ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 45 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ការ​បែង​ចែង​ទឹក​ដី

1. មួយ​ទៀត កាល​ណា​ឯង​រាល់​គ្នា​ចាប់​ឆ្នោត​ចែក​ស្រុក​ជា​មរដក នោះ​ត្រូវ​ឲ្យ​ថ្វាយ​ដង្វាយ​១​ដល់​ព្រះ‌យេហូវ៉ា ជា​ចំណែក​បរិសុទ្ធ​នៃ​ស្រុក​នោះ បណ្តោយ​ត្រូវ​ជា​២​ម៉ឺន​៥​ពាន់​ខ្នាត ហើយ​ទទឹង​១​ម៉ឺន​ខ្នាត ដី​នោះ​ត្រូវ​តែ​បាន​បរិសុទ្ធ នៅ​គ្រប់​ក្នុង​ព្រំ‌ដែន​ជុំវិញ

2. ក្នុង​ដី​នោះ​ត្រូវ​ឲ្យ​មាន​កន្លែង​សំរាប់​ទី​បរិសុទ្ធ ប្រវែង​៥០០ និង​ទទឹង​៥០០ គឺ​៤​ជ្រុង​ស្មើ ថែម​ទាំង​៥០​ហត្ថ នៅ​ព័ទ្ធ​ជុំវិញ​សំរាប់​ជា​វាល​ទំនេរ

3. ត្រូវ​ឲ្យ​យក​រង្វាស់​ដដែល ដើម្បី​វាស់​ដី​ម្តុំ​បណ្តោយ​២​ម៉ឺន​៥​ពាន់ ហើយ​ទទឹង​១​ម៉ឺន ឯ​ទី​បរិសុទ្ធ​ដែល​ជា​បរិសុទ្ធ​បំផុត នោះ​នឹង​នៅ​ក្នុង​ដី​ម្តុំ​នោះ

4. នេះ​ជា​ចំណែក​ដី​ដែល​បរិសុទ្ធ ត្រូវ​ទុក​សំរាប់​ពួក​សង្ឃ ជា​ពួក​អ្នក​ដែល​ធ្វើ​ការ‌ងារ​ក្នុង​ទី​បរិសុទ្ធ ហើយ​ចូល​មក​ជិត ដើម្បី​ធ្វើ​ការ‌ងារ​ថ្វាយ​ព្រះ‌យេហូវ៉ា ដី​នោះ​នឹង​ត្រូវ​ទុក​សំរាប់​ជា​ទី​សង់​ផ្ទះ​របស់​គេ ហើយ​ជា​កន្លែង​បរិសុទ្ធ សំរាប់​ទី​បរិសុទ្ធ

5. ហើយ​ត្រូវ​មាន​ដី​បណ្តោយ​២​ម៉ឺន​៥​ពាន់ និង​ទទឹង​១​ម៉ឺន​សំរាប់​ពួក​លេវី ជា​ពួក​អ្នក​ដែល​ធ្វើ​ការ‌ងារ​ក្នុង​ព្រះ‌វិហារ​ទុក​សំរាប់​ជា​កេរ‌អាករ​ដល់​គេ ឲ្យ​គេ​បាន​ទី​ក្រុង​អាស្រ័យ​នៅ

6. ហើយ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ដំរូវ​ទុក​ដី​របស់​ផង​ទី​ក្រុង​ទទឹង​៥​ពាន់ បណ្តោយ​២​ម៉ឺន​៥​ពាន់ ទន្ទឹម​នឹង​ដី​បរិសុទ្ធ​ដែល​បាន​ថ្វាយ​ដល់​ព្រះ​ហើយ នោះ​នឹង​បាន​សំរាប់​ពួក​វង្ស​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា

7. ត្រូវ​ឲ្យ​មាន​១​ចំណែក​សំរាប់​ចៅ‌ហ្វាយ នៅ​ទាំង​សង​ខាង​នៃ​ដី​បរិសុទ្ធ ដែល​បាន​ថ្វាយ​ដល់​ព្រះ​នោះ និង​ដី​របស់​ផង​ទី​ក្រុង គឺ​ខាង​មុខ​ដី​ជា​ដង្វាយ​បរិសុទ្ធ និង​ដី​របស់​ផង​ទី​ក្រុង​នោះ តាំង​ពី​ព្រំ​ខាង​លិច​ចេញ​ទៅ​ខាង​លិច ហើយ​ពី​ព្រំ​ខាង​កើត​ចេញ​ទៅ​ខាង​កើត ហើយ​ប្រវែង​ដី​នោះ នឹង​ត្រូវ​បាន​ស្មើ​នឹង​ដី​១​ចំណែក ចាប់​តាំង​ពី​ព្រំ​ស្រុក​ខាង​លិច ទៅ​ដល់​ព្រំ​ស្រុក​ខាង​កើត

8. នោះ​នឹង​បាន​ជា​ដី​របស់​ផង​លោក ទុក​ជា​កេរ‌អាករ​នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល អស់​ទាំង​ចៅ‌ហ្វាយ​របស់​អញ នឹង​មិន​សង្កត់‌សង្កិន​រាស្ត្រ​អញ​ទៀត​ឡើយ គឺ​នឹង​ចែក​ស្រុក​នោះ​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល តាម​ពូជ​អំបូរ​របស់​គេ។

ភារកិច្ច​របស់​មេ​ដឹក‌នាំ

9. ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ឱ​ពួក​ចៅ‌ហ្វាយ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ ល្មម​ហើយ ចូរ​លះ‌បង់​សេចក្ដី​ច្រឡោត និង​ការ​រឹប‌ជាន់​ចេញ ហើយ​សំរេច​តាម​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត​ចុះ ត្រូវ​ឲ្យ​ដក​លែង​ការ​ស៊ី​បំបាត់​រាស្ត្រ​អញ​ចេញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា

10. ត្រូវ​ឲ្យ​មាន​ជញ្ជីង​ត្រឹម‌ត្រូវ និង​អេផា ហើយ​បាថ​ពេញ​ខ្នាត​ដែរ

11. ឯ​អេផា និង​បាថ នោះ​ត្រូវ​មាន​ចំណុះ​ស្មើ​គ្នា ដើម្បី​ឲ្យ​បាថ​១​នោះ ត្រូវ​ជា​១​ភាគ​ក្នុង​១០ ក្នុង​១​ហូមើរ ហើយ​ឲ្យ​អេផា​នោះ ត្រូវ​ជា​១​ភាគ​ក្នុង​១០ ក្នុង​១​ហូមើរ​ដូច​គ្នា រង្វាល់​នោះ​រាប់​តាម​ហូរមើរ

12. ឯ​ប្រាក់​សេកិល នោះ​ត្រូវ​ជា​២០​គេរ៉ា ហើយ​១​ម៉ានេ​របស់​ឯង​ត្រូវ​នឹង​២០ និង​២៥​ហើយ​១៥​សេកិល។

13. នេះ​ជា​ដង្វាយ​ដែល​ឯង​រាល់​គ្នា​ត្រូវ​ថ្វាយ គឺ​ក្នុង​ស្រូវ​ភោជ្ជ‌សាលី ១​ហូមើរ ត្រូវ​ថ្វាយ​១​ភាគ​ក្នុង​៦​ក្នុង​១​អេផា ហើយ​ក្នុង​ស្រូវ​ឱក​១​ហូមើរ ត្រូវ​ថ្វាយ​១​ភាគ​ក្នុង​៦​ក្នុង​១​អេផា​ដែរ

14. ឯ​កំណត់​ប្រេង​ដែល​ត្រូវ​ថ្វាយ ក្នុង​ប្រេង​១​បាថ នោះ​គឺ​ក្នុង​១​គ័រ​ត្រូវ​ថ្វាយ​១​ភាគ​ក្នុង​៥​ក្នុង​១​បាថ ឯ​១​គ័រ នោះ​ស្មើ​នឹង​១​ហូមើរ គឺ​ត្រូវ​ជា​១០​បាថ ដ្បិត​១០​បាថ​ត្រូវ​ជា​១​ហូមើរ​ដែរ

15. ឯ​ហ្វូង​ចៀម នោះ​ត្រូវ​យក​១​ក្នុង​២០០ ដែល​រក​ស៊ី​នៅ​វាល​ស្មៅ​យ៉ាង​ល្អ​នៅ​ស្រុក​អ៊ីស្រា‌អែល​មក​ថ្វាយ ព្រម​ទាំង​ដង្វាយ​ម្សៅ ដង្វាយ​ដុត និង​ដង្វាយ​មេត្រី ដើម្បី​ឲ្យ​បាន​ធួន​នឹង​គេ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា

16. បណ្តា‌ជន​ទាំង‌ឡាយ​នៅ​ក្នុង​ស្រុក ត្រូវ​ច្រាក់​គ្នា​ថ្វាយ​ដង្វាយ​នេះ​សំរាប់​ចៅ‌ហ្វាយ​នៃ​សាសន៍​អ៊ីស្រា‌អែល

17. ឯ​ដង្វាយ​ដុត ដង្វាយ​ម្សៅ និង​ដង្វាយ​ច្រួច នៅ​ថ្ងៃ​បុណ្យ នៅ​ថ្ងៃ​ដើម​ខែ ហើយ​នៅ​ថ្ងៃ​ឈប់​សំរាក គឺ​នៅ​គ្រប់​ទាំង​បុណ្យ​មាន​កំណត់​របស់​ពួក​វង្ស​អ៊ីស្រា‌អែល នោះ​ស្រេច​នៅ​លើ​ចៅ‌ហ្វាយ​វិញ លោក​ត្រូវ​រៀប‌ចំ​ដង្វាយ​សំរាប់​លោះ​បាប ដង្វាយ​ម្សៅ ដង្វាយ​ដុត និង​ដង្វាយ​មេត្រី ដើម្បី​ឲ្យ​បាន​ធួន​នឹង​ពួក​វង្ស​សាសន៍​អ៊ីស្រា‌អែល។

ពិធី​ជំរះ​ទី​សក្ការៈ​ឲ្យ​បាន​បរិសុទ្ធ

18. ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា លុះ​ដល់​ថ្ងៃ​ទី​១ ក្នុង​ខែ​ដំបូង នោះ​ត្រូវ​ឲ្យ​ឯង​យក​គោ​ឈ្មោល​ស្ទាវ​១​ឥត​ខ្ចោះ ហើយ​ត្រូវ​សំអាត​ទី​បរិសុទ្ធ

19. ឯ​សង្ឃ​ត្រូវ​យក​ឈាម​ដង្វាយ​លោះ​បាប​នោះ ទៅ​ប្រឡាក់​នៅ​ក្រប​ទ្វារ​ព្រះ‌វិហារ ហើយ​នៅ​គន្លាក់​នៃ​អាស‌នា​ទាំង​៤​ជ្រុង ព្រម​ទាំង​នៅ​ក្រប​ទ្វារ​កំផែង​នៃ​ទីលាន​ខាង​ក្នុង​ផង

20. ហើយ​នៅ​ថ្ងៃ​ទី​៧​ខែ​នោះ ត្រូវ​ធ្វើ​ដូច​គ្នា​ទៀត សំរាប់​អស់​អ្នក​ណា​ដែល​វង្វេង​ចេញ ហើយ​សំរាប់​អ្នក​ណា​ដែល​ខ្លៅ​ល្ងង់​ដែរ យ៉ាង​នោះ​ឯង​នឹង​បាន​ធួន​នឹង​ព្រះ‌វិហារ។

21. លុះ​ដល់​ថ្ងៃ​១៤​ក្នុង​ខែ​ដំបូង នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​បុណ្យ​រំលង ជា​បុណ្យ​ដែល​ត្រូវ​ធ្វើ​អស់​៧​ថ្ងៃ ហើយ​ត្រូវ​ស៊ី​តែ​នំបុ័ង​ឥត​ដំបែរ​ម្យ៉ាង

22. នៅ​ថ្ងៃ​នោះ ចៅ‌ហ្វាយ​ត្រូវ​រៀប‌ចំ​គោ​ឈ្មោល​១ ទុក​ជា​ដង្វាយ​លោះ​បាប សំរាប់​ខ្លួន​លោក និង​បណ្តា‌ជន​នៅ​ក្នុង​ស្រុក​ដែរ

23. ហើយ​ក្នុង​រវាង​៧​ថ្ងៃ​នៃ​បុណ្យ នោះ​លោក​ត្រូវ​រៀប‌ចំ​ដង្វាយ​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា គឺ​គោ​ឈ្មោល​៧ និង​ចៀម​ឈ្មោល​៧ ឥត​ខ្ចោះ​រាល់ៗ​ថ្ងៃ​គ្រប់​៧​ថ្ងៃ​នោះ ព្រម​ទាំង​ពពែ​ឈ្មោល​១​រាល់​ថ្ងៃ​ដែរ ទុក​ជា​ដង្វាយ​លោះ​បាប

24. ក៏​ត្រូវ​រៀប​ដង្វាយ​ម្សៅ​ដែរ គឺ​ត្រូវ​យក​១​ថាំង​សំរាប់​គោ​១ និង​១​ថាំង​សំរាប់​ចៀម​ឈ្មោល​១ ហើយ​ប្រេង​៨​កំប៉ុង​សំរាប់​ម្សៅ​១​ថាំង

25. ដល់​ថ្ងៃ​១៥​ខែ​អស្សុជ ក្នុង​ពេល​បុណ្យ​នោះ លោក​ត្រូវ​ធ្វើ​ដូច្នោះ​ទៀត​គ្រប់​ទាំង​៧​ថ្ងៃ តាម​របៀប​ដង្វាយ​លោះ​បាប ដង្វាយ​ដុត ដង្វាយ​ម្សៅ និង​ដង្វាយ​ប្រេង​ដែរ។