ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 39 ព្រះគម្ពីរបរិសុទ្ធ (KHOV)

សំលៀក‌បំពាក់​សក្ការៈ

1. គេ​ក៏​ប្រើ​អស់​ទាំង​សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ធ្វើ​ជា​សំលៀក‌បំពាក់​សំរាប់​ការ‌ងារ​ក្នុង​ទី​បរិសុទ្ធ និង​សំលៀក‌បំពាក់​សំរាប់​អើរ៉ុន ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ។

2. គេ​បាន​ធ្វើ​អេផូឌ​ពី​មាស ពី​សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ហើយ​ពី​សំពត់​ត្បាញ​ដោយ​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់

3. គេ​ក៏​ផែ​មាស​យ៉ាង​ស្តើង ហើយ​កាត់​ជា​ខ្សែ យក​ទៅ​ប៉ាក់​នៅ​សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ហើយ​នៅ​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត នោះ​តាម​រចនា​នៃ​ជាង​មាន​ស្នាដៃ

4. ក៏​ធ្វើ​ខ្សែ​ស្មា​សំរាប់​នឹង​ចង​ភ្ជាប់​គ្នា នោះ​អេផូឌ​ទាំង​សង​ខាង​បាន​ជាប់​គ្នា​តែ​១

5. ខ្សែ​ក្រវាត់​ក៏​ធ្វើ​បែប​ដូច​គ្នា ព្រម​ទាំង​ដាក់​ភ្ជាប់​នឹង​អេផូឌ​ដែរ គឺ​បាន​ធ្វើ​ពី​មាស ពី​សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម និង​សំពត់​ត្បាញ​ដោយ​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ

6. គេ​ច្នៃ​ត្បូង​អូនីក្ស រួច​ឆ្លាក់​ឈ្មោះ​ពួក​កូន​អ៊ីស្រា‌អែល​ដូច​ជា​គេ​ឆ្លាក់​ត្រា ហើយ​ដាំ​ចុះ​ក្នុង​គ្រោង​មាស

7. យក​មក​ដាក់​ភ្ជាប់​នៅ​លើ​ខ្សែ​ស្មា​របស់​អេផូឌ សំរាប់​ជា​ទី​រំឭក​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក​ម៉ូសេ។

8. គេ​បាន​ធ្វើ​ប្រដាប់​បាំង​ទ្រូង តាម​ការ​រចនា​នៃ​ជាង​មាន​ស្នាដៃ បែប​ដូច​ជា​ធ្វើ​អេផូឌ​ដែរ គឺ​ពី​មាស ពី​សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម និង​សំពត់​ត្បាញ​ដោយ​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់

9. គេ​ធ្វើ​ជា​៤​ជ្រុង​ស្មើ​បត់​ជា​ពីរ មាន​បណ្តោយ​១​ចំអាម ទទឹង​១​ចំអាម​ជា​២​ផ្នត់

10. គេ​ដាំ​ត្បូង​៤​ជួរ ក្នុង​ជួរ​ទី​១ មាន​ត្បូង​សាមស៊ី​១ ត្បូង​ទោបុ័ត​១ និង​បារកេត​១

11. ក្នុង​ជួរ​ទី​២ មាន​ត្បូង​មរកដ​១ ត្បូង‌កណ្តៀង​១ និង​ពេជ្រ​១

12. ក្នុង​ជួរ​ទី​៣ មាន​ត្បូង​លេសិម​១ ត្បូង​ទទឹម​១ និង​ត្បូង​ត្របែក​១

13. ក្នុង​ជួរ​ទី​៤ មាន​ត្បូង​បេរីល​១ ត្បូង​អូនីក្ស​១ និង​កែវ​មណី‌ជោតិ​១ ត្បូង​ទាំង​នេះ​បាន​ដាំ​ចុះ​ក្នុង​គ្រោង​មាស

14. មាន​ត្បូង​១២​តាម​ចំនួន​ឈ្មោះ​ពួក​កូន​អ៊ីស្រា‌អែល គ្រប់​តែ​ត្បូង​នោះ​បាន​ឆ្លាក់ ដូច​ជា​គេ​ឆ្លាក់​ត្រា​ក្នុង​ត្បូង​១ មាន​ឆ្លាក់​ចុះ​ឈ្មោះ​១ ក្នុង​ពូជ​អំបូរ​ទាំង​១២

15. គេ​ធ្វើ​ខ្សែ​មាស​សុទ្ធ វេញ​ដូច​ជា​ខ្សែពួរ ភ្ជាប់​នៅ​ប្រដាប់​បាំង​ទ្រូង

16. ក៏​ធ្វើ​គ្រោង​មាស​២ និង​ក្រវិល​មាស​២​ដាក់​ភ្ជាប់​នៅ​ចុង​សង​ខាង​ប្រដាប់​បាំង​ទ្រូង

17. ហើយ​បញ្ចូល​ខ្សែ​មាស​២ ក្នុង​ក្រវិល​មាស​ទាំង​២​ដែល​នៅ​ចុង​សង​ខាង​ប្រដាប់​បាំង​ទ្រូង​នោះ

18. ឯ​ចុង​ខ្សែ​មាស​ទាំង​២ គេ​ក៏​ចង​ភ្ជាប់​នឹង​គ្រោង​មាស​នៅ​ខ្សែ​ស្មា​របស់​អេផូឌ​ខាង​មុខ

19. ក៏​ធ្វើ​ក្រវិល​មាស​២​ទៀត ដាក់​ភ្ជាប់​នៅ​ជាយ​ខាង​ក្នុង ត្រង់​ចុង​សង​ខាង​នៃ​ប្រដាប់​បាំង​ទ្រូង​ដែល​ជាប់​នឹង​អេផូឌ

20. គេ​ក៏​ធ្វើ​ក្រវិល​មាស​២​ទៀត ដាក់​ភ្ជាប់​ពី​ក្រោម​ខាង​មុខ​ខ្សែ​ស្មា​ជិត​កន្លែង​ដែល​ខ្សែ​ស្មា បាន​ភ្ជាប់​នឹង​អេផូឌ នៅ​ខាង​លើ​អេផូឌ

21. គេ​ក៏​យក​ខ្សែ​ខៀវ​មក​ចង​ប្រដាប់​បាំង​ទ្រូង ភ្ជាប់​នឹង​អេផូឌ​ដោយ‌សារ​ក្រវិល​ទាំង​នោះ ដើម្បី​ឲ្យ​ប្រដាប់​បាំង​ទ្រូង​បាន​នៅ​លើ​ខ្សែ​ក្រវាត់​របស់​អេផូឌ កុំ​ឲ្យ​របូត​ចេញ​ឡើយ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ។

22. គេ​ក៏​ធ្វើ​អាវ​វែង​របស់​អេផូឌ ត្បាញ​ជា​សំពត់​សុទ្ធ​តែ​ពណ៌​ផ្ទៃ​មេឃ

23. នៅ​កណ្តាល​អាវ​វែង​នោះ​មាន​ក ដូច​ជា​ក​នៃ​អាវ​សឹក ព្រម​ទាំង​មាន​សំពត់​ចំ នៅ​ជុំវិញ​ក​ផង ដើម្បី​កុំ​ឲ្យ​អាវ​វែង​នោះ​រហែក​ចេញ​ឡើយ

24. នៅ​ជុំវិញ​ជាយ​អាវ​វែង គេ​ធ្វើ​ផ្លែ​ទទឹម​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ពី​អំបោះ​វេញ​យ៉ាង​ខ្មាញ់

25. ក៏​ធ្វើ​ចង្ក្រង់​មាស​សុទ្ធ​ដាក់​លាយ​ចំរុះ​ត្រង់​កណ្តាល​ផ្លែ​ទទឹម​នោះ នៅ​គ្រប់​ជុំវិញ​ជាយ​អាវ​ដែរ

26. គឺ​ចង្ក្រង់​១​ផ្លែ​ទទឹម​១ ចង្ក្រង់​១​ផ្លែ​ទទឹម​១ នៅ​គ្រប់​ជុំវិញ​ជាយ​អាវ​សំរាប់​ការ‌ងារ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ។

27. គេ​បាន​ធ្វើ​អាវ​ខ្លី ត្បាញ​ពី​អំបោះ​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត​សំរាប់​អើរ៉ុន និង​ពួក​កូន​លោក

28. ក៏​ធ្វើ​មួក​ពី​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត និង​ឈ្នួត ពី​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត​សំរាប់​ជា​សេចក្ដី​លំអ ហើយ​នឹង​ខោ​ស្នាប់​ភ្លៅ ពី​សំពត់​ខ្លូត‌ទេស​ដែរ គឺ​សំពត់​ធ្វើ​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់

29. ហើយ​ខ្សែ​ក្រវាត់​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ប៉ាក់​ជា​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ហើយ​ពណ៌​ក្រហម ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ។

30. គេ​បាន​ធ្វើ​ស្លាក​មាស​សុទ្ធ​ជា​មកុដ​បរិសុទ្ធ ក៏​ឆ្លាក់​អក្សរ​នៅ​ស្លាក​នោះ​ដូច​ជា​គេ​ឆ្លាក់​ត្រា​ថា «បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា»

31. រួច​គេ​យក​ខ្សែ​ខៀវ​ចង​ស្លាក​នោះ​ជាប់​នឹង​មួក​ខាង​លើ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ។

ការ​បញ្ចប់​សំណង់​រោង​ឧបោសថ

32. ដូច្នេះ អស់​ទាំង​ការ​ស្អាង​រោង​ឧបោសថ និង​ត្រសាល​ជំនុំ នោះ​ក៏​រួច​ជា​ស្រេច ពួក​កូន​ចៅ​អ៊ីស្រា‌អែល​គេ​បាន​ធ្វើ​អស់​ទាំង​ការ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​មក​ម៉ូសេ បាន​ហើយ​ជា​ស្រេច​ទាំង​អស់។

33. គេ​នាំ​យក​រោង​ឧបោសថ​មក​ឯ​ម៉ូសេ គឺ​ទាំង​ត្រសាល និង​ប្រដាប់​ត្រសាល​ទាំង​ប៉ុន្មាន ហើយ​អស់​ទាំង​ទំពក់ ក្តារ រនុក សសរ និង​ជើង​ទាំង​ប៉ុន្មាន

34. គំរប​ធ្វើ​ពី​ស្បែក​ចៀម​ឈ្មោល​ជ្រលក់​ពណ៌​ក្រហម ហើយ​គំរប​ធ្វើ​ពី​ស្បែក​ផ្សោត វាំង‌នន​សំរាប់​ខាំង

35. ហឹប​ទី​បន្ទាល់ និង​ឈើ​ស្នែង​សំរាប់​សែង និង​ទី​សន្តោស​ប្រោស​ហើយ

36. តុ និង​គ្រឿង​ប្រដាប់​សំរាប់​តុ ហើយ​នឹង​នំបុ័ង​តាំង​ទុក

37. ជើង​ចង្កៀង​ធ្វើ​ពី​មាស​សុទ្ធ ចង្កៀង​ទាំង​ប៉ុន្មាន គឺ​ជា​ចង្កៀង​សំរាប់​ដាក់​លើ​ជើង​នោះ និង​អស់​ទាំង​គ្រឿង​ប្រដាប់​ចង្កៀង ព្រម​ទាំង​ប្រេង​ផង

38. អាស‌នា​មាស ប្រេង​ចាក់​លាប និង​គ្រឿង​ក្រអូប រនាំង​បាំង​នៅ​មាត់​ទ្វារ​ត្រសាល

39. អាស‌នា​លង្ហិន ប្រទាស​លង្ហិន ឈើ​ស្នែង និង​គ្រឿង​ប្រដាប់​អាស‌នា​ទាំង​អស់ ព្រម​ទាំង​ចាន​ក្លាំ និង​ជើង​នៃ​ចាន​នោះ

40. រនាំង​ទីលាន អស់​ទាំង​សសរ និង​ជើង​របស់​សសរ រនាំង​សំរាប់​បាំង​មាត់​ទ្វារ​ទីលាន អស់​ទាំង​ខ្សែ​ចំរ៉ឹង ហើយ​គ្រឿង​ប្រដាប់​សំរាប់​រោង​ឧបោសថ ហើយ​សំរាប់​ត្រសាល​ជំនុំ​ទាំង​អស់​ផង

41. និង​សំលៀក‌បំពាក់​សំរាប់​ការ‌ងារ​នៅ​ទី​បរិសុទ្ធ អស់​ទាំង​សំលៀក‌បំពាក់​បរិសុទ្ធ សំរាប់​អើរ៉ុន​ដ៏​ជា​សង្ឃ ហើយ​នឹង​សំលៀក‌បំពាក់​ទាំង​អស់​សំរាប់​ឲ្យ​ពួក​កូន​លោក​ធ្វើ​ការ‌ងារ​ជា​សង្ឃ។

42. ពួក​កូន​ចៅ​អ៊ីស្រា‌អែល គេ​ធ្វើ​អស់​ទាំង​ការ​នេះ​សំរេច តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ

43. ម៉ូសេ​ក៏​ពិនិត្យ​មើល​គ្រប់​ការ​ទាំង​អស់​នោះ​ឃើញ​ថា គេ​បាន​ធ្វើ​ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក គេ​បាន​ធ្វើ​ការ​នោះ​ស្រេច​ទាំង​អស់ រួច​ម៉ូសេ​ក៏​ឲ្យ​ពរ​ដល់​គេ។