ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 28 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ស្តេច​ក្រុង​ទីរ៉ុស​អស់​រាជ្យ

1. ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ម្តង​ទៀត​ថា

2. កូន​មនុស្ស​អើយ ចូរ​ប្រាប់​ដល់​ម្ចាស់​ដ៏​ធំ​នៃ​ក្រុង​ទីរ៉ុស​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ដោយ​ព្រោះ​ឯង​កើត​មាន​ចិត្ត​ធំ ហើយ​បាន​ពោល​ថា អញ​ជា​ព្រះ អញ​អង្គុយ​លើ​បល្ល័ង្ក​របស់​ព្រះ​នៅ​កណ្តាល​សមុទ្រ ប៉ុន្តែ​ឯង​ជា​មនុស្ស​ទេ មិន​មែន​ជា​ព្រះ​ឡើយ ទោះ​បើ​ឯង​បាន​តាំង​ចិត្ត​ដូច​ជា​ព្រះ‌ហឫ‌ទ័យ​ព្រះ​ក៏​ដោយ

3. មើល ឯង​មាន​ប្រាជ្ញា​លើស​ជាង​ដានី‌យ៉ែល​ទៅ​ទៀត គ្មាន​ការ​សំងាត់​ណា ដែល​លាក់​កំបាំង​នឹង​ឯង​សោះ

4. ឯង​បាន​ប្រមូល​ទ្រព្យ‌សម្បត្តិ ហើយ​បាន​មាស​ប្រាក់​ដាក់​ក្នុង​ឃ្លាំង ដោយ​ប្រាជ្ញា និង​យោបល់​របស់​ឯង

5. ឯង​បាន​ចំរើន​ទ្រព្យ‌សម្បត្តិ​ដោយ‌សារ​ប្រាជ្ញា​ដ៏​ជ្រាល‌ជ្រៅ​របស់​ឯង និង​ការ​ជំនួញ​ផង ហើយ​ចិត្ត​ឯង​បាន​ស្ទួយ​ឡើង ដោយ​ព្រោះ​ទ្រព្យ‌សម្បត្តិ​របស់​ឯង

6. ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​ឯង​បាន​តាំង​ចិត្ត ឲ្យ​បាន​ដូច​ជា​ព្រះ‌ហឫ‌ទ័យ​នៃ​ព្រះ

7. នោះ​មើល អញ​នឹង​នាំ​សាសន៍​ដទៃ គឺ​ជា​ពួក​អ្នក​គួរ​ស្ញែង‌ខ្លាច នៅ​កណ្តាល​គ្រប់​ទាំង​សាសន៍​មក​លើ​ឯង គេ​នឹង​ហូត​ដាវ​ទៅ​ទាស់​នឹង​លំអ​នៃ​ប្រាជ្ញា​របស់​ឯង ព្រម​ទាំង​បង្អាប់​រស្មី​របស់​ឯង​ផង

8. គេ​នឹង​ទំលាក់​ឯង​ទៅ​ក្នុង​ជង្ហុក​ធំ ហើយ​ឯង​នឹង​ត្រូវ​ស្លាប់​ដូច​ជា​ពួក​អ្នក​ដែល​ត្រូវ​គេ​ចាក់​សំឡាប់ នៅ​កណ្តាល​សមុទ្រ

9. នៅ​គ្រា​នោះ​តើ​ឯង​នឹង​នៅ​តែ​ពោល នៅ​មុខ​អ្នក​ដែល​សំឡាប់​ឯង ថា អញ​ជា​ព្រះ ទៀត​ឬ​អី ប៉ុន្តែ​នៅ​ក្នុង​កណ្តាប់​ដៃ​នៃ​អ្នក​ដែល​សំឡាប់​ឯង នោះ​ឯង​ជា​មនុស្ស​ទេ មិន​មែន​ជា​ព្រះ​ឡើយ

10. ឯង​នឹង​ត្រូវ​ស្លាប់ ដូច​ជា​ពួក​អ្នក​មិន​កាត់​ស្បែក​ដែរ គឺ​ដោយ​ដៃ​នៃ​ពួក​សាសន៍​ដទៃ ដ្បិត​អញ​បាន​ចេញ​វាចា​រួច​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។

11. ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា បាន​មក​ដល់​ខ្ញុំ​ទៀត​ថា

12. កូន​មនុស្ស​អើយ ចូរ​ផ្តើម​ពាក្យ​ទំនួញ​ពី​ដំណើរ​ស្តេច​ក្រុង​ទីរ៉ុស ហើយ​ប្រាប់​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ឯង​ជា​អ្នក​បំពេញ​ខ្នាត ដោយ​មាន​ប្រាជ្ញា​ពោរ‌ពេញ ហើយ​លំអ​គ្រប់​លក្ខណ៍

13. ពី​ដើម​ឯង​បាន​នៅ​ក្នុង​ច្បារ​អេដែន​ជា​សួន​របស់​ព្រះ ឯង​បាន​ប្រដាប់​កាយ​ដោយ​ត្បូង​ដ៏​មាន​ដំឡៃ​គ្រប់​មុខ គឺ​សាមស៊ី ទោបុ័ត ពេជ្រ បេរីល អូនីក្ស មណី‌ជោតិ កណ្តៀង មរកត បារកេត ហើយ​នឹង​មាស ឯ​ក្រាប់ និង​ខ្លុយ​របស់​ឯង នោះ​បាន​ត្រៀម​ទុក​សំរាប់​ឯង​តាំង​ពី​ថ្ងៃ​ដែល​ឯង​កើត​មក

14. ឯង​ជា​ចេរូប៊ីន​ដែល​បាន​ចាក់​ប្រេង​តាំង​ឡើង​ជា​អ្នក​គ្រប​បាំង គឺ​អញ​បាន​តាំង​ឯង​ឡើង ឲ្យ​ឯង​បាន​នៅ​លើ​ភ្នំ​បរិសុទ្ធ​របស់​ព្រះ ឯង​ក៏​បាន​ដើរ​ទៅ​មក​នៅ​កណ្តាល​ថ្ម​ភ្លឺ​ចាំង

15. ចាប់​តាំង​ពី​ថ្ងៃ​ដែល​ឯង​កើត​មក នោះ​ឯង​បាន​គ្រប់​លក្ខណ៍​ក្នុង​គ្រប់​ទាំង​ផ្លូវ​របស់​ឯង ដរាប​ដល់​វេលា​ដែល​ឃើញ​មាន​សេចក្ដី​ទុច្ចរិត​នៅ​ក្នុង​ឯង

16. ដ្បិត​ដោយ‌សារ​ការ​ជួញ​ប្រែ​ដ៏​បរិបូរ​របស់​ឯង នោះ​គេ​បាន​បំពេញ​ឯង​ដោយ​សេចក្ដី​ច្រឡោត ហើយ​ឯង​បាន​ធ្វើ​បាប ហេតុ​នោះ​អញ​បាន​បោះ​ចោល​ឯង​ចេញ​ពី​ភ្នំ​នៃ​ព្រះ ទុក​ដូច​ជា​របស់​អាប់‌ឱន​ទៅ​វិញ ឱ​ចេរូប៊ីន​ដែល​គ្រប​បាំង​អើយ អញ​បាន​បំផ្លាញ​ឯង​ចេញ​ពី​កណ្តាល​ថ្ម​ភ្លឺ​ចាំង​នោះ​ទៅ

17. ចិត្ត​ឯង​បាន​ស្ទួយ​ឡើង ដោយ​ព្រោះ​សេចក្ដី​លំអ​របស់​ឯង ឯង​បាន​បង្ខូច​ប្រាជ្ញា​ឯង ដោយ​ពន្លឺ​រស្មី​របស់​ឯង អញ​បាន​បោះ​ឯង​ចុះ​ដល់​ដី ព្រម​ទាំង​ដាក់​នៅ​មុខ​ពួក​ស្តេច ឲ្យ​គេ​បាន​ពិចារណា​ឯង

18. ឯង​បាន​បង្អាប់​អស់​ទាំង​ទី​បរិសុទ្ធ​របស់​ឯង ដោយ​អំពើ​ទុច្ចរិត​ដ៏​បរិបូរ​របស់​ឯង ហើយ​ដោយ​សេចក្ដី​ទុច្ចរិត​នៃ​ការ​ជួញ​ប្រែ​របស់​ឯង ហេតុ​នោះ​អញ​បាន​ធ្វើ​ឲ្យ​មាន​ភ្លើង​ចេញ​ពី​កណ្តាល​ឯង​មក ភ្លើង​នោះ​បាន​ឆេះ​បំផ្លាញ​ឯង អញ​បាន​ឲ្យ​ឯង​ទៅ​ជា​ផេះ​នៅ​លើ​ផែនដី នៅ​ចំពោះ​ភ្នែក​នៃ​អស់​អ្នក​ដែល​ឃើញ​ឯង

19. អស់​អ្នក​នៅ​គ្រប់​ទាំង​សាសន៍​ដែល​ស្គាល់​ឯង គេ​នឹង​ស្រឡាំង‌កាំង​ទៅ​ដោយ​ព្រោះ​ឯង ឯង​បាន​ត្រឡប់​ជា​ទី​ស្ញែង‌ខ្លាច ហើយ​លែង​មាន​នៅ​ជា​ដរាប​ត​ទៅ។

20. រួច​មក​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា បាន​មក​ដល់​ខ្ញុំ​ថា

21. កូន​មនុស្ស​អើយ ចូរ​តាំង​មុខ​ឯង​ត្រង់​ទៅ​ឯ​ស៊ីដូន ហើយ​ទាយ​ទាស់​នឹង​ទី​ក្រុង​នោះ​ថា

22. ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ម្នាល ស៊ីដូន​អើយ អញ​ទាស់​នឹង​ឯង ហើយ​អញ​នឹង​បាន​ដំកើង​ឡើង​នៅ​កណ្តាល​ឯង នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ក្នុង​កាល​ដែល​អញ​បាន​សំរេច​សេចក្ដី​យុត្តិ‌ធម៌​ដល់​វា ហើយ​បាន​ញែក​ជា​បរិសុទ្ធ នៅ​ក្នុង​វា​ដែរ

23. ពី​ព្រោះ​អញ​នឹង​ចាត់​អាសន្ន‌រោគ​ទៅ​ក្នុង​វា និង​ឈាម​ទៅ​នៅ​អស់​ទាំង​ផ្លូវ​របស់​វា ពួក​អ្នក​ដែល​ត្រូវ​របួស​នឹង​ដួល​នៅ​កណ្តាល​វា ដោយ​មាន​ដាវ​គ្រប​សង្កត់​នៅ​គ្រប់​ទិស នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត

24. ដូច្នេះ នឹង​លែង​មាន​បន្លា​ចាក់​ចុច​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល ឬ​បន្លា​ធ្វើ​ទុក្ខ នៅ​ក្នុង​សាសន៍​ណា​នៅ​ព័ទ្ធ​ជុំវិញ ដែល​ប្រព្រឹត្ត​នឹង​គេ​ដោយ​មើល‌ងាយ​ទៀត​ឡើយ នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌អម្ចាស់​យេហូវ៉ា​ពិត។

25. ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា កាល​ណា​អញ​បាន​ប្រមូល​ពួក​វង្ស​អ៊ីស្រា‌អែល មក​ពី​គ្រប់​សាសន៍ ដែល​គេ​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ​នោះ ហើយ​អញ​បាន​ញែក​ជា​បរិសុទ្ធ​នៅ​ក្នុង​ពួក​គេ ចំពោះ​ភ្នែក​នៃ​សាសន៍​ដទៃ នោះ​គេ​នឹង​អាស្រ័យ​នៅ​ក្នុង​ស្រុក​របស់​ខ្លួន ដែល​អញ​បាន​ឲ្យ​ដល់​យ៉ាកុប ជា​អ្នក​បំរើ​អញ

26. គេ​ក៏​នឹង​នៅ​ក្នុង​ស្រុក​នោះ​ដោយ​សុខ‌សាន្ត អើ គេ​នឹង​សង់​ផ្ទះ ព្រម​ទាំង​ដាំ​ដំណាំ​ទំពាំង‌បាយ‌ជូរ និង​អាស្រ័យ​នៅ​ដោយ​សុខ‌សាន្ត​ផង ក្នុង​កាល​ដែល​អញ​សំរេច​សេចក្ដី​យុត្តិ‌ធម៌​ដល់​ពួក​អ្នក​នៅ​ជុំវិញ​ដែល​បាន​ប្រព្រឹត្ត​នឹង​គេ​ដោយ​សេចក្ដី​មើល‌ងាយ នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា គឺ​ជា​ព្រះ​នៃ​គេ​ពិត។