ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នោះ​ទើប​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេឲ្យ​ចូល​ទៅ​ឯ​ផារ៉ោន​ទូល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​បើក​ឲ្យ​រាស្ត្រ​អញ​ចេញ​ទៅ​ថ្វាយ‌បង្គំ​អញ

2. បើ​មិន​ព្រម​ឲ្យ​គេ​ទៅ​ទេ នោះ​មើល អញ​នឹង​ធ្វើ​ឲ្យ​កើត​មាន​កង្កែប នៅ​ពេញ‌ពាស​ក្នុង​អស់​ទាំង​ព្រំ​ស្រុក​របស់​ឯង

3. នោះ​ទន្លេ​នឹង​មាន​ពេញ​សុទ្ធ​តែ​កង្កែប​វារ​រវើក​ឡើង វា​នឹង​លោត​ចូល​ទៅ​ក្នុង​ផ្ទះ​ឯង គឺ​នៅ​ក្នុង​បន្ទប់​ដេក​លើ​គ្រែ ហើយ​ក្នុង​ផ្ទះ​ពួក​បំរើ និង​ពួក​រាស្ត្រ​ឯង ព្រម​ទាំង​នៅ​ក្នុង​ជើង‌ក្រាន និង​ស្នាច​លាយ​ម្សៅ​របស់​ឯង​ផង

4. កង្កែប​ទាំង​នោះ​នឹង​លោត​លើ​ឯង លើ​រាស្ត្រ ហើយ​លើ​ពួក​បំរើ​របស់​ឯង​ទាំង​អស់​គ្នា​ដែរ។

5. នោះ​ព្រះ‌យេហូវ៉ា ទ្រង់​បង្គាប់​ម៉ូសេ​ឲ្យ​ប្រាប់​អើរ៉ុន​ថា ចូរ​ឲ្យ​បង​កាន់​ដំបង​លើក​ទៅ​លើ​អស់​ទាំង​ទន្លេ ព្រែក ហើយ​នឹង​បឹង ធ្វើ​ឲ្យ​មាន​កង្កែប​ឡើង​មក​លើ​ស្រុក​អេស៊ីព្ទ

6. អើរ៉ុន​ក៏​លើក​ដៃ​ទៅ​លើ​ទឹក​នៃ​ស្រុក​អេស៊ីព្ទ​ទាំង​ប៉ុន្មាន នោះ​ក៏​មាន​កង្កែប​ឡើង​មក​គ្រប​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ

7. ឯ​ពួក​គ្រូ​ក៏​ធ្វើ​ដូច្នោះ​ដោយ​របៀន​របស់​គេ​ដែរ គេ​បាន​ធ្វើ​ឲ្យ​មាន​កង្កែប​ឡើង​មក​លើ​ស្រុក​អេស៊ីព្ទ​ដូច​គ្នា។

8. នោះ​ផារ៉ោន​ទ្រង់​ហៅ​ម៉ូសេ និង​អើរ៉ុន​មក​មាន​ព្រះ‌បន្ទូល​ថា សូម​ឲ្យ​អង្វរ​ដល់​ព្រះ‌យេហូវ៉ា ឲ្យ​ទ្រង់​បន្ថយ​កង្កែប​ចេញ​ពី​អញ ហើយ​ពី​រាស្ត្រ​អញ​ទៅ នោះ​អញ​នឹង​ឲ្យ​ពួក​ឯង​ចេញ​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា

9. ម៉ូសេ​ក៏​ទូល​ផារ៉ោន​ថា ទ្រង់​មាន​អំណាច​ស្រាប់​ហើយ ដូច្នេះ​សូម​បង្គាប់​ទូល‌បង្គំ​ចុះ តើ​ចង់​ឲ្យ​ទូល‌បង្គំ​អង្វរ​ជំនួស​ទ្រង់ និង​ពួក​មហា‌តលិក ហើយ​នឹង​រាស្ត្រ​ទ្រង់​ក្នុង​ពេល​ណា ដើម្បី​ឲ្យ​កង្កែប​បាន​ត្រូវ​វិនាស​ចេញ​ពី​ចំពោះ​ទ្រង់ និង​ពួក​ដំណាក់​ទ្រង់​ទៅ ឲ្យ​មាន​តែ​នៅ​ក្នុង​ទន្លេ​វិញ

10. នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ថ្ងៃ​ស្អែក​ចុះ រួច​លោក​ទូល​ថា សូម​តាម​ព្រះ‌បន្ទូល​ទ្រង់​ចុះ ដើម្បី​ឲ្យ​ទ្រង់​បាន​ជ្រាប​ថា គ្មាន​អ្នក​ឯ​ណា​ឡើយ ដែល​ស្មើ​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា

11. នោះ​កង្កែប​នឹង​ថយ​ចេញ​ពី​ទ្រង់ ពី​ដំណាក់​ទ្រង់ ពី​ពួក​មហា‌តលិក ហើយ​ពី​រាស្ត្រ​ទ្រង់​ទៅ និង​មាន​សល់​នៅ​តែ​ក្នុង​ទន្លេ​ប៉ុណ្ណោះ

12. ម៉ូសេ និង​អើរ៉ុន​ក៏​ចេញ​ពី​ផារ៉ោន​ទៅ រួច​ម៉ូសេ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​អំពី​រឿង​កង្កែប ដែល​ទ្រង់​បាន​នាំ​មក​លើ​ផារ៉ោន​នោះ

13. ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ធ្វើ​សំរេច​តាម​ពាក្យ​លោក​ម៉ូសេ នោះ​កង្កែប​ក៏​ស្លាប់​អន្តរ‌ធាន​នៅ​ក្នុង​ផ្ទះ និង​ក្នុង​ភូមិ ហើយ​នៅ​ចំការ​ផង

14. គេ​ប្រមូល​គរ​ឡើង​ជា​គំនរ រួច​ក្នុង​ស្រុក​ក៏​ធុំ​ក្លិន​ស្អុយ​ពេញ

15. តែ​កាល​ផារ៉ោន​ឃើញ​ថា​បាន​ធូរ​ស្បើយ​ហើយ នោះ​ទ្រង់​តាំង​ព្រះ‌ទ័យ​រឹង‌ទទឹង​ទៀត ហើយ​មិន​ព្រម​ស្តាប់​តាម​ម៉ូសេ និង​អើរ៉ុន​ឡើយ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មក។

គ្រោះ​កាច​ទី​បី: ចៃ

16. រួច​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ ឲ្យ​ប្រាប់​អើរ៉ុន​ថា ចូរ​បង​លើក​ដំបង​វាយ​ធូលី​ដី​ទៅ ដើម្បី​ឲ្យ​បាន​ត្រឡប់​ជា​ចៃ នៅ​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ

17. នោះ​ក៏​ធ្វើ​ដូច្នោះ អើរ៉ុន​កាន់​ដំបង​លើក​វាយ​ធូលី​ដី ហើយ​កើត​មាន​ចៃ​នៅ​លើ​មនុស្ស​ហើយ​នឹង​សត្វ ធូលី​ដី​ទាំង​អស់​ក៏​ទៅ​ជា​ចៃ​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ

18. ឯ​ពួក​គ្រូ​ក៏​ខំ​ធ្វើ​ដូច្នោះ​ដោយ​របៀន​របស់​គេ​ដែរ ដើម្បី​នឹង​បង្កើត​ចៃ តែ​ធ្វើ​មិន​កើត​ឡើយ ចៃ​ទាំង​នោះ​នៅ​លើ​មនុស្ស​ហើយ​នឹង​សត្វ​ផង

19. នោះ​ពួក​គ្រូ​គេ​ទូល​ផារ៉ោន​ថា នេះ​គឺ​ជា​អង្គុលី​ព្រះ‌ហស្ត​របស់​ព្រះ​ទេ តែ​ផារ៉ោន​មាន​ព្រះ‌ទ័យ​រឹង‌ទទឹង មិន​ព្រម​ស្តាប់​គេ​សោះ​ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ទុក។

គ្រោះ​កាច​ទី​បួន: រុយ

20. រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ក្រោក​ពី​ព្រលឹម​ទៅ​ឈរ​នៅ​មុខ​ផារ៉ោន មើល ទ្រង់​នឹង​ចេញ​ទៅ​ឯ​មាត់​ទឹក នោះ​ត្រូវ​ឲ្យ​ឯង​ទូល​ទ្រង់​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ឲ្យ​រាស្ត្រ​អញ​ចេញ​ទៅ​ថ្វាយ‌បង្គំ​អញ​ចុះ

21. បើ​មិន​ព្រម​ឲ្យ​គេ​ចេញ​ទៅ​ទេ នោះ​មើល​អញ​នឹង​ចាត់​រុយ​ទាំង​ហ្វូងៗ​ឲ្យ​មក​លើ​ឯង លើ​ពួក​បំរើ​ឯង ពួក​រាស្ត្រ​ឯង ហើយ​នៅ​ក្នុង​ផ្ទះ​ទាំង​ប៉ុន្មាន​របស់​ឯង​រាល់​គ្នា​ផង បណ្តា​ផ្ទះ​នៃ​ពួក​សាសន៍​អេស៊ីព្ទ​នឹង​បាន​ពេញ​ដោយ​រុយ​ទាំង​អស់ ព្រម​ទាំង​ដី​ដែល​គេ​អាស្រ័យ​នៅ​ដែរ

22. តែ​នៅ​ថ្ងៃ​នោះ អញ​នឹង​ញែក​ស្រុក​កូសែន​ដែល​រាស្ត្រ​អញ​នៅ​មិន​ឲ្យ​មាន​រុយ​ឡើយ ដើម្បី​ឲ្យ​ឯង​ដឹង​ថា អញ​ជា​ព្រះ‌យេហូវ៉ា​ដ៏​នៅ​កណ្តាល​ផែនដី​នេះ

23. អញ​នឹង​ផ្តាច់​រាស្ត្រ​អញ និង​រាស្ត្រ​ឯង​ឲ្យ​ដាច់​ចេញ​ពី​គ្នា ឯ​ទី​សំគាល់​នេះ​នឹង​កើត​ឡើង​នៅ​វេលា​ថ្ងៃ​ស្អែក

24. ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ធ្វើ​ដូច្នោះ​មាន​រុយ​ទាំង​ហ្វូង ដែល​នាំ​ឲ្យ​វេទនា​ចិត្ត មក​ក្នុង​ដំណាក់​ផារ៉ោន ក្នុង​ផ្ទះ​ពួក​មហា‌តលិក​ទ្រង់ ហើយ​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ​ផង រុយ​ទាំង​នោះ​ក៏​ធ្វើ​ឲ្យ​ស្រុក​ខូច​ខាត​ទៅ។

25. នោះ​ផារ៉ោន ទ្រង់​ហៅ​ម៉ូសេ និង​អើរ៉ុន​មក​ប្រាប់​ថា ចូរ​ឯង​រាល់​គ្នា​ទៅ​ថ្វាយ​យញ្ញ‌បូជា ដល់​ព្រះ​នៃ​ឯង នៅ​ក្នុង​ស្រុក​នេះ​ចុះ

26. តែ​ម៉ូសេ​ប្រកែក​ថា មិន​គួរ​គប្បី​នឹង​ធ្វើ​ដូច្នោះ​ទេ បើ​ធ្វើ​យ៉ាង​នោះ ឈ្មោះ​ថា​យើង​ខ្ញុំ​នឹង​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ ដោយ​យញ្ញ‌បូជា​ដែល​ជា​ទី​ស្អប់​ខ្ពើមដល់​សាសន៍​អេស៊ីព្ទ​ហើយ ចុះ​បើ​យើង​ខ្ញុំ​ធ្វើ​យញ្ញ‌បូជា​នៅ​ចំពោះ​មុខ​សាសន៍​អេស៊ីព្ទ ដែល​គេ​ស្អប់​ខ្ពើម​ដូច្នេះ នោះ​តើ​គេ​មិន​ចោល​យើង​ខ្ញុំ​នឹង​ថ្ម​ទេ​ឬ​អី

27. យើង​ខ្ញុំ​នឹង​ដើរ​ផ្លូវ​ចំនួន​៣​ថ្ងៃ​ទៅ​ក្នុង​ទី​រហាស្ថាន​វិញ ដើម្បី​នឹង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ តាម​បង្គាប់​របស់​ទ្រង់

28. នោះ​ផារ៉ោន​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​បើក​ឲ្យ​ឯង​រាល់​គ្នា ចេញ​ទៅ​ថ្វាយ​យញ្ញ‌បូជា ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​នៅ​ទី​វាល​រហាស្ថាន​បាន តែ​កុំ​ឲ្យ​ទៅ​ឆ្ងាយ​ពេក ចូរ​សូម​អង្វរ​ឲ្យ​អញ​ផង

29. ម៉ូសេ​ទូល​តប​ថា មើល ទូល‌បង្គំ​នឹង​ចេញ​ពី​ទ្រង់​ទៅ​សូម​អង្វរ​ដល់​ព្រះ‌យេហូវ៉ា​ឲ្យ​រុយ​បាន​ថយ​ចេញ​ពី​ទ្រង់ ពី​ពួក​មហា‌តលិក ហើយ​ពី​រាស្ត្រ​របស់​ទ្រង់​នៅ​ពេល​ថ្ងៃ​ស្អែក ប៉ុន្តែ​សូម​កុំ​ឲ្យ​តែ​ទ្រង់​បញ្ឆោត​ទៀត ដើម្បី​នឹង​ឃាត់​បណ្តា‌ជន​មិន​ឲ្យ​គេ​ចេញ​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​នោះ​ឡើយ

30. រួច​ម៉ូសេ​ក៏​ចេញ​ពី​ផារ៉ោន​ទៅ​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា

31. ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ស្តាប់​តាម រុយ​ក៏​ថយ​ចេញ​ពី​ផារ៉ោន ពី​ពួក​មហា‌តលិក ហើយ​ពី​រាស្ត្រ​ទ្រង់​ទៅ គ្មាន​នៅ​សល់​១​សោះ

32. ប៉ុន្តែ​ផារ៉ោន ទ្រង់​តាំង​ព្រះ‌ទ័យ​រឹង‌ទទឹង​ឡើង​វិញ​ម្តង​នេះ​ទៀត គឺ​ទ្រង់​មិន​ព្រម​បើក​ឲ្យ​បណ្តា‌ជន​ចេញ​ទៅ​ឡើយ។