ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូអែល 21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

អ្នក​ស្រុក​គីបៀន និង​ពូជ‌ពង្ស​របស់​ស្តេច​សូល

1. នៅ​គ្រា​ស្តេច​ដាវីឌ នោះ​មាន​អំណត់​អត់​អស់​ពេញ​៣​ឆ្នាំ ហើយ​ដាវីឌ​ទ្រង់​រក​ព្រះ‌យេហូវ៉ា ដើម្បី​ទូល​សួរ​ហេតុ រួច​ព្រះ‌យេហូវ៉ា​ទ្រង់​ឆ្លើយ​ថា គឺ​ដោយ​ព្រោះ​សូល និង​វង្ស‌ញាតិ​ទ្រង់ ដែល​កំចាយ​ឈាម ដ្បិត​ទ្រង់​បាន​សំឡាប់​ពួក​គីបៀន

2. ដូច្នេះ ស្តេច​ដាវីឌ​ទ្រង់​ហៅ​ពួក​គីបៀន​មក​សួរ​គេ (រីឯ​ពួក​គីបៀន​គេ​មិន​មែន​ជា​ពូជ​កូន​ចៅ​អ៊ីស្រា‌អែល​ទេ គឺ​ជា​សំណល់​នៃ​ពូជ​អាម៉ូរី​វិញ ហើយ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ស្បថ​នឹង​គេ តែ​សូល​ទ្រង់​រក​សំឡាប់​គេ​ដោយ​មាន​សេចក្តី​ខ្នះ‌ខ្នែង ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល និង​ពួក​យូដា​វិញ)

3. ដាវីឌ​ទ្រង់​សួរ​គីបៀន​ថា តើ​ចង់​ឲ្យ​យើង​សង​អ្នក​រាល់​គ្នា​យ៉ាង​ណា​ខ្លះ តើ​ត្រូវ​ឲ្យ​យើង​ធ្វើ​អ្វី​ឲ្យ​ធួន​នឹង​ការ​នោះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា បាន​ឲ្យ​ពរ​ដល់​មរដក​នៃ​ព្រះ‌យេហូវ៉ា​ផង

4. ពួក​គីបៀន​ទូល​ឆ្លើយ​ថា ឯ​រឿង​របស់​យើង​ខ្ញុំ និង​សូល ព្រម​ទាំង​រាជ‌វង្ស​របស់​ទ្រង់ នោះ​មិន​មែន​ចំពោះ​មាស ឬ​ប្រាក់​ទេ ក៏​មិន​ស្រេច​ឲ្យ​យើង​ខ្ញុំ​សំឡាប់​អ្នក​ណា​មួយ​ក្នុង​ពួក​អ៊ីស្រា‌អែល​ដែរ ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​ថា នោះ​យើង​នឹង​សំរេច​ឲ្យ

5. គេ​ទូល​ឆ្លើយ​ទៅ​ស្តេច​ថា ឯ​មនុស្ស​នោះ​ដែល​បាន​ពង្រឹង​យើង​ខ្ញុំ​រាល់​គ្នា ហើយ​បាន​បង្កើត​ហេតុ​នឹង​បំផ្លាញ​យើង​ខ្ញុំ មិន​ឲ្យ​មាន​នៅ​ក្នុង​ព្រំ‌ដែន​ស្រុក​អ៊ីស្រា‌អែល​ណា​ឡើយ

6. នោះ​សូម​ប្រគល់​កូន​ចៅ របស់​អ្នក​នោះ​៧​នាក់​មក​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​ចង​ក​គេ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ត្រង់​គីបៀរ ជា​ទី​ក្រុង​របស់​សូល ជា​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​រើស​តាំង ឯ​ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា យើង​នឹង​ប្រគល់​ឲ្យ។

7. ស្តេច​ទ្រង់​ប្រណី​ដល់​មភីបូសែត ជា​កូន​យ៉ូណា‌ថាន​ដែល​ជា​បុត្រ​សូល ដោយ​ព្រោះ​ដាវីឌ និង​យ៉ូណា‌ថាន ជា​បុត្រា​សូល បាន​ស្បថ​គ្នា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

8. តែ​ទ្រង់​យក​កូន​ប្រុស​ទាំង​២​របស់​រីសប៉ា ជា​កូន​អ័យ៉ា ដែល​នាង​បាន​បង្កើត​ថ្វាយ​សូល គឺ​អើម៉ូនី​១ មភីបូសែត​១ ព្រម​ទាំង​កូន​ប្រុស​៥​នាក់​របស់​នាង​មីកាល ជា​បុត្រី​សូល ដែល​នាង​បាន​បង្កើត​ឲ្យ​អ័ទ្រី‌អែល ជា​កូន​បារស៊ី‌ឡាយ នៅ​មហូឡា​ដែរ

9. ទ្រង់​ក៏​ប្រគល់​អ្នក​ទាំង​នោះ ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ពួក​គីបៀន ហើយ​គេ​ចង​ក​នៅ​លើ​ភ្នំ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទៅ អ្នក​ទាំង​៧​នោះ​ក៏​ស្លាប់​ជា​មួយ​គ្នា គេ​សំឡាប់​អ្នក​ទាំង​នោះ នៅ​ថ្ងៃ​ដំបូង​ក្នុង​រដូវ​ចំរូត កាល​ទើប​នឹង​ចាប់​តាំង​ច្រូត​ស្រូវ​ឱក។

10. ឯ​រីសប៉ា ជា​កូន​អ័យ៉ា នាង​ក៏​យក​សំពត់​ធ្មៃ​ក្រាល​សំរាប់​ខ្លួន​នៅ​លើ​ថ្មដា​នោះ ចាប់​តាំង​ពី​ដើម​រដូវ​ចំរូត រហូត​ដល់​មាន​ភ្លៀង​ធ្លាក់​ពី​លើ​មេឃ​មក​លើ​សព​ទាំង​នោះ នាង​មិន​ឲ្យ​សត្វ​ហើរ​មក​ទំ​លើ​សព​នៅ​វេលា​ថ្ងៃ ឬ​សត្វ​ព្រៃ​នៅ​វេលា​យប់​ឡើយ

11. មាន​គេ​មក​ទូល​ដាវីឌ​ពី​ការ​ដែល​រីសប៉ា កូន​អ័យ៉ា ជា​អ្នក‌ម្នាង​របស់​សូល​ធ្វើ​នោះ។

12. លំដាប់​នោះ ដាវីឌ​ក៏​ទៅ​យក​អដ្ឋិ​របស់​សូល និង​យ៉ូណា‌ថាន ជា​បុត្រ​ទ្រង់ ពី​ពួក​យ៉ាបេស-កាឡាត ដែល​គេ​បាន​លួច​យក​ពី​ទីធ្លា​ក្រុង​បេត-សាន ជា​កន្លែង​ដែល​ពួក​ភីលីស្ទីន​បាន​ព្យួរ នៅ​ថ្ងៃ​ដែល​គេ​សំឡាប់​ទ្រង់ នៅ​ភ្នំ​គីលបោ

13. ទ្រង់​ក៏​នាំ​យក​អដ្ឋិ​របស់​សូល និង​យ៉ូណា‌ថាន​ជា​បុត្រា​ទ្រង់ ពី​ទី​នោះ​មក រួច​គេ​ប្រមូល​អដ្ឋិ​នៃ​ពួក​បុត្រ​ដែល​ត្រូវ​ចង​ក​នោះ​ដែរ

14. គេ​បញ្ចុះ​អដ្ឋិ​របស់​សូល និង​យ៉ូណា‌ថាន ជា​បុត្រា​ទ្រង់ នៅ​ក្នុង​ផ្នូរ​របស់​គីស ជា​បិតា​ទ្រង់​ត្រង់​សេឡា​ក្នុង​ស្រុក​បេន‌យ៉ា‌មីន គេ​ក៏​ធ្វើ​សំរេច​តាម​គ្រប់​ទាំង​ការ ដែល​ស្តេច​ទ្រង់​បង្គាប់​មក គ្រា​ក្រោយ​នោះ​មក ព្រះ​ទ្រង់​ប្រោស‌សណ្តាប់​ស្តាប់​សេចក្តី​ទូល​អង្វរ របស់​ស្រុក​នោះ​វិញ។

ចំបាំង​ត​ទល់​នឹង​សាសន៍​ភីលីស្ទីន

15. នៅ​គ្រា​នោះ ពួក​ភីលីស្ទីន​បាន​ច្បាំង​នឹង​ពួក​អ៊ីស្រា‌អែល​១​លើក​ទៀត ឯ​ដាវីឌ​ទ្រង់​ក៏​ចុះ​ទៅ​ជា​មួយ​នឹង​ពួក​ពល​ទ័ព​ទ្រង់ ដើម្បី​តស៊ូ​នឹង​ពួក​ភីលីស្ទីន​ដែរ ទ្រង់​ក៏​ទន់​កំឡាំង​ជា​ខ្លាំង

16. ហើយ​យីសប៊ី-បេណូប ជា​កូន​របស់​ពួក​អ្នក​ដែល​មាន​មាឌ​ធំ​សំបើម លំពែង​របស់​វា​មាន​ទំងន់​ជា​លង្ហិន​៣០០​ដំឡឹង ហើយ​វា​ក្រវាត់​ដាវ​ថ្មី ក៏​គិត​ចង់​សំឡាប់​ដាវីឌ

17. តែ​អ័ប៊ី‌សាយ ជា​កូន​សេរូយ៉ា បាន​មក​ការ‌ពារ​ជំនួស​ទ្រង់ ក៏​កាប់​សំឡាប់​សាសន៍​ភីលីស្ទីន​នោះ​ទៅ ដូច្នេះ ពួក​ទ័ព​របស់​ដាវីឌ​បាន​ស្បថ​នឹង​ទ្រង់​ថា ទ្រង់​មិន​ត្រូវ​ចេញ​ទៅ​ជា​មួយ​នឹង​យើង​ខ្ញុំ​រាល់​គ្នា ក្នុង​ទី​ចំបាំង​ទៀត​ឡើយ ក្រែង​រលត់​ពន្លឺ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទៅ។

18. ក្រោយ​នោះ​មក កើត​មាន​ចំបាំង​នឹង​ពួក​ភីលីស្ទីន​ម្តង​ទៀត នៅ​ត្រង់​កូប នៅ​វេលា​នោះ​ស៊ីបា‌កាយ ជា​ពូជ​ហ៊ូសាយ គាត់​បាន​សំឡាប់​សាភ ជា​កូន​នៃ​អ្នក​មាន​មាឌ​ធំ​នោះ​ទៅ

19. ក៏​មាន​ចំបាំង​នឹង​ពួក​ភីលីស្ទីន នៅ​ត្រង់​កូប​ម្តង​ទៀត ហើយ​អែល‌ហា‌ណាន ជា​កូន​យ្អារេ-អូរគីម​ពី​បេថ្លេ‌ហិម គាត់​បាន​សំឡាប់​កូលី‌យ៉ាត ក្នុង​ពួក​កាថ​ទៅ ឯ​ដង​លំពែង​របស់​អ្នក​នោះ​មាន​ទំហំ​ប៉ុន​ផ្សំ​ដំបាញ

20. នៅ​ត្រង់​ក្រុង​កាថ​ក៏​មាន​ចំបាំង​ទៀត​ដែរ នៅ​ទី​នោះ មាន​មនុស្ស​ម្នាក់​មាន​មាឌ​ធំ​សំបើម មាន​ម្រាម​ដៃ​៦​ទាំង​សង​ខាង ឯ​ជើង​ទាំង​សង​ខាង ក៏​មាន​ម្រាម​៦​ដែរ រួម​ទាំង​អស់​ជា​២៤ អ្នក​នោះ​ក៏​កើត​ពី​ពូជ​អ្នក​ដែល​មាន​មាឌ​ធំ​នោះ

21. កាល​វា​ប្រកួត​នឹង​សាសន៍​អ៊ីស្រា‌អែល នោះ​យ៉ូណា‌ថាន ជា​កូន​សាំម៉ា ជេដ្ឋា​នៃ​ដាវីឌ​បាន​សំឡាប់​វា​ទៅ

22. អ្នក​ទាំង​៤​នេះ​ជា​ពូជ​នៃ​អ្នក​មាន​មាឌ​ធំ​សំបើម ដែល​នៅ​ក្រុង​កាថ ហើយ​ក៏​ស្លាប់​ទៅ ដោយ​ដៃ​ដាវីឌ និង​ពួក​ទ័ព​ទ្រង់។