ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 35 ព្រះគម្ពីរបរិសុទ្ធ (KHOV)

វិន័យ​ស្តី​អំពី​ថ្ងៃ​ឈប់​សំរាក

1. ម៉ូសេ​ក៏​ប្រមូល​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​មក​ប្រាប់​ថា នេះ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម

2. គឺ​ក្នុង​រវាង​៦​ថ្ងៃ នោះ​ធ្វើ​ការ​បាន តែ​ដល់​ថ្ងៃ​ទី​៧ ជា​ថ្ងៃ​បរិសុទ្ធ​សំរាប់​អ្នក​រាល់​គ្នា​វិញ ថ្ងៃ​នោះ​ជា​ថ្ងៃ​ផ្អាក​ការ គឺ​ជា​ថ្ងៃ​ឈប់​សំរាក​ដល់​ព្រះ‌យេហូវ៉ា អ្នក​ណា​ដែល​ធ្វើ​ការ​អ្វី​នៅ​ថ្ងៃ​នោះ នឹង​ត្រូវ​សំឡាប់​ចោល

3. អ្នក​រាល់​គ្នា​មិន​ត្រូវ​ទាំង​បង្កាត់​ភ្លើង​នៅ​ក្នុង​ផ្ទះ​ឯ​ណា​មួយ ក្នុង​ថ្ងៃ​ឈប់​សំរាក​នោះ​ផង។

ការ​សង់​រោង​ឧបោសថ

ដង្វាយ​របស់​កូន​ចៅ​អ៊ីស្រា‌អែល

4. ម៉ូសេ​ក៏​ប្រាប់​ដល់​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​ថា នេះ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក

5. គឺ​ត្រូវ​ឲ្យ​យក​ដង្វាយ​ពី​របស់​ដែល​អ្នក​រាល់​គ្នា​មាន​ទាំង​ប៉ុន្មាន មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ត្រូវ​ឲ្យ​អស់​អ្នក​ណា​ដែល​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត យក​ដង្វាយ​នេះ​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ចុះ គឺ​ជា​មាស ជា​ប្រាក់ ជា​លង្ហិន

6. ជា​ល័ខ​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត និង​រោម​ពពែ

7. ស្បែក​ចៀម​ឈ្មោល​ជ្រលក់​ពណ៌​ក្រហម ស្បែក​ផ្សោត ឈើ​នាង‌នួន

8. ប្រេង​សំរាប់​ចង្កៀង គ្រឿង​ក្រអូប​សំរាប់​ប្រេង​ចាក់​លាប និង​គ្រឿង​ក្រអូប​សំរាប់​ដុត

9. ថ្ម​អូនីក្ស ហើយ​ថ្ម​ឯ​ទៀត​សំរាប់​ដាំ​អេផូឌ និង​ប្រដាប់​បាំង​ទ្រូង​ផង

10. ឯ​អស់​អ្នក​ណា​ដែល​មាន​គំនិត​វាង‌វៃ​ក្នុង​ពួក​ឯង​រាល់​គ្នា នោះ​ត្រូវ​ឲ្យ​មក​ធ្វើ​អស់​ទាំង​ប្រដាប់​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក​ចុះ

11. គឺ​ជា​រោង​ឧបោសថ ព្រម​ទាំង​ត្រសាល​រោង​នោះ និង​គំរប​គ្រប​លើ​ត្រសាល ហើយ​អស់​ទាំង​ទំពក់ ក្តារ រនុក សសរ និង​ជើង​របស់​រោង​នោះ

12. ហឹប និង​ឈើ​ស្នែង ទី​សន្តោស​ប្រោស​វាំង‌នន​សំរាប់​បាំង​ហឹប

13. តុ និង​ឈើ​ស្នែង ព្រម​ទាំង​ប្រដាប់​តុ​នោះ និង​នំបុ័ង​តាំង​តុ

14. ជើង​ចង្កៀង អស់​ទាំង​ចង្កៀង និង​ប្រដាប់​ទាំង​ប៉ុន្មាន ហើយ​នឹង​ប្រេង​សំរាប់​ដុត

15. អាស‌នា​សំរាប់​ដុត​គ្រឿង​ក្រអូប និង​ឈើ​ស្នែង​ផង ប្រេង​ចាក់​លាប និង​គ្រឿង​ក្រអូប ព្រម​ទាំង​រនាំង​បាំង​មាត់​ទ្វារ​រោង​ឧបោសថ

16. អាស‌នា​សំរាប់​ដង្វាយ​ដុត ប្រទាស​លង្ហិន ឈើ​ស្នែង និង​អស់​ទាំង​ប្រដាប់​អាស‌នា​នោះ ចាន​ក្លាំ និង​ជើង​នៃ​ចាន​នោះ

17. រនាំង​បាំង​ទីលាន អស់​ទាំង​សសរ និង​ជើង​ទាំង​ប៉ុន្មាន ហើយ​រនាំង​នៅ​មាត់​ទ្វារ​ទីលាន​ផង

18. អស់​ទាំង​ចំរ៉ឹង​សំរាប់​រោង​ឧបោសថ និង​ទីលាន​ព្រម​ទាំង​ខ្សែ​ទាំង​ប៉ុន្មាន

19. អស់​ទាំង​សំលៀក‌បំពាក់​សំរាប់​ការ‌ងារ​ក្នុង​ទី​បរិសុទ្ធ អស់​ទាំង​សំលៀក‌បំពាក់​បរិសុទ្ធ​សំរាប់​អើរ៉ុន​ជា​សង្ឃ និង​សំលៀក‌បំពាក់​សំរាប់​ពួក​កូន​លោក​ដែល​ធ្វើ​ការ‌ងារ​ជា​សង្ឃ

20. នោះ​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​គេ​ក៏​ចេញ​ពី​មុខ​ម៉ូសេ​ទាំង​អស់​គ្នា​ទៅ។

21. ដូច្នេះ អស់​អ្នក​ណា​ដែល​មាន​សេចក្ដី​រំជួល​ក្នុង​ចិត្ត ជា​អ្នក​ដែល​មាន​វិញ្ញាណ​បណ្តាល​ឲ្យ​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត នោះ​ក៏​យក​ដង្វាយ​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា សំរាប់​ការ​ធ្វើ​ត្រសាល​ជំនុំ សំរាប់​ការ‌ងារ​ក្នុង​ត្រសាល​នោះ ហើយ​សំរាប់​សំលៀក‌បំពាក់​បរិសុទ្ធ​ទាំង​ប៉ុន្មាន

22. ឯ​អស់​អ្នក​ណា​ដែល​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត នោះ​ក៏​ចូល​មក​ទាំង​ប្រុស​ទាំង​ស្រី ព្រម​ទាំង​យក​កាវ កង​ជើង កង​ដៃ កន្លះ​ក និង​ចិញ្ចៀន ជា​ប្រដាប់​មាស​គ្រប់​មុខ មក​ថ្វាយ​ជា​ដង្វាយ​មាស​ដល់​ព្រះ‌យេហូវ៉ា

23. អស់​អ្នក​ណា​ដែល​មាន​ល័ខ​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត និង​រោម​ពពែ ស្បែក​ចៀម​ឈ្មោល​ជ្រលក់​ពណ៌​ក្រហម ហើយ​នឹង​ស្បែក​ផ្សោត គេ​ក៏​យក​របស់​ទាំង​នោះ​មក​ដែរ

24. អស់​អ្នក​ណា​ដែល​ថ្វាយ​ប្រាក់ ឬ​លង្ហិន ក៏​យក​ដង្វាយ​នោះ​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា អស់​អ្នក​ណា​ដែល​មាន​ឈើ​នាង‌នួន​សំរាប់​នឹង​ធ្វើ​ការ​អ្វីៗ គេ​ក៏​យក​ឈើ​នោះ​មក​ដែរ

25. អស់​ស្ត្រី​ណា​ដែល​ប៉ិន‌ប្រសប់​នឹង​វេញ​ដោយ​ដៃ ក៏​យក​អំបោះ​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ហើយ​នឹង​អំបោះ​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត ដែល​គេ​បាន​វេញ​នោះ​មក​ដែរ

26. អស់​ស្ត្រី​ណា​ដែល​មាន​ចិត្ត​បណ្តាល​ដោយ​គេ​ចេះ​ធ្វើ នោះ​ក៏​នាំ​គ្នា​វេញ​រោម​ពពែ

27. ហើយ​ពួក​មេ​លើ​បណ្តា‌ជន​ក៏​យក​ថ្ម​អូនីក្ស និង​ថ្ម​ឯ​ទៀត​សំរាប់​ដាំ​អេផូឌ ហើយ​នឹង​ប្រដាប់​បាំង​ទ្រូង​ដែរ

28. ព្រម​ទាំង​គ្រឿង​ក្រអូប ប្រេង​សំរាប់​ចង្កៀង សំរាប់​ប្រេង​ចាក់​លាប ហើយ​សំរាប់​គ្រឿង​ក្រអូប​ផង

29. អស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​ប្រុស​ទាំង​ស្រី ដែល​មាន​ចិត្ត​បណ្តាល​ឲ្យ​ថ្វាយ​របស់​អ្វី​សំរាប់​ការ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​មក​ម៉ូសេ នោះ​ក៏​យក​ដង្វាយ​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ដោយ​ស្ម័គ្រ​ពី​ចិត្ត។

30. រួច​មក ម៉ូសេ​មាន​ប្រសាសន៍​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា មើល ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ហៅ​បេតសា‌លាល កូន​យូរី ដែល​ជា​កូន​ហ៊ើរ ក្នុង​ពូជ​អំបូរ​យូដា​មក

31. ហើយ​ទ្រង់​បាន​ឲ្យ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ មក​សណ្ឋិត​លើ​គាត់​ពោរ‌ពេញ ឲ្យ​គាត់​មាន​គំនិត​វាង‌វៃ មាន​យោបល់ ហើយ​ឲ្យ​មាន​ចំណេះ​ចេះ​ធ្វើ​ការ​គ្រប់​មុខ

32. ឲ្យ​គាត់​បាន​ចេះ​នឹង​បង្កើត​ការ​យ៉ាង​ប្រសប់ គឺ​ខាង​មាស ខាង​ប្រាក់ ហើយ​ខាង​លង្ហិន

33. ព្រម​ទាំង​ចេះ​ច្នៃ​ត្បូង​សំរាប់​ដាំ ចេះ​ឆ្លាក់​ឈើ និង​ធ្វើ​ការ​គ្រប់​មុខ​ទាំង​អស់

34. ទ្រង់​ក៏​ប្រទាន​ឲ្យ​គាត់​ចេះ​បង្រៀន​ដល់​គេ គឺ​ខ្លួន​គាត់​១ និង​អូហូ‌លីអាប់ ជា​កូន​អ័ហ៊ី‌សាម៉ាក់ ក្នុង​ពូជ​អំបូរ​ដាន់​១​ដែរ

35. ទ្រង់​បាន​ប្រទាន​ឲ្យ​អ្នក​ទាំង​២​នោះ​មាន​គំនិត​វាង‌វៃ​ដ៏​ពោរ‌ពេញ សំរាប់​នឹង​ចាត់‌ចែង​អស់​ទាំង​ការ​ខាង​ពួក​ជាង​ចំឡាក់ និង​អ្នក​រចនា​ផ្សេងៗ ឲ្យ​បាន​ចេះ​ប៉ាក់ ចេះ​ត្បាញ​សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម និង​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត សំរាប់​នឹង​ធ្វើ​ការ​គ្រប់​យ៉ាង ព្រម​ទាំង​បង្កើត​ការ​ថ្មី​ផង។