ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

យេត្រូ​មក​សួរ​សុខ​ទុក្ខ​ម៉ូសេ

1. រីឯ​យេត្រូ ជា​សង្ឃ​នៅ​ស្រុក​ម៉ាឌាន ដែល​ជា​ឪពុក​ក្មេក​ម៉ូសេ កាល​បាន​ឮ​ពី​អស់​ទាំង​ការ​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ដល់​ម៉ូសេ និង​ពួក​អ៊ីស្រា‌អែល​ជា​រាស្ត្រ​ទ្រង់ ដោយ​ទ្រង់​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក

2. នោះ​លោក​ក៏​នាំ​នាង​សេផូរ៉ា​ជា​ប្រពន្ធ​ម៉ូសេ ដែល​បាន​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ទៅ​ជា​មួយ

3. ព្រម​ទាំង​កូន​របស់​នាង​ទាំង​២​ដែរ គឺ​១​ឈ្មោះ​គើសំម ដ្បិត​ម៉ូសេ​នឹក​ថា អញ​នៅ​ប្រទេស​ក្រៅ

4. ហើយ​១​ទៀត​ឈ្មោះ​អេលា‌ស៊ើរ ដ្បិត​លោក​ថា ព្រះ​នៃ​ឪពុក​អញ​ទ្រង់​បាន​ជួយ​អញ ក៏​បាន​ដោះ​អញ​ឲ្យ​រួច​ពី​ដាវ​របស់​ផារ៉ោន​ផង

5. យេត្រូ ឪពុក​ក្មេក​ម៉ូសេ និង​កូន​ទាំង​២ ព្រម​ទាំង​ប្រពន្ធ​ម៉ូសេ ក៏​នាំ​គ្នា​មក​ឯ​លោក​នៅ​ទី​រហោ‌ស្ថាន ត្រង់​កន្លែង​ដែល​ដំឡើង​ត្រសាល​នៅ​ជើង​ភ្នំ​នៃ​ព្រះ

6. យេត្រូ​ក៏​ផ្តាំ​ទៅ​ម៉ូសេ​ថា អញ យេត្រូ​ជា​ឪពុក​ក្មេក​ឯង​បាន​មក​ដល់​ហើយ បាន​នាំ​ទាំង​ប្រពន្ធ និង​កូន​ឯង​ទាំង​២​មក​ជា​មួយ​ផង

7. ដូច្នេះ​ម៉ូសេ​ក៏​ចេញ​ទៅ​ទទួល​ឪពុក​ក្មេក ក៏​ក្រាប​សំពះ​ហើយ​ថើប​លោក រួច​លោក​សាក​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ពី​សេចក្ដី​សុខ​ទុក្ខ ហើយ​នាំ​គ្នា​ចូល​ទៅ​ក្នុង​ត្រសាល

8. ឯ​ម៉ូសេ​លោក​ចាប់​តាំង​រ៉ាយ‌រឿង​ប្រាប់​ឪពុក​ក្មេក ពី​អស់​ទាំង​ការ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ធ្វើ​ដល់​ផារ៉ោន និង​សាសន៍​អេស៊ីព្ទ ដោយ​ទ្រង់​យល់​ដល់​ពួក​អ៊ីស្រា‌អែល និង​ពី​សេចក្ដី​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន​ដែល​កើត​មាន​តាម​ផ្លូវ ហើយ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ជួយ​ឲ្យ​រួច​ទាំង​អស់

9. យេត្រូ​ក៏​មាន​សេចក្ដី​អំណរ ដោយ​អស់​ទាំង​សេចក្ដី​ល្អ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រោស​ដល់​ពួក​អ៊ីស្រា‌អែល ដោយ​ទ្រង់​បាន​ជួយ​ឲ្យ​គេ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​សាសន៍​អេស៊ីព្ទ

10. ក៏​ពោល​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ប្រកប​ដោយ​ព្រះ‌ពរ ជា​ព្រះ​ដែល​ទ្រង់​បាន​ជួយ​ឯង​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​សាសន៍​អេស៊ីព្ទ និង​ពី​កណ្តាប់​ដៃ​នៃ​ផារ៉ោន ព្រម​ទាំង​បណ្តា‌ជន ឲ្យ​រួច​ពី​ក្រោម​អំណាច​សាសន៍​អេស៊ីព្ទ​ផង

11. ឥឡូវ​នេះ អញ​ដឹង​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ធំ​លើស​អស់​ទាំង​ព្រះ ដ្បិត​ទ្រង់​បាន​ឈ្នះ​ក្នុង​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​ដោយ​ព្រហើន​ចំពោះ​ឯង​រាល់​គ្នា

12. រួច​យេត្រូ​ជា​ឪពុក​ក្មេក​ម៉ូសេ លោក​យក​ដង្វាយ​ដុត និង​យញ្ញ‌បូជា​ទៅ​ថ្វាយ​ដល់​ព្រះ ហើយ​អើរ៉ុន និង​ពួក​ចាស់‌ទុំ​សាសន៍​អ៊ីស្រា‌អែល ក៏​មក​បរិភោគ​ភោជ‌នាហារ​ជា​មួយ​នឹង​ឪពុក​ក្មេក​របស់​ម៉ូសេ​នៅ​ចំពោះ​ព្រះ​ដែរ។

ម៉ូសេ​តែង‌តាំង​ចៅ‌ក្រម​សំរាប់​កាត់​ក្តី

13. ដល់​ថ្ងៃ​ស្អែក​ឡើង ម៉ូសេ​អង្គុយ​ជំនុំ‌ជំរះ​រឿង​ឲ្យ​បណ្តា‌ជន​ទាំង‌ឡាយ ឯ​បណ្តា‌ជន​ទាំង​អស់​ក៏​ឈរ​នៅ​មុខ​លោក តាំង​ពី​ព្រឹក​រហូត​ដល់​ល្ងាច

14. កាល​ឪពុក​ក្មេក​ម៉ូសេ បាន​ឃើញ​អស់​ទាំង​ការ ដែល​លោក​ធ្វើ​សំរាប់​ពួក​បណ្តា‌ជន​ដូច្នោះ នោះ​ក៏​សួរ​ថា តើ​ឯង​ធ្វើ​អ្វី​ដូច្នេះ ហេតុ​អ្វី​បាន​ជា​អង្គុយ​តែ​ម្នាក់​ឯង ហើយ​បណ្តា‌ជន​គេ​ឈរ​នៅ​ចំពោះ​មុខ​ឯង តាំង​ពី​ព្រឹក​ទាល់​ល្ងាច​យ៉ាង​នេះ

15. ម៉ូសេ​ក៏​ឆ្លើយ​ទៅ​ឪពុក​ក្មេក​ថា ពី​ព្រោះ​គេ​មក​ឯ​ខ្ញុំ ដើម្បី​ទូល​សួរ​ដល់​ព្រះ

16. កាល​ណា​គេ​មាន​រឿង​អ្វី នោះ​គេ​តែង​មក​ឯង​ខ្ញុំ ហើយ​ខ្ញុំ​វិនិច្ឆ័យ​ឲ្យ​គេ ព្រម​ទាំង​ប្រាប់​ឲ្យ​គេ​ដឹង​អស់​ទាំង​សេចក្ដី​បញ្ញត្ត និង​ច្បាប់​របស់​ព្រះ​ផង

17. ឪពុក​ក្មេក​ម៉ូសេ​ក៏​និយាយ​ថា ដែល​ឯង​ធ្វើ​ដូច្នោះ នោះ​មិន​ស្រួល​ទេ

18. ដ្បិត​យ៉ាង​នោះ​ឯង​នឹង​ថយ​កំឡាំង​ទៅ ព្រម​ទាំង​កំឡាំង​នៃ​បណ្តា‌ជន​ដែល​នៅ​ជា​មួយ​នឹង​ឯង​ផង ពី​ព្រោះ​ការ​នេះ​ហួស​កំឡាំង​ឯង​ហើយ នឹង​ធ្វើ​តែ​ម្នាក់​ឯង​មិន​បាន​ទេ

19. ឥឡូវ​នេះ ចូរ​ស្តាប់​សិន អញ​នឹង​ទូន្មាន​ឯង​បន្តិច ក៏​សូម​ឲ្យ​ព្រះ​គង់​ជា​មួយ​នឹង​ឯង​ផង គឺ​ឲ្យ​ឯង​បាន​ឈរ​ជា​ជំនួស​បណ្តា‌ជន​ទាំង‌ឡាយ​នៅ​ចំពោះ​ព្រះ ដើម្បី​នឹង​នាំ​រឿង​គេ​ទាំង​ប៉ុន្មាន​ទៅ​ទូល​ដល់​ទ្រង់

20. ហើយ​ឯង​នឹង​បង្រៀន​អស់​ទាំង​សេចក្ដី​បញ្ញត្ត និង​ច្បាប់​ដល់​គេ ទាំង​បង្ហាញ​ផ្លូវ​ដែល​គេ​ត្រូវ​ដើរ និង​ការ​ដែល​គេ​ត្រូវ​ធ្វើ​ដែរ

21. ត្រូវ​ឲ្យ​ឯង​រើស​យក​មនុស្ស​ប៉ិន‌ប្រសប់ ដែល​មាន​ចិត្ត​កោត‌ខ្លាច​ដល់​ព្រះ​ក្នុង​ពួក​ជន ជា​មនុស្ស​ទៀង​ត្រង់​ដែល​ស្អប់​ការ​សំណូក ហើយ​ត្រូវ​តាំង​មនុស្ស​ទាំង​នោះ​ឡើង ឲ្យ​ត្រួត‌ត្រា​លើ​ជន​ទាំង‌ឡាយ ឲ្យ​គេ​ធ្វើ​ជា​មេ​លើ​មនុស្ស​១​ពាន់​នាក់ ជា​មេ​លើ​១​រយ​នាក់ ជា​មេ​លើ​៥០​នាក់ ហើយ​ជា​មេ​លើ​១០​នាក់​ផង

22. ឲ្យ​អ្នក​ទាំង​នោះ​ជំនុំ‌ជំរះ​ពួក​ជន​ជា​ដរាប ឯ​អស់​ទាំង​រឿង​ណា​ធំៗ នោះ​ត្រូវ​ឲ្យ​គេ​នាំ​មក​ដល់​ឯង តែ​បើ​ជា​រឿង​តូចៗ​ទេ ត្រូវ​ឲ្យ​គេ​កាត់​សេចក្ដី​ដោយ​ខ្លួន​គេ​ចុះ នោះ​ឯង​នឹង​ត្រូវ​បាន​ស្រួល​ជាង ឯ​អ្នក​ទាំង​នោះ​នឹង​បាន​ជា​ជំនួយ​ដល់​ឯង

23. បើ​ឯង​ព្រម​ធ្វើ​ដូច្នោះ ហើយ​ព្រះ​ទ្រង់​ក៏​បង្គាប់​ផង នោះ​ឯង​នឹង​នៅ​ស្ថិត‌ស្ថេរ​បាន ហើយ​បណ្តា‌ជន​នេះ​នឹង​បាន​ទៅ​ដល់​កន្លែង​គេ​ដោយ​សុខ‌សាន្ត​ទាំង​អស់​គ្នា​ដែរ។

24. ម៉ូសេ​លោក​ក៏​ស្តាប់​តាម​ឪពុក​ក្មេក ហើយ​ធ្វើ​តាម​ពាក្យ​លោក​ថា​ទាំង​ប៉ុន្មាន

25. គឺ​លោក​រើស​យក​មនុស្ស ដែល​ប៉ិន‌ប្រសប់​ក្នុង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ តាំង​ឡើង​ឲ្យ​ធ្វើ​ជា​មេ​ត្រួត‌ត្រា​លើ​បណ្តា‌ជន​ទាំង‌ឡាយ ជា​មេ​លើ​មនុស្ស​១​ពាន់​នាក់ ជា​មេ​លើ​១​រយ​នាក់ ជា​មេ​លើ​៥០​នាក់ ហើយ​ជា​មេ​លើ​១០​នាក់​ដូច្នោះ

26. អ្នក​ទាំង​នោះ​ក៏​ជំនុំ‌ជំរះ​ពួក​ជន​ជា​ដរាប​ទៅ គេ​នាំ​អស់​ទាំង​រឿង‌រ៉ាវ​ណា​ដែល​ពិបាកៗ​មក​ដល់​ម៉ូសេ តែ​អស់​ទាំង​រឿង‌រ៉ាវ​ណា​ដែល​តូចៗ នោះ​គេ​កាត់​សេចក្ដី​ដោយ​ខ្លួន​គេ​វិញ

27. រួច​ម៉ូសេ​បញ្ជូន​ឲ្យ​ឪពុក​ក្មេក​ទៅ នោះ​លោក​ក៏​ត្រឡប់​ទៅ​ស្រុក​វិញ។