ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 36 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ដូច្នេះ បេតសា‌លាល និង​អូហូ‌លីអាប់ ហើយ​អស់​អ្នក​ចំណាន​ការ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ឲ្យ​មាន​គំនិត​វាង‌វៃ ហើយ​នឹង​យោបល់​ឲ្យ​ចេះ​ធ្វើ​ការ​គ្រប់​មុខ គេ​នឹង​ធ្វើ​អស់​ទាំង​ប្រដាប់ ដែល​សំរាប់​ការ‌ងារ​ក្នុង​ទី​បរិសុទ្ធ តាម​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក

2. ម៉ូសេ​ក៏​ហៅ​បេតសា‌លាល និង​អូហូ‌លីអាប់ ហើយ​អស់​អ្នក​ចំណាន​ការ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ឲ្យ​មាន​គំនិត​វាង‌វៃ ឲ្យ​មក គឺ​ជា​អស់​អ្នក​ណា ដែល​មាន​ចិត្ត​បណ្តាល​ឡើង ឲ្យ​មក​ធ្វើ​ការ​នោះ

3. ម៉ូសេ​ក៏​ប្រគល់​អស់​ទាំង​ដង្វាយ ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​យក​មក​ថ្វាយ សំរាប់​ការ​ស្អាង​ទី​បរិសុទ្ធ ដល់​អ្នក​ទាំង​នោះ ហើយ​រាល់​តែ​ព្រឹក​គេ​ចេះ​តែ​យក​ដង្វាយ​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត មក​ជូន​ម៉ូសេ​ជានិច្ច

4. នោះ​អស់​អ្នក​ចំណាន​ការ​ដែល​កំពុង​តែ​ធ្វើ​ទី​បរិសុទ្ធ គេ​ឈប់​ធ្វើ​ការ​គ្រប់​គ្នា

5. ទៅ​ជំរាប​ម៉ូសេ​ថា បណ្តា‌ជន​គេ​ចេះ​តែ​យក​ដង្វាយ​មក​សំរាប់​ការ​ធ្វើ​នេះ បាន​ច្រើន​ហួស​ប្រមាណ​ពី​អស់​ទាំង​ការ ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ឲ្យ​ធ្វើ​ហើយ

6. នោះ​ម៉ូសេ​បង្គាប់​ឲ្យ​គេ​ទៅ​ប្រកាស​ប្រាប់​គ្រប់​ក្នុង​ទី​ដំឡើង​ត្រសាល​ថា កុំ​ឲ្យ​អ្នក​ណា ទោះ​ប្រុស​ឬ​ស្រី ធ្វើ​ការ​អ្វី​ទៀត​សំរាប់​ជា​ដង្វាយ​ដល់​ទី​បរិសុទ្ធ​ឡើយ ដូច្នេះ​គេ​ក៏​បញ្ឈប់​ពួក​ជន​មិន​ឲ្យ​យក​មក​ទៀត

7. ដ្បិត​មាន​របស់​គ្រប់‌គ្រាន់​នឹង​ធ្វើ​ការ​ទាំង​នោះ​ហើយ ថែម​ទាំង​សល់​ផង។

ការ​សង់​រោង​ឧបោសថ

8. រួច​អស់​អ្នក​ចំណាន​ដែល​ធ្វើ​ការ​ទាំង​នោះ គេ​ក៏​ធ្វើ​រោង​ឧបោសថ​ពី​សំពត់​១០​ផ្ទាំង ដែល​ត្បាញ​ដោយ​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ និង​អំបោះ​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ទាំង​ប៉ាក់​រូប​ចេរូប៊ីន​តាម​រចនា​នៃ​ជាង​មាន​ស្នាដៃ

9. ឯ​សំពត់​១​ផ្ទាំង​នោះ មាន​បណ្តោយ​២៨​ហត្ថ ហើយ​ទទឹង​៤​ហត្ថ រាល់​តែ​ផ្ទាំង​សុទ្ធ​តែ​ប៉ុន​គ្នា​ទាំង​អស់

10. គាត់​ក៏​ដេរ​៥​ផ្ទាំង​ភ្ជាប់​ជា​មួយ​គ្នា ហើយ​៥​ទៀត​ក៏​ដេរ​ភ្ជាប់​គ្នា​ដែរ

11. រួច​គាត់​ធ្វើ​ខ្សែ​ក្រវិល​ខៀវ​តាម​ជាយ​សំពត់ នៅ​ចុង​ផ្ទាំង​សំពត់​ទី​១ ក៏​ធ្វើ​ដូច​គ្នា​តាម​ជាយ​សំពត់ នៅ​ចុង​ផ្ទាំង​ទី​២

12. គាត់​ធ្វើ​ខ្សែ​ក្រវិល​៥០ តាម​ជាយ​សំពត់​ទី​១ ហើយ​ក៏​ធ្វើ​ខ្សែ​ក្រវិល​៥០ នៅ​ចុង​ផ្ទាំង​ទី​២​ដែរ ខ្សែ​ក្រវិល​ទាំង​នោះ​ស្មើ​គ្នា​ទាំង​អស់

13. គាត់​ធ្វើ​ទំពក់​មាស​៥០ ហើយ​ភ្ជាប់​ផ្ទាំង​សំពត់​ទាំង​២​ជា​មួយ​គ្នា ដោយ‌សារ​ទំពក់​នោះ ដូច្នេះ​រោង​ឧបោសថ​បាន​ភ្ជាប់​គ្នា​តែ​១។

14. រួច​គាត់​ធ្វើ​សំពត់​១១​ផ្ទាំង ពី​រោម​ពពែ សំរាប់​គ្រប​លើ​រោង​ឧបោសថ

15. សំពត់​១​ផ្ទាំង​នោះ មាន​បណ្តោយ​៣០​ហត្ថ ហើយ​ទទឹង​៤​ហត្ថ រាល់​តែ​ផ្ទាំង​សុទ្ធ​តែ​ប៉ុន​គ្នា​ទាំង​អស់

16. គាត់​យក​សំពត់​៥​ផ្ទាំង ដេរ​រួម​គ្នា​ជា​១​ផ្នែក ហើយ​៦​ទៀត​ក៏​ដេរ​រួម​គ្នា​ជា​១​ផ្នែក​ដែរ

17. គាត់​ធ្វើ​ខ្សែ​ក្រវិល​៥០ តាម​ជាយ​សំពត់​នៅ​ចុង​ផ្ទាំង​ទី​១ ហើយ​ខ្សែ​ក្រវិល​៥០​ទៀត តាម​ជាយ​សំពត់ នៅ​ចុង​ផ្ទាំង​ទី​២

18. រួច​ធ្វើ​ទំពក់​លង្ហិន​៥០ សំរាប់​ភ្ជាប់​ត្រសាល​ឲ្យ​បាន​ជាប់​គ្នា​តែ​១។

19. គាត់​ក៏​ធ្វើ​គំរប​ពី​ស្បែក​ចៀម​ឈ្មោល​ជ្រលក់​ពណ៌​ក្រហម សំរាប់​គ្រប​លើ​ត្រសាល ហើយ​១​ទៀត​ពី​ស្បែក​ផ្សោត​សំរាប់​នឹង​គ្រប​ពី​លើ​នោះ​ថែម​ទៀត។

20. គាត់​ធ្វើ​ក្តារ​សំរាប់​រោង​ឧបោសថ ជា​ក្តារ​ឈើ​នាង‌នួន​ដាក់​បញ្ឈរ

21. ក្តារ​១​សន្លឹក មាន​បណ្តោយ​១០​ហត្ថ ហើយ​ទទឹង​១​ហត្ថ​កន្លះ

22. នៅ​គ្រប់​តែ​ក្តារ មាន​ពន្លួញ​២ រៀង​តាម​ជួរ​ជញ្ជាំង គាត់​ធ្វើ​អស់​ទាំង​ក្តារ​សំរាប់​រោង​ឧបោសថ​នោះ ឲ្យ​ដូចៗ​គ្នា

23. គឺ​ក្តារ​២០​សន្លឹក​សំរាប់​ខាង​ត្បូង​រោង​ឧបោសថ

24. ក៏​ដាក់​ជើង​ធ្វើ​ពី​ប្រាក់​ទាំង​៤០ នៅ​ក្រោម​ក្តារ​ទាំង​២០​នោះ ក្រោម​ក្តារ​១​មាន​ជើង​២ សំរាប់​ស៊ក​ពន្លួញ​ទាំង​២​ដែល​នៅ​ចុង​ក្តារ​នោះ

25. គាត់​ធ្វើ​ក្តារ​២០​ទៀត សំរាប់​រោង​ឧបោសថ​ម្ខាង គឺ​ជា​ខាង​ជើង ហើយ​ជើង​ក្តារ​៤០​ដែរ

26. រាល់​តែ​ក្តារ មាន​ជើង​ពីរៗ

27. គាត់​ធ្វើ​ក្តារ​៦ សំរាប់​ចុង​រោង​ឧបោសថ​ខាង​លិច

28. ក៏​ធ្វើ​ក្តារ​២ សំរាប់​ជ្រុង​រោង​ឧបោសថ​ខាង​ចុង

29. ក្តារ​២​សន្លឹក​នោះ​បាន​ជាប់​គ្នា​ខាង​ក្រោម និង​ខាង​លើ​ដោយ‌សារ​កង​១ គាត់​បាន​ធ្វើ​ក្តារ​សំរាប់​ជ្រុង​ទាំង​២​នៅ​សង​ខាង​នោះ​ឲ្យ​ដូច​គ្នា

30. ដូច្នេះ មាន​ក្តារ​៨ និង​ជើង​ប្រាក់​១៦ រាល់​តែ​ក្តារ​មាន​ជើង​ពីរៗ

31. ក៏​ធ្វើ​រនុក​៥​ពី​ឈើ​នាង‌នួន សំរាប់​អស់​ទាំង​ក្តារ​នៅ​រោង​ឧបោសថ​ម្ខាង

32. ហើយ​រនុក​៥​ទៀត សំរាប់​អស់​ទាំង​ក្តារ​ដែល​នៅ​រោង​ឧបោសថ​ម្ខាង​ទៀត និង​រនុក​៥​ទៀត​សំរាប់​ក្តារ​នៅ​ចុង​រោង​ឧបោសថ​ខាង​លិច

33. ឯ​រនុក​កណ្តាល គាត់​ធ្វើ​ឲ្យ​ភ្ជាប់​ក្តារ​ពី​ចុង​ម្ខាង​រហូត​ទៅ​ដល់​ចុង​ម្ខាង

34. រួច​មក​គាត់​ស្រោប​ក្តារ​ទាំង​នោះ ដោយ​មាស ក៏​ធ្វើ​កង ពី​មាស​ដែរ សំរាប់​ព្រហក​រនុក ហើយ​រនុក​ទាំង​ប៉ុន្មាន ក៏​ស្រោប​ដោយ​មាស​ដូច​គ្នា។

35. គាត់​ត្បាញ​ធ្វើ​វាំង‌នន​ពី​អំបោះ​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ហើយ​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ តាម​ការ​រចនា​នៃ​ជាង​មាន​ស្នាដៃ ហើយ​ក៏​ប៉ាក់​ជា​រូប​ចេរូប៊ីន​ដែរ

36. គាត់​ធ្វើ​សសរ​៤​ពី​ឈើ​នាង‌នួន ស្រោប​ដោយ​មាស សំរាប់​វាំង‌នន​នោះ ហើយ​មាន​ទំពក់​មាស​នៅ​សសរ​ទាំង​នោះ រួច​គាត់​សិត​ជើង​ប្រាក់​៤​សំរាប់​ទ្រ​សសរ​ទាំង​នោះ។

37. គាត់​ក៏​ត្បាញ​ធ្វើ​រនាំង ពី​អំបោះ​មាន​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ហើយ​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ព្រម​ទាំង​ប៉ាក់​ផង សំរាប់​មាត់​ទ្វារ​ត្រសាល

38. ហើយ​គាត់​ធ្វើ​សសរ​៥ និង​ទំពក់​សំរាប់​រនាំង​នោះ ឯ​ក្បាច់​ក្បាល​សសរ និង​គន្លឹះ​ទាំង​ប៉ុន្មាន នោះ​សុទ្ធ​តែ​ស្រោប​ដោយ​មាស​ទាំង​អស់ ចំណែក​ជើង​ទាំង​៥ នោះ​ធ្វើ​ពី​លង្ហិន​វិញ។