ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. កាល​បាឡាម​បាន​ឃើញ​ថា ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ឲ្យ​ពរ ដល់​សាសន៍​អ៊ីស្រា‌អែល​ដូច្នោះ នោះ​គាត់​មិន​បាន​ទៅ​ដូច​ជា​ជាន់​មុន ដើម្បី​នឹង​រក​មន្ត​វិជ្ជា​ការ​ទៀត​ឡើយ គឺ​គាត់​បែរ​មុខ​ទៅ​ឯ​ទី​រហោ‌ស្ថាន​វិញ

2. ក៏​ងើប​ភ្នែក​ឡើង​ឃើញ​សាសន៍​អ៊ីស្រា‌អែល នៅ​ក្នុង​ត្រសាល តាម​ពូជ​អំបូរ​គេ​រៀង​ខ្លួន នោះ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ ក៏​មក​សណ្ឋិត​លើ​គាត់

3. ហើយ​គាត់​ចាប់​តាំង​បញ្ចេញ​ព្រះ‌បន្ទូល​ដោយ​ពាក្យ​ថា នេះ​ជា​ពាក្យ​របស់​បាឡាម​ជា​កូន​បេអ៊រ គឺ​ជា​ពាក្យ​នៃ​មនុស្ស ដែល​មើល​ឃើញ​ច្បាស់

4. ហើយ​ជា​ពាក្យ​របស់​មនុស្ស​ដែល​ឮ​ព្រះ‌បន្ទូល​នៃ​ព្រះ ជា​អ្នក​ដែល​បាន​ឃើញ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ក្នុង​ការ​ជាក់‌ស្តែង ហើយ​ជា​អ្នក​ដែល​ក្រាប​ចុះ ដោយ​មាន​ភ្នែក​បើក​ឡើង

5. គឺ​ថា ឱ​យ៉ាកុប​អើយ ត្រសាល​របស់​ឯង​ទាំង​ប៉ុន្មាន​ល្អ​ណាស់​ហ្ន៎ ហើយ​ទី​លំនៅ​ឯង​ផង ឱ​អ៊ីស្រា‌អែល​អើយ

6. ទី​លំនៅ​ទាំង​នោះ​លយ​វែង​ទៅ ដូច​ជា​ច្រក​ភ្នំ ក៏​ដូច​ជា​ច្បារ​នៅ​មាត់​ទន្លេ ដូច​ជា​ដើម​ក្រឹស្នា​ដែល​ព្រះ‌យេហូវ៉ា​បាន​ដាំ ហើយ​ដូច​ជា​ដើម​តាត្រៅ​នៅ​មាត់​ទឹក

7. និង​មាន​ទឹក​ហៀរ‌ហូរ​ពី​ថាំង​គេ ហើយ​ពូជ​គេ​នឹង​ចំរើន​ផល​ឡើង​ដោយ​មាន​ទឹក​ច្រើន ស្តេច​គេ​នឹង​បាន​ខ្ពស់​ជាង​ស្តេច​អ័កាក់ ហើយ​នគរ​គេ​នឹង​បាន​ថ្កើង​ឡើង

8. ព្រះ​ទ្រង់​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គេ​មាន​កំឡាំង ដូច​ជា​កំឡាំង​នៃ​សត្វ​រមាស គេ​នឹង​ស៊ី​លេប​សាសន៍​ដទៃ​ដែល​ជា​ខ្មាំង​សត្រូវ​នឹង​គេ ព្រម​ទាំង​បំបាក់​ឆ្អឹង​ឲ្យ​ខ្ទេច ហើយ​បាញ់​ទំលុះ​ដោយ​ព្រួញ​ផង

9. គេ​បាន​ក្រាប ក៏​ដេក​ទៅ​ដូច​ជា​សិង្ហ​ឈ្មោល ហើយ​ដូច​ជា​សិង្ហ​ញី​ផង តើ​អ្នក​ណា​ហ៊ាន​ដាស់​គេ​ឡើង មាន​ពរ​ហើយ អ្នក​ណា​ដែល​ឲ្យ​ពរ​ដល់​ឯង តែ​អស់​អ្នក​ណា​ដែល​ដាក់​បណ្តាសា​ឯង នោះ​ត្រូវ​បណ្តាសា​វិញ។

10. នោះ​បាឡាក ទ្រង់​មាន​សេចក្ដី​ខ្ញាល់​ក្តៅ​ឡើង​ដល់​បាឡាម ក៏​ទះ​ព្រះ‌ហស្ត​សន្ធាប់​ទៅ​បាឡាម​ថា អញ​បាន​ហៅ​ឯង​មក ដើម្បី​ដាក់​បណ្តាសា​ដល់​ខ្មាំង​សត្រូវ​អញ តែ​មើល ឯង​បាន​ឲ្យ​ពរ​ដល់​គេ គ្រប់​ទាំង​៣​ដង​នេះ​វិញ

11. ដូច្នេះ ចូរ​ឯង​រត់​ទៅ​កន្លែង​ឯង​ឥឡូវ​ចុះ អញ​បាន​គិត​នឹង​លើក​ឯង​ឲ្យ​មាន​សក្តិ‌យស​ជា​ធំ តែ​មើល ព្រះ‌យេហូវ៉ា​បាន​ឃាត់​មិន​ឲ្យ​ឯង​មាន​សក្តិ‌យស​ទេ

12. នោះ​បាឡាម​ទូល​ឆ្លើយ​ថា តើ​ទូល‌បង្គំ​មិន​បាន​ប្រាប់​ដល់​ពួក​អ្នក​នាំ​សារ​ដែល​ទ្រង់​បាន​ត្រាស់​ប្រើ ឲ្យ​ទៅ​ឯ​ទូល‌បង្គំ​ទេ​ឬ​អី ថា

13. ទោះ​បើ​ព្រះ‌រាជា​នឹង​ប្រទាន​មាស និង​ប្រាក់ ពេញ​ដំណាក់​ទ្រង់ ដល់​ទូល‌បង្គំ​ក៏​ដោយ គង់​តែ​ទូល‌បង្គំ​ពុំ​អាច​នឹង​រំលង​បញ្ញត្ត​ផង​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​ធ្វើ​អំពើ​ល្អ ឬ​អាក្រក់​តាម​ចិត្ត​ទៅ​បាន​ឡើយ សេចក្ដី​ណា​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល គឺ​សេចក្ដី​នោះ​ឯង ដែល​ទូល‌បង្គំ​នឹង​ថ្លែង​ទៅ

14. មើល ទូល‌បង្គំ​ត្រឡប់​ទៅ​ឯ​សាសន៍​ទូល‌បង្គំ​ឥឡូវ​នេះ​ឯង សូម​យាង​មក​នេះ ទូល‌បង្គំ​នឹង​ប្រកាស​ទូល​ទ្រង់​ពី​ការ​ដែល​សាសន៍​នេះ នឹង​ធ្វើ​ដល់​សាសន៍​ទ្រង់​នៅ​គ្រា​ជាន់​ក្រោយ

15. រួច​គាត់​ចាប់​តាំង​បញ្ចេញ​ព្រះ‌បន្ទូល ដោយ​ពាក្យ​ថា នេះ​ជា​ពាក្យ​របស់​បាឡាម​ជា​កូន​បេអ៊រ គឺ​ជា​ពាក្យ​នៃ​មនុស្ស​ដែល​មើល​ឃើញ​ច្បាស់

16. ជា​ពាក្យ​របស់​មនុស្ស​ដែល​ឮ​ព្រះ‌បន្ទូល​នៃ​ព្រះ ជា​អ្នក​ដែល​ស្គាល់​គំនិត​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ហើយ​ជា​អ្នក​ដែល​បាន​ឃើញ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​ក្នុង​ការ​ជាក់‌ស្តែង ព្រម​ទាំង​ក្រាប​ចុះ​ដោយ​មាន​ភ្នែក​បើក​ឡើង

17. ខ្ញុំ​ឃើញ​ទ្រង់ តែ​មិន​មែន​ក្នុង​ឥឡូវ​នេះ​ទេ ខ្ញុំ​រំពឹង​មើល​ទ្រង់ តែ​មិន​មែន​នៅ​ជិត​ទេ នឹង​មាន​ផ្កាយ​១​ចេញ​ពី​ពួក​យ៉ាកុប​មក ហើយ​នឹង​មាន​ដំបង​១​កើត​ពី​សាសន៍​អ៊ីស្រា‌អែល​ដែរ ដំបង​នោះ​នឹង​វាយ​អស់​ទាំង​ទី​កៀន​នៃ​សាសន៍​ម៉ូអាប់ ហើយ​បំបែក​បំបាក់​អស់​ទាំង​ពួក​អ្នក ដែល​បង្កើត​សេចក្ដី​វឹកវរ

18. នោះ​ស្រុក​អេដំម​នឹង​ត្រឡប់​ទៅ​ជា​កេរ‌អាករ​របស់​ផង​គេ ហើយ​ស្រុក​សៀរ​ដែល​ជា​ខ្មាំង​សត្រូវ​គេ នោះ​នឹង​ត្រឡប់​ទៅ​ជា​របស់​ផង​គេ​ដែរ គឺ​សាសន៍​អ៊ីស្រា‌អែល​នឹង​មាន​ជ័យ‌ជំនះ

19. ហើយ​នឹង​មាន​ម្នាក់​កើត​ឡើង​ពី​ពួក​យ៉ាកុប ដែល​នឹង​កាន់‌កាប់​ត្រួត‌ត្រា អ្នក​នោះ​នឹង​រំលាយ​អស់​ទាំង​សំណល់​ពី​ទី​ក្រុង​ចេញ។

20. រួច​គាត់​ក្រឡេក​ឃើញ​សាសន៍​អាម៉ា‌លេក ក៏​ចាប់​តាំង​បញ្ចេញ​ព្រះ‌បន្ទូល​ដោយ​ពាក្យ​ថា អាម៉ា‌លេក​ជា​ដើម​ចម​នៃ​នគរ​ទាំង​អស់ តែ​ចុង​បំផុត​របស់​គេ នោះ​នឹង​ត្រូវ​សាប‌សូន្យ​ទៅ។

21. គាត់​ក៏​ក្រឡេក​ឃើញ​សាសន៍​កែន​ដែរ រួច​គាត់​បញ្ចេញ​ព្រះ‌បន្ទូល ដោយ​ពាក្យ​ថា ទី​លំនៅ​របស់​ឯង​មាំ​ណាស់ ឯង​មាន​សំបុក​នៅ​លើ​ថ្មដា

22. ប៉ុន្តែ​សាសន៍​កែន​នឹង​ត្រូវ​រោយ‌រៀវ​ទៅ ដរាប​ដល់​សាសន៍​អាស‌ស៊ើរ​នាំ​ទៅ​ជា​ឈ្លើយ។

23. រួច​គាត់​បញ្ចេញ​ព្រះ‌បន្ទូល​ទៀត ដោយ​ពាក្យ​ថា ឱ​គួរ​អនិច្ចា​ណាស់​ហ្ន៎ តើ​អ្នក​ណា​នឹង​រស់​នៅ ក្នុង​កាល​ដែល​ព្រះ​ទ្រង់​ធ្វើ​ការ​ទាំង​នេះ

24. តែ​នឹង​មាន​នាវា​មក​ពី​ស្រុក​គីទីម គេ​នឹង​បន្ទាប‌បន្ថោក​សាសន៍​អាស‌ស៊ើរ ព្រម​ទាំង​សាសន៍​ហេប៊ើរ​ផង តែ​គេ​នឹង​ត្រូវ​វិនាស​ទៅ​ដែរ

25. នោះ​បាឡាម​ក៏​ក្រោក​ឡើង ត្រឡប់​ទៅ​ឯ​កន្លែង​របស់​គាត់​វិញ ឯ​បាឡាក​ទ្រង់​ក៏​យាង​តាម​ផ្លូវ​របស់​ទ្រង់​ទៅ​ដែរ។