ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូអែល 10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

សង្គ្រាម​ជា​មួយ​កូន​ចៅ​អាំម៉ូន និង​សាសន៍​ស៊ីរី

1. ក្រោយ​នោះ​មក ស្តេច​នៃ​ពួក​កូន​ចៅ​អាំម៉ូន​ទ្រង់​អស់​ព្រះ‌ជន្ម​ទៅ ហើយ​ហានូន ជា​បុត្រា​ទ្រង់ ក៏​ឡើង​សោយ‌រាជ្យ​ជំនួស

2. នោះ​ដាវីឌ​ទ្រង់​ព្រះ‌ដំរិះ​ថា អញ​នឹង​សំដែង​សេចក្តី​សប្បុរស ដល់​ហានូន កូន​ណា‌ហាស ដូច​ជា​បិតា​លោក​បាន​សំដែង​ដល់​អញ​ដែរ ដូច្នេះ ដាវីឌ​ក៏​ចាត់​ពួក​រាជ‌ទូត ឲ្យ​ទៅ​ជួយ​កំសាន្ត​ទុក្ខ​ទ្រង់ ពី​ដំណើរ​បិតា​សុគត ពួក​រាជ‌ទូត​របស់​ដាវីឌ ក៏​ចូល​ទៅ​ក្នុង​ស្រុក​នៃ​ពួក​កូន​ចៅ​អាំម៉ូន

3. ប៉ុន្តែ ពួក​មេ​របស់​កូន​ចៅ​អាំម៉ូន ទូល​ដល់​ហានូន​ជា​ម្ចាស់​គេ​ថា ទ្រង់​ជឿ​ថា ដាវីឌ​ចង់​លើក​មុខ​បិតា​ទ្រង់​ដោយ​ចាត់​ពួក​នេះ​មក​ជួយ​កំសាន្ត​ទុក្ខ​ទ្រង់​ឬ​អី ឯ​គំនិត​ដាវីឌ ដែល​ចាត់​ពួក​ទូត​នេះ ឲ្យ​មក​ដូច្នេះ គឺ​ដើម្បី​តែ​នឹង​ឈ្លប‌លប ហើយ​សង្កេត​មើល​ទី​ក្រុង រួច​រំលំ​ចេញ​ប៉ុណ្ណោះ​វិញ​ទេ​តើ

4. ដូច្នេះ ហានូន​ក៏​ចាប់​ពួក​ទូត​របស់​ដាវីឌ កោរ​ពុក‌ចង្កា​គេ​១​ចំហៀង ក៏​កាត់​អាវ​គេ​ផ្តាច់​ផ្នែក​ខាង​ក្រោម​នៅ​ត្រឹម​គូថ រួច​លែង​ឲ្យ​ទៅ​វិញ

5. កាល​ដំណឹង​នោះ​បាន​ជ្រាប​ដល់​ដាវីឌ នោះ​ទ្រង់​ក៏​ចាត់​មនុស្ស​ឲ្យ​ទៅ​ទទួល ដ្បិត​គេ​មាន​សេចក្តី​ខ្មាស​ណាស់ ស្តេច​ទ្រង់​បង្គាប់​ថា ចូរ​ស្នាក់​នៅ​ក្រុង​យេរីខូរ​សិន​ចុះ ចាំ​ទំរាំ​ពុក‌ចង្កា​ដុះ​ជា​ថ្មី​ឡើង រួច​សឹម​ត្រឡប់​មក​វិញ។

6. កាល​ពួក​កូន​ចៅ​អាំម៉ូន​ឃើញ​ថា ដាវីឌ​ត្រឡប់​ជា​ខ្ពើម​គេ​ហើយ នោះ​គេ​ក៏​ចាត់​ឲ្យ​ទៅ​ជួល​ពួក​សាសន៍​ស៊ីរី ពី​ក្រុង​បេត-រេហុប និង​ពី​ក្រុង​សូបា បាន​ពល​ថ្មើរ‌ជើង​២​ម៉ឺន​នាក់ និង​ស្តេច​ស្រុក​ម្អាកា ព្រម​ទាំង​ពល​១​ពាន់​នាក់ ហើយ​ពួក​ស្រុក​ថូប​១​ម៉ឺន​២​ពាន់​នាក់​ទៀត

7. កាល​ដាវីឌ​បាន​ជ្រាប​ហើយ នោះ​ទ្រង់​ចាត់​យ៉ូអាប់ និង​ពួក​ពល​ខ្លាំង​ពូកែ​ទាំង​អស់​ឲ្យ​ទៅ

8. ឯ​ពួក​កូន​ចៅ​អាំម៉ូន គេ​ក៏​ចេញ​មក​ត្រៀម​ពល នៅ​ត្រង់​មាត់​ទ្វារ​ក្រុង​ដើម្បី​ច្បាំង ឯ​ពួក​សាសន៍​ស៊ីរី​ពី​ក្រុង​សូបា និង​ក្រុង​រេហុប ហើយ​ពួក​ថូប និង​ពួក​ស្តេច​ម្អាកា គេ​នៅ​ឯ​វាល​ដោយ‌ឡែក។

9. រីឯ​យ៉ូអាប់ កាល​ឃើញ​ថា គេ​ចោម​ច្បាំង​នឹង​លោក​ពី​ខាង​មុខ​ខាង​ក្រោយ​ដូច្នោះ នោះ​លោក​ក៏​រើស​យក​ពួក​ជ្រើស‌រើស​ក្នុង​ពួក​អ៊ីស្រា‌អែល ចាត់​ទៅ​ឲ្យ​ដំរៀប​គ្នា ត​នឹង​ពួក​ស៊ីរី

10. ឯ​បណ្តា​ទ័ព​ដែល​សល់​នៅ នោះ​ក៏​ប្រគល់​ទៅ​ក្នុង​អំណាច​អ័ប៊ី‌សាយ ជា​ប្អូន ហើយ​ប្អូន​ក៏​ដំរៀប​ពល​ត​នឹង​ពួក​កូន​ចៅ​អាំម៉ូន

11. លោក​ប្រាប់​ថា បើ​សិន​ជា​ពួក​ស៊ីរី​មាន​កំឡាំង​ហួស​ពេក អញ​ឈ្នះ​គេ​មិន​បាន នោះ​ចូរ​ឯង​មក​ជួយ​អញ​ផង បើ​ពួក​កូន​ចៅ​អាំម៉ូន​មាន​កំឡាំង​ហួស​ពេក ឯង​ឈ្នះ​គេ​មិន​បាន នោះ​អញ​នឹង​ទៅ​ជួយ​ឯង​វិញ

12. ចូរ​ឲ្យ​យើង​រាល់​គ្នា​មាន​ចិត្ត​ក្លាហាន​ឡើង ហើយ​មាន​កំឡាំង​ចុះ ដោយ​ព្រោះ​សាសន៍​យើង និង​ទី​ក្រុង​របស់​ព្រះ​នៃ​យើង​ផង សូម​ឲ្យ​ព្រះ‌យេហូវ៉ា​សំរេច​សេចក្តី តាម​ព្រះ‌ហឫ‌ទ័យ​ទ្រង់​ចុះ

13. ដូច្នេះ យ៉ូអាប់ និង​ពួក​ពល ដែល​នៅ​ជា​មួយ​ក៏​ចូល​ទៅ​តស៊ូ​នឹង​ពួក​ស៊ីរី ហើយ​គេ​បាក់​ទ័ព​រត់​ពី​មុខ​លោក​ចេញ​ទៅ

14. កាល​ពួក​កូន​ចៅ​អាំម៉ូន​បាន​ឃើញ​ថា ពួក​ស៊ីរី​បាក់​ទ័ព​ហើយ នោះ​គេ​ក៏​រត់​ចេញ​ពី​មុខ​អ័ប៊ី‌សាយ​ដែរ នាំ​គ្នា​ចូល​ទៅ​ក្នុង​ទី​ក្រុង​វិញ រួច​យ៉ូអាប់​ក៏​ត្រឡប់​ពី​ពួក​កូន​ចៅ​អាំម៉ូន វិល​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ។

15. កាល​ពួក​ស៊ីរី​ឃើញ​ថា បាន​ចាញ់​ពួក​អ៊ីស្រា‌អែល​ហើយ នោះ​ក៏​មូល​គ្នា

16. ហើយ​ហាដា‌រេ‌ស៊ើរ​ចាត់​ទូត​ឲ្យ​ទៅ​អង្វរ​បាន​ពួក​ស៊ីរី ដែល​នៅ​ខាង​នាយ​ទន្លេ នាំ​ចេញ​មក​ជួយ ក៏​ទន្ទ្រាន​ចូល​ស្រុក​ហេឡាម មាន​សូបាក ជា​មេ‌ទ័ព​ធំ​របស់​ហាដា‌រេ‌ស៊ើរ ជា​អ្នក​នាំ​មុខ

17. កាល​ដាវីឌ​ទ្រង់​ជ្រាប នោះ​ក៏​ប្រមូល​ពួក​ទ័ព​អ៊ីស្រា‌អែល​ទាំង​អស់ ឆ្លង​ទន្លេ​យ័រដាន់ ទៅ​ដល់​ស្រុក​ហេឡាម ពួក​ស៊ីរី​គេ​ក៏​ត្រៀម​ពល​ត​នឹង​ដាវីឌ

18. តែ​គេ​បាក់​ទ័ព​រត់​ចេញ​ពី​មុខ​ពួក​អ៊ីស្រា‌អែល​ទៅ ហើយ​ដាវីឌ​បាន​សំឡាប់​ពួក​គេ ដែល​នៅ​រទេះ​ចំបាំង​អស់​៧០០​រទេះ និង​ពួក​ពល​សេះ​៤​ម៉ឺន​នាក់ ក៏​ប្រហារ​សូបាក ជា​មេ‌ទ័ព​គេ ឲ្យ​ស្លាប់​នៅ​ទី​នោះ​ដែរ

19. កាល​ពួក​ស្តេច​ទាំង​ប៉ុន្មាន ដែល​នៅ​ក្រោម​អំណាច​ហាដា‌រេ‌ស៊ើរ​ឃើញ​ថា ខ្លួន​ចាញ់​ពួក​អ៊ីស្រា‌អែល​ហើយ នោះ​ក៏​ចង​ជា​ស្ពាន​មេត្រី​នឹង​ពួក​អ៊ីស្រា‌អែល ហើយ​ចំណុះ​គេ​វិញ ដូច្នេះ ពួក​ស៊ីរី​មិន​ហ៊ាន​ជួយ​ពួក​កូន​ចៅ​អាំម៉ូន​ទៀត​ឡើយ។