ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 16 Khmer Standard Version (KHSV)

សង្គ្រាម​រវាង​ព្រះ‌បាទ​អេ‌សា និង​ព្រះ‌បាទ​បាសា ស្ដេច​ស្រុក​អ៊ីស្រា‌អែល

1. នៅ​ឆ្នាំ​ទី​សាម‌សិប​ប្រាំ​មួយ​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​អេ‌សា ព្រះ‌បាទ​បាសា ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល លើក​ទ័ព​មក​វាយ​ស្រុក​យូដា ហើយ​សង់​កំពែង​ជុំ‌វិញ​ក្រុង​រ៉ាម៉ា ដើម្បី​កុំ​ឲ្យ​ប្រជា‌ជន​របស់​ព្រះ‌បាទ​អេ‌សា ជា​ស្ដេច​ស្រុក​យូដា អាច​ចេញ​ចូល​បាន។

2. ព្រះ‌បាទ​អេ‌សា​យក​មាស ប្រាក់ ពី​ក្នុង​ឃ្លាំង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​នៅ​ក្នុង​ឃ្លាំង​ព្រះ‌រាជ‌វាំង ហើយ​ចាត់​គេ​ឲ្យ​យក​ទៅ​ថ្វាយ​ព្រះ‌បាទ​បេន-‌ហាដាឌ ជា​ស្ដេច​ស្រុក​ស៊ីរី ដែល​គង់​នៅ​ក្រុង​ដាម៉ាស ដោយ​ទូល​ថា៖

3. «ទូលបង្គំ​សូម​ចង​សម្ពន្ធ‌មិត្ត​ជា​មួយ​ព្រះ‌ករុណា ដូច​បិតា​របស់​ទូលបង្គំ​បាន​ចង​ជា​មួយ​បិតា​របស់​ព្រះ‌ករុណា​ដែរ។ ទូលបង្គំ​សូម​ផ្ញើ​មាស និង​ប្រាក់​នេះ មក​ថ្វាយ​ព្រះ‌ករុណា។ សូម​ព្រះ‌ករុណា​ផ្ដាច់​ចំណង​សម្ពន្ធ‌មិត្ត​ជា​មួយ​បាសា ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ទៅ ដើម្បី​កុំ​ឲ្យ​ស្ដេច​នោះ​ឡើង​មក​វាយ​ទូលបង្គំ​ទៀត»។

4. ព្រះ‌បាទ​បេន‌ហាដាឌ​យល់​ព្រម​តាម​សំណូម​ពរ​របស់​ព្រះ‌បាទ​អេ‌សា ហើយ​ចាត់​មេ‌ទ័ព​ឲ្យ​ទៅ​វាយ​ក្រុង​នានា​របស់​ស្រុក​អ៊ីស្រា‌អែល។ ពួក​គេ​វាយ​យក​ក្រុង​អ៊ីយ៉ូន ក្រុង​ដាន់ ក្រុង​អេបិល-‌ម៉ែម និង​ក្រុង​ទាំង​ប៉ុន្មាន ព្រម​ទាំង​កន្លែង​ផ្ទុក​ស្បៀង នៅ​ស្រុក​ណែប‌ថាលី។

5. កាល​ព្រះ‌បាទ​បាសា​ជ្រាប​ពី​ដំណឹង​នេះ ទ្រង់​ក៏​ឈប់​សង់​កំពែង​ក្រុង​រ៉ាម៉ា គឺ​ទ្រង់​ផ្អាក​កិច្ចការ​ទាំង​អស់។

6. ពេល​នោះ ព្រះ‌បាទ​អេ‌សា​បាន​កេណ្ឌ​ជន‌ជាតិ​យូដា​ទាំង​មូល ឲ្យ​ជញ្ជូន​ថ្ម និង​ឈើ ដែល​ព្រះ‌បាទ​បាសា​ប្រើ‌ប្រាស់​សម្រាប់​សង់​កំពែង​ក្រុង​រ៉ាម៉ា។ ស្ដេច​យក​ថ្ម និង​ឈើ​ទាំង​នោះ​ទៅ​សង់​កំពែង​ក្រុង​កេបា និង​ក្រុង​មីស‌ប៉ា។

ព្រះ‌បាទ​អេ‌សា​ឃុំ‌ឃាំង​ព្យាការី​ហាណា‌នី

7. នៅ​គ្រា​នោះ លោក​ហាណា‌នី ជា​គ្រូ​ទាយ ចូល​ទៅ​គាល់​ព្រះ‌បាទ​អេ‌សា ស្ដេច​ស្រុក​យូដា ទូល​ថា៖ «ដោយ​ព្រះ‌ករុណា​ពឹង​ផ្អែក​លើ​ស្ដេច​ស្រុក​ស៊ីរី គឺ​ពុំ​បាន​ពឹង​ផ្អែក​លើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ព្រះ‌ករុណា​ទេ​នោះ កង‌ទ័ព​របស់​ស្ដេច​ស្រុក​ស៊ីរី​បាន​គេច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ព្រះ‌ករុណា។

8. កាល​ជន‌ជាតិ​អេត្យូ‌ពី និង​ជន‌ជាតិ​លីប៊ី លើក​ទ័ព​មក​ជា​មួយ​គ្នា ទោះ​បី​ពួក​គេ​មាន​ពល​ទ័ព រទេះ​ចំបាំង និង​ទ័ព​សេះ ច្រើន​ឥត​គណនា​ក្ដី ក៏​ព្រះ‌អម្ចាស់​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌ករុណា​ដែរ ដ្បិត​ព្រះ‌ករុណា​បាន​ពឹង​ផ្អែក​លើ​ព្រះ‌អង្គ។

9. ព្រះ‌អម្ចាស់​រំពៃ​មើល​មក​ផែនដី​ទាំង​មូល ដើម្បី​គាំទ្រ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។ លើក​នេះ ព្រះ‌ករុណា​ប្រព្រឹត្ត​ដោយ​គ្មាន​វិចារណ‌ញ្ញាណ។ ដូច្នេះ ចាប់​ពី​ពេល​នេះ​ទៅ ព្រះ‌ករុណា​ជួប​ប្រទះ​តែ​នឹង​សង្គ្រាម​ជា‌និច្ច»។

10. ព្រះ‌បាទ​អេ‌សា​ខ្ញាល់​នឹង​គ្រូ​ទាយ​ជា​ខ្លាំង ទ្រង់​ក៏​ឲ្យ​គេ​យក​លោក​ទៅ​ឃុំ‌ឃាំង ដ្បិត​ពាក្យ​របស់​លោក​បាន​ធ្វើ​ឲ្យ​ទ្រង់​ក្រេវ‌ក្រោធ។ ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ព្រះ‌បាទ​អេ‌សា​សង្កត់‌សង្កិន​ប្រជា‌ជន​មួយ​ចំនួន។

ព្រះ‌បាទ​អេ‌សា​សោយ​ទិវង្គត

11. រាជ‌កិច្ច​ផ្សេងៗ​របស់​ព្រះ‌បាទ​អេ‌សា ចាប់​ពី​ដើម រហូត​ដល់​ចុង​បញ្ចប់ មាន​កត់‌ត្រា​ទុក​នៅ​ក្នុង​ក្រាំង​របស់​ស្ដេច​ស្រុក​យូដា និង​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។

12. នៅ​ឆ្នាំ​ទី​សាម‌សិប​ប្រាំ​បួន​នៃ​រជ្ជ‌កាល​របស់​ស្ដេច ទ្រង់​កើត​រោគា​យ៉ាង​ធ្ងន់​នៅ​ព្រះ‌បាទា ប៉ុន្តែ ទោះ​បី​ទ្រង់​ប្រឈួន​យ៉ាង​នេះ​ក្ដី ក៏​ទ្រង់​ពុំ​បាន​ទូល‌អង្វរ​សូម​ព្រះ‌អម្ចាស់​ជួយ​ដែរ គឺ​ទ្រង់​បែរ​ជា​រក​គ្រូ​ពេទ្យ​ព្យាបាល​ទៅ​វិញ។

13. ព្រះ‌បាទ​អេ‌សា​សោយ​ទិវង្គត ទៅ​ជួប‌ជុំ​នឹង​ពួក​អយ្យ‌កោ នៅ​ឆ្នាំ​ទី​សែ‌សិប​មួយ​នៃ​រជ្ជ‌កាល​របស់​ស្ដេច។

14. គេ​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​មួយ ដែល​ទ្រង់​បាន​ឲ្យ​គេ​ជីក​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ។ គេ​តម្កល់​សព​របស់​ស្ដេច​លើ​គ្រែ​មួយ ដោយ​មាន​អប់​គ្រឿង​ក្រអូប​ដែល​រៀប‌ចំ​ឡើង តាម​ក្បួន​តម្រា​របស់​អ្នក​អប់​សព ហើយ​គេ​ក៏​បាន​ដុត​គ្រឿង​ក្រអូប​យ៉ាង​ច្រើន ដើម្បី​ទុក​ជា​គារវ‌កិច្ច​ចំពោះ​ស្ដេច។