ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូអែល 15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ស្តេច​អាប់‌សា‌ឡំម​ប៉ុន‌ប៉ង​ដណ្តើម​រាជ្យ

1. រួច​អំពី​នោះ​មក អាប់‌សា‌ឡំម​ទ្រង់​ចាត់‌ចែង​រទេះ និង​សេះ ហើយ​មនុស្ស​៥០​នាក់ សំរាប់​រត់​ខាង​មុខ​ទ្រង់

2. ទ្រង់​ក៏​តែង​តើន​ឡើង​ពី​ព្រលឹម យាង​ទៅ​ឈរ​នៅ​មាត់​ថ្នល់​ដែល​ចូល​តាម​ទ្វារ​ក្រុង បើ​កាល​ណា​មាន​អ្នក​ណា​មាន​ក្តី ដែល​ត្រូវ​បញ្ជូន​ទៅ​ថ្វាយ​ស្តេច​ឲ្យ​ជំនុំ‌ជំរះ នោះ​អាប់‌សា‌ឡំម ទ្រង់​ហៅ​អ្នក​នោះ​មក​សួរ​ថា អ្នក​មក​ពី​ស្រុក​ណា គេ​ទូល​ឆ្លើយ​ថា ទូល‌បង្គំ ជា​អ្នក​បំរើ​នៃ​ទ្រង់ មក​ពី​ពូជ​អំបូរ​ណា​មួយ​ក្នុង​សាសន៍​អ៊ីស្រា‌អែល

3. ទើប​អាប់‌សា‌ឡំម​មាន​ព្រះ‌បន្ទូល​ថា មើល ដំណើរ​រឿង​របស់​អ្នក​ជា​ល្អ​ត្រឹម‌ត្រូវ​ហើយ តែ​ស្តេច​មិន​បាន​តាំង​អ្នក​ណា ឲ្យ​ស្តាប់​រឿង​អ្នក​ទេ

4. អាប់‌សា‌ឡំម​ក៏​មាន​ព្រះ‌បន្ទូល​ថែម​ទៀត​ថា ឱ​បើ​យើង​បាន​ធ្វើ​ជា​ចៅ‌ហ្វាយ​នៅ​ក្នុង​នគរ​នេះ​ទៅ​អេះ នោះ​អស់​អ្នក​ណា​ដែល​មាន​រឿង​មាន​ក្តី​នឹង​បាន​មក​ឯ​យើង ហើយ​យើង​នឹង​ជំនុំ‌ជំរះ​ឲ្យ​គេ​តាម​យុត្តិ‌ធម៌

5. នៅ​គ្រា​នោះ បើ​មាន​អ្នក​ណា​មក​ថ្វាយ‌បង្គំ​ដល់​ទ្រង់ នោះ​ទ្រង់​ក៏​លូក​ព្រះ‌ហស្ត​ទៅ​ចាប់​ទាញ​មក​ថើប​អ្នក​នោះ

6. អាប់‌សា‌ឡំម​ទ្រង់​តែង​ប្រព្រឹត្ត​យ៉ាង​នេះ ដល់​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ដែល​នាំ​រឿង​មក​ថ្វាយ​ស្តេច​ឲ្យ​ជំនុំ‌ជំរះ ដូច្នេះ ទ្រង់​បាន​ទាក់​ចិត្ត​ពួក​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង‌ឡាយ។

7. គ្រា​កន្លង​ដល់​ចុង​ឆ្នាំ​ទី​៤០នោះ​អាប់‌សា‌ឡំម​ទូល​ស្តេច​ថា សូម​ទ្រង់​អនុញ្ញាត​ឲ្យ​ទូល‌បង្គំ​ទៅ​ឯ​ក្រុង​ហេប្រុន ដើម្បី​នឹង​លា​បំណន់ ដែល​ទូល‌បង្គំ​បាន​បន់​ដល់​ព្រះ‌យេហូវ៉ា

8. ដ្បិត​កាល​ទូល‌បង្គំ ជា​អ្នក​បំរើ​ទ្រង់ នៅ​ស្រុក​កេស៊ូរី-អើរ៉ាម​នៅ​ឡើយ នោះ​ទូល‌បង្គំ​បាន​បន់​ទុក​ថា បើ​កាល​ណា​ព្រះ‌យេហូវ៉ា​នាំ​ទូល‌បង្គំ ត្រឡប់​មក​ឯ​ក្រុង​យេរូ‌សាឡិម​វិញ នោះ​ទូល‌បង្គំ​នឹង​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា

9. ដូច្នេះ ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ទៅ​ដោយ​សុខ‌សាន្ត​ចុះ នោះ​ទ្រង់​ក៏​ក្រោក​ឡើង​ទៅ​ឯ​ក្រុង​ហេប្រុន

10. រួច​ចាត់​មនុស្ស​ឲ្យ​ទៅ​ពេញ​ក្នុង​ពូជ​អំបូរ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ប្រាប់​ដោយ​សំងាត់​ថា កាល​ណា​ឮ​សូរ​ផ្លុំ​ត្រែ នោះ​ត្រូវ​ស្រែក​ប្រកាស​ឡើង​ថា អាប់‌សា‌ឡំម ទ្រង់​បាន​សោយ‌រាជ្យ នៅ​ក្រុង​ហេប្រុន​ហើយ

11. មាន​មនុស្ស​២០០​នាក់​ចេញ​ពី​ក្រុង​យេរូ‌សាឡិម ទៅ​ជា​មួយ​នឹង​អាប់‌សា‌ឡំម ទ្រង់​បាន​អញ្ជើញ​គេ​ទៅ គេ​ក៏​ទៅ​ដោយ​ចិត្ត​ត្រង់ ឥត​ដឹង​ការ​អ្វី​ឡើយ

12. ហើយ​កំពុង​ដែល​អាប់‌សា‌ឡំម​ថ្វាយ​យញ្ញ‌បូជា នោះ​ទ្រង់​ក៏​ចាត់​គេ ឲ្យ​ទៅ​ហៅ​អ័ហ៊ី‌ថូ‌ផែល ជា​អ្នក​ស្រុក​គីឡោ ដែល​ជា​បុរោ‌ហិត​របស់​ដាវីឌ ឲ្យ​មក​ពី​គីឡោ ជា​ក្រុង​របស់​ខ្លួន​ដែរ ការ​ក្បត់​នេះ ក៏​បាន​កើត​កាន់​តែ​ខ្លាំង​ឡើង ដ្បិត​មាន​ប្រជា‌ជន​ចុះ​ចូល​ខាង​អាប់‌សា‌ឡំម រឹត​តែ​ច្រើន​ឡើង។

ស្តេច​ដាវីឌ​ភៀស‌ខ្លួន​ចេញ​ពី​ក្រុង​យេរូ‌សាឡិម

13. គ្រា​នោះ មាន​ម្នាក់​នាំ​ដំណឹង​មក​ក្រាប​ទូល​ដាវីឌ​ថា ពួក​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា មាន​ចិត្ត​និយម​ទៅ​តាម​អាប់‌សា‌ឡំម​ហើយ

14. ដូច្នេះ ដាវីឌ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​មហា‌តលិក​ទ្រង់​ទាំង​ប៉ុន្មាន ដែល​នៅ​ក្រុង​យេរូ‌សាឡិម ជា​មួយ​នឹង​ទ្រង់​ថា ចូរ​យើង​នាំ​គ្នា​រត់​ចេញ​ទៅ ពុំ​នោះ នឹង​គ្មាន​ពួក​យើង​ណា​មួយ បាន​រួច​ពី​អាប់‌សា‌ឡំម​ឡើយ ចូរ​ប្រញាប់‌ប្រញាល់​ចេញ​ទៅ​ចុះ ក្រែង​លោ​វា​មក​ទាន់ ធ្វើ​អាក្រក់​ដល់​យើង​រាល់​គ្នា ហើយ​ប្រហារ​ពួក​ក្រុង​ដោយ​មុខ​ដាវ

15. ពួក​មហា‌តលិក​របស់​ស្តេច​ទូល​ថា បពិត្រ ព្រះ‌ករុណា ទូល‌បង្គំ​រាល់​គ្នា​ប្រុង​ប្រៀប នឹង​ធ្វើ​តាម​តែ​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​ហើយ

16. នោះ​ស្តេច​ទ្រង់​ក៏​យាង​ចេញ​ទៅ ព្រម​ទាំង​ពួក​វង្សា‌នុវង្ស​ទាំង​អស់​ផង បាន​ទុក​នៅ​តែ​ស្រី​អ្នក‌ម្នាង​១០​នាក់ ឲ្យ​រក្សា​ដំណាក់​ប៉ុណ្ណោះ

17. ស្តេច​ទ្រង់​យាង​ចេញ​ទៅ​មាន​ទាំង​ពួក​ទ្រង់​ទាំង​អស់ ដើរ​ទៅ​តាម ឯ​ទ្រង់​ក៏​ឈប់​នៅ​ត្រង់​ផ្ទះ​ដែល​នៅ​ទី​បំផុត

18. ហើយ​ពួក​មហា‌តលិក​ទ្រង់​ទាំង​ប៉ុន្មាន​គេ​ដើរ​មក​ឈរ​អម​ទ្រង់ រួច​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម​ទាំង​ប៉ុន្មាន ព្រម​ទាំង​ពួក​កាថ ចំនួន​៦០០​នាក់ ដែល​បាន​មក​តាម​ទ្រង់​ពី​ក្រុង​កាថ គេ​ក៏​ដើរ​កាត់​នៅ​ចំពោះ​ទ្រង់​ទៅ។

19. ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​អ៊ីត‌តាយ ជា​ពួក​ក្រុង​កាថ​ថា ហេតុ​អ្វី​បាន​ជា​អ្នក​មក​ជា​មួយ​នឹង​ពួក​យើង​ដូច្នេះ ចូរ​ត្រឡប់​ទៅ​នៅ​ជា​មួយ​នឹង​ស្តេច​ចុះ ដ្បិត​អ្នក​ជា​សាសន៍​ដទៃ បាន​ត្រូវ​និរទេស​ចោល​ស្រុក​របស់​ខ្លួន​មក ដូច្នេះ ចូរ​វិល​ទៅ​វិញ​ចុះ

20. ដែល​អ្នក​ទើប​នឹង​មក​ពី​ម្សិល‌មិញ តើ​ថ្ងៃ​នេះ​គួរ​ឲ្យ​យើង នាំ​អ្នក​មក​ដើរ​សាត់‌ព្រាត់ ទៅ​ជា​មួយ​នឹង​យើង ដែល​យើង​ក៏​មិន​ដឹង​ជា​ទៅ​ឯ​ណា​ផង​ឬ​អី ចូរ​ត្រឡប់​ទៅ​វិញ ហើយ​នាំ​បង​ប្អូន​អ្នក​ទៅ​ផង សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​សេចក្តី​មេត្តា‌ករុណា និង​សេចក្តី​ពិត​ត្រង់​ចុះ

21. តែ​អ៊ីត‌តាយ​ទូល​តប​ថា ទូល‌បង្គំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ និង​ទ្រង់​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​ដ៏​មាន​ព្រះ‌ជន្មាយុ​ថា នៅ​កន្លែង​ណា​ដែល​ទ្រង់​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​គង់​នៅ ទោះ​បើ​ស្លាប់​ឬ​រស់​ក្តី នោះ​ទូល‌បង្គំ ជា​បាវ​បំរើ​ទ្រង់ និង​នៅ​ទី​នោះ​ដែរ

22. ដូច្នេះ ដាវីឌ​មាន​ព្រះ‌បន្ទូល​ប្រាប់​ថា ចូរ​ឆ្លង​ទៅ​ចុះ នោះ​អ៊ីត‌តាយ ជា​អ្នក​ក្រុង​កាថ ព្រម​ទាំង​ពួក​លោក និង​កូន​ចៅ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ ក៏​នាំ​គ្នា​ឆ្លង​ទៅ

23. ពួក​អ្នក​ទាំង​ប៉ុន្មាន​នៅ​ស្រុក​នោះ គេ​នាំ​គ្នា​យំ​ដោយ​សំឡេង​ជា​ខ្លាំង ហើយ​បណ្តា‌ជន​ទាំង‌ឡាយ​ក៏​ឆ្លង​ទៅ ឯ​ស្តេច ទ្រង់​យាង​ឆ្លង​ជ្រោះ​កេដ្រុន​ដែរ គ្រប់​គ្នា​ឆ្លង​ទៅ តាម​ផ្លូវ​ដែល​នាំ​ទៅ​ឯ​ទី​រហោ‌ស្ថាន។

24. រីឯ​សាដុក លោក​ក៏​មក​ដែរ ព្រម​ទាំង​ពួក​លេវី​ទាំង​អស់ ដែល​សែង​ហឹប​នៃ​សេចក្តី​សញ្ញា​របស់​ព្រះ​ផង គេ​ក៏​ដាក់​ហឹប​នៃ​ព្រះ​ចុះ ហើយ​អ័បៀ‌ថើរ​លោក​ឡើង​ទៅ ដរាប​ដល់​ពួក​បណ្តា‌ជន បាន​ចាក‌ចេញ​ផុត​ពី​ទី​ក្រុង​ទាំង​អស់​ទៅ

25. រួច​ស្តេច​មាន​ព្រះ‌បន្ទូល​ទៅ​សាដុក​ថា ចូរ​នាំ​យក​ហឹប​នៃ​ព្រះ​ត្រឡប់​ទៅ​ឯ​ទី​ក្រុង​វិញ​ទៅ បើ​សិន​ជា​យើង នឹង​បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ព្រះ‌យេហូវ៉ា នោះ​មុខ​ជា​ទ្រង់​នឹង​នាំ​យើង​មក​វិញ ឲ្យ​បាន​ឃើញ​ទាំង​ហឹប​នេះ និង​ទី​លំនៅ​របស់​ទ្រង់​ផង

26. តែ​បើ​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ដូច្នេះ​ថា អញ​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ឯង​ទេ នោះ​មើល យើង​នេះ​ហើយ សូម​ទ្រង់​ប្រព្រឹត្ត​នឹង​យើង តាម​ព្រះ‌ហឫ‌ទ័យ​ចុះ

27. ស្តេច​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​សាដុក​ដ៏​ជា​សង្ឃ​ទៀត​ថា លោក​ជា​អ្នក​មើល‌ឆុត ដូច្នេះ ចូរ​ត្រឡប់​ទៅ​ក្នុង​ទី​ក្រុង​វិញ​ដោយ​សុខ‌សាន្ត​ចុះ នាំ​ទាំង​អ័ហ៊ីម៉ាស កូន​លោក និង​យ៉ូណា‌ថាន ជា​កូន​អ័បៀ‌ថើរ ទៅ​ជា​មួយ​ផង

28. ឯ​យើងៗ​នឹង​ចាំ​នៅ​ត្រង់​វាល​នៃ​ទី​រហោ‌ស្ថាន ដរាប​ដល់​មាន​ដំណឹង​មក​បញ្ជាក់​ដល់​យើង

29. ដូច្នេះ សាដុក និង​អ័បៀ‌ថើរ ក៏​សែង​ហឹង​នៃ​ព្រះ​ទៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​វិញ ហើយ​ក៏​នៅ​ទី​នោះ។

ស្តេច​ដាវីឌ​ចាត់​ហ៊ូសាយ​ទៅ​ស៊ើប‌ការណ៍​ពី​ស្តេច​អាប់‌សា‌ឡំម

30. ឯ​ដាវីឌ ទ្រង់​យាង​ឡើង​ទៅ​តាម​ផ្លូវ​ភ្នំ​ដើម​អូលីវ ទាំង​ទ្រង់​ព្រះ‌កន្សែង​បណ្តើរ ទ្រង់​ទទូរ​ព្រះ‌សិរ ហើយ​យាង​ទៅ​ដោយ​ព្រះ‌បាទ​ទទេ ឯ​ពួក​អ្នក​ដែល​នៅ​ជា​មួយ​នឹង​ទ្រង់ ក៏​ឡើង​ទៅ​ទាំង​ទទូរ​ក្បាល ហើយ​យំ​បណ្តើរ​ដែរ

31. មាន​ម្នាក់​ទូល​ដាវីឌ​ថា អ័ហ៊ី‌ថូ‌ផែល​ក៏​នៅ​ក្នុង​ពួក​ក្បត់​នោះ ជា​មួយ​នឹង​អាប់‌សា‌ឡំម​ដែរ នោះ​ដាវីឌ​អធិស្ឋាន​ទូល​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​បំផ្លាស់​បំប្រែ​សេចក្តី​ទូន្មាន​របស់​អ័ហ៊ី‌ថូ‌ផែល ឲ្យ​ទៅ​ជា​ផ្តេស‌ផ្តាស​វិញ​ទៅ

32. កាល​ដាវីឌ​បាន​យាង​ដល់​លើ​កំពូល​ភ្នំ ជា​កន្លែង​ដែល​ទ្រង់​ធ្លាប់​ថ្វាយ‌បង្គំ​ព្រះ នោះ​ឃើញ​ហ៊ូសាយ ជា​ពួក​អើគី​ចូល​មក​នៅ​ចំពោះ​ទ្រង់ ទាំង​មាន​អាវ​រហែក និង​ដី​នៅ​លើ​ក្បាល

33. ដាវីឌ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ថា បើ​អ្នក​ទៅ​ជា​មួយ​នឹង​យើង នោះ​អ្នក​នឹង​បាន​ជា​បន្ទុក​ដល់​យើង​ទេ

34. តែ​បើ​សិន​ជា​អ្នក​ត្រឡប់​ទៅ​ឯ​ទី​ក្រុង​វិញ ហើយ​ទូល​ដល់​អាប់‌សា‌ឡំម​ថា បពិត្រ​ព្រះ‌ករុណា ទូល‌បង្គំ​សូម​ថ្វាយ​ខ្លួន​ធ្វើ​ជា​ខ្ញុំ​បំរើ​របស់​ទ្រង់ ដូច​ជា​បាន​ធ្វើ​ជា​ខ្ញុំ​បំរើ​ដល់​ព្រះ‌បិតា​ទ្រង់​កាល​ពី​ដើម​ដែរ បើ​ធ្វើ​ដូច្នេះ នោះ​អ្នក នឹង​អាច​ឈ្នះ​សេចក្តី​ទូន្មាន​របស់​អ័ហ៊ី‌ថូ‌ផែល​ឲ្យ​យើង​បាន

35. នៅ​ទី​នោះ អ្នក​ក៏​មាន​សាដុក និង​អ័បៀ‌ថើរ​ដ៏​ជា​សង្ឃ​នៅ​ជា​មួយ​ដែរ យ៉ាង​នោះ ការ​អ្វី​ដែល​អ្នក​ឮ​ពី​ក្នុង​ដំណាក់​ស្តេច​មក នោះ​ចូរ​សា‌សព្ទ​ប្រាប់​ដល់​សាដុក និង​អ័បៀ‌ថើរ​ដ៏​ជា​សង្ឃ

36. លោក​ទាំង​២​នោះ​មាន​កូន​២​នាក់​នៅ​ជា​មួយ គឺ​អ័ហ៊ីម៉ាស ជា​កូន​សាដុក និង​យ៉ូណា‌ថាន ជា​កូន​អ័បៀ‌ថើរ ត្រូវ​ឲ្យ​អ្នក​ចាត់​មក ឲ្យ​យើង​ដឹង​ពី​គ្រប់​សេចក្តី ដែល​អ្នក​ឮ

37. ដូច្នេះ ហ៊ូសាយ ជា​សំឡាញ់​របស់​ដាវីឌ ក៏​ត្រឡប់​ទៅ​ក្នុង​ទី​ក្រុង​វិញ ឯ​អាប់‌សា‌ឡំម​ទ្រង់​ក៏​យាង​ចូល​មក ដល់​ក្រុង​យេរូ‌សាឡិម​ដែរ។