ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 3 Khmer Standard Version (KHSV)

ប្រាជ្ញា​នាំ​ឲ្យ​កោត​ខ្លាច​ព្រះ‌ជាម្ចាស់

1. កូន​អើយ ចូរ​កុំ​ភ្លេច​ពាក្យ​ទូន្មាន​របស់​ឪពុក​ឡើយ ចូរ​ប្រតិបត្តិ​តាម​ពាក្យ​ដែល​ឪពុក​បាន​ផ្ដែ‌ផ្ដាំ​ជា‌និច្ច។

2. ឱវាទ​របស់​ឪពុក​នឹង​ផ្ដល់​ឲ្យ​កូន​មាន​អាយុ​យឺន‌យូរ ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត។

3. ចូរ​កាន់​ចិត្ត​ភក្ដី និង​ចិត្ត​សច្ចៈ​ជា‌និច្ច គឺ​ត្រូវ​ចារឹក​គុណ​សម្បត្តិ​នេះ​ជាប់​ក្នុង​ចិត្ត ដូច​ពាក់​គ្រឿង​អលង្ការ​ជាប់​នៅ​នឹង​ក​ដែរ។

4. ពេល​នោះ កូន​នឹង​បាន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ គាប់​ចិត្ត​មនុស្ស​ផង​ទាំង​ពួង ហើយ​កូន​នឹង​មាន​កេរ្តិ៍​ឈ្មោះ​ល្អ។

5. កុំ​ពឹង​លើ​ការ​ចេះ​ដឹង​របស់​ខ្លួន​ឡើយ តែ​ត្រូវ​ទុក​ចិត្ត​លើព្រះ‌អម្ចាស់​ទាំង​ស្រុង។

6. ចូរ​នឹក​ដល់​ព្រះ‌អម្ចាស់​ក្នុង​គ្រប់​កិច្ចការ​ដែល​កូន​ធ្វើ នោះ​ព្រះ‌អង្គ​នឹង​ត្រួស‌ត្រាយ​ផ្លូវ​របស់​កូន។

7. កុំ​ចាត់​ទុក​ខ្លួន​ឯង​ថា​ជា​អ្នក​មាន​ប្រាជ្ញា​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ហើយ​ងាក​ចេញ​ពី​អំពើ​អាក្រក់។

8. ការ​ប្រព្រឹត្ត​ដូច្នេះ​ជា​ឱសថ​ព្យាបាល​ខ្លួន​ឲ្យ​បាន​ជា​សះ‌ស្បើយ​ពី​ជំងឺ។

9. ចូរ​យក​ផល​ដំបូង​នៃ​ទ្រព្យ​សម្បត្តិ​ដែល​កូន​រក​បាន មក​ថ្វាយ​ព្រះ‌អម្ចាស់ ដើម្បី​សម្តែង​ការ​គោរព​ចំពោះ​ព្រះ‌អង្គ។

10. ធ្វើ​ដូច្នេះ កូន​នឹង​មាន​ស្រូវ​ពេញ​ជង្រុក ហើយ​មាន​ស្រា​ទំពាំង‌បាយជូរ​ដ៏​បរិបូណ៌​ហូរ‌ហៀរ។

11. កូន​អើយ មិន​ត្រូវ​មើល‌ងាយ​ការ​ប្រៀន‌ប្រដៅ​របស់ព្រះ‌អម្ចាស់​ឡើយ ហើយ​ក៏​មិន​ត្រូវ​ធ្លាក់​ទឹក​ចិត្ត នៅ​ពេល​ព្រះ‌អង្គ​ស្ដី​បន្ទោស​ដែរ

12. ដ្បិត​ព្រះ‌អម្ចាស់​តែងតែ​ប្រៀន‌ប្រដៅ​អស់​អ្នក​ដែល​ព្រះ‌អង្គ​ស្រឡាញ់ ដូច​ឪពុក​វាយ​ប្រដៅ​កូន​ជា​ទី​ស្រឡាញ់​របស់​ខ្លួន។

ប្រាជ្ញា​នាំ​ឲ្យ​មាន​សុភមង្គល

13. អ្នក​ណា​រក​ប្រាជ្ញា​ឃើញ អ្នក​ណា​រៀន​ដឹង​ខុស​ត្រូវ អ្នក​នោះ​មាន​សុភមង្គល​ហើយ

14. ដ្បិត​ប្រាជ្ញា​ដែល​គេ​រក​បាន​នេះ​ប្រសើរ​ជាង​មាន​ប្រាក់ ហើយ​ផ្ដល់​ឲ្យ​គេ​បាន​ចំណេញ​ច្រើន​ជាង​មាន​មាស​ទៅ​ទៀត។

15. ប្រាជ្ញា​មាន​តម្លៃ​លើស​ត្បូង ហើយ​អ្វីៗ​ទាំង​អស់​ដែល​អ្នក​ប្រាថ្នា​ចង់​បាន ពុំ​អាច​មាន​តម្លៃ​ស្មើ​នឹង​ប្រាជ្ញា​នេះ​ឡើយ។

16. ប្រាជ្ញា​ផ្ដល់​ឲ្យ​មាន​អាយុ​យឺន‌យូរ ព្រម​ទាំង​នាំ​ឲ្យ​មាន​សម្បត្តិ និង​កិត្តិយស​ដ៏​រុងរឿង​ទៀត​ផង។

17. ប្រាជ្ញា​ដឹក​នាំ​មនុស្ស​ឲ្យ​រស់​នៅ​ដោយ​សុខដុម‌រមនា និង​សុខ‌សាន្ត។

18. ប្រាជ្ញា​ជា​ដើម​ឈើ​ផ្ដល់​ជីវិត សម្រាប់​អស់​អ្នក​ដែល​បេះ​ផ្លែ​បរិភោគ។ អ្នក​ណា​មាន​ប្រាជ្ញា​ជាប់​ក្នុង​ខ្លួន អ្នក​នោះ​មាន​សុភមង្គល​ហើយ។

19. ព្រះ‌អម្ចាស់​បាន​បង្កើត​ផែនដី ដោយ‌សារ​ព្រះ​ប្រាជ្ញា​ញាណ ហើយ​ព្រះ‌អង្គ​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ ដោយ‌សារ​ព្រះ​តម្រិះ​របស់​ព្រះ‌អង្គ។

20. ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទឹក​ផុស​ចេញ​ពី​ទី​ជម្រៅ និង​ឲ្យ​ពពក​បង្អុរ​ភ្លៀង​ចុះ​មក ដោយ‌សារ​ព្រះ‌តម្រិះ​ដ៏​វាង‌វៃ​របស់​ព្រះ‌អង្គ។

ព្រះ‌អម្ចាស់​ការពារ​អ្នក​មាន​ប្រាជ្ញា

21. កូន​អើយ ចូរ​ដឹង​ខុស​ត្រូវ និង​រិះគិត​ពិចារណា​ជា‌និច្ច កុំ​ធ្វេស‌ប្រហែស​ឡើយ

22. ដ្បិត​ការ​ដឹង​ខុស​ត្រូវ និង​ការ​រិះគិត​ពិចារណា​ផ្ដល់​ឲ្យ​កូន​មាន​ជីវិត មាន​កិរិយា​មារយាទ​ថ្លៃ‌ថ្នូរ។

23. ពេល​នោះ កូន​នឹង​រស់​នៅ​ដោយ​សុខ‌សាន្ត ហើយ​គ្មាន​អ្វី​ធ្វើ​ឲ្យ​កូន​ជំពប់​ដួល​បាន​ឡើយ។

24. កូន​នឹង​ចូល​ដំណេក​ដោយ​ឥត​ភ័យ​ខ្លាច ហើយ​ដេក​លង់‌លក់​យ៉ាង​ស្កប់‌ស្កល់។

25. កូន​នឹង​មិន​បារម្ភ​ខ្លាច​ក្រែង​មាន​ភ័យ​អាសន្ន ឬ​ខ្លាច​ក្រែង​មាន​ជន​ពាល​ចូល​មក​វាយ​ធ្វើ​បាប​ឡើយ

26. ដ្បិត​ព្រះ‌អម្ចាស់​នឹង​ការ‌ពារ​កូន ព្រះ‌អង្គ​មិន​បណ្ដោយ​ឲ្យ​កូន​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​ណា​មួយ​ឡើយ។

ត្រូវ​មាន​ចិត្ត​ស្រឡាញ់​អ្នក​ដទៃ

27. មិន​ត្រូវ​បដិសេធ​នឹង​ជួយ​អ្នក​ដែល​ត្រូវ​ការ​ជំនួយ​ពី​កូន​ឡើយ គឺ​ត្រូវ​ជួយ​គេ​តាម​លទ្ធ‌ភាព​របស់​កូន។

28. បើ​អ្នក​ដទៃ​មក​សុំ​អ្វី​ពី​កូន ហើយ​បើ​កូន​មាន មិន​ត្រូវ​ពោល​ទៅ​គេ​ថា «ទៅ​សិន​ចុះ ចាំ​ស្អែក សឹម​ត្រឡប់​មក​វិញ ខ្ញុំ​នឹង​ប្រគល់​ជូន!»។

29. មិន​ត្រូវ​ប៉ុន‌ប៉ង​ធ្វើ​បាប​មិត្ត‌ភក្ដិ​ដែល​រស់​នៅ​ជិត​ខាង​កូន ហើយ​ទុក​ចិត្ត​លើ​កូន​នោះ​ឡើយ។

30. កុំ​រក​រឿង​នរណា​ម្នាក់ ដោយ​ឥត​ហេតុ គឺ​កុំ​រក​រឿង​អ្នក​ដែល​មិន​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​កូន។

31. កុំ​ច្រណែន​នឹង​មនុស្ស​ឃោរ‌ឃៅ កុំ​ប្រព្រឹត្ត​តាម​គេ​ឡើយ

32. ដ្បិត​ព្រះ‌អម្ចាស់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​មនុស្ស​ខិល‌ខូច​ទេ តែ​ព្រះ‌អង្គ​ស្និទ្ធ‌ស្នាល​ជា​មួយ​មនុស្ស​ទៀង​ត្រង់។

33. ព្រះ‌អម្ចាស់​ដាក់​បណ្ដាសា​ក្រុម​គ្រួសារ​របស់​មនុស្ស​ពាល តែ​ព្រះ‌អង្គ​ប្រទាន​ពរ​ឲ្យ​ក្រុម​គ្រួសារ​មនុស្ស​សុចរិត។

34. ព្រះ‌អង្គ​មើល‌ងាយ​អស់​អ្នក​ដែល​មើល‌ងាយ​គេ តែ​ព្រះ‌អង្គ​សម្តែង​ព្រះ‌ហឫទ័យ​ប្រណី​សន្ដោស ចំពោះ​អស់​អ្នក​ដែល​គ្មាន​ទី​ពឹង។

35. អ្នក​មាន​ប្រាជ្ញា​នឹង​បាន​ទទួល​សិរី‌រុងរឿង​ទុក​ជា​មត៌ក តែ​មនុស្ស​ខ្លៅ​នឹង​ត្រូវ​អាម៉ាស់​វិញ។