ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 19 Khmer Standard Version (KHSV)

ព្រះ‌បាទ​យ៉ូសា‌ផាត​តែង‌តាំង​ចៅ‌ក្រម​នៅ​ស្រុក​យូដា

1. ព្រះ‌បាទ​យ៉ូសា‌ផាត ជា​ស្ដេច​ស្រុក​យូដា វិល​មក​ដល់​រាជ​ដំណាក់ នៅ​ក្រុង​យេរូ‌សាឡឹម​វិញ ដោយ​សុខ‌សាន្ត។

2. លោក​យេហ៊ូវ​ដែល​ត្រូវ​ជា​កូន​របស់​លោក​ហាណា‌នី ជា​គ្រូ​ទាយ បាន​ចេញ​មក​ជួប​ព្រះ‌បាទ​យ៉ូសា‌ផាត ទូល​ស្ដេច​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះ‌ករុណា​ជួយ​មនុស្ស​អាក្រក់ ហើយ​ស្រឡាញ់​អស់​អ្នក​ដែល​ស្អប់​ព្រះ‌អម្ចាស់​ដូច្នេះ? ដោយ​ព្រះ‌ករុណា​ប្រព្រឹត្ត​បែប​នេះ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​ព្រះ‌ករុណា។

3. ប៉ុន្តែ ព្រះ‌ករុណា​បាន​ប្រព្រឹត្ត​អំពើ​ល្អ​មួយ​ចំនួន​ដែរ គឺ​ព្រះ‌ករុណា​បាន​លុប​បំបាត់​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ា​អស់​ពី​ក្នុង​ស្រុក ហើយ​ព្រះ‌ករុណា​ស្វែង​រក​ព្រះ‌ជាម្ចាស់ ដោយ​ស្មោះ​អស់​ពី​ចិត្ត»។

4. ព្រះ‌បាទ​យ៉ូសា‌ផាត​គង់​នៅ​ក្រុង​យេរូ‌សាឡឹម។ បន្ទាប់​មក ស្ដេច​យាង​ទៅ​សួរ​សុខ​ទុក្ខ​ប្រជា‌រាស្ត្រ​តាំង​ពី​បៀរ‌សេ‌បា​ហូត​ដល់​តំបន់​ភ្នំ​អេប្រាអ៊ីម ដើម្បី​ណែ‌នាំ​ពួក​គេ​ឲ្យ​វិល​មក​រកព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ដូនតា​របស់​ខ្លួន​វិញ។

5. ស្ដេច​បាន​តែង‌តាំង​ឲ្យ​មាន​ចៅ‌ក្រម នៅ​គ្រប់​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ​ក្នុង​ស្រុក​យូដា។

6. ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ចៅ‌ក្រម​ទាំង​នោះ​ថា៖ «ចូរ​ប្រុង​ប្រយ័ត្ន​នឹង​កិច្ចការ​ដែល​អស់​លោក​ធ្វើ ដ្បិត​អស់​លោក​កាត់​ក្ដី មិន​មែន​តាម​បែប​មនុស្ស​លោក​ទេ គឺ​តាម​ព្រះ‌អម្ចាស់​វិញ ព្រះ‌អង្គ​នឹង​គង់​នៅ​ជា​មួយ​អស់​លោក​ក្នុង​ពេល​ដែល​អស់​លោក​កាត់​ក្ដី។

7. ឥឡូវ​នេះ ចូរ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ហើយ​ប្រុង​ប្រយ័ត្ន​ចំពោះ​របៀប​ដែល​អស់​លោក​ប្រព្រឹត្ត ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​មិន​ចេះ​គៃ‌បន្លំ ព្រះ‌អង្គ​មិន​រើស​មុខ​នរណា ឬ​ក៏​ទទួល​សំណូក​ឡើយ»។

8. ពេល​វិល​មក​ដល់​ក្រុង​យេរូ‌សាឡឹម​វិញ ព្រះ‌បាទ​យ៉ូសា‌ផាត​តែង‌តាំង​ក្រុម​លេវី ក្រុម​បូជា‌ចារ្យ និង​មេ​លើ​ក្រុម​គ្រួសារ​អ៊ីស្រា‌អែល​នៅ​ក្រុង​យេរូ‌សាឡឹម ឲ្យ​កាត់​ក្ដី ក្នុង​នាម​ព្រះ‌អម្ចាស់ ព្រម​ទាំង​ដោះ​ស្រាយ​ជម្លោះ​ដែរ។

9. ស្ដេច​បង្គាប់​ទៅ​លោក​ទាំង​នោះ​ថា៖ «សូម​អស់​លោក​ប្រព្រឹត្ត​ដោយ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ដោយ​ចិត្ត​ស្មោះ​ត្រង់ និង​ឥត​លំអៀង។

10. ពេល​ណា​ជន​រួម​ជាតិ​របស់​អស់​លោក ដែល​រស់​នៅ​តាម​ក្រុង​នានា យក​រឿង‌រ៉ាវ​ទាក់ទង​ទៅ​នឹង​ឃាត‌កម្ម ឬ​ជម្លោះ​ស្ដី​អំពី​ក្រឹត្យ‌វិន័យ ច្បាប់ បទ‌បញ្ជា និង​វិន័យៗ​ផ្សេងៗ មក​សុំ​ឲ្យ​អស់​លោក​កាត់​ក្ដី ក្នុង​គ្រប់​ករណី អស់​លោក​ត្រូវ​ក្រើន​រំឭក​ពួក​គេ​ឲ្យ​ដឹង​ខ្លួន ដើម្បី​កុំ​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​ខុស​ចំពោះ​ព្រះ‌អម្ចាស់ ហើយ​កុំ​ឲ្យ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធ​ចំពោះ​អស់​លោក និង​ជន​រួម​ជាតិ​របស់​អស់​លោក។ អស់​លោក​ត្រូវ​តែ​ប្រព្រឹត្ត​បែប​នេះ ដើម្បី​កុំ​ឲ្យ​មាន​កំហុស។

11. លោក​មហា‌បូជា‌ចារ្យ​អម៉ា‌រា​នឹង​ដឹក​នាំ​អស់​លោក​ក្នុង​ការ​វិនិច្ឆ័យ​ទាំង​ប៉ុន្មាន ដែល​ទាក់ទង​នឹង​ព្រះ‌អម្ចាស់។ លោក​សេបា‌ឌា​ជា​កូន​របស់​លោក​អ៊ីស្មា‌អែល និង​ជា​ទេសា‌ភិបាល​របស់​ប្រជា‌ជន​យូដា នឹង​ដឹក​នាំ​អស់​លោក​ក្នុង​ការ​វិនិច្ឆ័យ​ទាំង​ប៉ុន្មាន ដែល​ទាក់ទង​នឹង​ស្ដេច។ រីឯ​ពួក​លេវី​បំពេញ​មុខ‌ងារ​ជា​អាជ្ញា‌ធរ។ ចូរ​តាំង​ចិត្ត​ក្លា‌ហាន ហើយ​បំពេញ​មុខ‌ងារ​នេះ​ចុះ សូម​ព្រះ‌អម្ចាស់ គង់​ជា​មួយ​អ្នក​ដែល​បំពេញ​មុខ‌ងារ​បាន​ល្អ»។