ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 14 Khmer Standard Version (KHSV)

1. កាល​ព្រះ‌បាទ​អប៊ី‌យ៉ា​សោយ​ទិវង្គត គេ​យក​សព​ទៅ​បញ្ចុះ​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ ហើយ​ព្រះ‌បាទ​អេ‌សា ជា​បុត្រ​បាន​ឡើង​ស្នង​រាជ្យ។ ក្នុង​រជ្ជ‌កាល​ព្រះ‌បាទ​អេ‌សា ស្រុក​ទេស​បាន​សុខ‌សាន្ត‌ត្រាណ អស់​រយៈ​ពេល​ដប់​ឆ្នាំ។

ព្រះ‌បាទ​អេ‌សា​គ្រង​រាជ្យ​លើ​ស្រុក​យូដា

2. ព្រះ‌បាទ​អេ‌សា​ប្រព្រឹត្ត​អំពើ​សុចរិត និង​ទៀង​ត្រង់ ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ស្ដេច។

3. ស្ដេច​បាន​លុប​បំបាត់​អាសនៈ​របស់​សាសន៍​ដទៃ និង​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ។ ស្ដេច​បាន​វាយ​បំបាក់​រូប​ស្តូប និង​កាប់​រំលំ​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ា។

4. ស្ដេច​បាន​ប្រាប់​ជន‌ជាតិ​យូដា​ឲ្យ​ស្វែង​រកព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​ខ្លួន ព្រម​ទាំង​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ និង​បទ‌បញ្ជា​របស់​ព្រះ‌អង្គ​ផង។

5. ស្ដេច​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ និង​អាសនៈ​សម្រាប់​ដុត​គ្រឿង​ក្រអូប​នៅ​តាម​ក្រុង​ទាំង‌ឡាយ ក្នុង​ស្រុក​យូដា។ ក្នុង​រជ្ជ‌កាល​របស់​ព្រះ‌បាទ​អេ‌សា ស្រុក​ទេស​បាន​សុខ‌សាន្ត‌ត្រាណ។

6. ស្ដេច​បាន​សង់​ក្រុង​ដ៏​មាន​កំពែង​រឹង‌មាំ​ក្នុង​ស្រុក​យូដា ព្រោះ​ស្រុក​បាន​សាន្ត​ត្រាណ។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នោះ ស្រុក​គ្មាន​សង្គ្រាម​ទេ ដ្បិត​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​ស្ដេច​មាន​សុខ​សន្តិ‌ភាព។

7. ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ប្រជា‌ជន​យូដា​ថា៖ «ចូរ​នាំ​គ្នា​សង់​ក្រុង​ទាំង​នេះ ហើយ​ធ្វើ​កំពែង​ព័ទ្ធ​ជុំ‌វិញ ព្រម​ទាំង​ប៉ម ទ្វារ និង​រនុក ក្នុង​ពេល​ដែល​ស្រុក​នៅ​សុខ‌សាន្ត‌ត្រាណ។ យើង​រាល់​គ្នា​បាន​ស្វែង​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ព្រោះ​តែ​យើង​ស្វែង​រក​ហើយ ទើប​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​យើង​បាន​សុខ‌សាន្ត គ្រប់​ទិស‌ទី»។ ដូច្នេះ ពួក​គេ​សង់​ក្រុង​នានា​បាន​សម្រេច​ជា​ស្ថាពរ។

8. ព្រះ‌បាទ​អេ‌សា​មាន​ទ័ព​ចំនួន ៣០០ ០០០​នាក់ ដែល​ជា​អ្នក​ស្រុក​យូដា ប្រដាប់​ដោយ​ខែល​ធំ និង​លំពែង ហើយ​២៨០ ០០០នាក់​ទៀត ជា​អ្នក​ស្រុក​បេន‌យ៉ាមីន ប្រដាប់​ដោយ​ខែល​តូច និង​ជំនាញ​ខាង​បាញ់​ធ្នូ។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ទាហាន​ដ៏​ពូកែ​អង់‌អាច។

9. នៅ​គ្រា​នោះ ព្រះ‌បាទ​សេ‌រ៉ាស ជា​ស្ដេច​ស្រុក​អេត្យូ‌ពី បាន​លើក​ទ័ព​ចំនួន​មួយ​លាន​នាក់ ព្រម​ទាំង​រទេះ​ចំបាំង​បី​រយ​គ្រឿង មក​ច្បាំង​នឹង​កង‌ទ័ព​យូដា ហើយ​មក​ដល់​ក្រុង​ម៉ារី‌សា។

10. ព្រះ‌បាទ​អេ‌សា​លើក​ទ័ព​ចេញ​មក​តទល់​នឹង​ពួក​គេ ហើយ​កង‌ទ័ព​ទាំង​ពីរ​រៀប​ក្បួន​ទ័ព​ប្រយុទ្ធ​គ្នា នៅ​ជ្រលង​ភ្នំ​សេផា‌ថា ជិត​ក្រុង​ម៉ារី‌សា។

11. ព្រះ‌បាទ​អេ‌សា​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ស្ដេច ដោយ​ទូល​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​អាច​ជួយ​អ្នក​ទន់​ខ្សោយ ឲ្យ​ត‌តាំង​នឹង​អ្នក​ខ្លាំង​ពូកែ។ ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ សូម​យាង​មក​ជួយ​យើង​ខ្ញុំ​ផង! ដ្បិត​មាន​តែ​ព្រះ‌អង្គ​ទេ ដែល​យើង​ខ្ញុំ​ពឹង​ផ្អែក យើង​ខ្ញុំ​ចេញ​មក​ច្បាំង​នឹង​កង‌ទ័ព​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នេះ ក្នុង​ព្រះ‌នាម​របស់​ព្រះ‌អង្គ។ ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ជា​ព្រះ​នៃ​យើង​ខ្ញុំ សូម​កុំ​ឲ្យ​មនុស្ស​ឈ្នះ​ព្រះ‌អង្គ​បាន​ឡើយ!»។

12. ព្រះ‌អម្ចាស់​បាន​វាយ​ជន‌ជាតិ​អេត្យូ‌ពី​ឲ្យ​បាក់​ទ័ព រត់​នៅ​ចំពោះ​មុខ​ព្រះ‌បាទ​អេ‌សា និង​កង‌ទ័ព​យូដា។

13. ព្រះ‌បាទ​អេ‌សា និង​ពល​ទាហាន​ដែល​នៅ​ជា​មួយ បាន​ដេញ​តាម​ពួក​គេ​រហូត​ដល់​កេរ៉ា។ ទាហាន​អេត្យូ‌ពី​ដួល​ស្លាប់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ គ្មាន​នរណា​ម្នាក់​បាន​រួច​ជីវិត​ឡើយ ដ្បិត​កង‌ទ័ព​នេះ​ត្រូវ​អន្តរាយ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ និង​នៅ​មុខ​ប្រជា‌ជន​របស់​ព្រះ‌អង្គ។ កង‌ទ័ព​របស់​ព្រះ‌បាទ​អេ‌សា​រឹប​អូស​យក​បាន​ជយ‌ភ័ណ្ឌ​យ៉ាង​ច្រើន។

14. កង‌ទ័ព​យូដា​ក៏​បាន​វាយ​យក​ក្រុង​ទាំង​ប៉ុន្មាន ដែល​នៅ​ជុំ‌វិញ​ក្រុង​កេរ៉ា​ដែរ ដ្បិត​ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​អ្នក​ក្រុង​ទាំង​នោះ​ភ័យ​ខ្លាច​ជា​ខ្លាំង។ កង‌ទ័ព​យូដា​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ក្រុង​ទាំង​នោះ ព្រោះ​មាន​ជយ‌ភ័ណ្ឌ​យ៉ាង​ច្រើន។

15. ពួក​គេ​បាន​វាយ​លុក​ជំរំ​របស់​គង្វាល​ហ្វូង​សត្វ ហើយ​រឹប​អូស​យក​ចៀម និង​អូដ្ឋ​យ៉ាង​ច្រើន។ បន្ទាប់​មក ពួក​គេ​នាំ​គ្នា​វិល​មក​ក្រុង​យេរូ‌សាឡឹម​វិញ។