ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 34 Khmer Standard Version (KHSV)

ព្រះ‌បាទ​យ៉ូ‌សៀស​សោយ​រាជ្យ​លើ​ស្រុក​យូដា

1. កាល​ព្រះ‌បាទ​យ៉ូ‌សៀស​ឡើង​សោយ​រាជ្យ ស្ដេច​មាន​ជន្មាយុ​ប្រាំ​បី​ព្រះ‌វស្សា ហើយ​សោយ​រាជ្យ​បាន​សាម‌សិប​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។

2. ស្ដេច​ប្រព្រឹត្ត​អំពើ​សុចរិត ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ហើយ​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌បាទ​ដាវីឌ ជា​អយ្យ‌កោ ឥត​ខ្ចោះ ដោយ​មិន​ងាក​ទៅ​ស្ដាំ ឬ​ទៅ​ឆ្វេង​ឡើយ។

3. នៅ​ឆ្នាំ​ទី​ប្រាំ​បី​នៃ​រជ្ជ‌កាល​របស់​ស្ដេច ក្នុង​គ្រា​ដែល​ស្ដេច​នៅ​ក្មេង​នៅ​ឡើយ ព្រះ‌បាទ​យ៉ូ‌សៀស​ចាប់​ផ្ដើម​ស្វែង​រក​ព្រះ​របស់​ព្រះ‌បាទ​ដាវីឌ ជា​អយ្យ‌កោ។ នៅ​ឆ្នាំ​ទី​ដប់‌ពីរ ស្ដេច​លុប​បំបាត់​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ ព្រម​ទាំង​បង្គោល​របស់​ព្រះ‌អា‌សេ‌រ៉ា រូប​បដិមា និង​រូប​ចម្លាក់​ឯ​ទៀតៗ​ដែល​គេ​សិត​ធ្វើ ឲ្យ​អស់​ពី​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម។

4. គេ​បាន​រំលំ​អាសនៈ​របស់​ព្រះ​បាល​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ស្ដេច ហើយ​កម្ទេច​ស្កាក​សម្រាប់​ដុត​គ្រឿង​ក្រអូប ដែល​ស្ថិត​នៅ​លើ​នោះ​ផង។ ស្ដេច​បាន​បំបាក់​បង្គោល​របស់​ព្រះ‌អា‌សេ‌រ៉ា ព្រម​ទាំង​កម្ទេច​រូប​បដិមា និង​រូប​ចម្លាក់​ឯ​ទៀតៗ​ដែល​គេ​សិត​ធ្វើ ឲ្យ​ក្លាយ​ទៅ​ជា​ធូលី រួច​យក​ទៅ​ចាក់​លើ​ផ្នូរ​របស់​អស់​អ្នក​ដែល​បាន​ធ្វើ​យញ្ញ‌បូជា​នៅ​មុខ​រូប​ទាំង​នោះ។

5. ស្ដេច​ដុត​ធាតុ​របស់​ពួក​បូជា‌ចារ្យ​នៃ​ព្រះ​ដទៃ នៅ​លើ​អាសនៈ​របស់​គេ។ ស្ដេច​ធ្វើ​ដូច្នេះ ដើម្បី​ជម្រះ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម​ឲ្យ​បាន​បរិសុទ្ធ*។

6. ស្ដេច​ក៏​បាន​រំលំ​អាសនៈ នៅ​តាម​ក្រុង​នានា​នៃ​ទឹក​ដី​ម៉ាណា‌សេ អេប្រាអ៊ីម និង​ស៊ីម្មាន រហូត​ដល់​ទឹក​ដី​ណែប‌ថាលី ព្រម​ទាំង​កន្លែង​បាក់​បែក​នៅ​តំបន់​ជុំ‌វិញ​នោះ​ផង។

7. ស្ដេច​កម្ទេច​បង្គោល​របស់​ព្រះ‌អា‌សេ‌រ៉ា និង​រូប​បដិមា ឲ្យ​ទៅ​ជា​ធូលី​ដី ហើយ​កម្ទេច​ស្កាក​សម្រាប់​ដុត​គ្រឿង​ក្រអូប នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល រួច​ស្ដេច​យាង​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ។

លោក​មហា​បូជា‌ចារ្យ​រក​ឃើញ​គម្ពីរ‌វិន័យ

8. នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​បី​នៃ​រជ្ជ‌កាល​របស់​ស្ដេច គឺ​នៅ​គ្រា​ដែល​ស្ដេច​កំពុង​តែ​ជម្រះ​ស្រុក និង​ព្រះ‌វិហារ ឲ្យ​បាន​បរិសុទ្ធ ព្រះ‌បាទ​យ៉ូ‌សៀស​ចាត់​លោក​សាផាន ជា​កូន​របស់​លោក​អសា‌លា លោក​ម៉ាសេ‌យ៉ា ជា​អភិ‌បាល​ក្រុង ព្រម​ទាំង​លោក​យ៉ូ‌អា ជា​កូន​របស់​លោក​យ៉ូអា‌ហាស និង​ជា​ស្មៀន​ហ្លួង ឲ្យ​ទៅ​ជួស‌ជុល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ស្ដេច។

9. លោក​ទាំង​នោះ​ក៏​ទៅ​ជួប​លោក​មហា​បូជា‌ចារ្យ*​ហ៊ីល‌គីយ៉ា។ គេ​យក​ប្រាក់​ដែល​ប្រជា‌ជន​ថ្វាយ​សម្រាប់​ព្រះ‌ដំណាក់​មក គឺ​ប្រាក់​ដែល​ក្រុម​លេវី ជា​ឆ្មាំ​ទ្វារ បាន​ទទួល​ពី​ប្រជា‌ជន​នៃ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ អេប្រាអ៊ីម និង​កុល‌សម្ព័ន្ធ​ឯ​ទៀតៗ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ព្រម​ទាំង​ប្រជា‌ជន​ពី​កុល‌សម្ព័ន្ធ​យូដា បេន‌យ៉ាមីន និង​អ្នក​ក្រុង​យេរូ‌សាឡឹម។

10. គេ​ប្រគល់​ប្រាក់​នោះ​ទៅ​ពួក​មេ​ជាង ដែល​ទទួល​ខុស​ត្រូវ​ជួស‌ជុល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដើម្បី​បង់​ថ្លៃ​ឈ្នួល​ពួក​កម្មករ​ដែល​ជួស‌ជុល​ព្រះ‌ដំណាក់​ឲ្យ​បាន​រឹង‌មាំ​ឡើង​វិញ

11. គឺ​មាន​ពួក​ជាង​ឈើ ជាង​សំណង់ និង​សម្រាប់​ទិញ​ថ្ម‌ដាប់ និង​ឈើ សម្រាប់​ប្រើ​ជា​ធ្នឹម ផ្លាន ហើយ​សម្រាប់​ជួស‌ជុល​អាគារ​ផ្សេងៗ ដែល​ស្ដេច​ស្រុក​យូដា​ជំនាន់​មុនៗ​បាន​បំផ្លាញ។

12. មេ​ជាង​ទាំង​នោះ​ធ្វើ​ការ​ដោយ​ចិត្ត​ស្មោះ​បំផុត។ ពួក​គេ​ធ្វើ​ការ​ក្រោម​បញ្ជា​របស់​លោក​យ៉ាហាត់ និង​លោក​អូបា‌ឌា ជា​ក្រុម​លេវី មក​ពី​អំបូរ​ម៉្រារី។ លោក​សាកា‌រី និង​លោក​មស៊ូ‌ឡាម ជា​ក្រុម​លេវី​មក​ពី​អំបូរ​កេហាត់ ជា​អ្នក​ត្រួត​ពិនិត្យ​លើ​ការ​សាង​សង់។ ពួក​លេវី​ទាំង​នេះ​សុទ្ធ​តែ​ជា​តន្ត្រី‌ករ​យ៉ាង​ជំនាញ។

13. ពួក​គេ​ក៏​មាន​ភារ‌កិច្ច​មើល​ខុស​ត្រូវ​អ្នក​លី​សែង ព្រម​ទាំង​កម្មករ​ដែល​ធ្វើ​ការ‌ងារ​ឯ​ទៀតៗ​ដែរ។ ពួក​លេវី​មួយ​ចំនួន​ទៀត​បំពេញ​មុខ‌ងារ​ជា​ស្មៀន រាជការ និង​ជា​ឆ្មាំ​ព្រះ‌ដំណាក់។

14. ពេល​គេ​យក​ប្រាក់ ដែល​ប្រជា‌ជន​ថ្វាយ​ជា​តង្វាយ​សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ចេញ​មក នោះ​លោក​មហា‌បូជា‌ចារ្យ​ហ៊ីល‌គីយ៉ា​រក​ឃើញ​គម្ពីរ‌វិន័យ ដែល​ព្រះ‌អម្ចាស់​ប្រទាន​មក​តាម​រយៈ​លោក​ម៉ូសេ។

15. លោក​ហ៊ីល‌គីយ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​លោក​សាផាន ជា​ស្មៀន​ហ្លួង​ថា៖ «ខ្ញុំ​បាន​រក​ឃើញ​គម្ពីរ‌វិន័យ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់!»។ លោក​ហ៊ីល‌គីយ៉ា​ជូន​គម្ពីរ​នោះ​ទៅ​លោក​សាផាន។

16. លោក​សាផាន​ក៏​យក​គម្ពីរ​ទៅ​ថ្វាយ​ស្ដេច ហើយ​ទូល​រៀប​រាប់​ដូច​ត​ទៅ៖ «យើង​ខ្ញុំ​ធ្វើ​តាម​រាជ​បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ករុណា។

17. គេ​បាន​ប្រគល់​ប្រាក់​តង្វាយ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ទៅ​ឲ្យ​ពួក​មេ​ជាង ព្រម​ទាំង​ពួក​កម្មករ​រួច​ស្រេច​ហើយ»។

18. លោក​សាផាន ជា​ស្មៀន​ហ្លួង ទូល​ស្ដេច​ទៀត​ថា៖ «លោក​បូជា‌ចារ្យ​ហ៊ីល‌គីយ៉ា​បាន​ប្រគល់​គម្ពីរ​មួយ​ច្បាប់​ឲ្យ​ទូលបង្គំ» រួច​លោក​ក៏​អាន​ថ្វាយ​ព្រះ‌រាជា​ស្ដាប់។

ព្រះ‌បាទ​យ៉ូ‌សៀស​សុំ​ឲ្យ​ព្យាកា‌រិនី​ហ៊ូល‌ដា​ទូល​សួរ​ព្រះ‌អម្ចាស់

19. កាល​ព្រះ‌រាជា​ឮ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ក្នុង​ក្រឹត្យ‌វិន័យ ស្ដេច​ក៏​ហែក​ព្រះ‌ភូសា។

20. បន្ទាប់​មក ស្ដេច​បញ្ជា​ទៅ​លោក​ហ៊ីល‌គី‌យ៉ា លោក​អហ៊ី‌កាម​ជា​កូន​របស់​លោក​សា‌ផាន លោក​អាប់‌ដូន​ជា​កូន​របស់​លោក​មីកា‌យ៉ា លោក​សា‌ផាន​ជា​ស្មៀន​ហ្លួង និង​លោក​អសា‌យ៉ា​ជា​រាជ​បម្រើ​ថា៖

21. «សូម​អស់​លោក​អញ្ជើញ​ទៅ​ទូល​សួរ​ព្រះ‌អម្ចាស់​ឲ្យ​យើង និង​ប្រជា‌ជន​ដែល​នៅ​សេស‌សល់ ក្នុង​ស្រុក​អ៊ីស្រា‌អែល និង​យូដា ពី​សេចក្ដី​ទាំង​ប៉ុន្មាន​ក្នុង​គម្ពីរ​ដែល​ទើប​រក​ឃើញ​នេះ​ផង។ ព្រះ‌អម្ចាស់​មុខ​ជា​ព្រះ‌ពិរោធ​នឹង​យើង​ខ្លាំង​ណាស់ ដ្បិត​ពួក​ដូនតា​របស់​យើង​មិន​បាន​កាន់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ដើម្បី​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ​ទេ»។

22. លោក​បូជា‌ចារ្យ​ហ៊ីល‌គីយ៉ា និង​អស់​លោក​ដែល​ព្រះ‌រាជា​ចាត់​ឲ្យ​ទៅ បាន​នាំ​គ្នា​ទៅ​ជួប​ព្យាកា‌រិនី​ហ៊ូល‌ដា​ជា​ភរិយា​របស់​លោក​សា‌លូម ជា​កូន​របស់​លោក​កូន​ធីក‌វ៉ា ជា​ចៅ​របស់​លោក​ហារ‌ហាស និង​ជា​អ្នក​ថែ‌រក្សា​សម្លៀក‌បំពាក់​បូជា‌ចារ្យ។ នាង​រស់​នៅ​ក្នុង​សង្កាត់​ថ្មី​នៃ​ក្នុង​ក្រុង​យេរូ‌សាឡឹម។ លោក​ទាំង​នោះ​ជម្រាប​ព្យាកា‌រិនី​តាម​ដំណើរ​រឿង។

23. ព្យាកា‌រិនី​មាន​ប្រសាសន៍​ថា៖ «ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ចូរ​ប្រាប់​មនុស្ស​ដែល​គេ​ចាត់​ឲ្យ​មក​រក​យើង​ថា

24. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: យើង​នឹង​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​កើត​មាន​ដល់​ក្រុង​នេះ ព្រម​ទាំង​ប្រជា‌ជន ស្រប​តាម​បណ្ដាសា​ទាំង​ប៉ុន្មាន ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ ដែល​គេ​បាន​អាន​នៅ​ចំពោះ​មុខ​ស្ដេច​ស្រុក​យូដា។

25. ដោយ​ពួក​គេ​បាន​បោះ​បង់​ចោល​យើង ហើយ​ដុត​គ្រឿង​ក្រអូប​ថ្វាយ​ព្រះ‌ដទៃ និង​បញ្ឆេះ​កំហឹង​របស់​យើង ព្រោះ​តែ​អំពើ​ទាំង​ប៉ុន្មាន​របស់​ពួក​គេ​ប្រព្រឹត្ត នោះ​យើង​នឹង​ដាក់​ទោស​ក្រុង​នេះ គឺ​យើង​មិន​អាច​អត់‌អោន​បាន​ឡើយ!

26. ប៉ុន្តែ ចូរ​ទៅ​ប្រាប់​ស្ដេច​ស្រុក​យូដា ដែល​ចាត់​អស់​លោក​ឲ្យ​មក​ទូល​សួរ​ព្រះ‌អម្ចាស់​ថា ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: អ្នក​បាន​ស្ដាប់​ឮ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ​ហើយ។

27. ពេល​អ្នក​ឮ​សេចក្ដី​ដែល​យើង​ថ្លែង​ទាស់​នឹង​ក្រុង​យេរូ‌សាឡឹម ព្រម​ទាំង​ទាស់​នឹង​ប្រជា‌ជន​នៅ​ក្រុង​នេះ អ្នក​ក៏​បាន​បើក​ចិត្ត​ទទួល ហើយ​ដាក់​ខ្លួន​នៅ​ចំពោះ​មុខ​យើង ទាំង​ហែក​សម្លៀក‌បំពាក់​យំ​សោក ដូច្នេះ យើង​ក៏​ស្ដាប់​អ្នក​ដែរ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

28. យើង​នឹង​ឲ្យ​អ្នក​ទៅ​ជួប‌ជុំ​ដូនតា​របស់​អ្នក អ្នក​នឹង​ចែក​ស្ថាន​ទៅ​ដោយ​សុខ‌សាន្ត គេ​នឹង​បញ្ចុះ​សព​អ្នក។ អ្នក​នឹង​ពុំ​ឃើញ​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន​ដែល​យើង​នឹង​ធ្វើ​ឲ្យ​កើត​មាន​ដល់​ទីក្រុង និង​ប្រជា‌ជន​នេះ​ឡើយ»។ ពួក​រាជ​បម្រើ​ក៏​នាំ​យក​ចម្លើយ​នេះ​ទៅ​ទូល​ស្ដេច​វិញ។

ព្រះ‌បាទ​យ៉ូ‌សៀស​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ព្រះ‌ជាម្ចាស់

29. ព្រះ‌រាជា​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​អស់​លោក​ព្រឹទ្ធា‌ចារ្យ​នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡឹម​មក​គាល់។

30. បន្ទាប់​មក ស្ដេច​យាង​ទៅ​កាន់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ជា​មួយ​ប្រជា‌ជន​ទាំង​អស់​នៅ​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល គឺ​មាន​អស់​លោក​បូជា‌ចារ្យ ក្រុម​លេវី និង​ប្រជា‌ជន​ទាំង​អស់ គ្រប់​ជាន់​ថ្នាក់។ ព្រះ‌រាជា​អាន​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន ក្នុង​គម្ពីរ​សម្ពន្ធ‌មេត្រី ដែល​គេ​រក​ឃើញ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ឲ្យ​ប្រជា‌ជន​ស្ដាប់។

31. ព្រះ‌រាជា​ឈរ​នៅ​កន្លែង​របស់​ស្ដេច នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ហើយ​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ព្រះ‌អម្ចាស់ ដោយ​សន្យា​ថា សុខ​ចិត្ត​ដើរ​តាម​ព្រះ‌អម្ចាស់ និង​កាន់​តាម​បទ‌បញ្ជា ដំបូន្មាន និង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ ដោយ​ស្មោះ​អស់​ពី​ចិត្ត និង​អស់​ពី​ស្មារតី ដើម្បី​ប្រព្រឹត្ត​តាម​សេចក្ដី​ក្នុង​សម្ពន្ធ‌មេត្រី ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ។

32. ស្ដេច​ក៏​បាន​សុំ​ឲ្យ​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្រុង​យេរូ‌សាឡឹម និង​អ្នក​ស្រុក​បេន‌យ៉ាមីន ចូល​រួម​ក្នុង​ការ​ចង​សម្ពន្ធ‌មេត្រី​នេះ​ដែរ។ អ្នក​ក្រុង​យេរូ‌សាឡឹម​នាំ​គ្នា​ធ្វើ​តាម​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌ជាម្ចាស់ ដែល​ជា​ព្រះ​នៃ​បុព្វបុរស​របស់​ខ្លួន។

33. ព្រះ‌បាទ​យ៉ូ‌សៀស​បាន​កំចាត់​រូប​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​ដទៃ ចេញ​ពី​ទឹក​ដី​អ៊ីស្រា‌អែល​ទាំង​មូល។ ស្ដេច​បង្គាប់​ប្រជា‌ជន​ទាំង​អស់ ដែល​រស់​នៅ​ស្រុក​អ៊ីស្រា‌អែល ឲ្យ​គោរព​បម្រើ​តែ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន​ប៉ុណ្ណោះ។ ក្នុង​អំឡុង​ពេល​ដែល​ស្ដេច​នៅ​គង់​ព្រះ‌ជន្ម ពួក​គេ​ពុំ​បាន​បែក​ចិត្ត​ចេញ​ពី​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​ខ្លួន​ឡើយ។