ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 5 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ព្រះ​ដាក់​ទោស​អ៊ីស្រា‌អែល

1. មួយ​ទៀត កូន​មនុស្ស​អើយ ចូរ​យក​កាំបិត​មុត ជា​កាំបិត​របស់​ជាង​កោរ មក​កោរ​សក់ និង​ពុក‌ចង្កា​ឯង​ចុះ រួច​យក​ត្រាជូ​មក​ថ្លឹង ហើយ​បែង​ចែក​សក់​នោះ

2. ឯ​១​ភាគ​ក្នុង​៣ ត្រូវ​ឲ្យ​ឯង​ដុត​នៅ​កណ្តាល​ទី​ក្រុង ក្នុង​កាល​ដែល​ចំនួន​ថ្ងៃ​នៃ​ការ​ឡោម‌ព័ទ្ធ​នោះ​បាន​សំរេច ១​ភាគ​ក្នុង​៣​ទៀត ត្រូវ​ឲ្យ​យក​កាំបិត​កាត់​ក្រឡឹង​ជុំវិញ ហើយ​១​ភាគ​ក្នុង​៣​ទៀត ត្រូវ​ឲ្យ​គ្រវែង​ចោល​ឲ្យ​ខ្យល់​ផាត់​ទៅ រួច​អញ​នឹង​ហូត​ដាវ​ទៅ​តាម​ក្រោយ

3. ត្រូវ​ឲ្យ​ឯង​យក​សរសៃ​សក់​នោះ​ប្រមាណ​បន្តិច​មក​ចង​នៅ​ជាយ​អាវ​ឯង

4. រួច​ពី​ចំនួន​សរសៃ​សក់​ទាំង​នោះ ត្រូវ​ឲ្យ​ឯង​យក​ខ្លះ​បោះ​ទៅ​ក្នុង​ភ្លើង​ដុត​ទៅ នឹង​មាន​ភ្លើង​ចេញ​ពី​នោះ​មក ទាស់​នឹង​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទាំង​អស់។

5. ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា នេះ​គឺ​ជា​ក្រុង​យេរូ‌សាឡិម ដែល​អញ​បាន​តាំង​ឲ្យ​នៅ​កណ្តាល​អស់​ទាំង​សាសន៍ និង​ប្រទេស​ទាំង​ប៉ុន្មាន​នៅ​ជុំវិញ

6. ប៉ុន្តែ​វា​បាន​រឹង‌ទទឹង​នឹង​បញ្ញត្ត​ច្បាប់​របស់​អញ ដោយ​ប្រព្រឹត្ត​អំពើ​អាក្រក់ លើស​ជាង​អស់​ទាំង​សាសន៍ ហើយ​រឹង‌ទទឹង​នឹង​ក្រឹត្យ‌ក្រម​របស់​អញ លើស​ជាង​ប្រទេស​នៅ​ជុំវិញ​ទាំង​ប៉ុន្មាន ដ្បិត​គេ​បាន​បោះ‌បង់​ចោល​បញ្ញត្ត​ច្បាប់​របស់​អញ​ឥត​ដែល​ដើរ​តាម​សោះ

7. ហេតុ​នោះ​បាន​ជា​ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ដោយ​ព្រោះ​ឯង​រាល់​គ្នា​ជ្រួល‌ជ្រើម​លើស​ជាង​អស់​ទាំង​សាសន៍ ដែល​នៅ​ជុំវិញ​ឯង ក៏​មិន​បាន​ដើរ​តាម​ច្បាប់​អញ ឬ​រក្សា​បញ្ញត្ត​អញ ហើយ​មិន​បាន​ប្រព្រឹត្ត​តាម​បញ្ញត្ត​របស់​សាសន៍​ទាំង​ប៉ុន្មាន ដែល​នៅ​ជុំវិញ​ឯង​ផង

8. បាន​ជា​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល អញ គឺ​អញ​នេះ​ហើយ បាន​ទាស់​នឹង​ឯង អញ​នឹង​សំរេច​សេចក្ដី​យុត្តិ‌ធម៌ នៅ​កណ្តាល​ឯង ឲ្យ​សាសន៍​ដទៃ​បាន​ឃើញ​ដែរ

9. អញ​នឹង​ធ្វើ​ការ​១​នៅ​ក្នុង​ឯង ជា​ការ​ដែល​អញ​មិន​ដែល​ធ្វើ​ពី​ដើម​មក ហើយ​ទៅ​មុខ​ទៀត​ក៏​មិន​ដែល​ធ្វើ​ឲ្យ​ដូច​ឡើយ ដោយ​ព្រោះ​អស់​ទាំង​ការ​គួរ​ស្អប់​ខ្ពើម​របស់​ឯង

10. ដូច្នេះ ឪពុក​នឹង​ស៊ី​កូន ហើយ​កូន​នឹង​ស៊ី​ឪពុក​នៅ​កណ្តាល​ឯង ហើយ​អញ​នឹង​សំរេច​សេចក្ដី​យុត្តិ‌ធម៌​ដល់​ឯង ព្រម​ទាំង​កំចាត់‌កំចាយ​សំណល់​របស់​ឯង​ទៅ​តាម​ខ្យល់​ពី​គ្រប់​ទិស

11. ហេតុ​នោះ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ នោះ​ប្រាកដ​ជា​អញ​នឹង​បន្ថយ​ឲ្យ​ឯង​កាន់​តែ​តិច​ទៅ ភ្នែក​អញ​នឹង​មើល​ឯង ដោយ​ឥត​ប្រណី ហើយ​អញ​នឹង​មិន​អាណិត​មេត្តា​ដល់​ឯង​ឡើយ ដោយ​ព្រោះ​បាន​បង្អាប់​ទី​បរិសុទ្ធ​របស់​អញ ដោយ​អស់​ទាំង​របស់​គួរ​ស្អប់​ខ្ពើម ហើយ​គួរ​ឆ្អើម​របស់​ឯង

12. ពួក​ឯង​១​ភាគ​ក្នុង​៣​នឹង​ត្រូវ​ស្លាប់ ដោយ​អាសន្ន‌រោគ ហើយ​នឹង​ត្រូវ​សូន្យ​ទៅ ដោយ​អំណត់​អត់​នៅ​កណ្តាល​ឯង ឯ​១​ភាគ​ក្នុង​៣​ទៀត នឹង​ដួល​ស្លាប់​ដោយ​ដាវ នៅ​ជុំវិញ​ឯង ហើយ​ភាគ​ទី​៣ អញ​នឹង​កំចាត់‌កំចាយ​ទៅ​តាម​ខ្យល់​គ្រប់​ទិស រួច​នឹង​ហូត​ដាវ​តាម​ក្រោយ​គេ​ទៀត។

13. គឺ​យ៉ាង​នោះ​ឯង ដែល​សេចក្ដី​កំហឹង​របស់​អញ​នឹង​បាន​សំរេច ហើយ​អញ​នឹង​ឲ្យ​សេចក្ដី​ក្រោធ​របស់​អញ​នៅ​លើ​គេ នោះ​អញ​នឹង​បាន​រសាយ​ចិត្ត កាល​ណា​អញ​បាន​សំរេច​សេចក្ដី​ក្រោធ​របស់​អញ​ដល់​គេ នោះ​គេ​នឹង​ដឹង​ថា ជា​អញ​នេះ​ហើយ គឺ​ព្រះ‌យេហូវ៉ា ដែល​បាន​និយាយ​ដោយ​សេចក្ដី​ស្រវា‌ស្រទេញ​របស់​អញ

14. អញ​នឹង​ធ្វើ​ឲ្យ​ឯង​ទៅ​ជា​ទី​ខូច​បង់ ហើយ​ជា​ទី​មើល‌ងាយ នៅ​កណ្តាល​អស់​ទាំង​សាសន៍ ដែល​នៅ​ជុំវិញ​ឯង ឲ្យ​គ្រប់​មនុស្ស​ដែល​ដើរ​បង្ហួស​បាន​ឃើញ​ផង

15. ដូច្នេះ ការ​នោះ​នឹង​បាន​ជា​ហេតុ នាំ​ឲ្យ​មាន​សេចក្ដី​ត្មះ‌តិះដៀល សេចក្ដី​អុច‌អាល សេចក្ដី​ប្រៀន‌ប្រដៅ និង​សេចក្ដី​ស្រឡាំង​កាំង ដល់​អស់​ទាំង​សាសន៍​ដែល​នៅ​ជុំវិញ​ឯង ក្នុង​កាល​ដែល​អញ​សំរេច​សេចក្ដី​យុត្តិ‌ធម៌​ដល់​ឯង ដោយ​សេចក្ដី​កំហឹង សេចក្ដី​ឃោរ‌ឃៅ និង​ពាក្យ​បន្ទោស​ដោយ​ក្តៅ​ខ្លាំង (អញ​នេះ​គឺ​យេហូវ៉ា បាន​ចេញ​វាចា​ហើយ)

16. គឺ​ក្នុង​កាល​ដែល​អញ​នឹង​ចាត់​ប្រើ​ព្រួញ​ដ៏​អាក្រក់​នៃ​សេចក្ដី​អំណត់ ដែល​សំរាប់​បំផ្លាញ ជា​សេចក្ដី​ដែល​អញ​នឹង​ចាត់​មក​លើ​ឯង​រាល់​គ្នា នោះ​អញ​នឹង​ធ្វើ​ឲ្យ​សេចក្ដី​អំណត់​អត់​ចំរើន​ឡើង ដល់​ឯង​ហើយ​នឹង​ផ្តាច់​ស្បៀង​អាហារ​របស់​ឯង​រាល់​គ្នា​បង់

17. អញ​នឹង​បាត់​សេចក្ដី​អំណត់​អត់ និង​សត្វ​កំណាច​មក​លើ​ឯង​រាល់​គ្នា នោះ​នឹង​បំរាស​កូន​ឯង​ទៅ ហើយ​នឹង​មាន​ទាំង​អាសន្ន‌រោគ និង​ឈាម​មក​កណ្តាល​ឯង​ផង អញ​នឹង​នាំ​ដាវ​មក​លើ​ឯង អញ​នេះ គឺ​យេហូវ៉ា បាន​ចេញ​វាចា​ហើយ។