ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូអែល 8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ជ័យ‌ជំនះ​របស់​ស្តេច​ដាវីឌ​លើ​ស្រុក​ជិត​ខាង

1. ក្រោយ​នោះ​មក ដាវីឌ​ទ្រង់​វាយ​បង្ក្រាប​ពួក​ភីលីស្ទីន​បាន​ហើយ ទ្រង់​ចាប់​យក​អំណាច​ទី​ក្រុង​ហ្លួង ពី​កណ្តាប់​ដៃ​នៃ​ពួក​ភីលីស្ទីន

2. ទ្រង់​ក៏​ប្រហារ​សាសន៍​ម៉ូអាប់​ដែរ ទ្រង់​ឲ្យ​គេ​ដេក​ដង្ហែ​គ្នា​នៅ​ដី​ដោយ​ជួរៗ រួច​ដំរូវ​ឲ្យ​ត្រូវ​សំឡាប់​២​ជួរ ហើយ​ទុក​ពេញ​១​ជួរ​ឲ្យ​រស់​នៅ ដូច្នេះ សាសន៍​ម៉ូអាប់​បាន​ត្រឡប់​ជា​បាវ​បំរើ​របស់​ដាវីឌ ហើយ​ក៏​នាំ​យក​សួយ‌អាករ​មក​ថ្វាយ។

3. ១​ទៀត ដាវីឌ​ក៏​ប្រហារ​ហាដា‌រេ‌ស៊ើរ បុត្រា​រេហុប​ជា​ស្តេច​ស្រុក​សូបា ក្នុង​កាល​ដែល​ស្តេច​នោះ ទៅ​តាំង​អំណាច​ខ្លួន នៅ​ក្បែរ​មាត់​ទន្លេ​អ៊ើប្រាត​ឡើង​វិញ

4. ដាវីឌ​ទ្រង់​ចាប់​យក​បាន​ពល​សេះ​១​ពាន់​៧​រយ​នាក់ និង​ពល​ថ្មើរ​ជើង​២​ម៉ឺន​នាក់​ពី​ស្តេច​នោះ ហើយ​ក៏​កាប់​សរសៃ​ក​ជើង​សេះ ដែល​ទឹម​រទេះ​ទាំង​អស់ បាន​ទុក​ឲ្យ​នៅ​ល្មម​តែ​នឹង​ទឹម​រទេះ​១០០​ប៉ុណ្ណោះ

5. កាល​ពួក​សាសន៍​ស៊ីរី​ពី​ក្រុង​ដាម៉ាស​បាន​មក ដើម្បី​ជួយ​ហាដា‌រេ‌ស៊ើរ ជា​ស្តេច​សូបា នោះ​ដាវីឌ​ក៏​ប្រហារ​សំឡាប់​ពួក​ស៊ីរី​នោះ អស់​២​ម៉ឺន​២​ពាន់​នាក់

6. រួច​ទ្រង់​តាំង​ឲ្យ​មាន​ពួក​ទាហាន​ត្រួត‌ត្រា​មើល​ក្នុង​ស្រុក​ស៊ីរី​ប៉ែក​ខាង​ក្រុង​ដាម៉ាស ហើយ​ពួក​សាសន៍​ស៊ីរី ក៏​ចំណុះ​ជា​បាវ​បំរើ​របស់​ដាវីឌ ព្រម​ទាំង​យក​សួយ‌អាករ​មក​ថ្វាយ​ដែរ ព្រះ‌យេហូវ៉ា​ទ្រង់​ចេះ​តែ​ជួយ​ការ‌ពារ​ដាវីឌ នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​ទ្រង់​យាង​ទៅ

7. ដាវីឌ​បាន​យក​អស់​ទាំង​ខែល​មាស ដែល​ពួក​បំរើ​របស់​ហាដា‌រេ‌ស៊ើរ​កាន់​នាំ​មក​ទុក​នៅ​ក្រុង​យេរូ‌សាឡិម

8. ហើយ​ពី​ក្រុង​បេថាស និង​ពី​ក្រុង​បេរ៉ូ‌ថាយ ជា​ទី​ក្រុង​របស់​ហាដា‌រេ‌ស៊ើរ នោះ​ស្តេច​ទ្រង់​យក​បាន​លង្ហិន​យ៉ាង​សន្ធឹក​ដែរ។

9. កាល​ថូអ៊ី ជា​ស្តេច​ក្រុង​ហាម៉ាត បាន​ឮ​ថា ដាវីឌ​វាយ​ពួក​ពល‌ទ័ព របស់​ហាដា‌រេ‌ស៊ើរ​ទាំង​អស់​ហើយ​ដូច្នោះ

10. នោះ​ក៏​ចាត់​យ៉ូរ៉ាម ជា​បុត្រា ឲ្យ​ទៅ​ឯ​ស្តេច​ដាវីឌ ដើម្បី​នឹង​ទូល​សួរ​ពី​សេចក្តី​សុខ​ទុក្ខ ហើយ​នឹង​ឲ្យ​ពរ ដោយ​ព្រោះ​ទ្រង់​បាន​ច្បាំង​ឈ្នះ​ហាដា‌រេ‌ស៊ើរ ដ្បិត​ហាដា‌រេ‌ស៊ើរ​ចេះ​តែ​ច្បាំង​នឹង​ថូអ៊ី​ជានិច្ច យ៉ូរ៉ាម​ក៏​នាំ​យក​ប្រដាប់​មាស​ប្រាក់ និង​លង្ហិន មក​ថ្វាយ​ដែរ

11. ឯ​ប្រដាប់​ទាំង​នោះ ស្តេច​ដាវីឌ​ក៏​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​មាស និង​ប្រាក់​ទាំង​ប៉ុន្មាន ដែល​បាន​ចាប់​យក​ពី​អស់​ទាំង​សាសន៍​ដែល​ទ្រង់​បាន​បង្ក្រាប​នោះ

12. គឺ​ពី​សាសន៍​ស៊ីរី សាសន៍​ម៉ូអាប់ ពួក​កូន​ចៅ​អាំម៉ូន សាសន៍​ភីលីស្ទីន សាសន៍​អាម៉ា‌លេក ហើយ​នឹង​របឹប​ដែល​បាន​យក​ពី​ហាដា‌រេ‌ស៊ើរ​ជា​កូន​រេហុប ស្តេច​ក្រុង​សូបា​ផង។

13. កាល​ដាវីឌ​ត្រឡប់​មក ពី​ប្រហារ​សាសន៍​ស៊ីរី​វិញ នោះ​ទ្រង់​បាន​ល្បី​នាម​ឡើង​ទៀត ដោយ​បាន​វាយ​មនុស្ស​អស់​១​ម៉ឺន​៨​ពាន់​នាក់ នៅ​ក្នុង​វាល​ច្រក​ភ្នំ​អំបិល

14. ទ្រង់​ក៏​តាំង​ឲ្យ​មាន​ពួក​ទាហាន​ត្រួត‌ត្រា​មើល​នៅ​ស្រុក​អេដំម គឺ​ទ្រង់​តាំង​ឲ្យ​គេ​ត្រួត‌ត្រា​មើល នៅ​ពេញ​ក្នុង​ស្រុក​អេដំម​នោះ ហើយ​ពួក​ស្រុក​អេដំម​ទាំង​អស់ ក៏​ចំណុះ​ចំពោះ​ដាវីឌ ព្រះ‌យេហូវ៉ា​ទ្រង់​ជួយ​ការ‌ពារ​ដាវីឌ នៅ​គ្រប់​ទី​កន្លែង​ណា ដែល​ទ្រង់​យាង​ទៅ។

បញ្ជី​រាយ​នាម​មន្ត្រី​របស់​ស្តេច​ដាវីឌ

15. ដាវីឌ​ទ្រង់​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល ហើយ​ក៏​ប្រព្រឹត្ត​នឹង​បណ្តា​រាស្ត្រ​របស់​ទ្រង់ ដោយ​សុចរិត​យុត្តិ‌ធម៌

16. មាន​យ៉ូអាប់ កូន​សេរូយ៉ា ធ្វើ​ជា​អ្នក​ត្រួត‌ត្រា​លើ​ពល​ទ័ព យេហូ‌សា‌ផាត កូន​អ័ហ៊ី‌លូឌ ធ្វើ​ជា​អ្នក​កត់​ទុក​នូវ​ពង្សាវតារ

17. សាដុក ជា​កូន​អ័ហ៊ី‌ទូប និង​អ័ហ៊ី‌ម៉ា‌លេក ជា​កូន​អ័បៀ‌ថើរ ធ្វើ​ជា​សង្គ្រាជ សេរ៉ាយ៉ា​ជា​ស្មៀន​ហ្លួង

18. បេណាយ៉ា កូន​យេហូ‌យ៉ាដា ធ្វើ​ជា​មេ​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម ហើយ​បុត្រា​ទាំង​ប៉ុន្មាន​របស់​ដាវីឌ ធ្វើ​ជា​សេនាបតី។