ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 1 ព្រះគម្ពីរបរិសុទ្ធ (KHOV)

កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ក្នុង​វាល​រហោ‌ស្ថាន​ស៊ី‌ណាយ

1. នៅ​ថ្ងៃ​ដំបូង ខែ​ពិសាខ ក្នុង​ឆ្នាំ​ទី​២ ចាប់​តាំង​ពី​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ ក្នុង​ត្រសាល​ជំនុំ នៅ​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ​ថា

2. ចូរ​ឲ្យ​រាប់​ចំនួន​ពួក​ជំនុំ នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ គឺ​គ្រប់​ទាំង​មនុស្ស​ប្រុសៗ តាម​ឈ្មោះ​គេ

3. ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ គឺ​គ្រប់​ទាំង​មនុស្ស​ក្នុង​សាសន៍​អ៊ីស្រា‌អែល ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន នោះ​ឯង ហើយ​នឹង​អើរ៉ុន ត្រូវ​រាប់​គេ តាម​ពួក​កង​របស់​គេ

4. ហើយ​ត្រូវ​ឲ្យ​មាន​ម្នាក់ៗ ពី​គ្រប់​ទាំង​ពូជ​អំបូរ​ទាំង​អស់ ដែល​ជា​មេ​ក្នុង​វង្សា‌នុវង្ស​របស់​ឪពុក​គេ ឲ្យ​បាន​ធ្វើ​ការ​ជា​មួយ​នឹង​ឯង

5. ឯ​មនុស្ស​ដែល​ត្រូវ​ឈរ​ជា​មួយ​នឹង​ឯង នោះ​មាន​ឈ្មោះ​ដូច្នេះ គឺ អេលី‌ស៊ើរ ជា​កូន​សេដេ‌អ៊ើរ ពី​ពូជ​អំបូរ​រូបេន​១

6. ស៊្លូមាល ជា​កូន​ស៊ូរី‌សា‌ដាយ ពី​ពូជ​អំបូរ​ស៊ីម្មាន​១

7. ណាសូន ជា​កូន​អ័មី‌ន៉ាដាប់ ពី​ពូជ​អំបូរ​យូដា​១

8. នេថា‌នេល ជា​កូន​ស៊ូហារ ពី​ពូជ​អំបូរ​អ៊ីសាខារ​១

9. អេលាប ជា​កូន​ហេល៉ូន ពី​ពូជ​អំបូរ​សាប់‌យូល៉ូន​១

10. ឯ​ពួក​កូន​ចៅ​យ៉ូសែប គឺ​អេលី‌សាម៉ា ជា​កូន​អាំមីហ៊ូត ពី​ពូជ​អំបូរ​អេប្រា‌អិម​១ និង​កាម៉ា‌លាល ជា​កូន​ផ្តាស៊ើរ ពី​ពូជ​អំបូរ​ម៉ាន៉ាសេ​១

11. អ័ប៊ីដាន ជា​កូន​គីដា‌ហូនី ពី​ពូជ​អំបូរ​បេន‌យ៉ា‌មីន​១

12. អ័ហ៊ី‌យេ‌ស៊ើរ ជា​កូន​អាំមី‌សា‌ដាយ ពី​ពូជ​អំបូរ​ដាន់​១

13. ប៉ាគី‌ហ៊ាល ជា​កូន​អុក្រាន ពី​ពូជ​អំបូរ​អេស៊ើរ​១

14. អេលា‌សាប់ ជា​កូន​ដេហ៊ូអែល ពី​ពូជ​អំបូរ​កាឌ់​១

15. អ័ហ៊ីរ៉ា ជា​កូន​អេណាន់ ពី​ពូជ​អំបូរ​ណែប‌ថាលី​១

16. នេះ​ហើយ​ជា​ពួក​អ្នក​ដែល​បាន​ហៅ​ពី​ពួក​ជំនុំ​មក សុទ្ធ​តែ​ជា​កំពូល​លើ​ពូជ​អំបូរ​នៃ​ពួក​អយ្យកោ​គេ​រៀង​ខ្លួន គឺ​ជា​មេ​លើ​ទាំង​ពាន់ៗ​នៃ​សាសន៍​អ៊ីស្រា‌អែល

17. ម៉ូសេ និង​អើរ៉ុន​ក៏​យក​មនុស្ស​ទាំង​នេះ ដែល​បាន​ចេញ​ឈ្មោះ​ហើយ​នោះ

18. នាំ​គ្នា​ទៅ​ហៅ​ពួក​ជំនុំ​ឲ្យ​ប្រជុំ​ទាំង​អស់​នៅ​ថ្ងៃ​ទី​១ ក្នុង​ខែ​ពិសាខ​នោះ​ឯង ហើយ​គេ​ក៏​ប្រាប់​ពី​ក្រសែ​របស់​ខ្លួន​ទាំង​ប៉ុន្មាន តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ ឲ្យ​ត្រូវ​នឹង​ចំនួន​ឈ្មោះ​គេ ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ​គ្រប់ៗ​គ្នា

19. ម៉ូសេ​បាន​រាប់​ចំនួន​បណ្តា‌ជន​ទាំង‌ឡាយ​នៅ​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។

20. ឯ​ពូជ​ដំណ​នៃ​ពួក​កូន​ចៅ​រូបេន ដែល​ជា​កូន​ច្បង​របស់​អ៊ីស្រា‌អែល តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ​គេ​រៀង​ខ្លួន គឺ​ប្រុសៗ​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ជា​មនុស្ស​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន​គ្រប់ៗ​គ្នា

21. នោះ​ពួក​គេ​ដែល​បាន​រាប់​ក្នុង​ពូជ​អំបូរ​រូបេន មាន​ចំនួន​៤​ម៉ឺន​៦​ពាន់​៥០០​នាក់។

22. ឯ​ពូជ​ដំណ​នៃ​ពួក​កូន​ចៅ​ស៊ីម្មាន តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ​គេ​រៀង​ខ្លួន គឺ​ប្រុសៗ​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ជា​មនុស្ស​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន​គ្រប់ៗ​គ្នា

23. នោះ​ពួក​គេ ដែល​បាន​រាប់​ហើយ ក្នុង​ពូជ​អំបូរ​ស៊ីម្មាន មាន​ចំនួន​៥​ម៉ឺន​៩​ពាន់​៣០០​នាក់។

24. ឯ​ពូជ​ដំណ​នៃ​ពួក​កូន​ចៅ​កាឌ់ តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ​គេ​រៀង​ខ្លួន ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ជា​មនុស្ស​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន​គ្រប់ៗ​គ្នា

25. នោះ​ពួក​គេ​ដែល​បាន​រាប់ ក្នុង​ពូជ​អំបូរ​កាឌ់ មាន​ចំនួន​៤​ម៉ឺន​៥​ពាន់​៦៥០​នាក់។

26. ឯ​ពូជ​ដំណ​នៃ​ពួក​កូន​ចៅ​យូដា តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ​គេ​រៀង​ខ្លួន ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ជា​មនុស្ស​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន​គ្រប់ៗ​គ្នា

27. នោះ​ពួក​គេ​ដែល​បាន​រាប់​ហើយ ក្នុង​ពូជ​អំបូរ​យូដា មាន​ចំនួន​៧​ម៉ឺន​៤​ពាន់​៦០០​នាក់។

28. ឯ​ពូជ​ដំណ​នៃ​ពួក​កូន​ចៅ​អ៊ីសាខារ តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ​គេ​រៀង​ខ្លួន​ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ជា​មនុស្ស​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន​គ្រប់ៗ​គ្នា

29. នោះ​ពួក​គេ​ដែល​បាន​រាប់​ហើយ ក្នុង​ពូជ​អំបូរ​អ៊ីសាខារ មាន​ចំនួន​៥​ម៉ឺន​៤​ពាន់​៤០០​នាក់។

30. ឯ​ពូជ​ដំណ​នៃ​ពួក​កូន​ចៅ​សាប់‌យូល៉ូន តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ​គេ​រៀង​ខ្លួន ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ជា​មនុស្ស​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន​គ្រប់ៗ​គ្នា

31. នោះ​ពួក​គេ​ដែល​បាន​រាប់​ហើយ ក្នុង​ពូជ​អំបូរ​សាប់‌យូល៉ូន មាន​ចំនួន​៥​ម៉ឺន​៧​ពាន់​៤០០​នាក់។

32. ឯ​ពួក​កូន​ចៅ​យ៉ូសែប គឺ​ក្នុង​ពូជ​ដំណ​នៃ​ពួក​កូន​ចៅ​អេប្រា‌អិម តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ​គេ​រៀង​ខ្លួន ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ជា​មនុស្ស​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន​គ្រប់ៗ​គ្នា

33. នោះ​ពួក​គេ​ដែល​បាន​រាប់​ហើយ ក្នុង​ពូជ​អំបូរ​អេប្រា‌អិម មាន​ចំនួន​៤​ម៉ឺន​៥០០​នាក់។

34. ឯ​ពូជ​ដំណ​នៃ​ពួក​កូន​ចៅ​ម៉ាន៉ាសេ តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ​គេ​រៀង​ខ្លួន ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ជា​មនុស្ស​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន​គ្រប់ៗ​គ្នា

35. នោះ​ពួក​គេ​ដែល​បាន​រាប់​ហើយ ក្នុង​ពូជ​អំបូរ​ម៉ាន៉ាសេ មាន​ចំនួន​៣​ម៉ឺន​២​ពាន់​២០០​នាក់។

36. ឯ​ពូជ​ដំណ​នៃ​ពួក​កូន​ចៅ​បេន‌យ៉ា‌មីន តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ​គេ​រៀង​ខ្លួន ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ជា​មនុស្ស​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន​គ្រប់ៗ​គ្នា

37. នោះ​ពួក​គេ​ដែល​បាន​រាប់​ហើយ ក្នុង​ពូជ​អំបូរ​បេន‌យ៉ា‌មីន មាន​ចំនួន​៣​ម៉ឺន​៥​ពាន់​៤០០​នាក់។

38. ឯ​ពូជ​ដំណ​នៃ​ពួក​កូន​ចៅ​ដាន់ តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ​គេ​រៀង​ខ្លួន ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ជា​មនុស្ស​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន​គ្រប់ៗ​គ្នា

39. នោះ​ពួក​គេ​ដែល​បាន​រាប់​ក្នុង​ពូជ​អំបូរ​ដាន់ មាន​ចំនួន​៦​ម៉ឺន​២​ពាន់​៧០០​នាក់។

40. ឯ​ពូជ​ដំណ​នៃ​ពួក​កូន​ចៅ​អេស៊ើរ តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ​គេ​រៀង​ខ្លួន ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ជា​មនុស្ស​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន​គ្រប់ៗ​គ្នា

41. នោះ​ពួក​គេ​ដែល​បាន​រាប់​ហើយ​ក្នុង​អំបូរ​អេស៊ើរ មាន​ចំនួន ៤​ម៉ឺន​១​ពាន់​៥០០​នាក់។

42. ឯ​ពូជ​ដំណរ​នៃ​ពួក​កូន​ចៅ​ណែប‌ថាលី តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ​គេ​រៀង​ខ្លួន ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ទៅ​លើ ជា​មនុស្ស​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន​គ្រប់​គ្នា

43. នោះ​ពួក​គេ​ដែល​បាន​រាប់​ហើយ ក្នុង​ពូជ​អំបូរ​ណែប‌ថាលី មាន​ចំនួន​៥​ម៉ឺន​៣​ពាន់​៤០០​នាក់។

44. នេះ​ហើយ​ជា​ពួក​អ្នក​ដែល​បាន​កំណត់​រាប់ គឺ​ដែល​ម៉ូសេ និង​អើរ៉ុន ហើយ​នឹង​ពួក​ជា​កំពូល លើ​សាសន៍​អ៊ីស្រា‌អែល​ទាំង​១២​នាក់ ដែល​ម្នាក់​ក្នុង​ពួក​វង្សា‌នុវង្ស​របស់​ឪពុក​គេ​នីមួយៗ​បាន​កំណត់​រាប់

45. ដូច្នេះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ដែល​គេ​បាន​រាប់​ហើយ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ជា​ពួក​សាសន៍​អ៊ីស្រា‌អែល ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន​គ្រប់ៗ​គ្នា

46. នោះ​រួម​គ្នា​ទាំង​អស់ មាន​៦​សែន​៣​ពាន់​៥៥០​នាក់។

47. តែ​ពួក​លេវី​តាម​ពូជ​អំបូរ​ឪពុក​គេ នោះ​មិន​បាន​រាប់​ជា​មួយ​គ្នា​ទេ

48. ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា

49. មាន​តែ​ពូជ​អំបូរ​លេវី​១​ទេ ដែល​ឯង​មិន​ត្រូវ​រាប់ ក៏​មិន​ត្រូវ​កំណត់​ឲ្យ​ដឹង​ចំនួន​គេ ក្នុង​កូន​ចៅ​អ៊ីស្រា‌អែល​ឡើយ

50. តែ​ត្រូវ​ឲ្យ​ឯង​ដំរូវ​ពួក​លេវី​ឲ្យ​ត្រួត​លើ​រោង​ឧបោសថ​ផង​សេចក្ដី​បន្ទាល់ និង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ហើយ​នឹង​របស់​ទាំង​អស់​សំរាប់​រោង​នោះ គឺ​គេ​ហើយ​ដែល​ត្រូវ​លី‌សែង​រោង​ឧបោសថ និង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ហើយ​គេ​ត្រូវ​ធ្វើ​ការ‌ងារ​ក្នុង​រោង​នោះ ព្រម​ទាំង​ដំឡើង​ត្រសាល​គេ​នៅ​ជុំវិញ​ផង

51. កាល​ណា​រោង​ឧបោសថ​ត្រូវ​ទៅ​មុខ នោះ​ស្រេច​នូវ​ពួក​លេវី​រុះរើ​ចេញ ហើយ​កាល​ណា​ត្រូវ​ដំឡើង​វិញ នោះ​ក៏​ស្រេច​នូវ​ពួក​លេវី​ដែរ បើ​អ្នក​ដទៃ​ណា​ដែល​ចូល​ទៅ​ជិត នោះ​នឹង​ត្រូវ​ស្លាប់

52. ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ត្រូវ​ឲ្យ​គេ​ដំឡើង​ត្រសាល​គេ​រៀង​ខ្លួន នៅ​១​ដុំ​ជា​មួយ​នឹង​ពួក​ខ្លួន គឺ​នៅ​ជិត​ទង់‌ជ័យ​របស់​ខ្លួន​គ្រប់​គ្នា តាម​ពួក​កង​របស់​ខ្លួន

53. តែ​ឯ​ពួក​លេវី ត្រូវ​ដំឡើង​ត្រសាល​របស់​ខ្លួន នៅ​ព័ទ្ធ​ជុំវិញ​រោង​ឧបោសថ​ផង​សេចក្ដី​បន្ទាល់​វិញ ដើម្បី​កុំ​ឲ្យ​មាន​សេចក្ដី​ខ្ញាល់​មក​លើ​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ឡើយ ហើយ​ត្រូវ​ឲ្យ​គេ​រក្សា​រោង​ឧបោសថ​ផង​សេចក្ដី​បន្ទាល់​នោះ

54. ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ធ្វើ​តាម​គ្រប់​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ គេ​បាន​ធ្វើ​សំរេច​តាម​ទាំង​អស់។