ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

គំរោង​សំណង់​រោង​ឧបោសថ

ព្រះ‌យេហូវ៉ា​បង្គាប់​ឲ្យ​សង់​ឧបោសថ

1. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា

2. ចូរ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ឲ្យ​គេ​យក​ដង្វាយ​មក​ថ្វាយ​អញ ត្រូវ​ទទួល​ដង្វាយ​ដែល​ថ្វាយ​ដល់​អញ​នោះ ពី​អស់​អ្នក​ណា​ដែល​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត

3. នេះ​ជា​ដង្វាយ​ដែល​ឯង​ត្រូវ​ទទួល​ពី​គេ គឺ​ជា​មាស ប្រាក់ លង្ហិន

4. ហើយ​អំបោះ​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម និង​អំបោះ​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត ព្រម​ទាំង​រោម​ពពែ

5. ស្បែក​ចៀម​ឈ្មោល​ជ្រលក់​ពណ៌​ក្រហម ស្បែក​ផ្សោត និង​ឈើ​នាង‌នួន

6. ប្រេង​សំរាប់​ដុត គ្រឿង​ក្រអូប​សំរាប់​ប្រេង​ចាក់​លាប ហើយ​សំរាប់​គ្រឿង​ដុត

7. ត្បូង​អូនីក្ស ហើយ​ត្បូង​គ្រប់​យ៉ាង សំរាប់​ដាំ​នៅ​អេផូឌ និង​នៅ​ប្រដាប់​បាំង​ទ្រូង

8. រួច​ឲ្យ​គេ​ស្អាង​ទី​បរិសុទ្ធ ដើម្បី​ឲ្យ​អញ​បាន​នៅ​កណ្តាល​គេ

9. ត្រូវ​ឲ្យ​ឯង​ធ្វើ​រោង​ឧបោសថ និង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន តាម​គំរូ​ដែល​អញ​នឹង​បង្ហាញ​ឯង។

10. ត្រូវ​ឲ្យ​គេ​ធ្វើ​ហឹប​១​ពី​ឈើ​នាង‌នួន បណ្តោយ​២​ហត្ថ​កន្លះ ទទឹង​១​ហត្ថ​កន្លះ កំពស់​១​ហត្ថ​កន្លះ

11. រួច​ត្រូវ​ស្រោប​ដោយ​មាស​សុទ្ធ​ទាំង​ក្នុង​ទាំង​ក្រៅ ហើយ​ធ្វើ​កែម​មាស​នៅ​លើ​ហឹប​ជុំវិញ

12. ត្រូវ​ឲ្យ​សិត​កង​មាស​៤​សំរាប់​ហឹប ដាក់​ភ្ជាប់​នៅ​គ្រប់​ទាំង​៤​ជ្រុង គឺ​២​ម្ខាងៗ

13. ហើយ​ត្រូវ​យក​ឈើ​នាង‌នួន​ធ្វើ​ជា​ឈើ​ស្នែង ដោយ​ស្រោប​មាស​ដូច​គ្នា​ដែរ

14. រួច​ព្រហក​ឈើ​ស្នែង​ទៅ​ក្នុង​កង​នៅ​ជ្រុង​ហឹប​នោះ​សំរាប់​សែង​ទៅ

15. ឈើ​ស្នែង​នោះ​ត្រូវ​នៅ​ជាប់​នឹង​កង​ហឹប មិន​ត្រូវ​ឲ្យ​ដក​ចេញ​ឡើយ

16. ត្រូវ​ដាក់​សេចក្ដី​បន្ទាល់​ដែល​អញ​នឹង​ឲ្យ​ឯង ទៅ​ក្នុង​ហឹប​នោះ

17. រួច​ត្រូវ​ធ្វើ​ទី​សន្តោស​ប្រោស​ពី​មាស​សុទ្ធ បណ្តោយ​២​ហត្ថ​កន្លះ ទទឹង​១​ហត្ថ​កន្លះ

18. ត្រូវ​យក​មាស​ឆ្លាក់​ធ្វើ​ជា​រូប​ចេរូប៊ីន​២ នៅ​ចុង​សង​ខាង​នៃ​ទី​សន្តោស​ប្រោស​នោះ

19. គឺ​ធ្វើ​រូប​ចេរូប៊ីន​១​នៅ​ចុង​ម្ខាង ហើយ​ចេរូប៊ីន​១​នៅ​ចុង​ម្ខាង​ទៀត ត្រូវ​ធ្វើ​ចេរូប៊ីន​ទាំង​២​ឲ្យ​នៅ​ចុង​ទាំង​សង​ខាង ភ្ជាប់​ជា​មួយ​នឹង​ទី​សន្តោស​ប្រោស

20. ត្រូវ​ឲ្យ​ចេរូប៊ីន​ទាំង​២​នោះ ត្រដាង​ស្លាប​ពី​លើ​គ្រប​ទី​សន្តោស​ប្រោស ហើយ​ត្រូវ​ដាក់​ប្រទល់​មុខ​គ្នា ទាំង​ឈ្ងោក​មើល​ទី​សន្តោស​ប្រោស

21. ត្រូវ​ឲ្យ​ដាក់​ទី​សន្តោស​ប្រោស​ទៅ​លើ​ហឹប ហើយ​ដាក់​សេចក្ដី​បន្ទាល់​ដែល​អញ​នឹង​ឲ្យ​ដល់​ឯង​ទៅ​ក្នុង​ហឹប​ដែរ

22. គឺ​នៅ​ទី​នោះ​ហើយ​ដែល​អញ​នឹង​មក​ជួប​នឹង​ឯង ហើយ​នឹង​និយាយ​នឹង​ឯង​ពី​លើ​ទី​សន្តោស​ប្រោស នៅ​កណ្តាល​ចេរូប៊ីន​ទាំង​២​ដែល​នៅ​លើ​ហឹប​នៃ​ទី​បន្ទាល់ ដើម្បី​ប្រាប់​ឯង​ពី​អស់​ទាំង​សេចក្ដី​ដែល​អញ​នឹង​បង្គាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល។

23. ត្រូវ​ឲ្យ​ធ្វើ​តុ​១​ពី​ឈើ​នាង‌នួន បណ្តោយ​២​ហត្ថ ទទឹង​១​ហត្ថ ហើយ​កំពស់​១​ហត្ថ​កន្លះ

24. រួច​ត្រូវ​ស្រោប​ដោយ​មាស​សុទ្ធ ហើយ​ធ្វើ​កែម​មាស​នៅ​ជុំវិញ

25. ត្រូវ​ធ្វើ​គែម​តុ​កំពស់​១​ទះ ហើយ​ធ្វើ​កែម​មាស​ភ្ជាប់​នឹង​គែម​នៅ​ព័ទ្ធ​ជុំវិញ​ទៀត

26. ត្រូវ​ឲ្យ​ធ្វើ​កង​មាស​៤​សំរាប់​តុ​ដែរ ដាក់​ភ្ជាប់​ទាំង​៤​ជ្រុង​នៅ​ត្រង់​តុ​ទាំង​៤

27. កង​ទាំង​នោះ​ត្រូវ​នៅ​ជិត​គែម​តុ សំរាប់​ព្រហក​ឈើ​ស្នែង​នឹង​សែង​ទៅ

28. ត្រូវ​យក​ឈើ​នាង‌នួន ស្រោប​ដោយ​មាស ធ្វើ​ជា​ស្នែង​សំរាប់​សែង​តុ

29. ត្រូវ​ឲ្យ​ធ្វើ​ថាស ផ្តិល ប៉ាន់ ហើយ​នឹង​ពែង​សំរាប់​តុ​នោះ ដើម្បី​ប្រើ​ថ្វាយ​ដង្វាយ​ច្រួច ត្រូវ​ធ្វើ​ពី​មាស​សុទ្ធ​ទាំង​អស់

30. ហើយ​នៅ​លើ​តុ​នោះ ត្រូវ​ដាក់​នំបុ័ង​តាំង​ទុក នៅ​មុខ​អញ​ជានិច្ច។

31. រួច​ត្រូវ​យក​មាស​សុទ្ធ​ធ្វើ​ជា​ជើង​ចង្កៀង ឯ​ជើង​ចង្កៀង​នោះ​ត្រូវ​ឆ្លាក់​ធ្វើ​ឲ្យ​មាន​គល់ ដើម នប់ កន្សោម​គ្រាប់ ហើយ​នឹង​ផ្កា​ភ្ជាប់​ជា​មួយ​គ្នា

32. ត្រូវ​មាន​មែក​៦​បែក​ចេញ​មក​ពី​គល់ គឺ​មែក​៣​ម្ខាងៗ

33. នៅ​មែក​១ ត្រូវ​មាន​នប់​៣​រាង​ដូច​ជា​គ្រាប់​ចំបក់ មាន​ទាំង​កន្សោម​គ្រាប់​ហើយ​នឹង​ផ្កា​ផង ឯ​មែក​ទាំង​៦​ដែល​បែក​ចេញ​ពី​គល់​ជើង​ចង្កៀង​មក នោះ​ក៏​ត្រូវ​មាន​នប់​៣ រាង​ដូច​ជា​គ្រាប់​ចំបក់ ព្រម​ទាំង​កន្សោម​គ្រាប់ ហើយ​នឹង​ផ្កា ដូច​គ្នា​ទាំង​អស់​ដែរ

34. ឯ​គល់​ជើង​ចង្កៀង​ត្រូវ​មាន​នប់​៤​វិញ រាង​ដូច​ជា​គ្រាប់​ចំបក់ ព្រម​ទាំង​កន្សោម​គ្រាប់ ហើយ​នឹង​ផ្កា​ផង

35. នៅ​ក្រោម​មែក​២ ត្រូវ​មាន​កន្សោម​គ្រាប់​១ នៅ​ក្រោម​មែក​២​ទៀត ត្រូវ​មាន​កន្សោម​គ្រាប់​១​ដែរ មែក​ទាំង​៦​ដែល​បែក​ចេញ​ពី​ជើង​ចង្កៀង​មក នោះ​ត្រូវ​មាន​ដូច​គ្នា​គ្រប់​ទាំង​អស់

36. កន្សោម​គ្រាប់ និង​មែក​ទាំង​ប៉ុន្មាន​នោះ ត្រូវ​ឆ្លាក់​ធ្វើ​ពី​មាស​សុទ្ធ​ភ្ជាប់​ជា​មួយ​គ្នា

37. ត្រូវ​ធ្វើ​ចង្កៀង​៧​សំរាប់​ឲ្យ​គេ​ដាក់​នៅ​លើ ដើម្បី​ឲ្យ​មាន​ពន្លឺ​ចេញ​ទៅ​ខាង​មុខ

38. ឯ​ឃ្នាប​ប្រឆេះ និង​កន្ថោរ​ដាក់​កំទេច​សំរាប់​ជើង​ចង្កៀង នោះ​ក៏​ត្រូវ​ធ្វើ​ពី​មាស​សុទ្ធ​ទាំង​អស់​ដែរ

39. ត្រូវ​យក​មាស​សុទ្ធ​១​ហាប​ធ្វើ​ជើង​ចង្កៀង ហើយ​នឹង​គ្រឿង​ប្រដាប់​ទាំង​អស់​នោះ

40. ហើយ​ត្រូវ​ប្រយ័ត្ន​នឹង​ធ្វើ​ឲ្យ​ត្រឹម‌ត្រូវ​តាម​គំរូ ដូច​ដែល​បាន​បង្ហាញ​ឯង​ឃើញ​នៅ​លើ​ភ្នំ​ស្រាប់។