ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូអែល 6 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ការ​ដង្ហែ​ហឹប​នៃ​សេចក្តី​សញ្ញា​ចូល​ក្រុង​យេរូ‌សាឡិម

1. រួច​មក​ដាវីឌ​ទ្រង់​ប្រមូល​អស់​ទាំង​មនុស្ស​ជ្រើស‌រើស​ក្នុង​សាសន៍​អ៊ីស្រា‌អែល​ម្តង​ទៀត បាន​ចំនួន​៣​ម៉ឺន​នាក់

2. រួច​ដាវីឌ ព្រម​ទាំង​បណ្តា‌ជន​ទាំង​ប៉ុន្មាន ក៏​នាំ​គ្នា​ឡើង​ចេញ​ពី​ប្អាលេ-យូដា ដើម្បី​នឹង​នាំ​យក​ហឹប​នៃ​ព្រះ​ឡើង​មក ជា​ហឹប​ដែល​គេ​ឲ្យ​ឈ្មោះ តាម​ព្រះ‌នាម​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ដែល​ទ្រង់​គង់​នៅ​កណ្តាល​ចេរូប៊ីន

3. គេ​ផ្ទុក​ហឹប​នៃ​ព្រះ​លើ​រទេះ​ថ្មី ដឹក​ចេញ​ពី​ផ្ទះ​អ័ប៊ី‌ន៉ាដាប់ ដែល​នៅ​លើ​ភ្នំ​ទៅ មាន​ឈ្មោះ​អ៊ុសា ហើយ​នឹង​អ័ហ៊ីយ៉ូរ​ជា​កូន អ័ប៊ី‌ន៉ាដាប់ ជា​អ្នក​បរ​រទេះ​ថ្មី​នោះ

4. គេ​នាំ​យក​រទេះ​ដែល​ផ្ទុក​ហឹប​នៃ​ព្រះ ចេញ​ពី​ផ្ទះ​អ័ប៊ី‌ន៉ាដាប់ ដែល​នៅ​លើ​ភ្នំ​នោះ​ទៅ មាន​អ័ហ៊ីយ៉ូរ​ដើរ​ខាង​មុខ​ហឹប​ផង

5. ឯ​ដាវីឌ និង​ពួក​ផ្ទះ​អ៊ីស្រា‌អែល​ទាំង​អស់ គេ​លេង​ប្រដាប់​ភ្លេង​គ្រប់​មុខ ដែល​ធ្វើ​ពី​ឈើ​កកោះ គឺ​ស៊ុង ពិណ ក្រាប់ រុម្មនា ហើយ​នឹង​ឈឹង នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។

6. លុះ​គេ​បាន​ទៅ​ដល់​លាន​ស្រូវ​របស់​ណាកុន ហើយ​នោះ​អ៊ុសា​គាត់​លូក​ដៃ​ទៅ​ចាប់​ទប់​ហឹប​នៃ​ព្រះ ពី​ព្រោះ​គោ​កញ្ជ្រោល​ឡើង

7. ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​ខ្ញាល់​នឹង​អ៊ុសា ក៏​ប្រហារ​គាត់​នៅ​ទី​នោះ ដោយ​ព្រោះ​កំហុស​របស់​គាត់ ហើយ​គាត់​ស្លាប់​នៅ​ទី​នោះ ជិត​ហឹប​នៃ​ព្រះ​ទៅ

8. ឯ​ដាវីឌ​ទ្រង់​មាន​ព្រះ‌ទ័យ​ទោមនស្ស ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ប្រហារ​ជីវិត​អ៊ុសា​បង់ រួច​ទ្រង់​ហៅ​កន្លែង​នោះ​ឈ្មោះ​ថា ពេរេស-អ៊ុសា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ

9. នៅ​ថ្ងៃ​នោះ ដាវីឌ​ក៏​មាន​សេចក្តី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ហើយ​មាន​ព្រះ‌បន្ទូល​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​ហឹប​នៃ​ព្រះ‌យេហូវ៉ា​ចូល​មក​ឯ​អញ​បាន

10. យ៉ាង​នោះ ដាវីឌ​បែរ​ជា​មិន​បាន​នាំ​យក​ហឹប​នៃ​ព្រះ‌យេហូវ៉ា ចូល​ទៅ​ឯ​ទ្រង់ ក្នុង​ក្រុង​របស់​ទ្រង់​ទេ គឺ​ទ្រង់​នាំ​យក​ទៅ​ដាក់​ទុក​នៅ​ក្នុង​ផ្ទះ​របស់​អូបិឌ-អេដំម ជា​អ្នក​មក​ពី​ក្រុង​កាថ​វិញ

11. ដូច្នេះ ហឹប​នៃ​ព្រះ‌យេហូវ៉ា​ក៏​នៅ​ក្នុង​ផ្ទះ​របស់​អូបិឌ-អេដំម ពី​ក្រុង​កាថា​នោះ​អស់​៣​ខែ ហើយ​ព្រះ‌យេហូវ៉ា​ក៏​ប្រទាន​ពរ​ដល់​អូបិឌ-អេដំម ព្រម​ទាំង​ពួក​គ្រួ​គាត់​ទាំង​អស់​គ្នា។

ហឹប​នៃ​សេចក្តី​សញ្ញា​មក​ដល់​ក្រុង​យេរូ‌សាឡិម

12. មាន​គេ​ក្រាប​ទូល​ដល់​ស្តេច​ដាវីឌ​ថា ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​ដល់​ពួក​គ្រួ​អូបិឌ-អេដំម និង​របស់​គាត់​ទាំង​អស់ ដោយ​ព្រោះ​ហឹប​នៃ​ព្រះ ដូច្នេះ ដាវីឌ​ទ្រង់​ក៏​យាង​ទៅ​នាំ​យក​ហឹប​នៃ​ព្រះ ពី​ផ្ទះ​អូបិឌ-អេដំម ចូល​មក​ក្នុង​ក្រុង​របស់​ទ្រង់​វិញ​ដោយ​អំណរ

13. កាល​ពួក​អ្នក​ដែល​សែង​ហឹប​នៃ​ព្រះ‌យេហូវ៉ា​ដើរ​ទៅ​បាន​៦​ជំហាន នោះ​ទ្រង់​ថ្វាយ​គោ​ឈ្មោល​១ និង​កូន​គោ​១​យ៉ាង​ធាត់

14. ដាវីឌ​ក៏​លោត‌កញ្ឆេង​អស់​ពី​កំឡាំង​ទ្រង់ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទ្រង់​ពាក់​អេផូឌ​ធ្វើ​ពី​សំពត់​ខ្លូត‌ទេស

15. ដូច្នេះ ដាវីឌ និង​ជំនួរ​វង្ស​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ បាន​នាំ​ហឹប​នៃ​ព្រះ‌យេហូវ៉ា​ឡើង​មក​ដោយ​សំឡេង​ហ៊ោ​ឡើង និង​សូរ​ផ្លុំ​ត្រែ​ផង។

16. ក្នុង​វេលា​ដែល​ហឹប​នៃ​ព្រះ‌យេហូវ៉ា កំពុង​តែ​ចូល​មក​ក្នុង​ក្រុង​ដាវីឌ នោះ​មីកាល​ជា​បុត្រី​សូល ក៏​ទត​តាម​បង្អួច​ទៅ​ឃើញ​ស្តេច​ដាវីឌ កំពុង​តែ​ហក់​លោត‌កញ្ឆេង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នាង​ក៏​មាន​ព្រះ‌ទ័យ​ប្រមាថ​មើល‌ងាយ​ដល់​ទ្រង់

17. គេ​នាំ​យក​ហឹប​នៃ​ព្រះ‌យេហូវ៉ា​ចូល​មក​ដាក់​នៅ​កន្លែង​រៀប‌ចំ ត្រង់​កណ្តាល​ត្រសាល ដែល​ដាវីឌ​បាន​ដំឡើង​សំរាប់​ហឹប​នោះ រួច​ទ្រង់​ថ្វាយ​ដង្វាយ​ដុត និង​ដង្វាយ​មេត្រី នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

18. លុះ​បាន​ថ្វាយ​ដង្វាយ​ដុត និង​ដង្វាយ​មេត្រី​រួច​ហើយ នោះ​ទ្រង់​ក៏​ប្រទាន​ពរ​ដល់​ប្រជា‌ជន ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ

19. រួច​ទ្រង់​ចែក​នំបុ័ង​១​ដុំ សាច់​១​ដុំ និង​ផ្លែ​ទំពាំង‌បាយ‌ជូរ​១​ផែន ដល់​ប្រជា‌ជន​ទាំង‌ឡាយ គឺ​ដល់​ពួក​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ទាំង​ប្រុស​ទាំង​ស្រី​ផង ដូច្នេះ ប្រជា‌ជន​ក៏​ត្រឡប់​ទៅ​ឯ​លំនៅ​របស់​គេ​រៀង​ខ្លួន​វិញ។

20. រួច​ហើយ ដាវីឌ​ទ្រង់​យាង​ត្រឡប់​ទៅ​ឯ​ដំណាក់ ដើម្បី​ឲ្យ​ពរ​ដល់​ពួក​ដំណាក់​ទ្រង់ នោះ​មីកាល​ជា​បុត្រី​សូល​នាង​ចេញ​មក​ទទួល​ទ្រង់ ទូល​ថា នៅ​ថ្ងៃ​នេះ ស្តេច​នៃ​សាសន៍​អ៊ីស្រា‌អែល មាន​សេចក្តី​រុងរឿង​ឧត្តម​អី​ម៉្លេះ​ទេ ដោយ​បាន​បើក​ឲ្យ​អង្គ​ទ្រង់​អាក្រាត​នៅ​មុខ​ពួក​ស្រី​បំរើ​របស់​ពួក​មហា‌តលិក​ទ្រង់​នៅ​ថ្ងៃ​នេះ បែប​ដូច​ជា​មនុស្ស​ចោល‌ម្សៀត​ណា​មួយ​ដែល​បើក​ឲ្យ​ខ្លួន​អាក្រាត​ដូច្នេះ

21. តែ​ដាវីឌ​មាន​ព្រះ‌បន្ទូល​តប​ថា នោះ​គឺ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទេ ជា​ព្រះ​ដែល​បាន​រើស​អញ​ជា​ជាង​បិតា​ឯង និង​វង្សានុវង្ស​របស់​ឯង​ទាំង​អស់​គ្នា​ដែរ ដើម្បី​នាំ​តាំង​អញ​ឡើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល ជា​រាស្ត្រ​របស់​ព្រះ‌យេហូវ៉ា ហេតុ​ដូច្នេះ​បាន​ជា​អញ​នឹង​លេង​សប្បាយ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

22. ហើយ​នឹង​ចេះ​តែ​ប្រព្រឹត្ត​អាក្រក់​ជាង​នោះ​ទៅ​ទៀត ព្រម​ទាំង​បាន​ទាប​ថោក​ដល់​ភ្នែក​ខ្លួន​អញ​ផង តែ​ចំណែក​ពួក​បាវ​ស្រី​ដែល​ឯង​បាន​និយាយ​នោះ គេ​នឹង​លើក​សរសើរ​ដល់​អញ​វិញ

23. ដូច្នេះ មីកាល​ជា​បុត្រី​សូល នាង​ឥត​មាន​បុត្រ​ឡើយ រហូត​ដល់​អស់​ជីវិត។