ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូអែល 19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. មាន​គេ​ទៅ​ជំរាប​ដល់​យ៉ូអាប់​ថា ស្តេច​ទ្រង់​ព្រះ‌កន្សែង​សោក​ទោមនស្ស​នឹង​អាប់‌សា‌ឡំម

2. ថ្ងៃ​នោះ​ឯង ការ​ជ័យ‌ជំនះ​ក៏​ត្រឡប់​ទៅ​ជា​សេចក្តី​ទុក្ខ​សោក ដល់​ពួក​ជន​ទាំង‌ឡាយ​វិញ ពី​ព្រោះ​នៅ​ថ្ងៃ​នោះ គេ​ឮ​ដំណឹង​ថា ស្តេច​ទ្រង់​សោក​ទោមនស្ស​នឹង​ព្រះ‌រាជ​បុត្រា

3. ដូច្នេះ នៅ​ថ្ងៃ​នោះ ប្រជា‌ជន​ចូល​មក​ក្នុង​ទី​ក្រុង​ដោយ​លួច​លាក់ ដូច​ជា​ពួក​មនុស្ស ដែល​លប​ចេញ​ពី​ទី​ចំបាំង​ទៅ ដោយ​ខ្មាស

4. ឯ​ស្តេច ទ្រង់​បិទ​ព្រះ‌ភក្ត្រ ស្រែក​ឡើង​ជា​ខ្លាំង​ថា ឱ​អាប់‌សា‌ឡំម កូន​អញ​អើយ ឱ​អាប់‌សា‌ឡំម កូន​អញ ជា​កូន​អញ​អើយ

5. គ្រា​នោះ យ៉ូអាប់​មក​ឯ​ស្តេច នៅ​ក្នុង​ព្រះ‌រាជ​មន្ទីរ​ទូល​ថា នៅ​ថ្ងៃ​នេះ ព្រះ‌ករុណា​បាន​ធ្វើ​ឲ្យ​ពួក​ប្រជា‌ជន​ទាំង‌ឡាយ ដែល​ជា​ពួក​អ្នក​បំរើ​ទ្រង់​មាន​សេចក្តី​ខ្មាស គឺ​ជា​ពួក​អ្នក​ដែល​បាន​ជួយ​សង្គ្រោះ​ដល់​ព្រះ‌ជន្ម​ព្រះ‌ករុណា និង​ព្រះ‌រាជ​បុត្រា បុត្រី ពួក​ភរិយា ហើយ​នឹង​ពួក​អ្នក‌ម្នាង របស់​ព្រះ‌ករុណា​នៅ​ថ្ងៃ​នេះ​ផង

6. ដោយ​ស្រឡាញ់​ដល់​ពួក​អ្នក​ដែល​ស្អប់​ទ្រង់ ហើយ​ក៏​ស្អប់​ដល់​ពួក​អ្នក​ដែល​ស្រឡាញ់​ទ្រង់​វិញ ដ្បិត​នៅ​ថ្ងៃ​នេះ ព្រះ‌ករុណា​បាន​សំដែង​ថា ទ្រង់​មិន​រាប់‌អាន​ដល់​ទាំង​ពួក​អ្នក​ធំ​តូច​ផង ហើយ​នៅ​ថ្ងៃ​នេះ ទូល‌បង្គំ​ក៏​យល់​ឃើញ​ថា បើ​អាប់‌សា‌ឡំម​នៅ​រស់​នៅ​ឡើយ ហើយ​យើង​ខ្ញុំ​ទាំង​អស់​គ្នា​បាន​ស្លាប់​ទៅ នោះ​នឹង​បាន​ជា​ទី​ពេញ​ដល់​ព្រះ‌ហឫ‌ទ័យ​ទ្រង់​ណាស់

7. ដូច្នេះ សូម​ព្រះ‌ករុណា​ក្រោក​ឡើង យាង​ចេញ​ទៅ​មាន​ព្រះ‌បន្ទូល​ឲ្យ​ពួក​អ្នក​បំរើ​ទ្រង់​ក្សាន្ត​ចិត្ត​ឥឡូវ​ចុះ ដ្បិត​ទូល‌បង្គំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ថា បើ​សិន​ជា​ទ្រង់​មិន​ធ្វើ​ដូច្នោះ​ទេ នោះ​នឹង​គ្មាន​អ្នក​ណា​មួយ នៅ​ជា​មួយ​នឹង​ទ្រង់ នៅ​យប់​នេះ​ឡើយ យ៉ាង​នោះ​នឹង​បាន​អាក្រក់​ដល់​ព្រះ‌ករុណា លើស​ជាង​អស់​ទាំង​ការ​អាក្រក់​ដែល​កើត​ដល់​ទ្រង់ តាំង​ពី​កុមារ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ​ទៅ​ទៀត

8. ដូច្នេះ ស្តេច​ទ្រង់​ក៏​ក្រោក​ឡើង យាង​ចេញ​ទៅ​គង់​នៅ​មាត់​ទ្វារ​ក្រុង ហើយ​មាន​គេ​ទៅ​ប្រកាស​ដល់​បណ្តា‌ជន​ទាំង‌ឡាយ​ថា មើល​ស្តេច​ទ្រង់​កំពុង​តែ​គង់​នៅ​មាត់​ទ្វារ នោះ​ពួក​បណ្តា‌ជន​ទាំង‌ឡាយ ក៏​មក​គាល់​នៅ​ចំពោះ​ស្តេច។

ស្តេច​ដាវីឌ​យាង​ចូល​ក្រុង​យេរូ‌សាឡិម

9. រីឯ​ពួក​អ៊ីស្រា‌អែល គេ​បាន​រត់​ទៅ​ឯ​ទី​លំនៅ​របស់​គេ​រៀង​ខ្លួន ហើយ​បណ្តា‌ជន​ទាំង‌ឡាយ​ក៏​កើត​វិវាទ​គ្នា នៅ​ពេញ​ក្នុង​ពូជ​អំបូរ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​ថា ស្តេច​ទ្រង់​បាន​ជួយ​ឲ្យ​យើង​រួច​ពី​កណ្តាប់​ដៃ​របស់​ពួក​ខ្មាំង​សត្រូវ​យើង ក៏​បាន​ជួយ​សង្គ្រោះ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​ពួក​ភីលីស្ទីន​ដែរ ឥឡូវ​នេះ ទ្រង់​បាន​រត់​ពី​មុខ​អាប់‌សា‌ឡំម ចេញ​ពី​នគរ​ទៅ

10. ឯ​អាប់‌សា‌ឡំម ដែល​យើង​បាន​ចាក់​ប្រេង​តាំង​ឲ្យ​សោយ‌រាជ្យ​លើ​យើង នោះ​បាន​សុគត​ក្នុង​សង្គ្រាម​ហើយ ដូច្នេះ ហេតុ​អ្វី​បាន​ជា​នៅ​ស្ងៀម មិន​ទៅ​នាំ​ស្តេច​ត្រឡប់​មក​វិញ។

11. ចំណែក​ស្តេច​ដាវីឌ ទ្រង់​ចាត់​គេ​ទៅ​ឯ​សាដុក និង​អ័បៀ‌ថើរ​ដ៏​ជា​សង្ឃ ដោយ​ព្រះ‌បន្ទូល​ថា ចូរ​សួរ​ដល់​ពួក​ចាស់‌ទុំ​នៃ​ពួក​យូដា​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​យឺត‌យូរ​ជាង​គេ ក្នុង​ការ​អញ្ជើញ​ស្តេច​មក​ក្នុង​ដំណាក់​វិញ​ដូច្នេះ ដ្បិត​សូរ‌សព្ទ ដែល​ពួក​អ៊ីស្រា‌អែល​កំពុង​តែ​និយាយ​គ្នា​នោះ បាន​ឮ​ទៅ​ដល់​ស្តេច​នៅ​ឯ​ព្រះ‌រាជ​មន្ទីរ​ហើយ

12. អ្នក​រាល់​គ្នា​ជា​ពួក​ញាតិ ហើយ​ជា​សាច់​ឈាម​នឹង​យើង​ផង ហេតុ​អ្វី​បាន​ជា​នៅ​យឺត‌យូរ​ជាង​គេ ក្នុង​ការ​អញ្ជើញ​ស្តេច​មក​វិញ​ដូច្នេះ

13. មួយ​ទៀត​ត្រូវ​ប្រាប់​ដល់​អ័ម៉ាសា​ថា តើ​អ្នក​មិន​មែន​ជា​សាច់​ឈាម​នឹង​យើង​ទេ​ឬ​អី បើ​យើង​មិន​បាន​លើក​អ្នក​ឡើង ឲ្យ​ធ្វើ​ជា​មេ‌ទ័ព​ជំនួយ​យ៉ូអាប់ នៅ​មុខ​យើង​ជា​ដរាប​ទៅ​ទេ នោះ​សូម​ឲ្យ​ព្រះ​ធ្វើ​ទោស​ដល់​យើង ហើយ​លើស​ទៅ​ទៀត​ផង

14. យ៉ាង​នោះ​ទ្រង់​បាន​បំពត់​ចិត្ត​របស់​ពួក​យូដា​ទាំង​អស់ ឲ្យ​ព្រម‌ព្រៀង​គ្នា​ដូច​ជា​មនុស្ស​តែ​ម្នាក់​វិញ ដល់​ម៉្លេះ​បាន​ជា​គេ​ចាត់​ទៅ​ឯ​ស្តេច​ទូល​ថា សូម​ព្រះ‌ករុណា​ទ្រង់​យាង​ត្រឡប់​មក ព្រម​ទាំង​ពួក​ទ្រង់​ផង

15. ដូច្នេះ ស្តេច​ក៏​យាង​ត្រឡប់​ទៅ​វិញ បាន​ដល់​ត្រឹម​ទន្លេ​យ័រដាន់ ឯ​ពួក​យូដា​គេ​ទៅ​ដល់​ក្រុង​គីល‌កាល ដើម្បី​នឹង​ទៅ​ទទួល​ស្តេច ហើយ​ចម្លង​ទ្រង់​ពី​ទន្លេ​យ័រដាន់​មក។

ស្តេច​ដាវីឌ​លើក​លែង​ទោស​លោក​ស៊ីម៉ាយ

16. រីឯ​ស៊ីម៉ាយ ជា​កូន​កេរ៉ា ក្នុង​ពូជ​អំបូរ​បេន‌យ៉ា‌មីន ដែល​នៅ​ភូមិ​បាហ៊ូរីម ក៏​ប្រញាប់​ចុះ​មក​ទទួល​ស្តេច​ដាវីឌ​ជា​មួយ​នឹង​ពួក​យូដា​ដែរ

17. មាន​ទាំង​ពួក​បេន‌យ៉ា‌មីន​១​ពាន់​នាក់ ហើយ​ស៊ីបា ជា​អ្នក​បំរើ​របស់​ព្រះ‌វង្ស​នៃ​សូល និង​កូន​ទាំង​១៥​នាក់ ព្រម​ទាំង​បាវ​បំរើ​គាត់​ទាំង​២០​នាក់ មក​ជា​មួយ​ផង គេ​នាំ​គ្នា​ឆ្លង​ទន្លេ​យ័រដាន់​ទៅ នៅ​ចំពោះ​ស្តេច

18. ក៏​មាន​ទូក​១​ឆ្លង​ទៅ​សំរាប់​នឹង​ទទួល​ចម្លង​ពួក​រាជ‌វង្ស​ស្តេច​មក ហើយ​នឹង​ធ្វើ​តាម​ព្រះ‌ទ័យ​ទ្រង់ នៅ​គ្រា​ដែល​ស្តេច​រៀប​ឆ្លង​ទន្លេ​យ័រដាន់​មក នោះ​ស៊ីម៉ាយ ជា​កូន​កេរ៉ា ក៏​ផ្តួល​ខ្លួន​ក្រាប​ចុះ នៅ​ចំពោះ​ទ្រង់ ទូល​ថា

19. បពិត្រ​ព្រះ‌អម្ចាស់ សូម​កុំ​ប្រកាន់​ទោស​ទូល‌បង្គំ​ឡើយ សូម​កុំ​រឭក​ដល់​សេចក្តី​អាក្រក់ ដែល​ទូល‌បង្គំ​ជា​បាវ​បំរើ​ទ្រង់ បាន​ប្រព្រឹត្ត​ដោយ​ល្មើស នៅ​ថ្ងៃ​ដែល​ទ្រង់​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ បាន​យាង​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ​នោះ ឬ​យក​ព្រះ‌ទ័យ​ទុក​ដាក់​ឲ្យ​សោះ

20. ដ្បិត​ទូល‌បង្គំ ជា​បាវ​បំរើ​នៃ​ទ្រង់​យល់​ឃើញ​ថា បាន​ធ្វើ​អាក្រក់​ហើយ ហេតុ​នោះ​បាន​ជា​ទូល‌បង្គំ​មក​ដល់ នៅ​ថ្ងៃ​នេះ មុន​ជាង​បណ្តា​វង្សា‌នុវង្ស​នៃ​យ៉ូសែប​ទៅ​ទៀត ដើម្បី​នឹង​ចុះ​មក​ទទួល​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ

21. តែ​អ័ប៊ី‌សាយ ជា​កូន​សេរូយ៉ា ចាប់​ពាក្យ​ទូល​ថា តើ​មិន​ត្រូវ​សំឡាប់​ស៊ីម៉ាយ ដោយ​ព្រោះ​បាន​ជេរ​ប្រមាថ ដល់​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ឲ្យ​ទេ​ឬ​អី

22. ប៉ុន្តែ ដាវីឌ​មាន​ព្រះ‌បន្ទូល​ថា ឱ​កូន​សេរូយ៉ា​រាល់​គ្នា​អើយ តើ​យើង​ត្រូវ​ការ​អ្វី​នឹង​ឯង បាន​ជា​ឯង​មក​ធ្វើ​ជា​អ្នក​ទាស់​ទទឹង​នឹង​យើង​នៅ​ថ្ងៃ​នេះ​ដូច្នេះ តើ​ត្រូវ​សំឡាប់​មនុស្ស​ក្នុង​ពួក​អ៊ីស្រា‌អែល​នៅ​ថ្ងៃ​នេះ​ឬ​អី ដ្បិត​តើ​យើង​មិន​ដឹង​ទេ​ឬ​អី​ថា នៅ​ថ្ងៃ​នេះ យើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល​វិញ​ហើយ

23. រួច​ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ស្បថ​នឹង​ស៊ីម៉ាយ​ថា ឯង​មិន​ត្រូវ​ស្លាប់​ទេ។

ស្តេច​ដាវីឌ​លើក​លែង​ទោស​មភីបូសែត

24. ចំណែក​មភីបូសែត ជា​ព្រះ‌វង្ស​សូល លោក​ក៏​ចុះ​ទៅ​ទទួល​ស្តេច​ដែរ លោក​មិន​បាន​មើល​ជំងឺ​ជើង ឬ​កាត់​ពុក‌ចង្កា ឬ​គក់​បោក​ខោ​អាវ​ឡើយ តាំង​តែ​ពី​ថ្ងៃ​ដែល​ស្តេច​ទ្រង់​ចាក​ចេញ​ទៅ ដរាប​ដល់​ថ្ងៃ​ដែល​ទ្រង់​យាង​មក​វិញ​ដោយ​សុខ‌សាន្ត

25. រីឯ​កាល​លោក​បាន​ទៅ​ដល់​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​គាល់​ស្តេច នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា មភីបូសែត​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​មិន​បាន​ទៅ​ជា​មួយ​នឹង​យើង

26. លោក​ក្រាប​ទូល​ថា បពិត្រ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​អើយ បាវ​ទូល‌បង្គំ​បាន​បញ្ឆោត​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ ជា​បាវ​បំរើ​នៃ​ទ្រង់ បាន​សំរេច​ថា នឹង​ចង​កែប​លា​ជិះ​ទៅ​ជា​មួយ​នឹង​ព្រះ‌ករុណា​ដែរ ពី​ព្រោះ​ទូល‌បង្គំ​ជា​មនុស្ស​ខ្វិន​ជើង

27. តែ​វា​បាន​ទូល​បង្កាច់​ទូល‌បង្គំ ជា​បាវ​បំរើ នៅ​ចំពោះ​ទ្រង់​វិញ ឯ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ ទ្រង់​ដូច​ជា​ទេវតា​នៃ​ព្រះ​ហើយ ដូច្នេះ សូម​ទ្រង់​សំរេច​តាម​តែ​ព្រះ‌ហឫ‌ទ័យ​ចុះ

28. ដ្បិត​ព្រះ‌វង្ស​នៃ​បិតា​ទូល‌បង្គំ បាន​ដូច​ជា​មនុស្ស​ស្លាប់​ហើយ នៅ​ចំពោះ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ ប៉ុន្តែ ទ្រង់​បាន​ប្រោស​ដំរូវ​ឲ្យ​ទូល‌បង្គំ ជា​បាវ​បំរើ​នៃ​ទ្រង់ បាន​នៅ​ក្នុង​ពួក​នាក់​ដែល​បរិភោគ នៅ​តុ​របស់​ទ្រង់ ដូច្នេះ តើ​ទូល‌បង្គំ​នៅ​មាន​ច្បាប់​អ្វី និង​ស្រែក​រក​ព្រះ‌ករុណា​ទៀត

29. ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា អ្នក​នៅ​និយាយ​ពី​រឿង​អ្នក​ទៀត​ធ្វើ​អី យើង​សំរេច​ថា ចូរ​ឲ្យ​អ្នក និង​ស៊ីបា​បែង‌ចែក​ស្រែ​ចំការ​គ្នា​ទៅ

30. មភីបូសែត​ទូល​ឆ្លើយ​ថា ឲ្យ​គេ​យក​ទាំង​អស់​ទៅ​ចុះ ពី​ព្រោះ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់ បាន​វិល​មក​ឯ​ដំណាក់ ដោយ​សុខ‌សាន្ត​ហើយ។

ស្តេច​ដាវីឌ​លើក​ទឹក​ចិត្ត​លោក​បារស៊ី‌ឡាយ

31. ឯ​បារស៊ី‌ឡាយ ជា​ពួក​កាឡាត លោក​ចុះ​ពី​ក្រុង​រ៉ូគី‌លីម មក​ឆ្លង​ទន្លេ​យ័រដាន់ ដើម្បី​នឹង​ជូន​ស្តេច​ទៅ​ត្រើយ​ម្ខាង​ដែរ

32. លោក​ជា​មនុស្ស​មាន​វ័យ​កន្លង​ហើយ មាន​អាយុ​៨០​ឆ្នាំ​គត់ លោក​បាន​ផ្គត់‌ផ្គង់​ស្បៀង​អាហារ​ថ្វាយ​ស្តេច ក្នុង​កាល​ដែល​ទ្រង់​គង់​នៅ​ស្រុក​ម៉ាហា‌ណែម ដ្បិត​លោក​ជា​អ្នក​មាន​ស្តុក

33. ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ថា សូម​អញ្ជើញ​ទៅ​ជា​មួយ​នឹង​ខ្ញុំ នោះ​ខ្ញុំ​នឹង​បី‌បាច់‌រក្សា​លោក នៅ​ឯ​ក្រុង​យេរូ‌សាឡិម

34. តែ​បារស៊ី‌ឡាយ​ទូល​ឆ្លើយ​ថា តើ​ទូល‌បង្គំ​នឹង​នៅ​រស់​បាន​ប៉ុន្មាន​ទៅ​ទៀត ដែល​នឹង​គួរ​តាម​ព្រះ‌ករុណា ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​នោះ

35. ថ្ងៃ​នេះ ទូល‌បង្គំ​មាន​អាយុ​៨០​ឆ្នាំ​ហើយ តើ​នឹង​អាច​សង្កេត​របស់​ល្អ​ពី​របស់​អាក្រក់​បាន​ឬ​អី តើ​ទូល‌បង្គំ ជា​បាវ​បំរើ​នៃ​ទ្រង់ អាច​នឹង​ភ្លក់​រស​នៃ​របស់​ដែល​ទទួល​ទាន ឬ​អាច​ស្តាប់​សំឡេង របស់​ពួក​ចំរៀង​ប្រុស​ស្រី​ទៀត​បាន​ឬ​ទេ ដូច្នេះ តើ​គួរ​អ្វី ឲ្យ​ទូល‌បង្គំ​បាន​នៅ​ផ្ទុក​លើ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​ទៀត

36. ទូល‌បង្គំ​ជា​បាវ​បំរើ​ទ្រង់ ចង់​គ្រាន់​តែ​ឆ្លង​ជូន​ព្រះ‌ករុណា ទៅ​ត្រឹម​ត្រើយ​ទន្លេ​យ័រដាន់​ម្ខាង​ប៉ុណ្ណោះ​ទេ ហេតុ​អ្វី​បាន​ជា​ចង់​សង​ទូល‌បង្គំ ដោយ​រង្វាន់​ជា​ធំ​ម៉្លេះ​ធ្វើ​អី

37. សូម​អនុញ្ញាត​ឲ្យ​ទូល‌បង្គំ ជា​បាវ​បំរើ​ទ្រង់​ត្រឡប់​ទៅ​វិញ​ចុះ ដើម្បី​ឲ្យ​បាន​ស្លាប់​នៅ​ឯ​ស្រុក​របស់​ទូល‌បង្គំ​ជិត​ផ្នូរ​នៃ​មាតា​បិតា​វិញ តែ​មើល នេះ​គីមហាំ ជា​អ្នក​បំរើ​ទ្រង់ សូម​ឲ្យ​វា​ឆ្លង​ទៅ​ជា​មួយ​នឹង​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​ចុះ ហើយ​សូម​ប្រោស​ដល់​វា តាម​ព្រះ‌ទ័យ​ផង

38. ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា គីមហាំ​នឹង​ឆ្លង​ទៅ​ជា​មួយ​នឹង​ខ្ញុំ​ពិត ខ្ញុំ​នឹង​ធ្វើ​គុណ​ដល់​គាត់ តាម​បំណង​ចិត្ត​លោក ហើយ​បើ​លោក​ត្រូវ​ការ​អ្វីៗ នោះ​ខ្ញុំ​នឹង​ជួយ​ទាំង​អស់​ដែរ

39. ដូច្នេះ បណ្តា‌ជន​ទាំង‌ឡាយ​បាន​ឆ្លង​ទន្លេ​យ័រដាន់​ផុត​ទៅ រួច​ស្តេច​ទ្រង់​ក៏​ឆ្លង​ទៅ​ដែរ ទ្រង់​ថើប​បារស៊ី‌ឡាយ ហើយ​ប្រទាន​ពរ​ដល់​លោក រួច​លោក​ក៏​ត្រឡប់​ទៅ​ឯ​ទី​លំនៅ​វិញ។

40. រីឯ​ស្តេច​ទ្រង់​យាង​ទៅ​ដល់​ក្រុង​គីល‌កាល ហើយ​គីមហាំ​ក៏​តាម​ទៅ​ដែរ ចំណែក​បណ្តា​ពួក​យូដា និង​ពួក​អ៊ីស្រា‌អែល​១​ចំហៀង គេ​ក៏​ដង្ហែ​ស្តេច​ទៅ។

ទំនាស់​រវាង​សាសន៍​យូដា និង​សាសន៍​អ៊ីស្រា‌អែល

41. នោះ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ គេ​មក​គាល់​ស្តេច ទូល​ថា ហេតុ​អ្វី​បាន​ជា​ពួក​យូដា ជា​បង​ប្អូន​យើង​ខ្ញុំ បាន​ទាក់​ព្រះ‌ទ័យ​ព្រះ‌ករុណា ដោយ​ចម្លង​ទ្រង់ ព្រម​ទាំង​ព្រះ‌រាជ​វង្សា​ទាំង​ប៉ុន្មាន និង​បណ្តា​ពួក​ទ័ព​ទ្រង់ ឆ្លង​ទន្លេ​យ័រដាន់​មក​ដូច្នេះ

42. ពួក​យូដា​ទាំង​ប៉ុន្មាន គេ​ឆ្លើយ​ទៅ​ពួក​អ៊ីស្រា‌អែល​ថា គឺ​ពី​ព្រោះ​ស្តេច​ជា​ញាតិ‌វង្ស​ជិត‌ដិត​នឹង​យើង​ទេ​តើ ដូច្នេះ ហេតុ​អ្វី​បាន​ជា​អាក់‌អន់​ចិត្ត​ដោយ​ព្រោះ​ការ​នេះ តើ​យើង​បាន​បរិភោគ​អ្វី​ដែល​ត្រូវ​ឲ្យ​ស្តេច​បង់‌ខាត ឬ​ទ្រង់​បាន​ប្រទាន​រង្វាន់​អ្វី​មក​យើង​ខ្លះ

43. តែ​ពួក​អ៊ីស្រា‌អែល​គេ​ឆ្លើយ​តប​ទៅ​ពួក​យូដា​វិញ​ថា យើង​មាន​ចំណែក​១០​ភាគ​ខាង​ស្តេច​ដែរ ហើយ​ខាង​ឯ​ដាវីឌ​នេះ យើង​មាន​ច្បាប់​លើស​ជាង​អ្នក​រាល់​គ្នា​ទៅ​ទៀត ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មើល‌ងាយ​យើង ដោយ​មិន​បាន​ពិគ្រោះ​នឹង​យើង​ជា​មុន ពី​ដំណើរ​នាំ​ស្តេច​មក ប៉ុន្តែ ពាក្យ​សំដី​របស់​ពួក​យូដា បាន​ម៉ឺង‌ម៉ាត់​ជាង​ពាក្យ​របស់​ពួក​អ៊ីស្រា‌អែល​វិញ។