ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូអែល 13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

អាំណូន និង​ព្រះ‌នាង​តាម៉ារ

1. ក្រោយ​នោះ​មក កើត​មាន​រឿង​ដូច្នេះ គឺ​អាប់‌សា‌ឡំម​បុត្រា​ដាវីឌ​មាន​កនិដ្ឋា ១​មាន​រូប​ស្រស់‌បស់​ល្អ នាម​នាង​តាម៉ារ ហើយ​អាំណូន ជា​បុត្រា​ដាវីឌ មាន​ព្រះ‌ទ័យ​ប្រតិ‌ព័ទ្ធ​ស្រឡាញ់

2. អាំណូន​មាន​សេចក្តី​រំជួល​ស្រឡាញ់​នាង​តាម៉ារ​ជា​កនិដ្ឋា ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ទៅ​ជា​ប្រឈួន ទ្រង់​នឹក​ឃើញ​ថា ពិបាក​នឹង​ធ្វើ​អ្វី​ដល់​នាង​ណាស់ ដោយ​ព្រោះ​នាង​នៅ​បរិសុទ្ធ

3. តែ​អាំណូន​មាន​ពួក‌ម៉ាក​ម្នាក់​ឈ្មោះ​យ៉ូណា‌ដាប ជា​បុត្រា​សាំម៉ា ជេដ្ឋា​របស់​ដាវីឌ ជា​មនុស្ស​ឆ្លៀវ‌ឆ្លាត​ណាស់

4. អ្នក​នោះ​សួរ​ថា ហេតុ​អ្វី​បាន​ជា​ឯង ដែល​ជា​កូន​ស្តេច នៅ​តែ​ស្គាំង‌ស្គម​រាល់​តែ​ថ្ងៃ​ដូច្នេះ សូម​ប្រាប់​ឲ្យ​អញ​ដឹង​ផង នោះ​អាំណូន​ប្រាប់​ថា អញ​មាន​ចិត្ត​ស្រឡាញ់​ដល់​នាង​តាម៉ារ ជា​ប្អូន​អាប់‌សា‌ឡំម បង​អញ​ណាស់

5. រួច​យ៉ូណា‌ដាប​ប្រាប់​ថា ដូច្នេះ ចូរ​ឯង​ដេក​នៅ​លើ​គ្រែ​ក្លែង​ធ្វើ​ជា​ឈឺ​ទៅ បើ​កាល​ណា​បិតា​ឯង​មក​សួរ នោះ​ចូរ​ទូល​ថា សូម​បិតា​អនុញ្ញាត​ឲ្យ​នាង​តាម៉ារ ជា​កនិដ្ឋា​ទូល‌បង្គំ មក​រៀប​អាហារ​នៅ​មុខ​ទូល‌បង្គំ ឲ្យ​ទូល‌បង្គំ​បាន​ឃើញ ហើយ​បាន​ទទួល ពី​ដៃ​នាង​មក​បរិភោគ​បន្តិច

6. ដូច្នេះ អាំណូន​ក៏​ដេក​ទៅ ហើយ​ក្លែង​ធ្វើ​ជា​ប្រឈួន លុះ​កាល​ស្តេច​បាន​យាង​មក​សួរ នោះ​អាំណូន​ទូល​ថា សូម​បិតា​អនុញ្ញាត ឲ្យ​នាង​តាម៉ារ ជា​កនិដ្ឋា​ទូល‌បង្គំ មក​ធ្វើ​នំ​២​នៅ​មុខ​ទូល‌បង្គំ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ទទួល​ពី​ដៃ​នាង មក​បរិភោគ។

7. នោះ​ដាវីឌ​ក៏​ចាត់​គេ​ឲ្យ​ទៅ​ឯ​ដំណាក់ ប្រាប់​នាង​តាម៉ារ​ថា ចូរ​ឯង​ទៅ​ឯ​ដំណាក់​អាំណូន​ជេដ្ឋា​ឯង ហើយ​ធ្វើ​នំ​ឲ្យ​វា​ចុះ

8. ដូច្នេះ នាង​តាម៉ារ​ក៏​ទៅ​ដល់​ដំណាក់​អាំណូន​ជា​ជេដ្ឋា​ខ្លួន កំពុង​ដែល​ទ្រង់​ផ្ទំ នាង​ក៏​យក​ម្សៅ មក​ច្របាច់​ធ្វើ​នំ ហើយ​ដុត​នៅ​ចំពោះ​ទ្រង់

9. រួច​លើក​ខ្ទះ​ចាក់​នំ​នោះ​នៅ​ចំពោះ​ទ្រង់ តែ​ទ្រង់​មិន​ព្រម​បរិភោគ​ទេ ហើយ​បង្គាប់​ថា ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​ចេញ​ពី​អញ​ទៅ គេ​ក៏​ចេញ​ទាំង​អស់​គ្នា

10. រួច​អាំណូន​ប្រាប់​ទៅ​នាង​តាម៉ារ​ថា សូម​នាំ​យក​នំ​មក​ក្នុង​បន្ទប់​ឯ​ណេះ ដើម្បី​អញ​នឹង​បរិភោគ​ពី​ដៃ​ឯង នាង​ក៏​នាំ​យក​នំ​ដែល​ធ្វើ​នោះ ទៅ​ឯ​អាំណូន ជា​ជេដ្ឋា នៅ​ក្នុង​បន្ទប់

11. កាល​នាង​ទៅ​ជិត ដើម្បី​ថ្វាយ​នំ​ទៅ​ឲ្យ​សោយ នោះ​ទ្រង់​ក៏​ចាប់​នាង​ដោយ​ពាក្យ​ថា ប្អូន​អើយ ចូរ​មក​ដេក​នឹង​អញ​ចុះ

12. តែ​នាង​ប្រកែក​ថា ទេ បង​អើយ សូម​កុំ​បន្ទាប​ខ្ញុំ​ឡើយ ព្រោះ​ធ្វើ​ដូច្នេះ ខុស​នឹង​បវេណី​ក្នុង​ពួក​អ៊ីស្រា‌អែល​ណាស់ សូម​កុំ​ធ្វើ​ការ​អាក្រក់​នេះ​ឲ្យ​សោះ

13. ឯ​ខ្ញុំ​ម្ចាស់ តើ​នឹង​យក​សេចក្តី​ខ្មាស​ទៅ​ទុក​ឯ​ណា ហើយ​ចំណែក​ឯ​បង នោះ​គេ​នឹង​រាប់​បង ទុក​ជា​មនុស្ស​ងងឹត​ល្ងើ​ក្នុង​សាសន៍​អ៊ីស្រា‌អែល​ដែរ ដូច្នេះ សូម​ទូល​ដល់​ស្តេច​ចុះ ដ្បិត​ទ្រង់​មិន​ប្រកែក និង​ឲ្យ​ខ្ញុំ​ម្ចាស់​ដល់​បង​ទេ

14. ប៉ុន្តែ អាំណូន​មិន​ព្រម​ស្តាប់​នាង​ឡើយ គឺ​បាន​ចាប់​បង្ខំ​ដេក​នឹង​នាង​ទៅ ដោយ​ទ្រង់​មាន​កំឡាំង​ច្រើន​ជាង។

15. រួច​មក​អាំណូន​មាន​ព្រះ‌ទ័យ​ណាយ ស្អប់​ដល់​នាង​ជា​ខ្លាំង​ក្រៃលែង ដល់​ម៉្លេះ​បាន​ជា​សេចក្តី​ស្អប់​ខ្ពើម ដែល​ទ្រង់​មាន​ដល់​នាង នោះ​ខ្លាំង​លើស​ជាង​សេចក្តី​ស្រឡាញ់​ដែល​ទ្រង់​បាន​មាន​ដល់​នាង​ទៅ​ទៀត ហើយ​ទ្រង់​បណ្តេញ​នាង​ថា ចូរ​ក្រោក​ឡើង​ទៅ​ឲ្យ​បាត់​ទៅ

16. នោះ​នាង​ឆ្លើយ​ថា កុំ​ឡើយ ដ្បិត​ការ​កំហុស​ដែល​បណ្តេញ​ខ្ញុំ​ម្ចាស់​នេះ​នោះ​អាក្រក់​ជាង​ការ ដែល​បាន​ធ្វើ​ហើយ ដល់​ខ្ញុំ​ម្ចាស់​ទៅ​ទៀត តែ​ទ្រង់​មិន​ព្រម​ស្តាប់​តាម​នាង​ឡើយ

17. ក៏​ហៅ​អ្នក​ដែល​តែង​បំរើ​ទ្រង់​មក​ប្រាប់​ថា ចូរ​យក​ស្រី​នេះ​ចេញ​ទៅ រួច​បិទ​ទ្វារ​ដាក់​រនុក​ផង

18. ដូច្នេះ អ្នក​បំរើ​ក៏​នាំ​នាង​ទៅ​ក្រៅ រួច​បិទ​ទ្វារ ឯ​នាង​តាម៉ារ ទ្រង់​ព្រះ‌ភូសា​ពណ៌​ផ្សេងៗ ដ្បិត​ពួក​បុត្រី​ស្តេច ដែល​នៅ​ក្រមុំ​ធ្លាប់​តែង​អង្គ​យ៉ាង​នោះ

19. រួច​នាង​យក​ផេះ​មក​ដាក់​លើ​ព្រះ‌សិរ ក៏​ហែក​ព្រះ‌ភូសា ហើយ​យក​ព្រះ‌ហស្ត​ដាក់​លើ​ព្រះ‌សិរ យាង​ទៅ​ទាំង​ទ្រង់​ព្រះ‌កន្សែង​ជា​ខ្លាំង។

20. អាប់‌សា‌ឡំម​ជា​ជេដ្ឋា​ក៏​សួរ​ថា តើ​អាំណូន​បង​ឯង​បាន​នៅ​ជា​មួយ​នឹង​ឯង​ឬ​អី ប្អូន​អើយ ចូរ​នៅ​ស្ងៀម​សិន​ចុះ ដ្បិត​ជា​បង​ឯង​ទេ កុំ​ឲ្យ​មាន​ចិត្ត​ព្រួយ​នឹង​ការ​នេះ​ពេក​ឡើយ នោះ​នាង​ក៏​នៅ​តែ​ឯង​ក្នុង​ដំណាក់​អាប់‌សា‌ឡំម ជា​ជេដ្ឋា

21. កាល​ស្តេច​ដាវីឌ​បាន​ឮ​និយាយ​ពី​រឿង​ទាំង​នោះ ទ្រង់​មាន​សេចក្តី​ពិរោធ​ជា​ខ្លាំង

22. តែ​អាប់‌សា‌ឡំម​មិន​បាន​មាន​ព្រះ‌បន្ទូល​អ្វី​នឹង​អាំណូន ទោះ​ល្អ​ឬ​អាក្រក់​ក្តី ដ្បិត​ទ្រង់​ស្អប់​អាំណូន ដោយ​ព្រោះ​បាន​បង្ខូច​នាង​តាម៉ារ ជា​កនិដ្ឋា​ទ្រង់។

អាប់‌សា‌ឡំម​ធ្វើ​គុត​អាំណូន

23. ក្រោយ​២​ឆ្នាំ​មក មាន​ពួក​ជាង​មក​កាត់​រោម​ចៀម​របស់​អាប់‌សា‌ឡំម នៅ​ត្រង់​បាល-ហាសោរ ដែល​នៅ​ជិត​ដែន​អេប្រា‌អិម ហើយ​អាប់‌សា‌ឡំម​ក៏​អញ្ជើញ​ពួក​បុត្រា​ស្តេច​ទាំង​អស់​មក

24. ទ្រង់​ចូល​ទៅ​គាល់​ស្តេច​ទូល​ថា បពិត្រ​ព្រះ‌ករុណា ទូល‌បង្គំ​ជា​អ្នក​បំរើ​នៃ​ទ្រង់ មាន​ពួក​ជាង​មក​កាត់​រោម​ចៀម ដូច្នេះ សូម​ព្រះ‌ករុណា ព្រម​ទាំង​ពួក​អ្នក​បំរើ​ទ្រង់​ឯ​ទៀត យាង​ទៅ​ទទួល​ជប់‌លៀង​ជា​មួយ​នឹង​ទូល‌បង្គំ

25. តែ​ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ទៅ​អាប់‌សា‌ឡំម​ថា ទេ កូន​អើយ មិន​ត្រូវ​ឲ្យ​យើង​ទៅ​ទាំង​អស់​គ្នា​ទេ ក្រែង​ជា​បន្ទុក​ធ្ងន់​ដល់​ឯង​ពេក អាប់‌សា‌ឡំម​ក៏​ទូល​បង្ខំ​ទ្រង់ តែ​ទ្រង់​មិន​ព្រម​ទៅ​ទេ គឺ​បែរ​ជា​ប្រទាន​ពរ​ឲ្យ​វិញ

26. នោះ​អាប់‌សា‌ឡំម​ទូល​ថា បើ​ទ្រង់​មិន​យាង​ទៅ​ទេ នោះ​សូម​ឲ្យ​តែ​អាំណូន​ជា​ជេដ្ឋា​ទូល‌បង្គំ​ទៅ​ជា​មួយ​ចុះ តែ​ស្តេច​មាន​ព្រះ‌បន្ទូល​សួរ​ថា ចង់​ឲ្យ​វា​ទៅ​ជា​មួយ​នឹង​ឯង​ធ្វើ​អី

27. ប៉ុន្តែ ដោយ​អាប់‌សា‌ឡំម​ចេះ​តែ​បង្ខំ​ទ្រង់ បាន​ជា​ទ្រង់​ក៏​អនុញ្ញាត​ឲ្យ​អាំណូន ហើយ​នឹង​ពួក​បុត្រា​ទ្រង់​ទាំង​អស់ ទៅ​ជា​មួយ

28. រីឯ​អាប់‌សា‌ឡំម​បាន​បង្គាប់​ដល់​ពួក​អ្នក​បំរើ​ទ្រង់​ថា ចូរ​ឯង​ឃ្លាំ​មើល​កាល​ណា​អាំណូន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​បាន​សប្បាយ​ចិត្ត ហើយ​អញ​ប្រាប់​ថា ចូរ​វាយ​អាំណូន​ចុះ នោះ​ត្រូវ​សំឡាប់​វា​ទៅ កុំ​ក្រែង​ខ្លាច​អ្វី​ឡើយ គឺ​អញ​ហើយ​ដែល​បាន​បង្គាប់​ការ​នេះ ចូរ​តាំង​ចិត្ត​ឲ្យ​មាំ ឲ្យ​បាន​ក្លាហាន​ចុះ

29. ពួក​អ្នក​បំរើ​របស់​អាប់‌សា‌ឡំម ក៏​ធ្វើ​ដល់​អាំណូន​តាម​បង្គាប់​របស់​ចៅ‌ហ្វាយ​ខ្លួន រួច​ពួក​បុត្រា​ស្តេច​គ្រប់​អង្គ​ក៏​ក្រោក​ឡើង ជិះ​លា​កាត់​រៀង​អង្គ​រត់​ទៅ។

30. កាល​បុត្រា​ស្តេច​ទាំង​នោះ កំពុង​តែ​យាង​មក​តាម​ផ្លូវ នោះ​ដំណឹង​ក៏​ឮ​ទៅ​ដល់​ដាវីឌ​ថា អាប់‌សា‌ឡំម​បាន​សំឡាប់​បុត្រ​ទ្រង់​ព្រះ‌ករុណា​ទាំង​អស់​ហើយ គ្មាន​សល់​១​ឡើយ

31. នោះ​ស្តេច​ទ្រង់​ក៏​ក្រោក​ឡើង​ហែក​ព្រះ‌ពស្ត្រ រួច​ផ្ទំ​នៅ​ដី ឯ​ពួក​មហា‌តលិក​ទ្រង់​ទាំង​ប៉ុន្មាន ក៏​ឈរ​នៅ​ជិត​ទាំង​មាន​អាវ​រហែក​ដែរ

32. តែ​យ៉ូណា‌ដាប ជា​បុត្រា​សាំម៉ា​ជេដ្ឋា​ដាវីឌ ទូល​ឡើង​ថា បពិត្រ​ព្រះ‌ករុណា សូម​ទ្រង់​កុំ​មាន​ព្រះ‌ទ័យ​ស្មាន​ថា គេ​បាន​ធ្វើ​គុត​ពួក​ព្រះ‌រាជ​បុត្រ​ទាំង​អស់​នៃ​ព្រះ‌ករុណា​ឡើយ សុគត​តែ​អាំណូន​ប៉ុណ្ណោះ​ទេ ដ្បិត​ការ​នោះ​បាន​គិត​ជា​ស្រេច តាម​បង្គាប់​នៃ​អាប់‌សា‌ឡំម តាំង​ពី​ថ្ងៃ​ដែល​អាំណូន​បាន​បង្ខូច​នាង​តាម៉ារ ជា​កនិដ្ឋា​មក

33. ដូច្នេះ សូម​កុំ​ឲ្យ​ទ្រង់​ព្រះ‌ករុណា ជា​ម្ចាស់​នៃ​ទូល‌បង្គំ​មាន​ព្រះ‌ទ័យ​ព្រួយ​ពេក ដោយ​ស្មាន​ថា ពួក​ព្រះ‌រាជ​បុត្រា​បាន​សុគត​ទាំង​អស់​នោះ​ឡើយ ដ្បិត​សុគត​តែ​អាំណូន​ប៉ុណ្ណោះ​ទេ ឯ​អាប់‌សា‌ឡំម​ទ្រង់​រត់​បាត់​ទៅ។

34. រីឯ​ទាហាន​ដែល​ចាំ​យាម គេ​បាន​ងើប​ភ្នែក​ឡើង​មើល​ទៅ​ឃើញ​មាន​មនុស្ស​ជា​ច្រើន មក​តាម​ផ្លូវ​ចង្កេះ​ភ្នំ​ខាង​ក្រោយ​ខ្លួន

35. នោះ​យ៉ូណា‌ដាប​ទូល​ទៅ​ស្តេច​ថា នុ៎ះ​ន៏ ពួក​បុត្រា​នៃ​ព្រះ‌ករុណា​មក​ហើយ ដូច​ជា​ទូល‌បង្គំ​ជា​អ្នក​បំរើ​ទ្រង់​បាន​ទូល​ទុក

36. កាល​ទូល​ដូច្នោះ​រួច​ជា​ស្រេច នោះ​ពួក​បុត្រា​ស្តេច​ក៏​មក​ដល់ ហើយ​ឡើង​សំឡេង​ទ្រង់​ព្រះ‌កន្សែង ឯ​ស្តេច​ទ្រង់​ព្រះ‌កន្សែង​ដែរ ព្រម​ទាំង​ពួក​មហា‌តលិក ក៏​យំ​ទាំង​អស់​គ្នា​យ៉ាង​ខ្លាំង​ក្រៃលែង។

37. តែ​អាប់‌សា‌ឡំម​ទ្រង់​រត់​ទៅ​ឯ​តាល‌ម៉ាយ ជា​បុត្រា​អាំមីហ៊ូត ស្តេច​ស្រុក​កេស៊ូរី។ ឯ​ដាវីឌ​ទ្រង់​សោយ‌សោក​នឹង​បុត្រ​ជា​រាល់​ថ្ងៃ

38. អាប់‌សា‌ឡំម​បាន​រត់​ទៅ​នៅ​ឯ​ស្រុក​កេស៊ូរី​នោះ​អស់​៣​ឆ្នាំ

39. ហើយ​ស្តេច​ដាវីឌ​ទ្រង់​មាន​ព្រះ‌ទ័យ​រឭកចង់​ទៅ​ឯ​អាប់‌សា‌ឡំម ដោយ​ព្រោះ​បាន​ក្សាន្ត​ព្រះ‌ទ័យ​ពី​ដំណើរ​អាំណូន ដែល​សុគត​នោះ​ហើយ។