រូវ​រលាយ​ទៅ នៅ​កណ្តាល​ទី​ក្រុង

22. ប្រាក់​ត្រូវ​រលាយ​ទៅ​ក្នុង​បាវ​ឡ​យ៉ាង​ណា នោះ​ឯង​រាល់​គ្នា​នឹង​ត្រូវ​រលាយ​ទៅ នៅ​កណ្តាល​នោះ​យ៉ាង​នោះ​ដែរ ដូច្នេះ ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ គឺ​ព្រះ‌យេហូវ៉ា​នេះ អញ​បាន​ចាក់​សេចក្ដី​ក្រោធ​របស់​អញ​ទៅ​លើ​ឯង​រាល់​គ្នា។

23. ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​ខ្ញុំ​ថា

24. កូន​មនុស្ស​អើយ ចូរ​ប្រាប់​ដល់​ទី​ក្រុង​ថា ឯង​ជា​ស្រុក​ដែល​មិន​បាន​ជំរះ​សំអាត​ឡើយ ក៏​គ្មាន​ភ្លៀង​ធ្លាក់​មក​លើ​ឯង ក្នុង​គ្រា​នៃ​សេចក្ដី​គ្នាន់‌ក្នាញ់​ផង

25. ពួក​ហោរា​របស់​វា គេ​គិត‌គូរ​គ្នា​នៅ​កណ្តាល​នោះ ហាក់​ដូច​ជា​សិង្ហ ដែល​គ្រហឹម​កំពុង​ហែក​រំពា​ស៊ី គេ​បាន​ត្របាក់​លេប​ព្រលឹង​មនុស្ស គេ​យក​ទ្រព្យ‌សម្បត្តិ និង​របស់​មាន​ដំឡៃ​ទៅ ហើយ​គេ​ធ្វើ​ឲ្យ​មាន​ពួក​ស្រី​មេម៉ាយ​ជា​ច្រើន​នៅ​កណ្តាល​ទី​ក្រុង

26. ពួក​សង្ឃ​ក៏​បាន​ធ្វើ​ទទឹង​នឹង​ក្រឹត្យ‌វិន័យ​របស់​អញ ព្រម​ទាំង​បង្អាប់​របស់​បរិសុទ្ធ​ទាំង​ប៉ុន្មាន​របស់​អញ គេ​មិន​បាន​ចេះ​ញែក​របស់​បរិសុទ្ធ​ចេញ​ពី​របស់​ធម្មតា​ទេ ក៏​មិន​បាន​បង្ហាញ​ឲ្យ​មនុស្ស​ចេះ​សំគាល់​របស់​មិន​ស្អាត និង​របស់​ស្អាត​ដែរ គេ​គេច​ភ្នែក​ចេញ​ពី​ថ្ងៃ​ឈប់​សំរាក​របស់​អញ ហើយ​អញ​ក៏​ត្រូវ​អាប់‌ឱន​នៅ​ក្នុង​ពួក​គេ

27. ពួក​ចៅ‌ហ្វាយ​នៅ​កណ្តាល​ទី​ក្រុង​ប្រព្រឹត្ត​ដូច​ជា​សត្វ​ស្វាន ដែល​កំពុង​តែ​ហែក​រំពា គេ​ប្រព្រឹត្ត​ដូច្នោះ ដើម្បី​នឹង​កំចាយ​ឈាម ហើយ​បំផ្លាញ​ព្រលឹង​មនុស្ស ប្រយោជន៍​ឲ្យ​បាន​កំរៃ​ទុច្ចរិត

28. ពួក​ហោរា​បាន​បូក​ល្បាប់​ឲ្យ​គេ ដោយ​ឃើញ​ការ​ជាក់‌ស្តែង​ជា​សេចក្ដី​កំភូត ហើយ​ទាយ​កុហក​ដល់​គេ​ថា ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ក្នុង​កាល​ដែល​ព្រះ‌យេហូវ៉ា​មិន​បាន​មាន​ព្រះ‌បន្ទូល​សោះ

29. ពួក​ជន​នៅ​ស្រុក​ធ្លាប់​សង្កត់‌សង្កិន ហើយ​ប្លន់ អើ គេ​បៀត‌បៀន​មនុស្ស​ក្រីក្រ និង​ពួក​កំសត់​ទុគ៌ត ហើយ​បាន​សង្កត់‌សង្កិន​មនុស្ស ដែល​ស្នាក់​នៅ ដោយ​ឥត​ហេតុ

30. អញ​បាន​ស្វែង​រក​មនុស្ស​ម្នាក់​ក្នុង​ពួក​គេ ដែល​នឹង​សង់​កំផែង​ឡើង ហើយ​ឈរ​នៅ​ចន្លោះ​បាក់​បែក​នៅ​មុខ​អញ​ជំនួស​គេ ដើម្បី​ឲ្យ​អញ​មិន​បំផ្លាញ​ស្រុក​គេ​ឡើយ ប៉ុន្តែ​អញ​រក​មិន​បាន​អ្នក​ណា​មួយ​សោះ

31. ហេតុ​នោះ​បាន​ជា​អញ​ចាក់​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​អញ​ទៅ​លើ​គេ អញ​បាន​រំលីង​គេ ដោយ​ភ្លើង​នៃ​សេចក្ដី​ក្រោធ​របស់​អញ ក៏​បាន​ទំលាក់​ផ្លូវ​របស់​គេ​ទៅ​លើ​ក្បាល​គេ​វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។