ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 31 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ជ័យ‌ជំនះ​លើ​សាសន៍​ម៉ាឌាន

1. ព្រះ‌យេហូវ៉ា ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា

2. ចូរ​សង‌សឹក​នឹង​សាសន៍​ម៉ាឌាន ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចុះ ក្រោយ​នោះ​មក ឯង​នឹង​ត្រូវ​ប្រមូល​ទៅ​មូល​នឹង​ពួក​អយ្យកោ​ឯង​វិញ

3. នោះ​ម៉ូសេ​ក៏​ប្រាប់​ដល់​ពួក​បណ្តា‌ជន​ថា ចូរ​ចាត់‌ចែង​គ្រឿង​ចំបាំង​ឲ្យ​ដល់​ពួក​អ្នក​រាល់​គ្នា​ខ្លះ ដើម្បី​នឹង​ទៅ​ច្បាំង​នឹង​សាសន៍​ម៉ាឌាន ប្រយោជន៍​នឹង​សំរេច​សេចក្ដី​សង‌សឹក​របស់​ព្រះ‌យេហូវ៉ា​ទៅ​លើ​គេ

4. ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ចាត់​មនុស្ស​១​ពាន់​នាក់ ពី​គ្រប់​ទាំង​ពូជ​អំបូរ​សាសន៍​អ៊ីស្រា‌អែល​ឲ្យ​ចេញ​ទៅ​ច្បាំង

5. ដូច្នេះ​គេ​ក៏​កេណ្ឌ​យក​១​ពាន់​នាក់ ក្នុង​គ្រប់​ទាំង​ពូជ​អំបូរ​ពី​ពួក​អ៊ីស្រា‌អែល​ទាំង​ពាន់ៗ បាន​១​ម៉ឺន​២​ពាន់​នាក់ ដែល​កាន់​គ្រឿង​សំរាប់​ទៅ​ច្បាំង

6. រួច​ម៉ូសេ​ចាត់​គេ​ទៅ​ច្បាំង គឺ​១​ពាន់​នាក់​ពី​គ្រប់​ទាំង​ពូជ​អំបូរ​នោះ មាន​ទាំង​ភីនេ‌ហាស​ជា​កូន​អេលាសារ​ដ៏​ជា​សង្ឃ នាំ​យក​គ្រឿង​ប្រដាប់​ទី​បរិសុទ្ធ និង​ត្រែ​សំរាប់​ផ្លុំ​កាន់​នៅ​ដៃ​ទៅ​ជា​មួយ​ផង

7. គេ​ក៏​ច្បាំង​នឹង​សាសន៍​ម៉ាឌាន ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ ក៏​សំឡាប់​ពួក​ប្រុសៗ​ទាំង​អស់​ទៅ

8. ព្រម​ទាំង​សំឡាប់​ពួក​ស្តេច​សាសន៍​ម៉ាឌាន​ជា​មួយ​នឹង​ពួក​អ្នក​ដែល​ត្រូវ​ស្លាប់​ទាំង​ប៉ុន្មាន​នោះ​ដែរ គឺ​អេវី​១ រេគេម​១ ស៊ើ​១ ហើយ​នឹង​រេបា​១ ជា​ស្តេច​សាសន៍​ម៉ាឌាន​ទាំង​៥​អង្គ ក៏​បាន​សំឡាប់​បាឡាម​ជា​កូន​បេអ៊រ​ដោយ​ដាវ​ដែរ

9. ពួក​កូន​ចៅ​អ៊ីស្រា‌អែល​គេ​ចាប់​យក​ពួក​ស្រីៗ​សាសន៍​ម៉ាឌាន និង​កូន​តូចៗ​ទាំង​ប៉ុន្មាន​នាំ​ទៅ​ជា​ឈ្លើយ ក៏​យក​ហ្វូង​គោ ហ្វូង​ចៀម និង​ទ្រព្យ​សម្បត្តិ​ទាំង​អស់​ទុក​ជា​របឹប​ដែរ

10. ឯ​អស់​ទាំង​ទី​ក្រុង និង​ផ្ទះ‌សំបែង ហើយ​អស់​ទាំង​ទី​ដំឡើង​ត្រសាល​ទាំង​ប៉ុន្មាន នោះ​គេ​ក៏​ដុត​ដោយ​ភ្លើង​ទៅ

11. រួច​យក​អស់​ទាំង​របឹប ព្រម​ទាំង​សត្វ និង​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​គេ​ចាប់​បាន​នោះ

12. ហើយ​នាំ​ពួក​ឈ្លើយ សត្វ​ទាំង​នោះ និង​របឹង​ទាំង​ប៉ុន្មាន​ទៅ​ប្រគល់​ដល់​ម៉ូសេ និង​អេលាសារ​ដ៏​ជា​សង្ឃ ព្រម​ទាំង​ដល់​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល នៅ​ត្រង់​ទី​ដំឡើង​ត្រសាល នា​ស្រុក​វាល​របស់​ម៉ូអាប់ ដែល​ជិត​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​យេរីខូរ។

13. នោះ​ម៉ូសេ អេលាសារ​ដ៏​ជា​សង្ឃ ហើយ​នឹង​ពួក​ដែល​ជា​កំពូល​លើ​ពួក​ជំនុំ​ទាំង​អស់ ក៏​នាំ​គ្នា​ចេញ​ទៅ​ទទួល​គេ នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល

14. ឯ​ម៉ូសេ​លោក​ខឹង​នឹង​ពួក​មេ‌ទ័ព គឺ​នឹង​ពួក​មេ​លើ​១​ពាន់​នាក់ ហើយ​នឹង​ពួក​មេ​លើ​១០០​នាក់ ដែល​មក​ពី​ច្បាំង​វិញ​នោះ

15. លោក​សួរ​គេ​ថា តើ​បាន​ទុក​ឲ្យ​ស្រីៗ​ទាំង​អស់​រស់​នៅ​ឬ​អី

16. មើល គឺ​វា​រាល់​គ្នា​ហើយ​ដែល​បាន​នាំ​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ប្រព្រឹត្ត​រំលង ទាស់​នឹង​ព្រះ‌យេហូវ៉ា ពី​ដំណើរ​ពេអរ ដោយ‌សារ​សេចក្ដី​ទូន្មាន​របស់​បាឡាម ហើយ​យ៉ាង​នោះ ក៏​មាន​សេចក្ដី​វេទនា​កើត​ឡើង​ក្នុង​ពួក​ជំនុំ​នៃ​ព្រះ‌យេហូវ៉ា

17. ដូច្នេះ ចូរ​សំឡាប់​អស់​ទាំង​ប្រុសៗ​ក្នុង​ពួក​ក្មេង​ទាំង​ប៉ុន្មាន ព្រម​ទាំង​ស្រីៗ​ដែល​បាន​ស្គាល់​ប្រុស​ដោយ​រួម​ដំណេក​ហើយ ឥឡូវ​ទៅ

18. តែ​ឯ​ពួក​ក្មេង​ស្រីៗ ដែល​មិន​ទាន់​ស្គាល់​ប្រុស​ណា ដោយ​រួម​ដំណេក​នៅ​ឡើយ នោះ​ទុក​សំរាប់​ឯង​រាល់​គ្នា​វិញ​ចុះ

19. ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​អស់​៧​ថ្ងៃ ឯ​អស់​អ្នក​ណា​ដែល​បាន​សំឡាប់​គេ ឬ​បាន​ប៉ះពាល់​ខ្មោច​ណា នោះ​ត្រូវ​សំអាត​ខ្លួន​នៅ​ថ្ងៃ​ទី​៣ ហើយ​នៅ​ថ្ងៃ​ទី​៧​ទៀត គឺ​ទាំង​ឯង​រាល់​គ្នា ហើយ​នឹង​ពួក​ឈ្លើយ​ទាំង​ប៉ុន្មាន​ផង

20. ចំណែក​ខាង​សំលៀក‌បំពាក់​ទាំង​ប៉ុន្មាន និង​អស់​ទាំង​របស់​ធ្វើ​ពី​ស្បែក ព្រម​ទាំង​របស់​ធ្វើ​ពី​រោម​ពពែ ហើយ​គ្រប់​ទាំង​របស់​ធ្វើ​ពី​ឈើ នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​សំអាត​ដោយ​ខ្លួន​ឯង។

21. ឯ​អេលាសារ​ដ៏​ជា​សង្ឃ លោក​ប្រាប់​ដល់​ពួក​ទ័ព​ដែល​បាន​ទៅ​ច្បាំង​ថា នេះ​ជា​បញ្ញត្ត​ច្បាប់​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ​ថា

22. ឯ​មាស ប្រាក់ លង្ហិន ដែក ស៊ីវិឡាត និង​សំណ

23. គឺ​គ្រប់​ទាំង​ធាតុ​អ្វី​ដែល​ធន់​នៅ​នឹង​ភ្លើង​បាន នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​នាំ​យក​ទៅ​ដុត​ភ្លើង​សំអាត​ទៅ រួច​នឹង​បាន​ស្អាត ប៉ុន្តែ​ត្រូវ​ឲ្យ​សំអាត​នឹង​ទឹក​ដែល​សំរាប់​សំអាត​ដែរ ឯ​អស់​ទាំង​ធាតុ​អ្វី​ដែល​ធន់​នៅ​នឹង​ភ្លើង​មិន​បាន នោះ​ត្រូវ​ឲ្យ​លាង​នឹង​ទឹក​វិញ

24. ដល់​ថ្ងៃ​ទី​៧ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បោក​សំលៀក‌បំពាក់​ខ្លួន​ចេញ នោះ​នឹង​បាន​ស្អាត រួច​សឹម​ចូល​មក​ក្នុង​ទី​ដំឡើង​ត្រសាល​ចុះ។

25. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា

26. ចូរ​ឲ្យ​ឯង និង​អេលាសារ​ដ៏​ជា​សង្ឃ ហើយ​នឹង​ពួក​មេ​ក្នុង​វង្សា‌នុវង្ស​នៃ​ពួក​ជំនុំ​រាប់​ចំនួន​របឹប គឺ​ទាំង​មនុស្ស ហើយ​នឹង​សត្វ​ផង ដែល​ចាប់​បាន​នោះ

27. រួច​បែង​ចែក​របឹប​ជា​២​ចំណែក ឲ្យ​ដល់​ពួក​ទាហាន​ដែល​បាន​ទៅ​ច្បាំង និង​ពួក​ជំនុំ​ទាំង​អស់​គ្នា

28. ហើយ​ត្រូវ​ហូត​យក​សួយ‌អាករ​ពី​ពួក​ទាហាន​ដែល​បាន​ទៅ​ច្បាំង​ដែរ គឺ​១​ក្នុង​៥០០ ទាំង​មនុស្ស ទាំង​គោ ទាំង​លា ហើយ​នឹង​ចៀម​ផង ទុក​សំរាប់​ព្រះ‌យេហូវ៉ា

29. ត្រូវ​ឲ្យ​យក​ពី​ចំណែក​នៃ​ពួក​ទាហាន​ប្រគល់​ដល់​អេលាសារ​ដ៏​ជា​សង្ឃ ទុក​ជា​ដង្វាយ​លើក​ចុះ​ឡើង​ថ្វាយ​ព្រះ‌យេហូវ៉ា

30. ឯ​ចំណែក​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល នោះ​ត្រូវ​ហូត​យក​១​ភាគ​ក្នុង​៥០​វិញ ទាំង​មនុស្ស ទាំង​គោ ទាំង​លា ហើយ​នឹង​ចៀម​ផង គឺ​ពី​គ្រប់​សត្វ​ទាំង​អស់ ប្រគល់​ដល់​ពួក​លេវី ដែល​ថែ​រក្សា​បញ្ញើ​នៃ​រោង​ឧបោសថ​ផង​ព្រះ‌យេហូវ៉ា

31. នោះ​ម៉ូសេ និង​អេលាសារ ដ៏​ជា​សង្ឃ ក៏​ធ្វើ​ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។

32. រីឯ​ក្រៅ​ពី​របស់​អ្វីៗ ដែល​ពួក​ទាហាន​បាន​យក នោះ​របឹប​ទាំង​អស់​មាន​ចំនួន​ដូច្នេះ គឺ​ចៀម​៦​សែន​៧​ម៉ឺន​៥​ពាន់

33. និង​គោ​៧​ម៉ឺន​២​ពាន់

34. សត្វ​លា​៦​ម៉ឺន​១​ពាន់

35. ឯ​មនុស្ស​ស្រី​ទាំង​ប៉ុន្មាន​ដែល​មិន​បាន​ស្គាល់​ប្រុស​ណា​ដោយ​រួម​ដំណេក​នឹង​គ្នា នោះ​មាន​ចំនួន​៣​ម៉ឺន​២​ពាន់​នាក់

36. ហើយ​ចំណែក​១ ដែល​បាន​ចែក​ឲ្យ​ពួក​អ្នក​ដែល​ចេញ​ទៅ​ច្បាំង នោះ​មាន​ចៀម​៣​សែន​៣​ម៉ឺន​៧​ពាន់​៥០០

37. ហើយ​ចៀម​ដែល​ជា​សួយ‌អាករ ទុក​សំរាប់​ព្រះ‌យេហូវ៉ា នោះ​មាន​៦៧៥

38. ឯ​គោ នោះ​គេ​បាន​៣​ម៉ឺន​៦​ពាន់ ហើយ​សួយ‌អាករ​ថ្វាយ​ព្រះ‌យេហូវ៉ា​បាន​៧២

39. ក្នុង​សត្វ​លា នោះ​គេ​បាន​៣​ម៉ឺន​៥០០ ហើយ​សួយ‌អាករ​ថ្វាយ​ព្រះ‌យេហូវ៉ា​បាន​៦១

40. ឯ​មនុស្ស នោះ​គេ​បាន​១​ម៉ឺន​៦​ពាន់​នាក់ ហើយ​សួយ‌អាករ​ថ្វាយ​ព្រះ‌យេហូវ៉ា​បាន​៣២​នាក់

41. ម៉ូសេ​ក៏​ប្រគល់​សួយ‌អាករ​ទាំង​នោះ ដែល​ជា​ដង្វាយ​លើក​ចុះ​ឡើង​របស់​ព្រះ‌យេហូវ៉ា ដល់​អេលាសារ​ដ៏​ជា​សង្ឃ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។

42. ឯ​១​ចំណែក​ទៀត ដែល​ត្រូវ​បាន​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល គឺ​ជា​ចំណែក​ដែល​ម៉ូសេ​បាន​ហូត​យក​ពី​ពួក​អ្នក​ដែល​ទៅ​ច្បាំង

43. ឲ្យ​ដល់​ពួក​ជំនុំ​វិញ នោះ​មាន​ចៀម​៣​សែន​៣​ម៉ឺន​៧​ពាន់​៥០០

44. គោ​៣​ម៉ឺន​៦​ពាន់

45. សត្វ​លា​៣​ម៉ឺន​៥០០

46. ហើយ​មនុស្ស​១​ម៉ឺន​៦​ពាន់

47. ម៉ូសេ​ក៏​យក​១​ក្នុង​៥០ ទាំង​មនុស្ស​ទាំង​សត្វ ពី​ចំណែក​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នោះ ប្រគល់​ឲ្យ​ដល់​ពួក​លេវី ដែល​ថែ​រក្សា​បញ្ញើ​នៃ​រោង​ឧបោសថ​ផង​ព្រះ‌យេហូវ៉ា ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។

48. រួច​ពួក​ទ័ព​ដែល​ត្រួត​លើ​ពល‌ទ័ព​ទាំង​ពាន់ៗ គឺ​ជា​ពួក​មេ​លើ​១​ពាន់​នាក់ ហើយ​ពួក​មេ​លើ​១០០​នាក់ គេ​ក៏​នាំ​គ្នា​ចូល​មក​ឯ​ម៉ូសេ ជំរាប​ថា

49. យើង​ខ្ញុំ ជា​អ្នក​បំរើ​លោក បាន​រាប់​ពួក​ពល‌ទ័ព​ដែល​នៅ​ក្រោម​អំណាច​យើង​ខ្ញុំ​ទាំង​អស់​ហើយ ឥត​មាន​ខ្វះ​មនុស្ស​ណា​មួយ​ក្នុង​ពួក​យើង​ខ្ញុំ​ឡើយ

50. ហើយ​យើង​ខ្ញុំ​បាន​យក​ដង្វាយ​នេះ​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ជា​របស់​ដែល​គ្រប់​គ្នា​ចាប់​យក​បាន គឺ​ជា​គ្រឿង​មាស ខ្សែ កង​ដៃ ចិញ្ចៀន កាវ ហើយ​នឹង​ខ្សែ​ក ដើម្បី​នឹង​ថ្វាយ​ឲ្យ​ធួន​នឹង​ជីវិត​យើង​ខ្ញុំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

51. ម៉ូសេ និង​អេលាសារ​ដ៏​ជា​សង្ឃ ក៏​ទទួល​យក​មាស​ទាំង​នោះ​ពី​គេ សុទ្ធ​តែ​ជា​គ្រឿង​រចនា​ទាំង​អស់

52. ឯ​មាស​ទាំង​អស់ ដែល​គេ​បាន​ថ្វាយ ដោយ​លើក​ចុះ​ឡើង​ដល់​ព្រះ‌យេហូវ៉ា គឺ​ដែល​ពួក​មេ​លើ​១​ពាន់​នាក់ និង​ពួក​មេ​លើ​១០០​នាក់​បាន​ថ្វាយ នោះ​មាន​ទំងន់​១​ម៉ឺន​៦​ពាន់​៧៥០​ដំឡឹង

53. ដ្បិត​ពួក​ទ័ព​បាន​ចាប់​យក​របស់​ទាំង​នោះ​ទុក​សំរាប់​ខ្លួន​គេ

54. ម៉ូសេ និង​អេលាសារ​ដ៏​ជា​សង្ឃ ក៏​ទទួល​យក​មាស​ទាំង​នោះ​ពី​ពួក​មេ​លើ​១​ពាន់​នាក់ ហើយ​ពី​ពួក​មេ​លើ​១០០​នាក់ ទៅ​ទុក​ដាក់​ក្នុង​ត្រសាល​ជំនុំ ទុក​ជា​សេចក្ដី​រំឭក សំរាប់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។