ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូអែល 12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ហោរា​ណាថាន់​ទូល​ស្តេច​ដាវីឌ​ឲ្យ​ស្គាល់​កំហុស

1. ព្រះ‌យេហូវ៉ា​ទ្រង់​ចាត់​ណាថាន់ ឲ្យ​ទៅ​ឯ​ដាវីឌ​លោក​ក៏​ទៅ​គាល់​ទ្រង់ ទូល​ដូច្នេះ​ថា នៅ​ទី​ក្រុង​១​មាន​មនុស្ស​២​នាក់ ម្នាក់​ជា​អ្នក​មាន ម្នាក់​ក្រីក្រ

2. អ្នក​ដែល​មាន​នោះ មាន​ចៀម ហើយ​នឹង​គោ​យ៉ាង​សន្ធឹក

3. តែ​អ្នក​ដែល​ក្រ​គ្មាន​អ្វី​សោះ មាន​តែ​កូន​ចៀម​១ ដែល​បាន​ទិញ​មក​ចិញ្ចឹម​ប៉ុណ្ណោះ កូន​ចៀម​នោះ​ក៏​ចំរើន​ធំ​ឡើង​នៅ​ជា​មួយ​នឹង​គាត់ ហើយ​នឹង​កូន​គាត់ វា​តែង​ស៊ី​អាហារ ហើយ​ផឹក​ពី​ពែង​របស់​គាត់ ក៏​ដេក​នៅ​នា​ដើម​ទ្រូង​គាត់​ដែរ គាត់​ទុក​វា​ដូច​ជា​កូន​ស្រី​របស់​ខ្លួន

4. គ្រា​នោះ មាន​អ្នក​ដំណើរ​ម្នាក់​មក​ឯ​មនុស្ស​អ្នក​មាន​នោះ តែ​អ្នក​មាន​មិន​ព្រម​យក​សត្វ​ណា​មួយ​ពី​ហ្វូង​ចៀម​ហ្វូង​គោ​របស់​ខ្លួន ដើម្បី​នឹង​ចាត់‌ចែង​រៀប‌ចំ​ទទួល​អ្នក​ដំណើរ ដែល​មក​ឯ​ខ្លួន​នោះ​ទេ គឺ​បាន​ចាប់​យក​កូន​ចៀម​របស់​អ្នក​ក្រីក្រ​នោះ ទៅ​ចាត់‌ចែង​ទទួល​អ្នក​ដែល​មក​នោះ​វិញ

5. ដូច្នេះ ដាវីឌ​ទ្រង់​មាន​សេចក្តី​ខ្ញាល់​ក្តៅ​ឡើង​ចំពោះ​អ្នក​នោះ​ជា​ខ្លាំង ក៏​មាន​ព្រះ‌បន្ទូល​ទៅ​ណាថាន់​ថា យើង​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា មនុស្ស​ណា​ដែល​ប្រព្រឹត្ត​ដូច្នោះ​គួរ​ស្លាប់​ហើយ

6. ត្រូវ​ឲ្យ​វា​សង​១​ជា​៤​ជំនួស​ចៀម​នោះ ដោយ​ព្រោះ​បាន​ប្រព្រឹត្ត​ឥត​ប្រណី​ដូច្នោះ។

7. នោះ​ណាថាន់​ទូល​តប​ថា ឯ​មនុស្ស​នោះ គឺ​ជា​អង្គ​ទ្រង់​នេះ​ហើយ ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អញ​បាន​ចាក់​ប្រេង​តាំង​ឯង​ឡើង​ជា​ស្តេច​នៃ​សាសន៍​អ៊ីស្រា‌អែល ក៏​បាន​ជួយ​ឯង​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​សូល

8. ហើយ​បាន​ប្រគល់​ដំណាក់ និង​ប្រពន្ធ​ទាំង​ប៉ុន្មាន​របស់​ចៅ‌ហ្វាយ​ឯង មក​ឲ្យ​ឯង​ឱប​នៅ​នា​ទ្រូង ព្រម​ទាំង​ឲ្យ​ពូជ‌ពង្ស​អ៊ីស្រា‌អែល និង​យូដា មក​ក្នុង​អំណាច​ឯង​ដែរ បើ​នៅ​មិន​ល្មម​គ្រាន់ នោះ​អញ​នឹង​បន្ថែម​យ៉ាង​នេះ​មួយៗ​ឲ្យ​ថែម​ទៀត

9. ហេតុ​អ្វី​បាន​ជា​ឯង​មើល‌ងាយ ឆ្ពោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដោយ​ប្រព្រឹត្ត​ការ​អាក្រក់ នៅ​ព្រះ‌នេត្រ​ទ្រង់​ដូច្នេះ ឯង​បាន​សំឡាប់​អ៊ូរី ជា​សាសន៍​ហេត​ដោយ​ដាវ ក៏​ក្បត់​យក​ប្រពន្ធ​គាត់​មក​ធ្វើ​ជា​ប្រពន្ធ​ឯង ហើយ​សំឡាប់​គាត់​ដោយ​ដាវ​របស់​ពួក​កូន​ចៅ​អាំម៉ូន

10. ដូច្នេះ ដាវ​មិន​ដែល​ឃ្លាត​ពី​គ្រួ​ឯង​ឡើយ ដ្បិត​ឯង​បាន​មើល‌ងាយ​ដល់​អញ ហើយ​បាន​យក​ប្រពន្ធ​របស់​អ៊ូរី​ជា​សាសន៍​ហេត មក​ធ្វើ​ជា​ប្រពន្ធ​របស់​ឯង

11. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចាំ​មើល អញ​នឹង​បណ្តាល​ឲ្យ​មាន​ការ​អាក្រក់​កើត​ឡើង ពី​ក្នុង​គ្រួ​ឯង ឲ្យ​ទាស់​នឹង​ឯង ក៏​នឹង​យក​ពួក​ប្រពន្ធ​ទាំង​ប៉ុន្មាន​របស់​ឯង ប្រគល់​ឲ្យ​ដល់​អ្នក​ជំនិត​ឯង​នៅ​មុខ​ឯង​ផង អ្នក​នោះ​នឹង​រួម​ដំណេក និង​ប្រពន្ធ​ឯង​ទាំង​នោះ នៅ​ទី​ពន្លឺ​ថ្ងៃ

12. ដ្បិត​ឯង​បាន​ធ្វើ​ការ​នោះ​ដោយ​សំងាត់ តែ​អញ​នឹង​ធ្វើ​ការ​នេះ​នៅ​ទី​ពន្លឺ​វិញ ឲ្យ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​បាន​ឃើញ

13. រួច​ដាវីឌ​មាន​ព្រះ‌បន្ទូល​ទៅ​ណាថាន់​ថា យើង​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​ហើយ ណាថាន់​ក៏​ទូល​តប​ថា ព្រះ‌យេហូវ៉ា​ក៏​បាន​ប្រោស​លើក​ទោស​ទ្រង់​ចោល​ដែរ ទ្រង់​មិន​ត្រូវ​សុគត​ទេ

14. ប៉ុន្តែ ដោយ​ប្រព្រឹត្ត​អំពើ​យ៉ាង​នោះ ទ្រង់​បាន​ឲ្យ​ពួក​ខ្មាំង​សត្រូវ​នៃ​ព្រះ‌យេហូវ៉ា មាន​ឱកាស និង​ត្មះ‌តិះដៀល​ជា​ខ្លាំង បាន​ជា​បុត្រ​ដែល​ត្រូវ​ប្រសូត​មក​នោះ និង​សុគត​ទៅ​ជា​ពិត​ប្រាកដ រួច​ណាថាន់​ក៏​វិល​ទៅ​ផ្ទះ​លោក​វិញ​ទៅ។

កូន​របស់​នាង​បាត‌សេបា​ស្លាប់

15. ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រហារ​បុត្រ ដែល​ប្រពន្ធ​អ៊ូរី​បាន​បង្កើត​ឲ្យ​ដាវីឌ ឲ្យ​មាន​ជំងឺ​ឈឺ​ជា​ខ្លាំង

16. ដូច្នេះ ដាវីឌ​ក៏​សូម​អង្វរ​ដល់​ព្រះ ពី​ដំណើរ​បុត្រ ទ្រង់​ក៏​តម​ព្រះ‌ស្ងោយ ព្រម​ទាំង​ចូល​ទៅ​ផ្ទំ​នៅ​ដី​ពេញ​១​យប់​នោះ

17. ពួក​ចាស់‌ទុំ​នៅ​ដំណាក់​ទ្រង់​ក៏​ក្រោក​ឡើង​ទៅ​ឯ​ទ្រង់ ចង់​លើក​ឲ្យ​តើន​ពី​ដី​ឡើង តែ​ទ្រង់​មិន​ព្រម​ទេ ក៏​មិន​ព្រម​សោយ​ជា​មួយ​នឹង​គេ​ដែរ

18. លុះ​ដល់​ថ្ងៃ​ទី​៧ បុត្រ​នោះ​ក៏​សុគត​ទៅ ហើយ​ពួក​អ្នក​បំរើ​របស់​ដាវីឌ គេ​ខ្លាច​មិន​ហ៊ាន​ទូល​ទ្រង់​ឲ្យ​ជ្រាប​ថា បុត្រ​នោះ​សុគត​ទេ ដោយ​គិត​គ្នា​ថា មើល​កាល​បុត្រ​មាន​ព្រះ‌ជន្ម​រស់​នៅ​ឡើយ នោះ​យើង​បាន​ទូល​អង្វរ​ដល់​ទ្រង់ តែ​ទ្រង់​មិន​ព្រម​ស្តាប់​តាម​យើង​ទៅ​ហើយ ចំណង់​បើ​យើង​ទូល​ទ្រង់​ឲ្យ​ជ្រាប​ពី​បុត្រ​សុគត​ទៅ នោះ​តើ​នឹង​ធ្វើ​ទុក្ខ​ដល់​អង្គ​ទ្រង់​យ៉ាង​ណា​ទៅ​ទៀត

19. ប៉ុន្តែ កាល​ដាវីឌ​ឃើញ​ថា ពួក​អ្នក​បំរើ​កំពុង​តែ​ខ្សឹប​គ្នា​ដូច្នោះ នោះ​ទ្រង់​យល់​ឃើញ​ថា ប្រាកដ​ជា​បុត្រ​បាន​សុគត​ហើយ ក៏​សួរ​ពួក​អ្នក​បំរើ​ថា បុត្រ​បាន​សុគត​ហើយ​ឬ​អី គេ​ទូល​ឆ្លើយ​ថា សុគត​ហើយ

20. នោះ​ដាវីឌ​ក៏​តើន​ពី​ដី​ឡើង ទៅ​ស្រង់​ទឹក ព្រម​ទាំង​ប្រោះ​ទឹក​អប់ ហើយ​ផ្លាស់​សំលៀក‌បំពាក់ រួច​ចូល​ទៅ​ថ្វាយ‌បង្គំ​នៅ​ក្នុង​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា ក្រោយ​មក​កាល​ទ្រង់​បាន​ត្រឡប់​ចូល​មក ក្នុង​ដំណាក់​វិញ នោះ​ទ្រង់​បង្គាប់​ដល់​ពួក​អ្នក​បំរើ ហើយ​គេ​ក៏​លើក​ព្រះ‌ស្ងោយ​មក​ថ្វាយ​ទ្រង់​សោយ

21. ដូច្នេះ ពួក​មហា‌តលិក​ទូល​សួរ​ថា យ៉ាង​ដូច​ម្តេច​ហ្ន៍ ដែល​ទ្រង់​ប្រព្រឹត្ត​ដូច្នេះ​នេះ ដ្បិត​កាល​បុត្រ​មាន​ព្រះ‌ជន្ម​នៅ​ឡើយ នោះ​ទ្រង់​បាន​តម​ព្រះ‌ស្ងោយ ហើយ​សោយ‌សោក​នឹង​បុត្រ តែ​កាល​បុត្រ​សុគត​ហើយ នោះ​បែរ​ជា​ទ្រង់​តើន​ឡើង​សោយ​ព្រះ‌ស្ងោយ​វិញ

22. ដាវីឌ​មាន​ព្រះ‌បន្ទូល​តប​ថា កាល​បុត្រ​មាន​ព្រះ‌ជន្ម​នៅ​ឡើយ យើង​បាន​តម​ហើយ​យំ ដោយ​គិត​ថា ប្រហែល​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ប្រោស​មេត្តា​ដល់​យើង ឲ្យ​បុត្រ​មាន​ព្រះ‌ជន្ម​ត​ទៅ​ទេ​ដឹង

23. តែ​ឥឡូវ​នេះ​បុត្រ​សុគត​ទៅ​ហើយ​ដូច្នេះ តើ​យើង​នៅ​តម​អត់​ធ្វើ​អ្វី​ទៀត តើ​យើង​អាច​នឹង​នាំ​បុត្រ​ឲ្យ​ត្រឡប់​មក​វិញ​បាន​ដែរ​ឬ យើង​នឹង​ទៅ​ឯ​វា តែ​វា​មិន​ដែល​ត្រឡប់​មក​ឯ​យើង​វិញ​ឡើយ។

កំណើត​របស់​ស្តេច​សាឡូ‌ម៉ូន

24. ដាវីឌ​ក៏​ជួយ​កំសាន្ត​ទុក្ខ​នាង​បាត‌សេបា ជា​ភរិយា​ទ្រង់​ដែរ រួច​ចូល​ទៅ​រួម​បន្ទំ​ជា​មួយ​នឹង​នាង ហើយ​នាង​ប្រសូត​បាន​បុត្រា​១ ទ្រង់​ប្រទាន​ព្រះ‌នាម​ថា សាឡូ‌ម៉ូន ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​ស្រឡាញ់​បុត្រ​នោះ

25. ក៏​ចាត់​ហោរា​ណាថាន់​ឲ្យ​ទៅ​តាំង​នាម​ថា យេឌី‌ឌីយ៉ា ដោយ​ព្រោះ​ជា​ទី​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា។

ស្តេច​ដាវីឌ​វាយ​យក​បាន​ក្រុង​រ៉ាបាត

26. ឯ​យ៉ូអាប់​លោក​កំពុង​តែ​ច្បាំង​នឹង​ក្រុង​រ៉ាបាត​របស់​ពួក​កូន​ចៅ​អាំម៉ូន ក៏​វាយ​ចាប់​យក​ក្រុង​ហ្លួង​បាន

27. រួច​លោក​ចាត់​គេ​ឲ្យ​ទៅ​ទូល​ដាវីឌ​ថា ទូល‌បង្គំ​បាន​ចូល​ទៅ​វាយ​ក្រុង​រ៉ាបាត ហើយ​ចាប់​យក​បាន​ប៉ែក​ដែល​នៅ​ខាង​មាត់​ទឹក​ហើយ

28. ដូច្នេះ សូម​ទ្រង់​ប្រមូល​ពួក​ពល‌ទ័ព​ដែល​នៅ​សល់ មក​បោះ​ទ័ព ចាប់​យក​ទី​ក្រុង​នោះ​ចុះ ក្រែង​ទូល‌បង្គំ​វាយ​យក​បាន ហើយ​គេ​តាំង​ឈ្មោះ​ក្រុង​នោះ​តាម​ឈ្មោះ​ទូល‌បង្គំ​វិញ

29. នោះ​ដាវីឌ​ក៏​ប្រមូល​ពួក​ពល​ទ័ព​ទាំង​អស់ ទៅ​វាយ​យក​ក្រុង​រ៉ាបាត​បាន

30. ទ្រង់​ក៏​យក​មកុដ​ពី​ព្រះ‌សិរ​របស់​ស្តេច​គេ មក​បំពាក់​លើ​ព្រះ‌សិរ​នៃ​ទ្រង់​វិញ ឯ​មកុដ​នោះ មាន​ទំងន់​ជា​១​ហាប​មាស ក៏​ដាំ​ដោយ​ត្បូង​មាន​ដំឡៃ​ផ្សេងៗ រួច​ទ្រង់​នាំ​យក​របឹប​យ៉ាង​សន្ធឹក​ពី​ទី​ក្រុង​នោះ​មក

31. ក៏​នាំ​មនុស្ស​ទាំង​អស់​ដែល​នៅ​ក្រុង​នោះ​ចេញ​មក ប្រើ​គេ​ឲ្យ​ធ្វើ​ការ​កាប់​រំលំ ហើយ​អារ​ឈើ ព្រម​ទាំង​ភ្ជួរ‌រាស់ ហើយ​ធ្វើ​ការ​ក្នុង​ឡ​អិដ្ឋ ទ្រង់​ក៏​ធ្វើ​ដូច្នោះ​ដល់​អស់​ទាំង​ក្រុង​របស់​ពួក​កូន​ចៅ​អាំម៉ូន រួច​ទ្រង់​នាំ​បណ្តា​ទ័ព​ទាំង​ប៉ុន្មាន​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ។