ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ការ​បះ‌បោរ​របស់​កូរេ ដាថាន និង​អ័ប៊ីរ៉ាម

1. រីឯ​កូរេ ជា​កូន​យីតសារ ដែល​ជា​កូន​កេហាត់​ក្នុង​ពូជ​លេវី ព្រម​ទាំង​ដាថាន និង​អ័ប៊ីរ៉ាម ជា​កូន​អេលាប ហើយ​នឹង​អូន ជា​កូន​ពេលេត ក្នុង​ពួក​កូន​ចៅ​រូបេន

2. គេ​លើក​គ្នា​នៅ​មុខ​ម៉ូសេ ជា​មួយ​នឹង​មនុស្ស​២៥០​នាក់ ក្នុង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដែល​សុទ្ធ​តែ​ជា​កំពូល​លើ​ពួក​ជំនុំ ជា​មនុស្ស​រើស​តាំង​ក្នុង​ពួក​គេ ហើយ​ក៏​មាន​ល្បី​ឈ្មោះ​ផង

3. អ្នក​ទាំង​នោះ​ប្រជុំ​គ្នា​ទាស់​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន​ដោយ​ពាក្យ​ថា អ្នក​យក​អំណាច​លើ​ខ្លួន​ហួស​ពេក​ណាស់ ដ្បិត​ពួក​ជំនុំ​ក៏​បាន​បរិសុទ្ធ​ទាំង​អស់​គ្នា​ដែរ ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​គេ​ផង ម្តេច​ឡើយ​អ្នក​ទាំង​២​លើក​កំពស់​ខ្លួន ត្រួត​លើ​ពួក​ជំនុំ​ផង​ព្រះ‌យេហូវ៉ា​ដូច្នេះ។

4. កាល​ម៉ូសេ​បាន​ឮ​ពាក្យ​នោះ លោក​ក៏​ទំលាក់​ខ្លួន​ចុះ​ក្រាប​ផ្កាប់​មុខ

5. ឆ្លើយ​នឹង​កូរេ ហើយ​នឹង​ពួក​គេ​ថា ព្រឹក​ស្អែក​នេះ ព្រះ‌យេហូវ៉ា​នឹង​សំដែង​ឲ្យ​ស្គាល់​អ្នក​ណា​ដែល​ជា​របស់​ផង​ទ្រង់ និង​អ្នក​ណា​ដែល​បរិសុទ្ធ ទ្រង់​នឹង​នាំ​ឲ្យ​អ្នក​នោះ​ចូល​ទៅ​ជិត​ទ្រង់ គឺ​ជា​អ្នក​ណា​ដែល​ទ្រង់​នឹង​រើស ទ្រង់​នឹង​នាំ​អ្នក​នោះ​ឯង​ឲ្យ​ចូល​ទៅ​ជិត​ទ្រង់

6. ចូរ​ឲ្យ​កូរេ​ឯង និង​ពួក​អ្នក​នៅ​ជា​មួយ​ធ្វើ​ដូច្នេះ​ចុះ ឲ្យ​យក​ពាន​គ្រប់​គ្នា​រៀង​ខ្លួន​ទៅ

7. រួច​ដល់​ស្អែក​ឡើង ចូរ​យក​ភ្លើង​ដាក់​នឹង​ពាន​ទាំង​នោះ ហើយ​រោយ​កំញាន​ពី​លើ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នោះ​អ្នក​ណា​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​រើស អ្នក​នោះ​ឯង​នឹង​បាន​បរិសុទ្ធ នែ កូន​ចៅ​លេវី​អើយ ឯង​រាល់​គ្នា​យក​អំណាច​លើ​ខ្លួន​ហួស​ពេក​ណាស់

8. ម៉ូសេ​ក៏​និយាយ​ទៅ​កូរេ​ថា ពួក​កូន​ចៅ​លេវី​អើយ ចូរ​ស្តាប់​សិន

9. ដែល​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​បាន​ញែក​ឯង​រាល់​គ្នា​ចេញ​ពី​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល ឲ្យ​បាន​នាំ​ឯង​ចូល​ទៅ​ជិត​ទ្រង់ សំរាប់​នឹង​ធ្វើ​ការ‌ងារ​ក្នុង​រោង​ឧបោសថ​ផង​ព្រះ‌យេហូវ៉ា ហើយ​ឲ្យ​បាន​ឈរ​នៅ​មុខ​ពួក​ជំនុំ ដើម្បី​នឹង​ធ្វើ​ការ‌ងារ​ជូន​គេ

10. ព្រម​ទាំង​នាំ​ឯង​រាល់​គ្នា និង​ពួក​លេវី​ជា​បង​ប្អូន​ឯង​ទាំង​អស់​មក​ជិត​ផង នោះ​តើ​ឯង​រាល់​គ្នា​ស្មាន​ថា​ជា​ការ​តូច​ពេក​ឬ​អី បាន​ជា​រក​ចង់​បាន​ការ‌ងារ​ជា​សង្ឃ​ថែម​ទៀត​ដូច្នេះ

11. ឯ​អើរ៉ុន តើ​លោក​ជា​អ្វី​ដែល​ឯង​រាល់​គ្នា​រទូ‌រទាំ​ទាស់​នឹង​លោក​ដូច្នេះ គឺ​ឯង និង​ពួក​ឯង​ទាំង​នេះ​បាន​ប្រមូល​គ្នា​ទាស់​នឹង​ព្រះ‌យេហូវ៉ា​វិញ​ទេ​តើ។

12. ម៉ូសេ​ក៏​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ដាថាន និង​អ័ប៊ីរ៉ាម ជា​កូន​អេលាប​ឲ្យ​មក តែ​គេ​ប្រកែក​ថា យើង​មិន​ទៅ​ទេ

13. ដែល​អ្នក​បាន​នាំ​យើង​ចេញ​ពី​ស្រុក ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ មក ដើម្បី​នឹង​សំឡាប់​យើង​នៅ​ទី​រហោ‌ស្ថាន​នេះ តើ​ជា​ការ​តូច​ពេក​ឬ​អី បាន​ជា​អ្នក​ត្រូវ​ការ​ចង់​លើក​ខ្លួន ធ្វើ​ជា​កំពូល​លើ​យើង​ទៀត

14. ១​ទៀត អ្នក​មិន​បាន​នាំ​យើង​ចូល​ទៅ​ក្នុង​ស្រុក ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ​ទេ ក៏​មិន​បាន​ឲ្យ​ស្រែ​ចំការ​មក​យើង​ទុក​ជា​មរដក​ផង តើ​អ្នក​ចង់​ចាក់​ពន្លត់​ភ្នែក​អ្នក​ទាំង​នេះ​ដែរ​ឬ​អី យើង​មិន​ព្រម​ទៅ​សោះ​ឡើយ។

ព្រះ‌អម្ចាស់​ដាក់​ទោស​កូរេ និង​បក្ស‌ពួក​របស់​គាត់

15. ដូច្នេះ​ម៉ូសេ​ក៏​ខឹង​ណាស់ ហើយ​ទូល​ទៅ​ព្រះ‌យេហូវ៉ា​ថា សូម​ទ្រង់​កុំ​រាប់‌អាន​ដង្វាយ​គេ​ឡើយ ទូល‌បង្គំ​មិន​បាន​យក​សត្វ​លា​របស់​គេ សូម្បី​តែ​១​ផង ក៏​មិន​ដែល​ប្រទូស‌រ៉ាយ​ចំពោះ​ពួក​គេ​ណា​ឡើយ។

16. រួច​ម៉ូសេ​បង្គាប់​ដល់​កូរេ​ថា ថ្ងៃ​ស្អែក​នេះ ចូរ​ឲ្យ​ឯង និង​ពួក​ឯង​ទាំង​ប៉ុន្មាន មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ចុះ គឺ​ឯង និង​ពួក​អ្នក​ទាំង​នោះ ព្រម​ទាំង​អើរ៉ុន​ផង

17. ចូរ​ឲ្យ​គ្រប់​គ្នា​នាំ​យក​ពាន​របស់​ខ្លួន មក​រោយ​កំញាន​ពី​លើ គឺ​ត្រូវ​ឲ្យ​គ្រប់​គ្នា​នាំ​គ្នា​យក​ពាន​របស់​ខ្លួន​មក នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ពាន​មាន​ចំនួន​២៥០ ទាំង​ឯង និង​អើរ៉ុន ក៏​ត្រូវ​យក​ពាន​របស់​ខ្លួន​មក​ដែរ

18. ដូច្នេះ គេ​ក៏​យក​ពាន​មក​គ្រប់​គ្នា ព្រម​ទាំង​ដាក់​ភ្លើង ហើយ​រោយ​កំញាន​ពី​លើ​ផង រួច​ឈរ​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ​ជា​មួយ​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន

19. ឯ​កូរេ​ក៏​ប្រមូល​ពួក​ជំនុំ​ទាំង​អស់​គ្នា មក​ទាស់​នឹង​លោក​ទាំង​២ នៅ​ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ គ្រា​នោះ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​ក៏​លេច​មក ឲ្យ​ពួក​ជំនុំ​ទាំង​អស់​ឃើញ។

20. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ ហើយ​នឹង​អើរ៉ុន​ថា

21. ចូរ​ឯង​ដក​ខ្លួន​ពី​ពួក​ជំនុំ​នេះ​ចេញ ដើម្បី​ឲ្យ​អញ​បាន​បំផ្លាញ​គេ​ទៅ​ជា​១​រំពេច

22. នោះ​អ្នក​ទាំង​២​ក៏​ទំលាក់​ខ្លួន​ចុះ​ក្រាប​ផ្កាប់​មុខ​ទូល​ថា ឱ​ព្រះ‌អង្គ​ដ៏​ជា​ព្រះ​នៃ​វិញ្ញាណ​គ្រប់​ទាំង​មនុស្ស​អើយ បើ​មនុស្ស​តែ​ម្នាក់​ធ្វើ​បាប នោះ​តើ​ទ្រង់​នឹង​ក្រោធ​ចំពោះ​ពួក​ជំនុំ​ទាំង​អស់​គ្នា​ឬ​អី

23. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា

24. ចូរ​ប្រាប់​ដល់​ពួក​ជំនុំ ឲ្យ​គេ​ថយ​ចេញ​ពី​ត្រសាល​របស់​កូរេ ដាថាន និង​អ័ប៊ីរ៉ាម​ទៅ។

25. រួច​ម៉ូសេ​ក៏​ក្រោក​ឡើង​ទៅ​ឯ​ដាថាន និង​អ័ប៊ីរ៉ាម មាន​ទាំង​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ដើរ​តាម​ទៅ​ដែរ

26. លោក​អង្វរ​ពួក​ជំនុំ​ដោយ​ពាក្យ​ថា សូម​ឲ្យ​អ្នក​រាល់​គ្នា​ថយ​ចេញ​ពី​ត្រសាល របស់​មនុស្ស​អាក្រក់​ទាំង​នេះ​ទៅ កុំ​ពាល់​របស់​អ្វី​ផង​គេ​ឲ្យ​សោះ ក្រែង​ត្រូវ​វិនាស​ទៅ ក្នុង​អំពើ​បាប​ទាំង​ប៉ុន្មាន របស់​គេ​ដែរ

27. ដូច្នេះ គេ​ថយ​ចេញ​ពី​កន្លែង​ជុំវិញ​ត្រសាល​របស់​កូរេ ដាថាន និង​អ័ប៊ីរ៉ាម​ទៅ រីឯ​ដាថាន និង​អ័ប៊ីរ៉ាម គេ​ក៏​ចេញ​មក​ឈរ​នៅ​មាត់​ទ្វារ​ត្រសាល​របស់​ខ្លួន ព្រម​ទាំង​ប្រពន្ធ និង​កូន​ធំ​តូច​ទាំង​ប៉ុន្មាន​របស់​គេ​ដែរ

28. រួច​ម៉ូសេ​មាន​ប្រសាសន៍​ថា គឺ​យ៉ាង​ដូច្នេះ​ដែល​ឯង​រាល់​គ្នា​នឹង​ដឹង​ថា ព្រះ‌យេហូវ៉ា​បាន​ចាត់​អញ​មក​ធ្វើ​ការ​ទាំង​នេះ ហើយ​ថា អញ​មិន​បាន​ធ្វើ ដោយ​អំពើ​ចិត្ត​របស់​អញ​ទេ

29. គឺ​បើ​អ្នក​ទាំង​នេះ​ស្លាប់ តាម​ដំណើរ​ធម្មតា​នៃ​មនុស្ស​ទាំង‌ឡាយ ឬ​បើ​គេ​ត្រូវ​ដក​ជីវិត​យក​ទៅ តាម​ភាព​ធម្មតា​របស់​មនុស្ស​ផង​ទាំង​ពួង នោះ​ព្រះ‌យេហូវ៉ា​មិន​បាន​ចាត់​អញ​មក​ទេ

30. តែ​បើ‌សិន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ការ​មួយ​យ៉ាង​ចំឡែក​វិញ ដោយ​ឲ្យ​ដី​ហា​ឡើង​លេប​គេ និង​របស់​ផង​គេ​ទាំង​អស់​ទៅ ហើយ​គេ​ចុះ​ទាំង​រស់ ទៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ពិត​ថា គេ​បាន​មើល‌ងាយ ដល់​ព្រះ‌យេហូវ៉ា​ហើយ។

31. កាល​លោក​បាន​មាន​ប្រសាសន៍​ពាក្យ​ទាំង​នេះ​រួច​ហើយ នោះ​ដី​ក៏​ប្រេះ​ឡើង​ពី​ក្រោម​គេ

32. ហា​ទទួល​យក​គេ​បាត់​ទៅ ព្រម​ទាំង​ពួក​ផ្ទះ​គេ និង​អស់​មនុស្ស​ណា​ដែល​ជា​ពួក​របស់​កូរេ ហើយ​នឹង​ទ្រព្យ​សម្បត្តិ​គេ​ផង

33. ដូច្នេះ​អ្នក​ទាំង​នោះ និង​ពួក​គេ​ទាំង​អស់​ក៏​ចុះ​ទៅ​ឯ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទាំង​រស់ រួច​ដី​ភ្ជិត​ពី​លើ​គេ​ទៅ​វិញ ហើយ​គេ​ត្រូវ​វិនាស​បាត់​អស់​ពី​ពួក​ជំនុំ​ចេញ

34. ឯ​ពួក​អ៊ីស្រា‌អែល​ដែល​នៅ​ជុំវិញ កាល​គេ​ឮ​សំរែក​របស់​អ្នក​ទាំង​នោះ ក៏​រត់​ទាំង​អស់​គ្នា ដោយ​និយាយ​ថា ក្រែង​ដី​ស្រូប​យើង​ទៅ​ដែរ

35. ក៏​មាន​ភ្លើង​ចេញ​ពី​ព្រះ‌យេហូវ៉ា មក​បញ្ឆេះ​មនុស្ស​២៥០​នាក់ ដែល​កំពុង​ថ្វាយ​កំញាន​នោះ​ដែរ។

ពាន​ដាក់​ភ្លើង​របស់​បក្ស​កូរេ

36. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា

37. ចូរ​ប្រាប់​ដល់​អេលាសារ ជា​កូន​អើរ៉ុន​ដ៏​ជា​សង្ឃ ឲ្យ​រើស​ពាន​ទាំង​នោះ​ពី​ក្នុង​ភ្លើង​មក ហើយ​ឲ្យ​វាច​ភ្លើង​ទៅ​ខាង​នោះ​ទៅ ដ្បិត​ពាន​ទាំង​នោះ​ជា​របស់​បរិសុទ្ធ

38. ត្រូវ​ឲ្យ​យក​ពាន​ទាំង​ប៉ុន្មាន​របស់​មនុស្ស ដែល​បាន​ធ្វើ​បាប​មាន​ទោស​ដល់​ស្លាប់​នោះ ទៅ​ផែ​ធ្វើ​ជា​បន្ទះ សំរាប់​នឹង​ប៉ាន​ភ្ជាប់​នឹង​អាស‌នា ដ្បិត​គេ​បាន​ថ្វាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ហើយ ដូច្នេះ​ជា​របស់​បរិសុទ្ធ ក៏​នឹង​បាន​ជា​ទី​សំគាល់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល

39. នោះ​អេលាសារ​ដ៏​ជា​សង្ឃ​ក៏​រើស​យក​ពាន​លង្ហិន​ទាំង​ប៉ុន្មាន ដែល​ពួក​អ្នក​ត្រូវ​ភ្លើង​ឆេះ​នោះ​បាន​ថ្វាយ មក​ផែ​សំរាប់​នឹង​ប៉ាន​អាស‌នា

40. ទុក​ជា​សេចក្ដី​រំឭក​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដើម្បី​កុំ​ឲ្យ​អ្នក​ដទៃ​ណា ដែល​មិន​កើត​ពី​ពូជ​អើរ៉ុន​មក បាន​ចូល​ទៅ​ដុត​កំញាន​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ឡើយ ក្រែង​លោ​គេ​ត្រូវ​ស្លាប់​ដូច​កូរេ ហើយ​នឹង​ពួក​គេ​ដែរ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក ដោយ‌សារ​ម៉ូសេ។

បណ្តា‌ជន​ទិតៀន​ម៉ូសេ និង​អើរ៉ុន

41. លុះ​ដល់​ថ្ងៃ​ស្អែក​ឡើង ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​រទូ‌រទាំ​ទាស់​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន​ថា លោក​បាន​សំឡាប់​ពួក​ជន​នៃ​ព្រះ‌យេហូវ៉ា

42. តែ​កាល​ពួក​ជំនុំ​បាន​ប្រជុំ​គ្នា​ទាស់​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន​ដូច្នេះ នោះ​គេ​ក្រឡេក​មើល​ទៅ​ខាង​ត្រសាល​ជំនុំ ឃើញ​ពពក​មក​គ្រប​លើ​ត្រសាល ហើយ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​ក៏​លេច​មក​ដែរ

43. ឯ​ម៉ូសេ និង​អើរ៉ុន​ក៏​ទៅ​ឯ​ត្រង់​មុខ​ត្រសាល​ជំនុំ

44. នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា

45. ចូរ​ឲ្យ​ឯង​ថយ​ចេញ​ពី​ពួក​ជំនុំ​នេះ​ទៅ ដើម្បី​ឲ្យ​អញ​បាន​បំផ្លាញ​គេ​ចេញ​ជា​១​រំពេច តែ​អ្នក​ទាំង​២​ក៏​ទំលាក់​ខ្លួន​ចុះ​ក្រាប​ផ្កាប់​មុខ

46. ហើយ​ម៉ូសេ​ប្រាប់​ដល់​អើរ៉ុន​ថា ចូរ​យក​ពាន​របស់​បង​ទៅ ហើយ​យក​ភ្លើង​ពី​លើ​អាស‌នា​មក​ដាក់ រួច​រោយ​កំញាន នាំ​យក​ទៅ​ឯ​ពួក​ជំនុំ ថ្វាយ​ឲ្យ​ធួន​នឹង​គេ​ជា​ប្រញាប់​ទៅ ដ្បិត​មាន​សេចក្ដី​ក្រោធ​ចេញ​ពី​ចំពោះ​ព្រះ‌យេហូវ៉ា​មក មាន​មនុស្ស​កំពុង​តែ​ដួល​ស្លាប់​ហើយ។

47. ដូច្នេះ​អើរ៉ុន​ក៏​យក​ពាន​ទៅ​តាម​បង្គាប់​ម៉ូសេ ហើយ​រត់​ទៅ​ឯ​កណ្តាល​ពួក​ជំនុំ នោះ​ឃើញ​មនុស្ស​កំពុង​តែ​ដួល​ស្លាប់​នៅ​ក្នុង​ពួក​គេ​ហើយ រួច​លោក​រោយ​កំញាន​ថ្វាយ​ឲ្យ​ធួន​នឹង​គេ

48. ក៏​ឈរ​នៅ​កណ្តាល​ពួក​មនុស្ស​ស្លាប់ និង​ពួក​មនុស្ស​រស់ ដូច្នេះ​ការ​ប្រហារ​ជីវិត​នោះ​ក៏​បាត់​ទៅ

49. រីឯ​ពួក​មនុស្ស​ដែល​ស្លាប់ ដោយ​ការ​ប្រហារ​ជីវិត​នោះ មាន​ចំនួន​១​ម៉ឺន​៤​ពាន់​៧០០​នាក់ ទីទៃ​ពី​ពួក​អ្នក​ដែល​ត្រូវ​ស្លាប់​ពី​ដំណើរ​កូរេ

50. រួច​អើរ៉ុន​ក៏​ត្រឡប់​ទៅ​ឯ​ម៉ូសេ នៅ​ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ ហើយ​ការ​ប្រហារ​ជីវិត​បាន​ឈប់​ទ្រឹង​នៅ។