ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ធាតុ​របស់​គោ​ញី​ពណ៌​ទង់‌ដែង

1. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន​ថា

2. នេះ​ជា​បញ្ញត្ត​ច្បាប់​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក គឺ​ថា ចូរ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ឲ្យ​គេ​យក​គោ​ក្រមុំ​១ សម្បុរ​ទង់‌ដែង ឥត​មាន​ស្លាក​ស្នាម ឥត​ខ្ចោះ ដែល​មិន​ទាន់​ទឹម​នៅ​ឡើយ

3. នាំ​វា​មក​ប្រគល់​ឲ្យ​អេលាសារ​ដ៏​ជា​សង្ឃ ត្រូវ​ឲ្យ​លោក​នាំ​យក​ទៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល រួច​ត្រូវ​ឲ្យ​គេ​សំឡាប់​គោ​នោះ នៅ​មុខ​លោក

4. ហើយ​អេលាសារ​ដ៏​ជា​សង្ឃ លោក​ត្រូវ​យក​ឈាម​ដោយ​ម្រាម​ដៃ ទៅ​ប្រោះ​៧​ដង​នៅ​ខាង​មុខ​ត្រសាល​ជំនុំ

5. រួច​ត្រូវ​ឲ្យ​គេ​ដុត​គោ​នោះ​នៅ​មុខ​លោក ទាំង​ស្បែក ទាំង​សាច់ ទាំង​ឈាម និង​លាមក​ផង

6. ត្រូវ​ឲ្យ​សង្ឃ​យក​ឈើ​តាត្រៅ មែក​ហ៊ីសុប និង​សំពត់​ពណ៌​ក្រហម បោះ​ទៅ​ក្នុង​ភ្លើង​ដែល​កំពុង​បញ្ឆេះ​គោ​នោះ

7. រួច​ត្រូវ​ឲ្យ​សង្ឃ​បោក​សំលៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ ក្រោយ​មក​ទើប​នឹង​ចូល​ទៅ​ក្នុង​ទី​ដំឡើង​ត្រសាល​វិញ​បាន តែ​នឹង​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច

8. ឯ​អ្នក​ដែល​បាន​ដុត​គោ​នោះ ត្រូវ​បោក​សំលៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច​ដែរ

9. នោះ​ត្រូវ​ឲ្យ​ម្នាក់​ដែល​ស្អាត ចេញ​ទៅ​កើប​ផេះ​គោ​នោះ យក​ទៅ​ដាក់​ទុក​នៅ​កន្លែង​ស្អាត ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល ផេះ​នោះ​ត្រូវ​ទុក​សំរាប់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដើម្បី​នឹង​ធ្វើ​ជា​ទឹក​ញែក​ជា​ស្អាត នេះ​គឺ​ជា​ដង្វាយ​លោះ​បាប

10. ឯ​អ្នក​ដែល​បាន​កើប​ផេះ​គោ​នោះ ត្រូវ​ឲ្យ​បោក​សំលៀក‌បំពាក់​ខ្លួន ហើយ​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច នេះ​ហើយ​ជា​ច្បាប់​នេះ​អស់​កល្ប‌ជានិច្ច សំរាប់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល និង​ពួក​អ្នក​ប្រទេស​ក្រៅ ដែល​នៅ​ជា​មួយ​នឹង​គេ​ដែរ។

ក្រឹត្យ‌វិន័យ​ស្តី​អំពី​ពិធី​សំអាត​ខ្លួន

11. បើ​អ្នក​ណា​ពាល់​ខ្មោច​របស់​មនុស្ស​ណា​ដែល​ស្លាប់ នោះ​ត្រូវ​រាប់​ជា​មិន​ស្អាត​អស់​៧​ថ្ងៃ

12. ត្រូវ​ឲ្យ​អ្នក​នោះ​យក​ទឹក​នេះ​មក​សំអាត​ខ្លួន​នៅ​ថ្ងៃ​ទី​៣ រួច​ដល់​ថ្ងៃ​ទី​៧ ទើប​នឹង​បាន​ស្អាត តែ​បើ​មិន​បាន​សំអាត​នៅ​ថ្ងៃ​ទី​៣​ទេ នោះ​ដល់​ថ្ងៃ​ទី​៧​មិន​បាន​រាប់​ជា​ស្អាត​ដែរ

13. ឯ​អ្នក​ណា​ដែល​ពាល់​ខ្មោច​របស់​មនុស្ស​ស្លាប់ ហើយ​មិន​សំអាត​ខ្លួន​ចេញ នោះ​ឈ្មោះ​ថា​ធ្វើ​បង្អាប់​ដល់​រោង​ឧបោសថ​ផង​ព្រះ‌យេហូវ៉ា អ្នក​នោះ​ឯង​នឹង​ត្រូវ​កាត់‌កាល់​ពី​សាសន៍​អ៊ីស្រា‌អែល​ចេញ ពី​ព្រោះ​ទឹក​ដែល​ញែក​ជា​ស្អាត​មិន​បាន​ប្រោះ​ទៅ​លើ​ខ្លួន​ឡើយ អ្នក​នោះ​មិន​ស្អាត​ទេ ដ្បិត​សេចក្ដី​សៅ‌ហ្មង​របស់​អ្នក​នោះ​នៅ​ជាប់​នឹង​ខ្លួន​នៅ​ឡើយ។

14. បើ​កាល​ណា​មនុស្ស​ម្នាក់​ស្លាប់ នៅ​ក្នុង​ត្រសាល នោះ​មាន​ច្បាប់​ដូច្នេះ គឺ​អស់​អ្នក​ណា ដែល​ចូល​ទៅ​ក្នុង​ត្រសាល​នោះ និង​អស់​ដែល​អាស្រ័យ​នៅ​ក្នុង​ត្រសាល​នោះ ត្រូវ​រាប់​ជា​មិន​ស្អាត​អស់​៧​ថ្ងៃ

15. ហើយ​គ្រប់​ទាំង​ឆ្នាំង​ចំហ ដែល​គ្មាន​គ្រប​ចង​ភ្ជាប់ នោះ​ក៏​ត្រូវ​រាប់​ជា​មិន​ស្អាត​ដែរ

16. ឯ​អ្នក​ណា​ដែល​ពាល់​ដល់​មនុស្ស ដែល​ត្រូវ​គេ​សំឡាប់​នឹង​ដាវ​ចោល​នៅ​វាល ឬ​ខ្មោច​ណា ឬ​ឆ្អឹង​ខ្មោច ឬ​ផ្នូរ​ក្តី នោះ​ត្រូវ​រាប់​ជា​មិន​ស្អាត​អស់​៧​ថ្ងៃ

17. ដូច្នេះ​ត្រូវ​ឲ្យ​គេ​យក​ផេះ​ដង្វាយ​លោះ​បាប ដែល​បាន​ដុត​នោះ​ទៅ​ដាក់​ក្នុង​ផើង រួច​ចាក់​ទឹក​សំរាប់​ដល់​មនុស្ស​មិន​ស្អាត​នោះ

18. រួច​មនុស្ស​ស្អាត​ម្នាក់ ត្រូវ​យក​មែក​ហ៊ីសុប​ជ្រលក់​ចុះ​ក្នុង​ទឹក​នោះ ទៅ​រលាស់​លើ​ត្រសាល និង​ប្រដាប់‌ប្រដា​ទាំង​ប៉ុន្មាន ហើយ​លើ​អស់​មនុស្ស ដែល​នៅ​ក្នុង​ត្រសាល​នោះ និង​លើ​អ្នក​ដែល​បាន​ពាល់​ឆ្អឹង​ខ្មោច ឬ​មនុស្ស​ដែល​គេ​សំឡាប់ ឬ​ខ្មោច​ណា ឬ​ផ្នូរ​ក្តី

19. ត្រូវ​ឲ្យ​មនុស្ស​ស្អាត​នោះ​ឯង​ប្រោះ​ទៅ​លើ​មនុស្ស​មិន​ស្អាត​នៅ​ថ្ងៃ​ទី​៣ ហើយ​នៅ​ថ្ងៃ​ទី​៧​ទៀត រួច​នៅ​ថ្ងៃ​ទី​៧ នោះ​ត្រូវ​ញែក​អ្នក​នោះ​ចេញ​ជា​ស្អាត ត្រូវ​ឲ្យ​ខ្លួន​អ្នក​នោះ​បោក​សំលៀក‌បំពាក់ ហើយ​ងូត​ទឹក​ចេញ រួច​ដល់​ល្ងាច​នឹង​បាន​ស្អាត​វិញ។

20. បើ​មនុស្ស​ណា​ដែល​មិន​ស្អាត មិន​បាន​ញែក​ខ្លួន​ចេញ​ជា​ស្អាត អ្នក​នោះ​ត្រូវ​កាត់‌កាល់​ពី​ពួក​ជំនុំ​ចេញ ដ្បិត​បាន​ធ្វើ​បង្អាប់​ដល់​ទី​បរិសុទ្ធ​ផង​ព្រះ‌យេហូវ៉ា​ហើយ អ្នក​នោះ​នៅ​ជា​មិន​ស្អាត​នៅ​ឡើយ ពី​ព្រោះ​ទឹក​ដែល​ញែក​ជា​ស្អាត មិន​បាន​ប្រោះ​ទៅ​លើ​ខ្លួន

21. នេះ​ត្រូវ​បាន​ជា​បញ្ញត្ត​ច្បាប់​ដល់​គេ នៅ​អស់​កល្ប‌ជានិច្ច ឯ​អ្នក​ដែល​បាន​ប្រោះ​ទឹក​ដ៏​ញែក​ជា​ស្អាត​នោះ ត្រូវ​ឲ្យ​អ្នក​នោះ​បោក​សំលៀក‌បំពាក់​ខ្លួន​ចេញ ហើយ​អ្នក​ណា​ដែល​គ្រាន់​តែ​ពាល់​ទឹក​នោះ ក៏​ត្រូវ​រាប់​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច​ដែរ

22. ហើយ​គ្រប់​ទាំង​អស់ ដែល​មនុស្ស​មិន​ស្អាត​នឹង​ប៉ះពាល់ ក៏​ត្រូវ​រាប់​មិន​ស្អាត​ដែរ ឯ​អ្នក​ណា​ដែល​ប៉ះពាល់​ដល់​របស់​ណា នោះ​ក៏​ត្រូវ​រាប់​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច។