ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 39 ព្រះគម្ពីរបរិសុទ្ធ (KHOV)

បរាជ័យ​របស់​ស្តេច​កុក

1. ដូច្នេះ កូន​មនុស្ស​អើយ ចូរ​ទាយ​ទាស់​នឹង​កុក ហើយ​ប្រាប់​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ម្នាល​កុក ជា​ចៅ‌ហ្វាយ​នៃ​ពួក​រ៉ុស ពួក​មែសេក និង​ពួក​ទូបាល​អើយ អញ​ទាស់​នឹង​ឯង

2. អញ​នឹង​ធ្វើ​ឲ្យ​ឯង​បែរ​មក ហើយ​នាំ​ឯង​ទៅ​មុខ ក៏​នឹង​បណ្តាល​ឲ្យ​ឯង​ឡើង​មក​ពី​ស្រុក​ខាង​ជើង​បំផុត ព្រម​ទាំង​នាំ​ឯង​មក​លើ​ភ្នំ​ទាំង​ប៉ុន្មាន​របស់​ស្រុក​អ៊ីស្រា‌អែល

3. អញ​នឹង​វាយ​ធ្នូ​ចេញ​ពី​ដៃ​ឆ្វេង​របស់​ឯង ហើយ​នឹង​ធ្វើ​ឲ្យ​ព្រួញ​ធ្លាក់​ចេញ​ពី​ដៃ​ស្តាំ​ឯង

4. ឯង​នឹង​ដួល​នៅ​លើ​អស់​ទាំង​ភ្នំ​របស់​ស្រុក​អ៊ីស្រា‌អែល គឺ​ទាំង​ឯង និង​ពួក​កក‌កុញ​របស់​ឯង ហើយ​សាសន៍​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​ផង អញ​នឹង​ប្រគល់​ឯង​ដល់​សត្វ​ហើរ​ផ្សេងៗ​ដែល​ស៊ី​គំរង់ ហើយ​ដល់​សត្វ​ព្រៃ​ឲ្យ​វា​ស៊ី​ទៅ

5. ឯង​នឹង​ដួល​នៅ​ទី​វាល​ទទេ ដ្បិត​អញ​បាន​ចេញ​វាចា​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា

6. អញ​នឹង​ចាត់​ភ្លើង​ទៅ​លើ​ស្រុក​ម៉ាកុក ហើយ​លើ​ពួក​អ្នក​ដែល​អាស្រ័យ​នៅ ដោយ​សុខ‌សាន្ត​នៅ​កោះ​ទាំង‌ឡាយ នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត

7. អញ​នឹង​ឲ្យ​មនុស្ស​ស្គាល់​ឈ្មោះ​ដ៏​បរិសុទ្ធ​របស់​អញ នៅ​កណ្តាល​ពួក​អ៊ីស្រា‌អែល​ជា​រាស្ត្រ​អញ ក៏​មិន​ឲ្យ​ឈ្មោះ​បរិសុទ្ធ​របស់​អញ​ត្រូវ​បង្អាប់​ទៀត ដូច្នេះ អស់​ទាំង​សាសន៍​នឹង​ដឹង​ថា អញ​ជា​ព្រះ‌យេហូវ៉ា គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល

8. ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល ការ​នោះ​កំពុង​តែ​មក ហើយ​នឹង​បាន​សំរេច​ជា​ពិត នេះ​ហើយ​ជា​ថ្ងៃ​ដែល​អញ​បាន​ប្រាប់​នោះ

9. ឯ​ពួក​អ្នក​ដែល​នៅ​អស់​ទាំង​ទី​ក្រុង​នៃ​ស្រុក​អ៊ីស្រា‌អែល គេ​នឹង​ចេញ​ទៅ​ប្រមូល​គ្រឿង​សស្ត្រា‌វុធ​ដុត​ចោល គឺ​ទាំង​ខែល​តូច ខែល​ធំ ទាំង​ធ្នូ និង​ព្រួញ ដែក​ពួយ និង​លំពែង​ផង គេ​នឹង​ដុត​គ្រឿង​ទាំង​នោះ​អស់​៧​ឆ្នាំ

10. ឥត​ត្រូវ​ការ​រើស​រំកាច់​ឈើ​នៅ​ទី​វាល ឬ​កាប់​ឱស​នៅ​ក្នុង​ព្រៃ​ឡើយ ដ្បិត​គេ​នឹង​ប្រើ​គ្រឿង​ទាំង​នោះ​សំរាប់​ដុត​វិញ ហើយ​គេ​នឹង​រឹប‌ជាន់​ពួក​អ្នក​ដែល​បាន​រឹប‌ជាន់​ខ្លួន ព្រម​ទាំង​ប្លន់​ពួក​អ្នក​ដែល​បាន​ប្លន់​ខ្លួន​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។

11. គ្រា​នោះ អញ​នឹង​ឲ្យ​កន្លែង​១​ដល់​ពួក​កុក សំរាប់​ជា​ទី​កប់​ខ្មោច​នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល គឺ​ជា​ច្រក​ភ្នំ​ដែល​មនុស្ស​ដើរ​កាត់​ទៅ​ខាង​កើត​សមុទ្រ ច្រក​នោះ​នឹង​បិទ​ខ្ទប់​ពួក​អ្នក​ដើរ​កាត់ ហើយ​នៅ​ទី​នោះ​គេ​នឹង​កប់​សាក‌សព​នៃ​កុក និង​ពួក​កក‌កុញ​របស់​វា គេ​នឹង​ហៅ​ច្រក​ភ្នំ​នោះ​ថា ហាមុន-កុក

12. ពួក​វង្ស​អ៊ីស្រា‌អែល នឹង​កប់​ខ្មោច​អ្នក​ទាំង​នោះ​អស់​៧​ខែ ទើប​បាន​ហើយ ដើម្បី​នឹង​សំអាត​ស្រុក

13. អើ មនុស្ស​ទាំង​អស់​នៅ​ស្រុក​នោះ​នឹង​ធ្វើ​ការ​កប់​សព​គេ ហើយ​ការ​នោះ​នឹង​បាន​ជា​ល្បី​ដល់​គេ ក្នុង​ថ្ងៃ​ដែល​អញ​បាន​ដំកើង​ឡើង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា

14. គេ​នឹង​ដំរូវ​ទុក​មនុស្ស​១​ពួក ដែល​ត្រូវ​ធ្វើ​ការ​នោះ​ជានិច្ច ឲ្យ​បាន​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក ជា​មួយ​នឹង​ពួក​អ្នក​ដែល​ដើរ​ដំណើរ​ទៅ​មក ដើម្បី​នឹង​កប់​សព​ដែល​សល់​នៅ​លើ​ដី​ប្រយោជន៍​នឹង​សំអាត​ស្រុក​ទៅ ក្រោយ​៧​ខែ នោះ​គេ​នឹង​ដើរ​ពិនិត្យ​មើល

15. រួច​ពួក​អ្នក​ដែល​ដើរ​ចុះ​ឡើង គេ​នឹង​ដើរ​ទៅ​មក​មើល បើ​ឃើញ​ឆ្អឹង​ខ្មោច​មនុស្ស​ណា នោះ​គេ​នឹង​តាំង​ទី​សំគាល់​១​នៅ​ជិត​ខាង ទាល់​តែ​ពួក​កប់​ខ្មោច​បាន​មក​កប់​ចោល នៅ​ក្នុង​ច្រក​ភ្នំ​ហាមុន-កុក​ទាំង​អស់​ទៅ

16. ហើយ​ទី​ក្រុង​១​នឹង​មាន​ឈ្មោះ​ហៅ​ថា ហាម៉ូណា គឺ​យ៉ាង​នោះ​ដែល​គេ​នឹង​សំអាត​ស្រុក។

17. ឯ​ឯង កូន​មនុស្ស​អើយ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​ប្រាប់​ដល់​សត្វ​ស្លាប​គ្រប់​យ៉ាង និង​ដល់​អស់​ទាំង​សត្វ​ព្រៃ​នៅ​ផែនដី​ថា ចូរ​មូល​គ្នា​មក ចូរ​ប្រជុំ​គ្នា​ពី​គ្រប់​ទិស មក​ឯ​យញ្ញ‌បូជា​របស់​អញ ដែល​អញ​ធ្វើ​សំរាប់​ឯង​រាល់​គ្នា ជា​យញ្ញ‌បូជា​យ៉ាង​ធំ នៅ​លើ​អស់​ទាំង​ភ្នំ​ស្រុក​អ៊ីស្រា‌អែល ដើម្បី​ឲ្យ​ឯង​បាន​ស៊ី​សាច់ ហើយ​ផឹក​ឈាម

18. ឯង​រាល់​គ្នា​នឹង​ស៊ី​សាច់​របស់​មនុស្ស​ខ្លាំង​ពូកែ ហើយ​ផឹក​ឈាម​របស់​ពួក​ចៅ‌ហ្វាយ​នៅ​ផែនដី ទាំង​ចៀម​ឈ្មោល កូន​ចៀម ពពែ និង​គោ​ផង សុទ្ធ​តែ​ជា​សត្វ​បំប៉ន​ពី​ស្រុក​បាសាន

19. ឯង​រាល់​គ្នា​នឹង​ស៊ី​ខ្លាញ់​ទាល់​តែ​ឆ្អែត ហើយ​ផឹក​ឈាម ទាល់​តែ​ស្រវឹង ដោយ‌សារ​យញ្ញ‌បូជា ដែល​អញ​ធ្វើ​សំរាប់​ឯង

20. នៅ​តុ​អញ ឯង​រាល់​គ្នា​នឹង​បាន​ឆ្អែត​ដោយ​សាច់​សេះ ពួក​រទេះ​ចំបាំង ពួក​មនុស្ស​ខ្លាំង​ពូកែ និង​ពួក​ទាហាន​ទាំង​ប៉ុន្មាន​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។

21. អញ​នឹង​តាំង​សិរី‌ល្អ​របស់​អញ នៅ​កណ្តាល​អស់​ទាំង​សាសន៍ ហើយ​អស់​ទាំង​សាសន៍​នឹង​ឃើញ​សេចក្ដី​យុត្តិ‌ធម៌​របស់​អញ ដែល​បាន​សំរេច​នោះ និង​ដៃ​អញ​ដែល​បាន​ដាក់​លើ​គេ

22. យ៉ាង​នោះ​ពួក​វង្ស​អ៊ីស្រា‌អែល​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា គឺ​ជា​ព្រះ​នៃ​គេ តាំង​តែ​ពី​ថ្ងៃ​នោះ​ត​ទៅ

23. ឯ​ពួក​សាសន៍​ដទៃ គេ​នឹង​ដឹង​ថា ពួក​វង្ស​អ៊ីស្រា‌អែល​បាន​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​ខ្លួន ដោយ​ព្រោះ​គេ​ប្រព្រឹត្ត​រំលង​ទាស់​នឹង​អញ​ហើយ បាន​ជា​អញ​គេច​មុខ​ចេញ​ពី​គេ ដោយ​ហេតុ​នោះ បាន​ជា​អញ​ប្រគល់​គេ ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ ហើយ​គេ​ត្រូវ​ដួល​ដោយ​ដាវ​ទាំង​អស់​គ្នា

24. អញ​បាន​ធ្វើ​ដល់​គេ​តាម​សេចក្ដី​ស្មោក‌គ្រោក និង​អំពើ​រំលង​របស់​គេ ព្រម​ទាំង​គេច​មុខ​ចេញ​ពី​គេ​ផង។

25. ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ឥឡូវ​នេះ អញ​នឹង​នាំ​ពួក​យ៉ាកុប​ដែល​នៅ​ជា​ឈ្លើយ​ឲ្យ​មក​វិញ ហើយ​នឹង​មាន​សេចក្ដី​អាណិត​មេត្តា​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ទាំង​មូល ហើយ​នឹង​មាន​សេចក្ដី​ប្រចណ្ឌ ដោយ​យល់​ដល់​ឈ្មោះ​បរិសុទ្ធ​របស់​អញ

26. ឯ​ក្រោយ​ដែល​គេ​បាន​រង​ទ្រាំ​សេចក្ដី​ខ្មាស និង​គ្រប់​ទាំង​អំពើ​រំលង​ដែល​គេ​បាន​ប្រព្រឹត្ត​ទាស់​នឹង​អញ ក្នុង​គ្រា​ដែល​គេ​នៅ​ក្នុង​ស្រុក​ខ្លួន ដោយ​សុខ‌សាន្ត ឥត​មាន​អ្នក​ណា​បំភ័យ​ឡើយ

27. គឺ​ក្នុង​កាល​ដែល​អញ​បាន​នាំ​គេ​ចេញ​ពី​អស់​ទាំង​សាសន៍​មក​វិញ ហើយ​ប្រមូល​គេ​ពី​គ្រប់​ទាំង​ស្រុក​របស់​ខ្មាំង​សត្រូវ​គេ ព្រម​ទាំង​តាំង​ខ្លួន​អញ​ជា​បរិសុទ្ធ នៅ​ក្នុង​ពួក​គេ ចំពោះ​ភ្នែក​សាសន៍​ជា​ច្រើន

28. ហើយ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា គឺ​ជា​ព្រះ​នៃ​គេ ដោយ​អញ​បាន​ធ្វើ​ឲ្យ​គេ​ទៅ​ជា​ឈ្លើយ នៅ​កណ្តាល​អស់​ទាំង​សាសន៍​រួច​បាន​ប្រមូល​គេ​មក ក្នុង​ស្រុក​របស់​ខ្លួន​គេ​វិញ ឥត​ទុក​អ្នក​ណា​មួយ​ឲ្យ​នៅ​សល់ ក្នុង​ស្រុក​ទាំង​នោះ​ទៀត

29. អញ​ក៏​នឹង​មិន​គេច​មុខ​ពី​គេ​ទៀត​ដែរ ដ្បិត​អញ​បាន​ចាក់​វិញ្ញាណ​អញ​ទៅ​លើ​ពួក​វង្ស​អ៊ីស្រា‌អែល​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។