ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 6 Khmer Standard Version (KHSV)

1. ពេល​នោះ ព្រះ‌បាទ​សាឡូម៉ូន​មាន​រាជ‌ឱង្ការ​ដូច​ត​ទៅ៖«ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថាព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​គង់​ក្នុង​ទី​ងងឹត!

2. ទូលបង្គំ​បាន​សង់​ព្រះ‌វិហារ​ដ៏​ថ្កុំ‌ថ្កើង​នេះទុក​ជា​ព្រះ‌ដំណាក់​ថ្វាយ​ព្រះ‌អង្គ​គង់អស់‌កល្ប​ជា‌និច្ច!»។

សេចក្ដី​ថ្លែង​ការណ៍​របស់​ព្រះ‌បាទ​សាឡូម៉ូន

3. ព្រះ‌រាជា​បែរ​មក ហើយ​ប្រទាន​ពរ​ដល់​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល ដែល​កំពុង​តែ​ឈរ​នៅ​ទី​នោះ។

4. ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ថា៖ «សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ព្រះ‌អង្គ​សម្តែង​ព្រះ‌បារមី ដើម្បី​សម្រេច​តាម​ព្រះ‌បន្ទូល ដែល​ព្រះ‌អង្គ​បាន​សន្យា​ចំពោះ​ព្រះ‌បាទ​ដាវីឌ​ជា​បិតា​របស់​ខ្ញុំ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ:

5. “តាំង​ពី​ថ្ងៃ​ដែល​យើង​បាន​នាំ​ប្រជា‌រាស្ត្រ​របស់​យើង​ចាក​ចេញ​ពី​ស្រុក​អេស៊ីប យើង​មិន​បាន​ជ្រើស​រើស​ក្រុង​ណា​មួយ ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​របស់​អ៊ីស្រា‌អែល ដើម្បី​សង់​ដំណាក់​មួយ ទុក​ជា​កន្លែង​សម្រាប់​សម្តែង​នាម​របស់​យើង​ឡើយ យើង​ក៏​ពុំ​បាន​ជ្រើស​រើស​នរណា​ម្នាក់​ផ្សេង ដើម្បី​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង​ដែរ

6. គឺ​យើង​បាន​ជ្រើស​រើស​ក្រុង​យេរូ‌សាឡឹម ដើម្បី​សម្តែង​នាម​របស់​យើង ហើយ​ជ្រើស​រើស​ដាវីឌ​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង”។

7. ព្រះ‌បាទ​ដាវីឌ ជា​បិតា​របស់​ខ្ញុំ មាន​បំណង​សង់​ព្រះ‌វិហារ​មួយ សម្រាប់​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។

8. ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះ‌បាទ​ដាវីឌ ជា​បិតា​របស់​ខ្ញុំ​ថា “អ្នក​មាន​បំណង​សង់​ព្រះ‌ដំណាក់​សម្រាប់​នាម​យើង​ដូច្នេះ ជា​ការ​ប្រសើរ​ណាស់

9. តែ​មិន​មែន​អ្នក​ទេ​ដែល​នឹង​សង់​ព្រះ‌ដំណាក់​នេះ គឺ​កូន​ដែល​កើត​ចេញ​ពី​សាច់​ឈាម​របស់​អ្នក​ផ្ទាល់ ជា​អ្នក​សង់​ព្រះ‌ដំណាក់​សម្រាប់​នាម​យើង”។

10. ព្រះ‌អម្ចាស់​បាន​សម្រេច​តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ គឺ​ខ្ញុំ​បាន​ឡើង​ស្នង​រាជ្យ​របស់​ព្រះ‌បាទ​ដាវីឌ ជា​បិតា​របស់​ខ្ញុំ ខ្ញុំ​គ្រង​រាជ្យ​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ខ្ញុំ​ក៏​បាន​សង់​ព្រះ‌ដំណាក់​នេះ​សម្រាប់​ព្រះ‌នាម​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែរ។

11. ខ្ញុំ​បាន​តម្កល់​ហិប​ដាក់​បន្ទះ​ថ្ម​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់ នៅ​ក្នុង​ព្រះ‌ដំណាក់​នេះ គឺ​សម្ពន្ធ‌មេត្រី ដែល​ព្រះ‌អង្គ​បាន​ចង​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល»។

ពាក្យ​អធិស្ឋាន​របស់​ព្រះ‌បាទ​សាឡូម៉ូន

12. ព្រះ‌រាជា​ឈរ​ពី​មុខ​អាសនៈ​របស់​ព្រះ‌អម្ចាស់ នៅ​ចំពោះ​មុខ​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល ស្ដេច​លើក​ព្រះ‌ហស្ដ​ឡើង​លើ។

13. ព្រះ‌បាទ​សាឡូម៉ូន​បាន​ធ្វើ​វេទិកា​មួយ​ពី​លង្ហិន តម្កល់​នៅ​ចំ​កណ្ដាល​ទី‌លាន​ព្រះ‌ដំណាក់ វេទិកា​នេះ​មាន​បណ្ដោយ​ប្រាំ​ហត្ថ ទទឹង​ប្រាំ‌ហត្ថ និង​កំពស់​បី​ហត្ថ។ ព្រះ‌រាជា​យាង​ឡើង​គង់​លើ​វេទិកា​នោះ រួច​លុត​ជង្គង់ នៅ​ចំពោះ​មុខ​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល ហើយ​លើក​ព្រះ‌ហស្ដ​ឡើង​ទៅ​លើ​មេឃ ទូល​ថា៖

14. «បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល! នៅ​លើ​មេឃ និង​នៅ​លើ​ផែនដី គ្មាន​ព្រះ​ណា​មួយ​ដូច​ព្រះ‌អង្គ​ឡើយ។ ព្រះ‌អង្គ​រក្សា​សម្ពន្ធ‌មេត្រី ហើយ​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ចំពោះ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដែល​ដើរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ ដោយ​ស្មោះ​អស់​ពី​ចិត្ត។

15. ព្រះ‌អង្គ​ប្រោស‌ប្រណី​ដល់​ព្រះ‌បាទ​ដាវីឌ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ និង​ជា​បិតា​របស់​ទូលបង្គំ ស្រប​តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ។ ថ្ងៃ​នេះ ព្រះ‌អង្គ​សម្រេច​តាម​ព្រះ‌បន្ទូល​សន្យា ដោយ‌សារ​ឫទ្ធិ‌បារមី​របស់​ព្រះ‌អង្គ។

16. បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល! ឥឡូវ​នេះ សូម​ព្រះ‌អង្គ​ប្រោស‌ប្រណី​ដល់​អ្នក​បម្រើ​ព្រះ‌អង្គ គឺ​ព្រះ‌បាទ​ដាវីឌ ជា​បិតា​របស់​ទូលបង្គំ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​សន្យា​ថា “ប្រសិន​បើ​ពូជ‌ពង្ស​របស់​អ្នក​ប្រុង​ប្រយ័ត្ន​ចំពោះ​មាគ៌ា​របស់​ខ្លួន ដោយ​គោរព​តាម​ក្រឹត្យ‌វិន័យ*​របស់​យើង ដូច​អ្នក​បាន​ដើរ​តាម​យើង​ដែរ​នោះ ក្នុង​ចំណោម​ពួក​គេ តែងតែ​មាន​ម្នាក់ ឡើង​គ្រង​រាជ្យ​លើ​អ៊ីស្រា‌អែល នៅ​ចំពោះ​មុខ​យើង​ជា‌និច្ច”។

17. បពិត្រ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ឥឡូវ​នេះ សូម​សម្រេច​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​សន្យា​ជា​មួយ​ព្រះ‌បាទ​ដាវីឌ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ផង។

18. តើ​ព្រះ‌ជាម្ចាស់​គង់​នៅ​លើ​ផែនដី​ជា​មួយ​មនុស្ស​លោក​កើត​ឬ? សូម្បី​តែ​ផ្ទៃ​មេឃ និង​លំហ​ដ៏​ធំ‌ធេង ក៏​ពុំ​ល្មម​ថ្វាយ​ព្រះ‌អង្គ​គង់​ផង ចុះ​ទំរាំ​បើ​ព្រះ‌ដំណាក់​ដែល​ទូលបង្គំ​សង់​ថ្វាយ​នេះ តើ​រឹង‌រឹត​តែ​ចង្អៀត​យ៉ាង​ណា​ទៅ!

19. បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ទូលបង្គំ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូល‌អង្វរ​របស់​ទូលបង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ហើយ​សូម​ទ្រង់​ព្រះ‌សណ្ដាប់​សម្រែក និង​ពាក្យ​អធិស្ឋាន​របស់​ទូលបង្គំ នៅ​ថ្ងៃ​នេះ​ផង!

20. សូម​ទត​មើល​មក​ព្រះ‌ដំណាក់​នេះ ទាំង​ថ្ងៃ ទាំង​យប់ គឺ​កន្លែង​ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា ជា​កន្លែង​សម្រាប់​ព្រះ‌នាម​របស់​ព្រះ‌អង្គ។ សូម​ទ្រង់​ព្រះ‌សណ្ដាប់​ទូលបង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ អធិស្ឋាន​នៅ​ទី​នេះ​ផង!

21. កាល​ទូលបង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ និង​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ អធិស្ឋាន​ឆ្ពោះ​មក​ទី​នេះ សូម​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ​ទាំង​ប៉ុន្មាន​របស់​យើង​ខ្ញុំ​ផង។ បពិត្រ​ព្រះ‌អម្ចាស់​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ* សូម​មេត្តា​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​យើង​ខ្ញុំ និង​អត់‌ទោស​ឲ្យ​យើង​ខ្ញុំ​ផង!។

22. កាល​ណា​មនុស្ស​ម្នាក់​ប្រព្រឹត្ត​ខុស​ចំពោះ​អ្នក​ដទៃ គេ​បង្ខំ​ឲ្យ​អ្នក​នោះ​ស្បថ ហើយ​អ្នក​នោះ​មក​ស្បថ​នៅ​មុខ​អាសនៈ ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ

23. សូម​ព្រះ‌អង្គ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ*​ទ្រង់​ព្រះ‌សណ្ដាប់ ហើយ​រក​យុត្តិធម៌​ឲ្យ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។ សូម​ធ្វើ​ទោស​អ្នក​ដែល​ប្រព្រឹត្ត​ខុស សម​នឹង​កំហុស​ដែល​គេ​បាន​ធ្វើ ហើយ​ផ្ដល់​យុត្តិធម៌​ដល់​មនុស្ស​សុចរិត តាម​ព្រះ‌ហឫទ័យ​សុចរិត​របស់​ព្រះ‌អង្គ។

24. កាល​ណា​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ ហើយ​បរា‌ជ័យ​នៅ​ចំពោះ​មុខ​ខ្មាំង​សត្រូវ ប្រសិន​បើ​ពួក​គេ​វិល​មក​រក​ព្រះ‌អង្គ និង​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ ព្រម​ទាំង​អធិស្ឋាន និង​ទូល‌អង្វរ​ព្រះ‌អង្គ​ក្នុង​ព្រះ‌ដំណាក់​នេះ

25. សូម​ព្រះ‌អង្គ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ ទ្រង់​ព្រះ‌សណ្ដាប់ ហើយ​លើក‌លែង​ទោស​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ឲ្យ​បាន​រួច​ពី​បាប ព្រម​ទាំង​នាំ​ពួក​គេ​មក​រស់​នៅ​លើ​ទឹក​ដី ដែល​ព្រះ‌អង្គ​ប្រទាន​ដល់​ដូនតា​របស់​គេ​វិញ។

26. កាល​ណា​មេឃ​រាំង​ស្ងួត គ្មាន​ភ្លៀង ព្រោះ​តែ​ប្រជា‌ជន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ធ្វើ​ទារុណ‌កម្ម​ពួក​គេ ប្រសិន​បើ​ពួក​គេ​ទូល‌អង្វរ​ឆ្ពោះ​មក​ទី​នេះ រួច​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ និង​លះ‌បង់​អំពើ​បាប

27. សូម​ព្រះ‌អង្គ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ​ទ្រង់​ព្រះ‌សណ្ដាប់ ហើយ​លើក‌លែង​ទោស​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ គឺ​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ឲ្យ​បាន​រួច​ពី​បាប​ផង។ សូម​បង្រៀន​ពួក​គេ​ឲ្យ​ដើរ​តាម​មាគ៌ា​ដ៏​សុចរិត និង​ប្រទាន​ទឹក​ភ្លៀង​មក​លើ​ស្រុក​របស់​ព្រះ‌អង្គ គឺ​ស្រុក​ដែល​ព្រះ‌អង្គ​ប្រទាន​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ទុក​ជា​កេរ‌មត៌ក។

28. កាល​ណា​ស្រុក​កើត​ទុរ្ភិក្ស ជំងឺ​រាត​ត្បាត ស្រូវ​ស្កក មាន​ក្រា កណ្ដូប និង​ចង្រិត ស៊ី​បង្ហិន​ស្រូវ ឬ​មាន​ខ្មាំង​សត្រូវ​មក​ឡោម‌ព័ទ្ធ​ប្រជា‌រាស្ត្រ​នៅ​ក្នុង​ស្រុក និង​តាម​ក្រុង​ដ៏​រឹង‌មាំ​របស់​គេ ហើយ​កាល​ណា​មាន​គ្រោះ​កាច និង​ជំងឺ​ផ្សេងៗ

29. ប្រសិន​បើ​មាន​នរណា​ម្នាក់ ឬ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល ដែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ មាន​ទុក្ខ​ខ្លោច‌ផ្សា និង​ឈឺ​ចុក​ចាប់ រួច​អធិស្ឋាន និង​ទូល‌អង្វរ ទាំង​លើក​ដៃ​ប្រណម្យ​ឆ្ពោះ​មក​ព្រះ‌ដំណាក់

30. សូម​ព្រះ‌អង្គ​ដែល​គង់​នៅ​ព្រះ‌ហឫទ័យ ទ្រង់​ព្រះ‌សណ្ដាប់ និង​លើក‌លែង​ទោស​ឲ្យ​ពួក​គេ ហើយ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ តាម​អំពើ​ដែល​ម្នាក់ៗ​បាន​ធ្វើ ដ្បិត​មាន​តែ​ព្រះ‌អង្គ​ទេ ដែល​ស្គាល់​ចិត្ត​របស់​មនុស្ស​លោក​យ៉ាង​ច្បាស់។

31. ធ្វើ​ដូច្នេះ ពួក​គេ​នឹង​គោរព​កោត​ខ្លាច​ព្រះ‌អង្គ ព្រម​ទាំង​ដើរ​ក្នុង​មាគ៌ា​របស់​ព្រះ‌អង្គ​រហូត​ត​ទៅ ហើយ​ពួក​គេ​នឹង​រស់​នៅ​លើ​ទឹក​ដី ដែល​ព្រះ‌អង្គ​ប្រទាន​ឲ្យ​ដូនតា​របស់​ពួក​គេ។

32. សូម្បី​តែ​ជន​បរទេស​ដែល​មិន​មែន​ជា​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ មក​ពី​ស្រុក​ឆ្ងាយ ព្រោះ​តែ​ព្រះ‌នាម​ដ៏​ឧត្ដុង្គ‌ឧត្ដម ព្រម​ទាំង​ឫទ្ធិ‌បារមី និង​តេជា‌នុភាព​របស់​ព្រះ‌អង្គ ប្រសិន​បើ​គេ​មក​អង្វរ​ព្រះ‌អង្គ​ក្នុង​ព្រះ‌ដំណាក់​នេះ

33. សូម​ព្រះ‌អង្គ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ ទ្រង់​ព្រះ‌សណ្ដាប់ និង​ប្រោស​ប្រទាន តាម​សំណូម​ពរ​ទាំង​ប៉ុន្មាន ដែល​ជន​បរទេស​នោះ​ទូល​សូម​ពី​ព្រះ‌អង្គ ដើម្បី​ឲ្យ​ជាតិ​សាសន៍​ទាំង​អស់​នៅ​លើ​ផែនដី​ស្គាល់​ព្រះ‌នាម​របស់​ព្រះ‌អង្គ ហើយ​គោរព​កោត​ខ្លាច​ព្រះ‌អង្គ ដូច​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ដែរ។ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា ព្រះ‌ដំណាក់​ដែល​ទូលបង្គំ​សង់​នេះ ពិត​ជា​កន្លែង​ដែល​ព្រះ‌អង្គ​គង់​នៅ​មែន។

34. កាល​ណា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ចេញ​ទៅ​ច្បាំង​នឹង​ខ្មាំង​សត្រូវ​តាម​បញ្ជា​របស់​ព្រះ‌អង្គ រួច​ទូល‌អង្វរ​ព្រះ‌អង្គ​ឆ្ពោះ​មក​ក្រុង​ដែល​ព្រះ‌អង្គ​បាន​ជ្រើស​រើស និង​ឆ្ពោះ​មក​ព្រះ‌ដំណាក់ ដែល​ទូលបង្គំ​បាន​សង់​ថ្វាយ​ព្រះ‌នាម​របស់​ព្រះ‌អង្គ

35. សូម​ព្រះ‌អង្គ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ ស្ដាប់​ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូល‌អង្វរ​របស់​ពួក​គេ ហើយ​រក​យុត្តិធម៌​ឲ្យ​ពួក​គេ​ផង។

36. កាល​ណា​ជន‌ជាតិ​អ៊ីស្រា‌អែល​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ ដ្បិត​គ្មាន​នរណា​ម្នាក់​មិន​ប្រព្រឹត្ត​អំពើ​បាប​ឡើយ ពេល​នោះ ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធ​នឹង​ពួក​គេ ហើយ​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ។ ពេល​ខ្មាំង​កៀរ​ពួក​គេ​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​មួយ ទោះ​បី​ឆ្ងាយ ឬ​ជិត​ក្ដី

37. ប្រសិន​បើ​នៅ​ក្នុង​ស្រុក​ដែល​ពួក​គេ​ជាប់​ជា​ឈ្លើយ ពួក​គេ​ភ្ញាក់​រលឹក រួច​វិល​មក​រក​ព្រះ‌អង្គ​វិញ ហើយ​ទូល‌អង្វរ​ថា “យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​ខុស យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់!”។

38. នៅ​ក្នុង​ស្រុក​ដែល​ខ្មាំង​ចាប់​ពួក​គេ​យក​ទៅ​ជា​ឈ្លើយ​នោះ ប្រសិន​បើ​ពួក​គេ​វិល​មក​រក​ព្រះ‌អង្គ​យ៉ាង​អស់​ពី​ចិត្ត អស់​ពី​គំនិត រួច​ទូល‌អង្វរ​ព្រះ‌អង្គ ឆ្ពោះ​មក​ស្រុក​ដែល​ព្រះ‌អង្គ​ប្រទាន​ឲ្យ​ដូនតា​របស់​គេ ឆ្ពោះ​មក​ក្រុង​ដែល​ព្រះ‌អង្គ​បាន​ជ្រើស​រើស និង​ឆ្ពោះ​មក​ព្រះ‌ដំណាក់​ដែល​ទូលបង្គំ​បាន​សង់​សម្រាប់​ព្រះ‌នាម​របស់​ព្រះ‌អង្គ

39. សូម​ព្រះ‌អង្គ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូល‌អង្វរ​របស់​ពួក​គេ ហើយ​រក​យុត្តិធម៌​ឲ្យ​ពួក​គេ​ផង។ សូម​លើក‌លែង​ទោស​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ។

40. បពិត្រ​ព្រះ​នៃ​ទូលបង្គំ ឥឡូវ​នេះ សូម​ព្រះ‌អង្គ​ទត​មើល​មក​ទូលបង្គំ! សូម​ព្រះ‌អង្គ​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ​ដែល​យើង​ខ្ញុំ​អធិស្ឋាន នៅ​ទី​នេះ​ផង។

41. ព្រះ‌ជា‌អម្ចាស់​អើយ ឥឡូវ​នេះ សូម​ក្រោក​ឡើងសូម​យាង​មក​ជា​មួយ​ហិប​នៃ​ឫទ្ធា‌នុភាពរបស់​ព្រះ‌អង្គហើយ​គង់​នៅ​ក្នុង​ទី​សម្រាក​របស់​ព្រះ‌អង្គរហូត​ត​ទៅ។ ព្រះ‌ជា‌អម្ចាស់​អើយសូម​ឲ្យ​ការ​សង្គ្រោះ​ស្ថិត​នៅ​ជាប់​ជា​មួយពួក​បូជា‌ចារ្យ​របស់​ព្រះ‌អង្គ ដូច​សម្លៀក‌បំពាក់ហើយ​សូម​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គជួប​ប្រទះ​តែ​នឹង​សុភមង្គល!

42. ឱ​ព្រះ‌ជា‌អម្ចាស់​អើយ!សូម​កុំ​បោះ​បង់​ចោល​ស្ដេច​ដែល​ព្រះ‌អង្គ​បានចាក់​ប្រេង​អភិសេក​នេះ​ឡើយសូម​នឹក​ដល់​ភក្ដី‌ភាព​របស់​ព្រះ‌បាទ​ដាវីឌជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ!»។