ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 20 Khmer Standard Version (KHSV)

កង‌ទ័ព​ម៉ូអាប់ និង​កង‌ទ័ព​អាំម៉ូន​វាយ​លុក​ស្រុក​យូដា ពាក្យ​អធិស្ឋាន​របស់​ព្រះ‌បាទ​យ៉ូសា‌ផាត

1. ក្រោយ​មក​ទៀត ជន‌ជាតិ​ម៉ូអាប់ និង​ជន‌ជាតិ​អាំម៉ូន រួម​ជា​មួយ​អ្នក​ស្រុក​ម៉ាអូន បាន​លើក​គ្នា​មក​វាយ​ព្រះ‌បាទ​យ៉ូសា‌ផាត។

2. មាន​គេ​មក​ទូល​ព្រះ‌បាទ​យ៉ូសា‌ផាត​ថា៖ «កង‌ទ័ព​មួយ​យ៉ាង​ធំ​លើក​គ្នា​ពី​ខាង​នាយ​សមុទ្រ គឺ​ពី​ស្រុក​អេដុម មក​វាយ​ព្រះ‌ករុណា។ ឥឡូវ​នេះ ពួក​គេ​មក​ដល់​ហាសា‌សូន-‌តាម៉ារ គឺ​នៅ​អេន‌កេឌី»។

3. ព្រះ‌បាទ​យ៉ូសា‌ផាត​ភ័យ​ខ្លាច​ជា​ខ្លាំង ទ្រង់​ក៏​សម្រេច​ចិត្ត​ទូល​សួរ​ព្រះ‌អម្ចាស់ ហើយ​ប្រកាស​ឲ្យ​អ្នក​ស្រុក​យូដា​ទាំង​មូល​តម​អាហារ។

4. អ្នក​ស្រុក​យូដា​ជួប‌ជុំ​គ្នា​ស្វែង​រក​ព្រះ‌អម្ចាស់ ពួក​គេ​ធ្វើ​ដំណើរ​មក​ពី​គ្រប់​ទីក្រុង​នៃ​ស្រុក​យូដា ដើម្បី​ស្វែង​រក​ព្រះ‌អម្ចាស់។

5. ព្រះ‌បាទ​យ៉ូសា‌ផាត​ឈរ​នៅ​កណ្ដាល​ចំណោម​អង្គ​ប្រជុំ​របស់​ជន‌ជាតិ​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ខាង​មុខ​ព្រលាន​ថ្មី។

6. ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖«បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​យើង​ខ្ញុំ ព្រះ‌អង្គ​គង់​នៅ​ស្ថាន​បរម‌សុខ ព្រះ‌អង្គ​គ្រប់‌គ្រង​លើ​នគរ​ទាំង​អស់​នៃ​ប្រជា‌ជាតិ​នានា។ ព្រះ‌អង្គ​ប្រកប​ដោយ​ព្រះ‌ចេស្ដា និង​ឫទ្ធា‌នុភាព គ្មាន​នរណា​អាច​តទល់​នឹង​ព្រះ‌អង្គ​បាន​ឡើយ!

7. ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ព្រះ‌អង្គ​បាន​បណ្ដេញ​អ្នក​ស្រុក​នេះ​ចេញ​ពី​មុខ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ព្រម​ទាំង​ប្រទាន​ស្រុក​នេះ​ឲ្យ​ពូជ‌ពង្ស​លោក​អប្រាហាំ ជា​មិត្ត​របស់​ព្រះ‌អង្គ រហូត​ត​ទៅ។

8. ពួក​គេ​រស់​នៅ​ក្នុង​ស្រុក​នេះ ពួក​គេ​បាន​សង់​ទី‌សក្ការៈ​មួយ​ថ្វាយ​ព្រះ‌នាម​របស់​ព្រះ‌អង្គ ដោយ​ពោល​ថា

9. “ប្រសិន​បើ​មាន​ទុក្ខ​វេទនា សង្គ្រាម ទុក្ខ​ទោស ជំងឺ​រាត​ត្បាត ឬ​ទុរ្ភិក្ស កើត​មាន​ដល់​យើង​ខ្ញុំ នោះ​យើង​ខ្ញុំ​នឹង​មក​ឈរ​នៅ​មុខ​ព្រះ‌ដំណាក់​នេះ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ ដ្បិត​ព្រះ‌នាម​របស់​ព្រះ‌អង្គ​ស្ថិត​នៅ​ក្នុង​ព្រះ‌ដំណាក់​នេះ។ ក្នុង​ពេល​មាន​អាសន្ន យើង​ខ្ញុំ​នឹង​ទូល‌អង្វរ​សូម​ព្រះ‌អង្គ​ជួយ។ ពេល​នោះ សូម​ទ្រង់​ព្រះ‌សណ្ដាប់​យើង​ខ្ញុំ ហើយ​សង្គ្រោះ​យើង​ខ្ញុំ​ផង”។

10. ឥឡូវ​នេះ ជន‌ជាតិ​អាំម៉ូន និង​ជន‌ជាតិ​ម៉ូអាប់ ព្រម​ទាំង​អស់​អ្នក​ដែល​រស់​នៅ​ភ្នំ​សៀរ -គឺ​ស្រុក​ដែល​ព្រះ‌អង្គ​ហាម​អ៊ីស្រា‌អែល​មិន​ឲ្យ​ឆ្លង​កាត់ នៅ​ពេល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប-

11. ប៉ុន្តែ ជន‌ជាតិ​ទាំង​នោះ​បែរ​ជា​សង​គុណ​យើង​ខ្ញុំ ដោយ​លើក​គ្នា​មក​ដេញ​យើង​ខ្ញុំ​ចេញ​ពី​ទឹក​ដី ដែល​ព្រះ‌អង្គ​ប្រទាន​មក​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ជា​កម្មសិទ្ធិ។

12. ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ម្ដេច​ក៏​ព្រះ‌អង្គ​មិន​ដាក់​ទោស​ពួក​គេ? យើង​ខ្ញុំ​គ្មាន​កម្លាំង​តទល់​នឹង​កង‌ទ័ព​យ៉ាង​ធំ ដែល​កំពុង​តែ​លើក​គ្នា​មក​វាយ​យើង​ខ្ញុំ​នេះ​ទេ។ យើង​ខ្ញុំ​ពុំ​ដឹង​ជា​ត្រូវ​ធ្វើ​យ៉ាង​ណា ក្រៅ​ពី​សម្លឹង​ទៅ​រក​ព្រះ‌អង្គ​ប៉ុណ្ណោះ»។

13. អ្នក​ស្រុក​យូដា​ទាំង​មូល​ឈរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ដោយ​មាន​ប្រពន្ធ​កូន និង​ទារក នៅ​ជា​មួយ​ដែរ។

ព្រះ‌អម្ចាស់​ប្រទាន​ជ័យ‌ជំនះ​ដល់​ជន‌ជាតិ​យូដា

14. ពេល​នោះ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់ យាង​មក​ក្នុង​ចំណោម​អង្គ​ប្រជុំ ដោយ​សណ្ឋិត​លើ​លោក​យ៉ាហា‌សៀល ក្នុង​ក្រុម​លេវី គាត់​ត្រូវ​ជា​កូន​របស់​លោក​សាកា‌រី ជា​ចៅ​របស់​លោក​បេន‌ណា‌យ៉ា ជា​ចៅ‌ទួត​របស់​លោក​យី‌អែល និង​ជា​ចៅ‌លួត​របស់​លោក​ម៉ាថា‌នា ដែល​ជា​ពូជ‌ពង្ស​របស់​លោក​អេ‌សាភ។

15. លោក​យ៉ាហា‌សៀល​ប្រកាស​ថា៖ «បពិត្រ​ព្រះ‌ករុណា​យ៉ូសា‌ផាត ព្រម​ទាំង​អ្នក​ស្រុក​យូដា​ទាំង​មូល និង​អ្នក​ក្រុង​យេរូ‌សាឡឹម សូម​ត្រង‌ត្រាប់​ស្ដាប់! ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះ‌ករុណា និង​បង‌ប្អូន​ដូច​ត​ទៅ: ចូរ​កុំ​ភ័យ​ខ្លាច និង​តក់‌ស្លុត នៅ​ចំពោះ​មុខ​កង‌ទ័ព​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នេះ​ឡើយ ដ្បិត​ការ​ប្រយុទ្ធ​មិន​មែន​សម្រេច​លើ​អ្នក​រាល់​គ្នា​ទេ តែ​សម្រេច​នៅ​លើ​ព្រះ‌ជាម្ចាស់។

16. ស្អែក ចូរ​នាំ​គ្នា​ចុះ​ទៅ​តទល់​នឹង​ពួក​គេ ព្រោះ​ពួក​គេ​នឹង​ឡើង​មក​តាម​ផ្លូវ​ស៊ីស។ អ្នក​រាល់​គ្នា​នឹង​ជួប​ពួក​គេ​នៅ​ខាង​ចុង​ជ្រោះ ដែល​បែរ​ទៅ​រក​វាល​រហោ‌ស្ថាន​យេ‌រួល។

17. អ្នក​រាល់​គ្នា​មិន​ត្រូវ​ការ​ប្រយុទ្ធ​ជា​មួយ​ពួក​គេ​ឡើយ គឺ​គ្រាន់​តែ​ឈរ​នៅ​ទី​នោះ ហើយ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ព្រះ‌អម្ចាស់​ប្រទាន​ជ័យ‌ជំនះ​ដល់​អ្នក​រាល់​គ្នា។ អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​អើយ កុំ​ភ័យ​ខ្លាច និង​តក់‌ស្លុត​ឲ្យ​សោះ ស្អែក ចូរ​ចេញ​ទៅ​តទល់​នឹង​ពួក​គេ​ចុះ ព្រះ‌អម្ចាស់​នឹង​គង់​ជា​មួយ​អ្នក​រាល់​គ្នា!»។

18. ព្រះ‌បាទ​យ៉ូសា‌ផាត​ក្រាប​ចុះ អោន​មុខ​ដល់​ដី ហើយ​អ្នក​ស្រុក​យូដា​ទាំង​មូល និង​អ្នក​ក្រុង​យេរូ‌សាឡឹម ក៏​នាំ​គ្នា​អោន​កាយ ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់​ដែរ។

19. ក្រុម​លេវី​ដែល​មក​ពី​អំបូរ​កេ‌ហាត់ និង​ពូជ‌ពង្ស​លោក​កូរេ នាំ​គ្នា​ក្រោក​ឡើង​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដោយ​បន្លឺ​សំឡេង​យ៉ាង​រំពង។

20. ប្រជា‌ជន​ក្រោក​ឡើង​តាំង​ពី​ព្រលឹម ចេញ​ដំណើរ​ឆ្ពោះ​ទៅ​វាល​រហោ‌ស្ថាន​ត្កូអា។ មុន​ពេល​ចេញ​ដំណើរ ព្រះ‌បាទ​យ៉ូសា‌ផាត​ក្រោក​ឈរ​ឡើង ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​ស្ដាប់​យើង! ចូរ​ទុក​ចិត្ត​ទាំង​ស្រុង​លើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​មាន​កម្លាំង! ចូរ​ទុក​ចិត្ត​លើ​ព្យាកា‌រី​របស់​ព្រះ‌អង្គ នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ជោគ​ជ័យ!»។

21. បន្ទាប់​មក ព្រះ‌រាជា​ពិភាក្សា​ជា​មួយ​ប្រជា‌ជន រួច​តែង‌តាំង​ក្រុម​ចម្រៀង ដែល​មាន​ស្លៀក​ពាក់​គ្រឿង​សក្ការៈ ហើយ​ដើរ​នៅ​មុខ​កង‌ទ័ព ដោយ​ច្រៀង​តម្កើង​ព្រះ‌អម្ចាស់​ថា «ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់ ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះ‌អង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!»។

22. ក្នុង​ពេល​ដែល​ពួក​គេ​បន្លឺ​សំឡេង​ចម្រៀង​សរសើរ​តម្កើង ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​កើត​វឹក‌វរ​នៅ​ក្នុង​ជួរ​ទ័ព​របស់​ជន‌ជាតិ​អាំម៉ូន ជន‌ជាតិ​ម៉ូអាប់ និង​អ្នក​ស្រុក​ភ្នំ​សៀរ ធ្វើ​ឲ្យ​ពួក​គេ​វាយ​គ្នា​ឯង។

23. មុន​ដំបូង កង‌ទ័ព​អាំម៉ូន​ព្រួត​គ្នា​ជា​មួយ​កង‌ទ័ព​ម៉ូអាប់ វាយ​កម្ទេច និង​បំផ្លាញ​អ្នក​ស្រុក​ភ្នំ​សៀរ​ឲ្យ​វិនាស​សូន្យ រួច​ហើយ​ពួក​គេ​កាប់​សម្លាប់​គ្នា​ឯង។

24. ពេល​ជន‌ជាតិ​យូដា​ទៅ​ដល់​កន្លែង ដែល​សម្រាប់​ពិនិត្យ​មើល​វាល​រហោ‌ស្ថាន ពួក​គេ​ក្រឡេក​មើល​ទៅ​ទី​តាំង​ទ័ព​របស់​ខ្មាំង​សត្រូវ ឃើញ​មាន​សុទ្ធ​តែ​សាក‌សព​នៅ​ពាស‌ពេញ​ដី ឥត​មាន​នរណា​ម្នាក់​រួច​ជីវិត​ឡើយ។

25. ព្រះ‌បាទ​យ៉ូសា‌ផាត និង​ប្រជា‌ជន​របស់​ស្ដេច នាំ​គ្នា​រឹប​អូស​យក​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​ទី​នោះ។ គេ​ឃើញ​មាន​ហ្វូង​សត្វ សម្លៀក‌បំពាក់ ព្រម​ទាំង​វត្ថុ​ដ៏​មាន​តម្លៃ​ជា​ច្រើន ដែល​នៅ​ជាប់​នឹង​សាក‌សព។ ដោយ​ជយ‌ភ័ណ្ឌ​ទាំង​នោះ​មាន​ច្រើន​ពេក ទោះ​បី​គេ​ចំណាយ​ពេល​អស់​បី​ថ្ងៃ ក៏​នៅ​តែ​ប្រមូល​មិន​អស់​ដែរ។

26. នៅ​ថ្ងៃ​ទី​បួន ពួក​គេ​ជួប‌ជុំ​គ្នា​នៅ​ជ្រលង​ភ្នំ​បេរ៉ា‌កា ហើយ​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា ជ្រលង​ភ្នំ​បេរ៉ា‌កា រហូត​ដល់​សព្វ​ថ្ងៃ។

27. អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល វិល​មក​ក្រុង​យេរូ‌សាឡឹម​វិញ​យ៉ាង​សប្បាយ ដោយ​មាន​ព្រះ‌បាទ​យ៉ូសា‌ផាត​យាង​នាំ​មុខ​ពួក​គេ។ ព្រះ‌អម្ចាស់​ប្រទាន​អំណរ​ដ៏​លើស‌លប់​ដល់​ពួក​គេ ដោយ​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​បរា‌ជ័យ។

28. ពួក​គេ​ចូល​ទៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម តាម​ចង្វាក់​ឃឹម ពិណ និង​ត្រែ រហូត​ដល់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

29. ពេល​នគរ​ឯ​ទៀតៗ​ទាំង​អស់​ឮ​ដំណឹង​ថា ព្រះ‌អម្ចាស់​បាន​វាយ​ប្រហារ​ខ្មាំង​សត្រូវ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ពួក​គេ​ភ័យ​ខ្លាច​ជា​ខ្លាំង។

30. រាជ្យ​របស់​ព្រះ‌បាទ​យ៉ូសា‌ផាត​បាន​សុខ​ក្សេម‌ក្សាន្ត ដ្បិត​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​ស្ដេច​មាន​សន្តិ‌ភាព នៅ​គ្រប់​ទិស‌ទី។

ចុង​រជ្ជ‌កាល​របស់​ព្រះ‌បាទ​យ៉ូសា‌ផាត

31. ព្រះ‌បាទ​យ៉ូសា‌ផាត​ឡើង​គ្រង​រាជ្យ​លើ​ស្រុក​យូដា ក្នុង​ពេល​ដែល​ទ្រង់​មាន​ជន្មាយុ​សាម‌សិប​ប្រាំ​ព្រះ‌វស្សា ហើយ​សោយ​រាជ្យ​បាន​ម្ភៃ​ប្រាំ​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា​អស៊ូ‌បា ជា​កូន​របស់​លោក​ស៊ីល‌ហ៊ី។

32. ព្រះ‌បាទ​យ៉ូសា‌ផាត​ដើរ​តាម​មាគ៌ា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌បាទ​អេ‌សា ជា​បិតា ដោយ​ឥត​ងាក​រេ​ឡើយ។ ស្ដេច​ប្រព្រឹត្ត​អំពើ​ទៀង​ត្រង់ ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។

33. ប៉ុន្តែ ស្ដេច​ពុំ​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ​ទេ គឺ​ប្រជា‌ជន​ពុំ​ជំពាក់​ចិត្ត​ទាំង​ស្រុង​លើ​ព្រះ​នៃ​បុព្វបុរស​ខ្លួន​ឡើយ។

34. រាជ‌កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​យ៉ូសា‌ផាត តាំង​ពី​ដើម​ដល់​ចប់ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​កិច្ចការ​របស់​លោក​យេ‌ហ៊ូវ ជា​កូន​របស់​លោក​ហាណា‌នី ដែល​គេ​បញ្ចូល​ទៅ​ក្នុង​ក្រាំង​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។

35. មួយ​វិញ​ទៀត ព្រះ‌បាទ​យ៉ូសា‌ផាត ជា​ស្ដេច​ស្រុក​យូដា បាន​រួម​សហ‌ការ​ជា​មួយ​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ស្ដេច​ស្រុក​អ៊ីស្រា‌អែល ជា​ស្ដេច​ប្រព្រឹត្ត​អំពើ​អាក្រក់។

36. ស្ដេច​ទាំង​ពីរ​អង្គ​ឲ្យ​គេ​សង់​សំពៅ សម្រាប់​ដើរ​ផ្លូវ​ឆ្ងាយ គេ​សង់​សំពៅ​ទាំង​នោះ​នៅ​ក្រុង​អេស៊ាន-‌គេប៊ើរ។

37. ពេល​នោះ ព្យាកា‌រី​អេលា‌ស៊ើរ ជា​កូន​របស់​លោក​ដូដា‌វ៉ា អ្នក​ស្រុក​ម៉ារី‌សា ថ្លែង​ព្រះ‌បន្ទូល​ទាស់​នឹង​ព្រះ‌បាទ​យ៉ូសា‌ផាត ដូច​ត​ទៅ៖ «ដោយ​ព្រះ‌ករុណា​រួម​សហ‌ការ​ជា​មួយ​ព្រះ‌បាទ​អហា‌ស៊ីយ៉ា នោះ​ព្រះ‌អម្ចាស់​នឹង​រំលាយ​អ្វីៗ​ដែល​ព្រះ‌ករុណា​បាន​ធ្វើ​ជា​មិន​ខាន!»។ សំពៅ​ទាំង​នោះ​ក៏​ត្រូវ​បាក់​បែក មិន​អាច​ចេញ​ដំណើរ​ទៅ​បាន​ឡើយ។