ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 26 ព្រះគម្ពីរបរិសុទ្ធ (KHOV)

រោង​ឧបោសថ

1. រីឯ​រោង​ឧបោសថ នោះ​ត្រូវ​ឲ្យ​ឯង​ធ្វើ​ពី​សំពត់​១០​ផ្ទាំង ដែល​ត្បាញ ដោយ​អំបោះ​ខ្លូត‌ទេស វេញ​យ៉ាង​ខ្មាញ់ មាន​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ និង​ពណ៌​ក្រហម ព្រម​ទាំង​ប៉ាក់​ជា​រូប​ចេរូប៊ីន តាម​រចនា​នៃ​ពួក​ជាង​មាន​ស្នាដៃ

2. បណ្តា​សំពត់​នីមួយៗ​ត្រូវ​ឲ្យ​មាន​បណ្តោយ​២៨​ហត្ថ ទទឹង​៤​ហត្ថ​ស្មើ​គ្នា​ទាំង​អស់

3. សំពត់​៥​ផ្ទាំង ត្រូវ​ដេរ​ភ្ជាប់​ជា​មួយ​គ្នា ហើយ​សំពត់​៥​ផ្ទាំង​ទៀត ក៏​ត្រូវ​ដេរ​ភ្ជាប់​ជា​មួយ​គ្នា​ដែរ

4. ត្រូវ​ធ្វើ​ខ្សែ​ក្រវិល​មាន​ពណ៌​ខៀវ​តាម​ជាយ​សំពត់​ទី​១ ខាង​ចុង​ផ្ទាំង​ត្រង់​កន្លែង​ដែល​ភ្ជាប់​គ្នា ហើយ​ត្រូវ​ធ្វើ​ដូច្នោះ​តាម​ជាយ​ខាង​ចុង​ផ្ទាំង​១​ទៀត ត្រង់​កន្លែង​ដែល​ភ្ជាប់​គ្នា​ដែរ

5. ត្រូវ​ធ្វើ​ឲ្យ​មាន​ខ្សែ​ក្រវិល​៥០​នៅ​សំពត់​ទី​១ ហើយ​៥០​ទៀត​នៅ​សំពត់​ទី​២ ត្រូវ​ដាក់​ខ្សែ​ក្រវិល​ទាំង​នោះ​ឲ្យ​ស្មើ​គ្នា​ទាំង​អស់

6. ត្រូវ​ធ្វើ​ទំពក់​មាស​៥០ ដើម្បី​នឹង​ភ្ជាប់​សំពត់​ទាំង​២​ផ្ទាំង​នឹង​ទំពក់​នោះ ឲ្យ​រោង​ឧបោសថ​បាន​ជាប់​នៅ​ជា​រោង​តែ​១។

7. រួច​ត្រូវ​ធ្វើ​សំពត់ ពី​រោម​ពពែ ទុក​សំរាប់​គ្រប​ពី​លើ​រោង​ឧបោសថ ត្រូវ​ឲ្យ​ធ្វើ​សំពត់​នោះ​១១​ផ្ទាំង

8. ឲ្យ​មាន​បណ្តោយ​៣០​ហត្ថ ទទឹង​៤​ហត្ថ​ស្មើ​គ្នា​ទាំង​អស់

9. ត្រូវ​ដេរ​សំពត់​៥​ផ្ទាំង​ភ្ជាប់​ជា​មួយ​គ្នា ហើយ​៦​ផ្ទាំង​ទៀត​ក៏​ត្រូវ​ដេរ​ភ្ជាប់​ជា​មួយ​គ្នា​ដែរ ឯ​សំពត់​ទី​៦ នោះ​ត្រូវ​បត់​ផាត់​ទៅ​លើ ពី​ខាង​មុខ​ត្រសាល

10. ហើយ​ត្រូវ​ធ្វើ​ខ្សែ​ក្រវិល​៥០​ដាក់​តាម​ជាយ​សំពត់​ទី​១ ខាង​ចុង​ផ្ទាំង​ត្រង់​កន្លែង​ដែល​ភ្ជាប់​គ្នា ហើយ​ខ្សែ​ក្រវិល​៥០​ទៀត តាម​ជាយ​សំពត់​ទី​២​ខាង​ចុង​ផ្ទាំង ត្រង់​កន្លែង​ដែល​ភ្ជាប់​គ្នា​ដែរ

11. ត្រូវ​ធ្វើ​ទំពក់​លង្ហិន​៥០ សំរាប់​ថ្ពក់​នឹង​ខ្សែ​ក្រវិល​ទាំង​នោះ​ភ្ជាប់​ត្រសាល​រួម​មក​តែ​១

12. ឯ​សំពត់​ត្រសាល​ដែល​លើស​ពាក់​កណ្តាល ក្នុង​១​ផ្ទាំង​ខាង​ចុង នោះ​ត្រូវ​ឲ្យ​សំយាក​ធ្លាក់​ទៅ​បាំង​ខាង​ក្រោយ​រោង​ឧបោសថ​វិញ

13. ហើយ​សំពត់​ដែល​សល់​១​ហត្ថ​ទាំង​សង​ខាង​តាម​បណ្តោយ​ផ្ទាំង​ទាំង​ប៉ុន្មាន នោះ​ត្រូវ​ឲ្យ​សំយាក​ធ្លាក់​ទៅ បាំង​រោង​ឧបោសថ​ទាំង​សង​ខាង​ដែរ

14. រួច​ត្រូវ​ធ្វើ​គំរប​ពី​ស្បែក​ចៀម​ឈ្មោល​ជ្រលក់​ពណ៌​ក្រហម សំរាប់​គ្រប​ត្រសាល ហើយ​នឹង​គំរប​ស្បែក​ផ្សោត ដើម្បី​នឹង​គ្រប់​ពី​លើ​នោះ​ទៀត។

15. ត្រូវ​ធ្វើ​ក្តារ ពី​ឈើ​នាង‌នួន ដាក់​បញ្ឈរ សំរាប់​ជា​ជញ្ជាំង​នៃ​រោង​ឧបោសថ

16. ក្តារ​ទាំង​នោះ ត្រូវ​ឲ្យ​មាន​បណ្តោយ​១០​ហត្ថ ហើយ​ទទឹង​១​ហត្ថ​កន្លះ

17. គ្រប់​តែ​ក្តារ ត្រូវ​មាន​ពន្លួញ​២​ភ្ជាប់​តាម​ជួរ​ជញ្ជាំង ត្រូវ​ធ្វើ​ឲ្យ​ដូច​គ្នា​ទាំង​អស់ សំរាប់​រោង​ឧបោសថ

18. ត្រូវ​ធ្វើ​ក្តារ​២០​សន្លឹក​សំរាប់​ខាង​ត្បូង​រោង​ឧបោសថ

19. ហើយ​នៅ​ក្រោម​ក្តារ​២០​សន្លឹក​នោះ ត្រូវ​ធ្វើ​ជើង​ប្រាក់​ចំនួន​៤០ គឺ​ជើង​ពីរៗ​នៅ​ក្រោម​រាល់​តែ​ក្តារ​សំរាប់​ស៊ក​ពន្លួញ​ចូល​ទៅ

20. ត្រូវ​ធ្វើ​ក្តារ​២០​សន្លឹក សំរាប់​រោង​ឧបោសថ​នៅ​ទិស​ខាង​ជើង​ទៀត

21. និង​ជើង​ប្រាក់​ចំនួន​៤០ សំរាប់​ក្តារ​ទាំង​នោះ​ដែរ គឺ​ជើង​ពីរៗ​នៅ​ក្រោម​គ្រប់​តែ​ក្តារ

22. ហើយ​ត្រូវ​ធ្វើ​ក្តារ​៦​សន្លឹក សំរាប់​ចុង​រោង​ឧបោសថ​នៅ​ទិស​ខាង​លិច

23. ត្រូវ​ធ្វើ​ក្តារ​២​សន្លឹក សំរាប់​ជ្រុង​រោង​ឧបោសថ​នៅ​ខាង​ចុង

24. ក្តារ​២​សន្លឹក​នោះ ត្រូវ​ភ្ជាប់​គ្នា​នៅ​ខាង​ក្រោម និង​ខាង​លើ​ដោយ‌សារ​កង​១ នៅ​ជ្រុង​ទាំង​២ ត្រូវ​មាន​ក្តារ​២​ដូច​គ្នា

25. ដូច្នេះ​ត្រូវ​ឲ្យ​មាន​ក្តារ​៨​សន្លឹក ហើយ​នឹង​ជើង​ប្រាក់​សំរាប់​ក្តារ​ទាំង​នោះ​ចំនួន​ជា​១៦ គឺ​ជើង​ពីរៗ​នៅ​រៀង​រាល់​តែ​ក្តារ

26. ត្រូវ​ធ្វើ​រនុក​៥​ពី​ឈើ​នាង‌នួន សំរាប់​ក្តារ​នៅ​ជញ្ជាំង​រោង​ឧបោសថ​ម្ខាង

27. នឹង​រនុក​៥​ទៀត សំរាប់​ក្តារ​ជញ្ជាំង​រោង​ឧបោសថ​ម្ខាង ហើយ​រនុក​៥ សំរាប់​ក្តារ​ជញ្ជាំង​នៅ​ឯ​ចុង​រោង​ឧបោសថ​ខាង​លិច

28. ឯ​រនុក​កណ្តាល ត្រូវ​ឲ្យ​វែង​បង្ហូត​ពី​ចុង​ម្ខាង​ដល់​ចុង​ម្ខាង

29. ត្រូវ​ស្រោប​ក្តារ​ទាំង​អស់​ដោយ​មាស ហើយ​ត្រូវ​ធ្វើ​កង​អំពី​មាស សំរាប់​ព្រហក​រនុក​ចូល ទោះ​ទាំង​រនុក​នោះ​ក៏​ត្រូវ​ស្រោប​ដោយ​មាស​ដែរ

30. ត្រូវ​ដំឡើង​រោង​ឧបោសថ​តាម​គំរូ​ដែល​បាន​បង្ហាញ​ឲ្យ​ឯង​ឃើញ​នៅ​លើ​ភ្នំ។

31. រួច​ត្រូវ​ធ្វើ​វាំង‌នន ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ដោយ​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ព្រម​ទាំង​ប៉ាក់​រូប​ចេរូប៊ីន ដោយ​ការ​រចនា​នៃ​ជាង​មាន​ស្នាដៃ

32. ហើយ​ត្រូវ​ពាក់​វាំង‌នន​នោះ​លើ​សសរ​នាង‌នួន​៤ ដែល​ស្រោប​ដោយ​មាស បញ្ឈរ​លើ​ជើង​ប្រាក់​៤ មាន​ទាំង​ទំពក់​មាស​ផង

33. ត្រូវ​ពាក់​វាំង‌នន​នឹង​ទំពក់​ទាំង​នោះ រួច​ត្រូវ​យក​ហឹប​នៃ​សេចក្ដី​បន្ទាល់​ចូល​ទៅ ដាក់​នៅ​ខាង​ក្នុង​វាំង‌នន ហើយ​វាំង‌នន​នោះ​នឹង​ខាំង​ទី​បរិសុទ្ធ ពី​ទី​បរិសុទ្ធ​បំផុត​ឲ្យ​ឯង​រាល់​គ្នា

34. រួច​ត្រូវ​ដាក់​ទី​សន្តោស​ប្រោស​នៅ​លើ​ហឹប​នៃ​សេចក្ដី​បន្ទាល់​ខាង​ក្នុង​ទី​បរិសុទ្ធ​បំផុត

35. ហើយ​ត្រូវ​ដាក់​តុ​ពី​ខាង​ក្រៅ​វាំង‌នន ចំហៀង​ខាង​ជើង ឯ​ជើង​ចង្កៀង នោះ​ត្រូវ​ដាក់​នៅ​ពី​មុខ​តុ ចំហៀង​ខាង​ត្បូង ក្នុង​រោង​ឧបោសថ។

36. នៅ​មុខ​ត្រសាល ត្រូវ​ធ្វើ​រនាំង ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ដោយ​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ហើយ​ត្រូវ​ប៉ាក់​ផង

37. ត្រូវ​ធ្វើ​សសរ​នាង‌នួន​៥​ស្រោប​ដោយ​មាស សំរាប់​រនាំង​នោះ ត្រូវ​មាន​ទំពក់​មាស ហើយ​ត្រូវ​សិត​ជើង​លង្ហិន​៥​សំរាប់​សសរ​ទាំង​នោះ​ដែរ។